កសិកររស់នៅខេត្តកំពង់ឆ្នាំងខកចិត្តនឹងអាជ្ញាធរខេត្តនេះ មិនអើពើអន្តរាគមន៍សង្គ្រោះស្រូវប្រាំងរាប់ពាន់ហិកតាររបស់ពួកគាត់ ដែលកំពុងប្រឈមងាប់ស្រូវ ដោយសារខ្វះទឹកស្រោចស្រព។
កសិករខ្លះទៀតបានថ្លែងសារបង្ហោះតាមបណ្ដាញសង្គមហ្វេសបុក (Facebook) សំពះអង្វរ ដល់រដ្ឋាភិបាលឱ្យជួយសង្គ្រោះស្រូវប្រាំងរបស់ពួកគាត់ឱ្យទាន់ពេល ស្របពេលដែលអាជ្ញាធរខេត្តកំពង់ឆ្នាំងប្រកាសមិនទទួលខុសត្រូវ លើបញ្ហាខ្វះទឹកស្រោចស្រពរបស់កសិករ។
កសិកររស់នៅស្រុកកំពង់ត្រឡាច និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កំពុងអន្ទះសាក្នុងចិត្តបារម្ភខ្លាចបាត់បង់ស្រូវប្រាំងជាច្រើនពាន់ហិកតារ ដោយសារខ្វះទឹកស្រោចស្រព។ ពួកគាត់អំពាវនាវឱ្យរដ្ឋាភិបាលពន្លឿនអន្តរាគមន៍ជួយសង្គ្រោះស្រូវប្រាំងរបស់ពួកគាត់ឱ្យទាន់ពេល។
ប្រជាកសិកររស់នៅភូមិគោកបន្ទាយ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ លោក ចេក សាលួន បានបង្ហោះសារតាមបណ្ដាញសង្គមហ្វេសបុក ដោយសំពះអង្វរដល់អាជ្ញាធរខេត្តកំពង់ឆ្នាំង និងរដ្ឋាភិបាលអន្តរាគមន៍ដាក់គ្រឿងចក្រកាយប្រឡាយយកទឹកពីបឹងធំៗ ដើម្បីឱ្យពួកគាត់ អាចបូមទឹកដាក់ស្រែប្រាំង។
លោកបារម្ភថា ប្រសិនបើអាជ្ញាធរមិនដោះស្រាយករណីនេះឱ្យទាន់ពេលទេ ស្រូវប្រាំងរបស់កសិករ ទំហំ ៥០០ហិកតារ នឹងងាប់អស់ ក្នុងរយៈពេលជាង ២សប្តាហ៍ទៀត ធ្វើឱ្យពួកគាត់ខាតបង់ និងប្រឈមបញ្ហាបំណុល។
លោក ចេក សាលួន៖ «មិនត្រឹមតែឃុំគោកបន្ទាយទេ រងផលប៉ះពាល់ ឥលូវឃុំជ្រៃបាក់ ក៏អស់ទឹក ក្នុងប្រព័ន្ធធារាសាស្ត្រដែរ សូមក្រសួងពាក់ព័ន្ធមេត្តាជួយ ប្រជាកសិករ ព្រោះប្រជាកសិករមានតែស្រែ ចិញ្ចឹមជីវភាព កាត់បន្ថយការលំបាកគ្រួសាររបស់គាត់»។
កសិករខេត្តកំពង់ឆ្នាំងបន្ថែមថា ពេលនេះ ស្រូវប្រាំងរបស់កសិករមានទំហំ ៥រយហិកតារ (៥០០) ឋិតនៅតំបន់ប្រសិទ្ធិ តំបន់ស្ទង់ តំបន់ទទឹងថ្ងៃ និងតំបន់ជ្រោយវល្លិ ជាដើម ក្នុងស្រុករលាប្អៀរ កំពុងក្រៀមស្វិតបណ្តើរៗ ខ្វះទឹកស្រោចស្រព នឹងងាប់ស្រូវទាំងស្រុងនៅរយៈពេលជាង ២សប្តាហ៍ទៀត ស្របពេលដែលប្រឡាយទឹកបានរីងខះអស់។
កសិកររស់នៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង លោកស្រី ជែម សុផារី ប្រាប់វិទ្យុអាស៊ីសេរីថា ស្រែប្រាំងរបស់គ្រួសារលោកស្រី ទំហំ ១ហិកតារ កំពុងប្រឈមងាប់ទាំងស្រុង ដោយសារខ្វះទឹក ហើយអ្នកភូមិបានទៅពឹងមេភូមិឱ្យជួយករណីនេះ តែគ្មានបានផលទេ។
លោកស្រីថា កសិកររាប់រយគ្រួសារចំនួន ៥ភូមិ ក្នុងឃុំតាជេស ក៏ជួបបញ្ហាដូចលោកស្រីដែរ កំពុងអន្ទះអន្ទែងក្នុងចិត្តខ្វះទឹកស្រោចស្រព។
លោកស្រី ជែម សុផារី៖ «ប្រឈមអត់ទឹក វេទនាអត់ទឹក ជំពាក់គេវេទនា ដល់ពេលចាប់ផ្តើមធ្វើខ្ចីគេ បានផលសងគេអស់ទៅ»។
