ក្រុមអ្នកឃ្លាំមើលព្រៃឈើ និងមន្ត្រីសង្គមស៊ីវិល ភ្ញាក់ផ្អើល នៅគ្រាដែលប្រមុខរដ្ឋាភិបាល បានតែងតាំងបុគ្គលដែលមានរឿងអាស្រូវប្រព្រឹត្តឧក្រិដ្ឋកម្មព្រៃឈើ និងជាមេខ្លោងកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋជាង ៣ពាន់ហិកតារ ។ កន្លងទៅ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ប្រកាសថា ឧកញ៉ា លីម ប៊ុណ្ណា ហៅ ខ្នា ជាអ្នកជួញដូរឈើទ្រង់ទ្រាយធំ ទៅលក់នៅប្រទេសវៀតណាម ហើយលោកបានបញ្ជាឱ្យសមត្ថកិច្ចស៊ើបអង្កេត និងអនុវត្តច្បាប់។
អ្នកឃ្លាំមើលបរិស្ថាន និងមន្ត្រីសង្គមស៊ីវិល បានចាត់ទុកការតែងតាំង មេឧក្រិដ្ឋជនបំផ្លាញព្រៃឈើដ៏ធំ ឧកញ៉ា លីម ប៊ុណ្ណា ហៅ ខ្នា ជាជំនួយការផ្ទាល់ លោក ហ៊ុន សែន ជះឥទ្ធិពលអាក្រក់ដល់សង្គមជាតិ ព្រោះការតែងតាំងនេះ ពុំមែនដោយសារចំណេះដឹង និងមានស្នាដៃឆ្នើមជួយសង្គមជាតិនោះឡើយ។ ពួកគេហៅការតែងតាំងនេះ ដោយសារឧកញ៉ារូបនេះ ជាអ្នករកស៊ីឈើទុច្ចរិត ជាមួយមន្ត្រីខិលខូចរបស់រដ្ឋាភិបាល ហើយប្រាក់ចំណូលពីជំនួញឈើទាំងនេះ មួយផ្នែកផ្គង់ផ្គង់គណបក្សកាន់អំណាច ដើម្បីក្តាប់អំណាច។
កាលពីថ្ងៃទី១៨ សីហា ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានចុះហត្ថលេខាតែងតាំង ឧកញ៉ា លីម ប៊ុណ្ណា ហៅ ខ្នា ជាជំនួយការរបស់លោក។ ក្រុមអ្នកឃ្លាំមើលបរិស្ថានសង្ស័យថា ប្រមុខរដ្ឋាភិបាលកំពុងប្រើអំណាចកាងការពារឧកញ៉ារកស៊ីឈើខុសច្បាប់រូបនេះ។
ជុំវិញរឿងនេះ ស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្កាន់សាឡេស ដេវិតសុន (Alejandro Gonzales Davidson) យល់ថា លិខិតតែងតាំងនេះ គឺជាខែល ឬអាវក្រោះ ផ្តល់ឱកាសឱ្យឧកញ៉ារូបនេះ បន្តប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្មព្រៃឈើ និងធ្វើជំនួញខុសច្បាប់ជាច្រើនទៀត ប៉ះពាល់សង្គមជាតិ ដោយមានលោក ហ៊ុន សែន ជាអ្នកកាងការពារជំនួញទុច្ចរិតទាំងឡាយ។
លោកថា ប្រសិនបើប្រទេសប្រកាន់នីតិរដ្ឋពិតប្រាកដ ឧកញ៉ារូបនេះ នឹងជាប់គុកជាយូរមកហើយ ព្រោះលោក លីម ប៊ុណ្ណា បានប្រព្រឹត្តកំហុសច្រើន បូករួមទាំងធ្វើជំនួញឈើខុសច្បាប់ដុះស្លែ។ លោកថា ទង្វើនេះឆ្លុះបញ្ចាំងថា លោក ហ៊ុន សែន កំពុងប្រើឥទ្ធិពល ជានាយករដ្ឋមន្ត្រី កាងការពារជំនួញឈើខុសច្បាប់ ដើម្បីទទួលប្រយោជន៍៖ «តែងតាំងដោយសារគាត់អ្នករកស៊ីទុច្ចរិត ជាមួយគ្នា របស់លោក ហ៊ុន សែន ជើងកាងជួយ ជើងកាងគ្នាឯងទៅ។ កុំភ្លេចថា តួនាទីជាមុខងារ និងជំនួយការផ្ទាល់ លោក ហ៊ុន សែន ផ្តល់ឱកាសឱ្យគាត់រកស៊ីឈើធំជាងគេទៀត ធ្វើសកម្មភាពខុសច្បាប់ ដោយមិនខ្លាចតុលាការ និងមិនខ្លាចប៉ូលិសទាំងអស់ វាប៉ះពាល់ធ្ងន់ណាស់»។
កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៦ ពលរដ្ឋរស់នៅឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ៥៤៥គ្រួសារ បានផ្ដិតមេដៃប្ដឹងឧកញ៉ា លោក ឧកញ៉ា លីម ប៊ុណ្ណា ហៅ ខ្នា ទៅតុលាការខេត្តក្រចេះ ពីបទកាប់រានដីព្រៃសាធារណៈរបស់រដ្ឋ ទំហំជាង ៣ពាន់ហិកតារខុសច្បាប់។
ក្រុមពលរដ្ឋទាំងនោះទាមទារឲ្យឧកញ៉ាទាំងនោះ និងអ្នកពាក់ព័ន្ធទទួលខុសត្រូវការបាត់បង់តំបន់ព្រៃស្រោងយ៉ាងធំសម្បើមនេះ ហើយបច្ចុប្បន្នបានក្លាយជាទីដីវាល មានភូមិគ្រឹះ និងរមណីយដ្ឋានសង់ពីឈើប្រណិត ដ៏ធំស្កឹមស្កៃ ឋិតក្នុងឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ។
មកទល់ពេលនេះ សំណុំរឿងនេះត្រូវសាលាដំបូងខេត្តក្រចេះ តម្កល់ឥតចាត់ការ តែពលរដ្ឋបានប្តឹងទាស់ទៅសាលាឧទ្ធរណ៍រួចហើយ។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាន នៃសមាគមអាដហុក (Adhoc) ដែលជាដើមបណ្តឹងក្នុងសំណុំរឿងនេះ លោក ប៉ែន ប៊ុណ្ណារ៍ ថ្លែងថា តំបន់ព្រៃស្រោងមានទំហំ ៣.២១០ហិកតារ ឋិតនៅតំបន់អូរស្ទឹងឡា នៃឃុំឫស្សីកែវ ត្រូវបានឧកញ៉ាទាំងនេះ ព្រមទាំងអ្នកពាក់ព័ន្ធផ្សេងទៀតសម្រុកកាប់ឆ្ការរានយកដីជាសកម្មសិទ្ធិតាំងពីឆ្នាំ២០០៩ ដោយគ្មានការទទួលខុសត្រូវ ខណៈដែលដីតំបន់នោះ មិនទាន់អនុបយោគនៅឡើយទេ។ លោកបន្ថែមថា ការតែងតាំងឧកញ៉ារូបនេះ គឺជារឿងរបស់គណបក្សកាន់អំណាច ប៉ុន្តែអ្វីដែលសំខាន់ លោកចង់ឃើញតុលាការ និងសមត្ថកិច្ចត្រូវអនុវត្តច្បាប់ដោយស្មើភាពគ្នា ចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្មព្រៃឈើ៖ «ផលប៉ះពាល់លើអ្នកតែងតាំងហ្នឹង អ្នកទាំងអស់គ្នាដឹងថា កាប់រានដីព្រៃក៏មាន ដឹកឈើទៅវៀតណាមក៏មាន វាទទួលរងឥទ្ធិពលហ្នឹង អ៊ីចឹងបាត់ទំនុកចិត្តសង្គម និងពលរដ្ឋ»។
លោក ប៉ែន ប៊ុណ្ណារ៍ បន្ថែមថា ថ្វីត្បិតសំណុំរឿងនេះ សាលាដំបូងខេត្តក្រចេះ តម្កល់ឥតចាត់ការណ៍ក្តី ប៉ុន្តែអ្នកភូមិមានភស្តុតាងច្បាស់លាស់ រកឃើញសកម្មភាពកាប់ឆ្ការដីព្រៃជាតំបន់ព្រៃស្រោងឋិតនៅឃុំឫស្សីកែវ ដោយចោទប្រកាន់ឧកញ៉ាចំនួនពីររូប គឺឧកញ៉ា លីម ប៊ុណ្ណា ហៅ ខ្នា ឧកញ៉ា ប៊ុត ប៊ុនអេង ហៅ អេង និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ លោកថា ព្រៃស្រោងជម្រកសត្វព្រៃ និងជាតំបន់ដីបម្រុង ដែលឧកញ៉ាទាំងនេះកាប់ទន្ទ្រានធ្វើជាកម្មសិទ្ធិ ឋិតក្នុងគម្រោងដីសម្បទានសង្គមកិច្ច ២.៩៤៨ហិកតារ ដែលអាជ្ញាធរធ្លាប់ចុះវាស់វែងនិងគូសផែនទីបឋម។
ក្រៅពីជាប់ពាក់ព័ន្ធទន្ទ្រានព្រៃរាប់ពាន់ហិកតារ នៅខេត្តក្រចេះ ឧកញ៉ា ខ្នា មានជាប់ពាក់ព័ន្ធឧក្រិដ្ឋកម្មព្រៃឈើនៅតំបន់ទំនប់វារីអគ្គិសនីសេសានក្រោមពីរជាច្រើនឆ្នាំ ចាប់តាំងពីឆ្នាំ២០១២ ដោយក្រុមហ៊ុន បានប្រើលេសសំអាតបាតលើផ្ទៃដី ទំហំជាង ៣ម៉ឺនហិកតារ ដើម្បីដឹកជញ្ជូនឈើ ពីខាងក្រៅបន្លំជាឈើស្របច្បាប់ រួចដឹកទៅលក់នៅប្រទេសវៀតណាម។ ជំនួញឈើដ៏ធំធេងទាំងនេះ ធ្វើឱ្យព្រៃសហគមន៍ជាច្រើនតំបន់ ឋិតក្នុងស្រុកសេសាន ស្រុកសៀមប៉ាង និងផ្នែកខ្លះ ក្នុងតំបន់ឧទ្យានជាតិវីរជ័យវិនាសហិនហោច។
កាលពីថ្ងៃទី១៥ មករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បានចុចចំឈ្មោះឧកញ៉ា២រូប ដែលលោក ហ៊ុន សែន ថា ជាអ្នកកាងរកស៊ីដឹកឈើទៅប្រទេសវៀតណាម ហើយបានឲ្យសមត្ថកិច្ចចុះបង្ក្រាប។ ឧកញ៉ាទាំងពីរនោះ គឺលោក លីម ប៊ុណ្ណា ហៅខ្នា និងលោក ស៊ឹង សំអុល។
ក្រោយពីការប្រកាសរបស់លោក ហ៊ុន សែន សមត្ថកិច្ចបានចុះទៅពិនិត្យទីតាំងស្តុកឈើខ្នាតធំមួយកន្លែង របស់ឧកញ៉ា លីម ប៊ុណ្ណា ឋិតនៅជាប់ព្រំដែនវៀតណាម ក្នុងខេត្តត្បូងឃ្មុំ។ ប្រតិបត្តិការនោះ សមត្ថកិច្ចបានរឹបអូសសម្ភារៈ និងគំនរឈើរាប់រយម៉ែត្រគូប ប៉ុន្តែមិនបានអនុវត្តច្បាប់លើឧកញ៉ារូបនេះនោះឡើយ។
សកម្មជនបរិស្ថានស៊ើបដឹងថា ប្រាក់ចំណូលមួយផ្នែករបស់ឧកញ៉ារូបនេះ បានផ្គត់ផ្គង់គ្រួសារលោក ហ៊ុន ណេង ប្អូនប្រុសបង្កើតលោក ហ៊ុន សែន ដោយបានសាងសង់លំនៅឋានប្រណិត តម្លៃរាប់លានដុល្លារ ឱ្យលោក ហ៊ុន ណេង និងសាច់ញាតិរបស់លោក ហ៊ុន សែន ផងដែរ។ លើសពីនេះ លោក លីម ប៊ុណ្ណា បានប្រើប្រាស់ថវិកាយ៉ាងច្រើន ទ្រទ្រង់សកម្មភាព របស់បក្សកាន់អំណាច ដូចជាឃោសនាបោះឆ្នោត ចែកអំណោយ និងសាងសង់ទីស្នាក់ការ បក្សជាដើម។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទង សុំការបំភ្លឺជុំវិញការលើកឡើងនេះ ពីឧកញ៉ា លីម ប៊ុណ្ណា ហៅ ខ្នា បាននៅឡើយទេ នៅថ្ងៃទី ២៦ និង ២៧ សីហា។ ចំណែកអ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ក៏មិនអាចសុំការអធិប្បាយបានដែរ ដោយទូរស័ព្ទរបស់លោក មិនអាចទាក់ទងបាន នៅថ្ងៃដដែលនេះ។
សកម្មជនការពារបរិស្ថាន លោក ហេង ស្រស់ សង្កេតឃើញថា ការតែងតាំងឈ្មួញឈើ ជាជំនួយការនាយករដ្ឋមន្ត្រី ពុំមែនជារឿងថ្មីឡើយ ព្រោះមានឧកញ៉ា និងមន្ត្រីគ្រាក់ៗ ជាច្រើនទៀត ប្រព្រឹត្តឧក្រិដ្ឋកម្មព្រៃឈើ បានក្លាយជាជំនួយការថ្នាក់ដឹកនាំ និងសមាជិកបក្សកាន់អំណាចផងដែរ។ លោកយល់ថា អ្នករកស៊ីកាប់បំផ្លាញព្រៃឈើខុសច្បាប់ គួរតែទទួលទោសតាមច្បាប់ មិនគួរក្លាយជា ជំនួយការថ្នាក់ដឹកនាំនោះទេ ព្រោះប៉ះពាល់នីតិរដ្ឋធ្ងន់ធ្ងរ។ រីឯឧកញ៉ាខ្នា ជាមេឈ្មួញដ៏ធំ រកស៊ីឈើបំផ្លាញព្រៃឈើ ជាច្រើនឆ្នាំមកហើយ មិនឃើញអាជ្ញាធរអនុវត្តច្បាប់នោះឡើយ៖ « អ្វីដែលយើងរកឃើញ គាត់ជាមេឈ្មួញធំជាងគេ បន្ទាប់ពី ទ្រី ភាព គាត់រកស៊ីដឹកជញ្ជូនឈើ ចេញពីប្រទេសកម្ពុជា យកទៅលក់នៅប្រទេសវៀតណាម ចាប់ពីច្រកដូង ៧ដើម និងច្រកមួយចំនួនទៀត។ មិនមែនតែខ្ញុំទេ រកឃើញគាត់មេឈ្មួញបំផ្លាញព្រៃឈើ សូម្បីអង្គការអន្តរជាតិ ក៏រកឃើញដែរ»។
ប្រជាសហគមន៍ជនជាតិដើមភាគតិចព្នង ខេត្តមណ្ឌលគិរី បានរាយការណ៍ថា នៅរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ឧកញ៉ា លីម ប៊ុណ្ណា បានបើកដេប៉ូស្តុកឈើខ្នាតធំ ឋិតក្នុងក្រុមហ៊ុនកសិកម្មខ្មែរអង្គរ ខូអិលធីឌី (KAKSEKAM KHMER ANGKOR CO., LT D) ដែលមានទីតាំងនៅក្នុងឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ ប្រជាសហគមន៍ថា ឧកញ៉ារូបនេះ និងបក្ខពួក បានជួលពលរដ្ឋឱ្យចូលព្រៃកាប់ឈើលក់ឱ្យខ្លួន ដែលឈើភាគច្រើនដឹងចេញពីដែនជម្រកសត្វព្រៃភ្នំព្រេច និងឈើក្នុងតំបន់ព្រៃសហគមន៍ ដែលជនជាតិដើមភាគតិចអាស្រ័យផល។
ក្រៅពីធ្វើជំនួញឈើខុសច្បាប់ ឧកញ៉ា លីម ប៊ុណ្ណា ហៅខ្នា មានចម្ការល្មើ រាប់ពាន់ហិកតារ ក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាប។ លើសពីនេះ ឧកញ៉ារូបនេះ ធ្លាប់រងការរិះគន់ថា ជាមេឈ្មួញលក់ឆ្នោតវៀតណាម ដ៏ល្បីនៅខេត្តកំពត និង ក្រុងភ្នំពេញ ដោយមានសមត្ថកិច្ចកាងការពារ។
កន្លងទៅ លោក ផែង វណ្ណៈ បាននិយាយចំៗ ឡាយផ្ទាល់ តាមបណ្ដាញហ្វេសបុក (Live Facebook) ដោយចោទប្រកាន់ឧកញ៉ារូបនេះថា ប្រើអំណាចជាឧកញ៉ា ធ្វើមេឆ្នោតខុសច្បាប់ ដោយគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាប៖ «ខ្ញុំក៏បិទទូរសព្ទជាមួយគាត់ទៅ តែយើងដឹងហើយថា គាត់ឆ្នោតវៀតណាម ហ្នឹងឧកញ៉ាខ្នា។ ខ្ញុំបានសំណូមពរគាត់ បងអើយ មុខរបរអស់ហ្នឹង មិនគួររកទេ។ បើរកស្របច្បាប់សឹមរក អ្នកណាមិនស្គាល់ ឧកញ៉ា ខ្នា មានរោងម៉ាស៊ីនស្រូវ មានចម្ការល្មើ និងមានដីរាប់ពាន់ហិកតារ»។
សកម្មជនបរិស្ថាន បន្ថែមថា ពុំមែនតែឧកញ៉ា លីម ប៊ុណ្ណា តែម្នាក់ទេ ដែលមានរឿងអាស្រូវបំផ្លាញព្រៃឈើដុះស្លែ ត្រូវតែងតាំងជាជំនួយការលោក ហ៊ុន សែន ។ ឧកញ៉ា ទ្រី ភាព និងមេឈ្មួញរកស៊ីឈើខុសច្បាប់មួយចំនួនទៀត សុទ្ធជាសមាជិកគណបក្សកាន់អំណាច និងជាជំនួយការមន្ត្រីកំពូលៗ ដើម្បីកាងអាជីវកម្មផ្លូវងងឹត រួមមាន ឧកញ៉ា សឹម សំអុល អ្នកស្រី ជឹង សុភាព ហៅ យាយ ភូ ឧកញ៉ា វ័ន្ត ថៃ និងឧកញ៉ា តុប វីរដា ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។