ថ្មីៗនេះ មន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំង បានជូនដំណឹងឱ្យកសិករទាំងអស់ផ្អាកការធ្វើស្រែស្រូវប្រាំង ព្រោះទឹកសម្រាប់ស្រោចស្រពស្រូវប្រាំងមានកម្រិត។ បន្ថែមពីនេះ កសិករធ្វើស្រូវប្រាំងលើសផែនការកំណត់ ដែលផែនការប្រើប្រាស់ទឹកសម្រាប់ឱ្យកសិករដាំដុះបានជិត ៤ ម៉ឺនហិកតារ (៣៧.៧០០) ក៏ប៉ុន្តែកសិករដាំដុះរហូតដល់ជាង ៤ម៉ឺនហិកតារ ធ្វើឱ្យខ្វះខាតទឹកស្រោចស្រព។ អាជ្ញាធរព្រមានថា នឹងមិនទទួលខុសត្រូវលើការខ្វះទឹកស្រោចស្រពស្រូវប្រាំង របស់កសិករនោះឡើយ។
ឆ្លើយតបការលើកឡើងនេះ កសិកររស់នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង លោក ស្ងួន ញៀន ប្រតិកម្មថា ការលើកឡើងរបស់អាជ្ញាធរខ្វះការទទួលខុសត្រូវ ជួយកសិករ ដែលកំពុងជួបការលំបាក និងត្រូវការជំនួយសង្គ្រោះស្រូវប្រាំង។ លោកថា កសិករនឹងប្រឈមបញ្ហាសេដ្ឋកិច្ច និងបំណុលកើនឡើង ប្រសិនបើអាជ្ញាធរមិនអើពើដោះស្រាយករណីនេះ។
លោក ស្ងួន ញៀន៖ «រាល់ថ្ងៃនេះ អាជ្ញាធរមិនទាន់មានដំណោះស្រាយ គេមានតែហាមឃាត់ ពលរដ្ឋមិនឱ្យធ្វើស្រែប្រាំង គេអត់ធានាខុសត្រូវ។ ក្នុងនាមអាជ្ញាធរនិយាយភាសាហ្នឹងមក មានន័យថា អសមត្ថភាពដោះស្រាយបញ្ហាជូនពលរដ្ឋហើយ»។
ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា ប្រាប់វិទ្យុអាស៊ីសេរីតាមបណ្ដាញសង្គមតេឡេក្រាម(Telegram) នៅថ្ងៃទី១១ មករា ថា ក្រសួងធនធានទឹក និងអាជ្ញាធរខេត្តសាមី មិនព្រងើយកន្តើយចំពោះទុក្ខលំបាករបស់កសិករនោះទេ ក៏ប៉ុន្តែធនធានទឹកកំពុងខ្វះខាតដែលទាមទារឲ្យមានការសិក្សា គិតគូរ និងបែងចែកទឹកប្រកបដោយសមភាព ជូនកសិករ និងពលរដ្ឋទូទៅដែលត្រូវការទឹកប្រើប្រាស់ប្រចាំថ្ងៃ។
កញ្ញាជំរុញឱ្យវិទ្យុអាស៊ីសេរីសួរទៅក្រសួងធនធានទឹក ដែលទទួលបន្ទុកកិច្ចការងារនេះ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង សុំការអធិប្បាយបញ្ហានេះពីអ្នកនាំពាក្យក្រសួងធនធានទឹក លោក ចាន់ យុត្ថា បាននៅឡើយទេ នៅថ្ងៃទី១១ និងថ្ងៃទី១២ ខែមករា ដោយទូរស័ព្ទហៅចូលច្រើនដង តែគ្មានអ្នកលើក។
រីឯអភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ ក៏មិនទាន់សុំការបំភ្លឺបានដែរ នៅថ្ងៃដដែលនេះ។
រីឯនៅខេត្តពោធិ៍សាត់ឯនោះវិញ ប្រជាកសិកររស់នៅស្រុកកណ្ដៀង និងស្រុកបាកាន ក៏កំពុងប្រឈមខ្វះខាតទឹកស្រោចស្រពស្រូវប្រាំងជាច្រើនពាន់ហិកតារ ហើយកសិករខ្លះទៀតបានដណ្តើមទឹកគ្នាបូមដាក់ស្រែ ធ្វើឱ្យប្រឡាយទឹកជាច្រើនរីងខះ ខ្សត់ទឹក។
អាជ្ញាធរខេត្តពោធិ៍សាត់ឱ្យដឹងថា ផែនការទឹកស្រោចស្រពស្រូវប្រាំងបានត្រឹមតែ ២ម៉ឺនហិកតារ (២០.០០០) ប៉ុណ្ណោះ ក៏ប៉ុន្តែជាក់ស្ដែង ការបង្កបង្កើនផលរបស់កសិករ កើនឡើង រហូតដល់ ជិត ៥ ម៉ឺនហិកតារ (៤៦.៣៤១ ) បណ្តាលឱ្យខ្វះទឹកស្រោចស្រព។
អាជ្ញាធរថា អាជ្ញាធរស្រុក ភូមិ/ឃុំ និងសមត្ថកិច្ចពាក់ព័ន្ធ បានដាក់វេនគ្នាអន្តរាគមន៍សង្គ្រោះស្រូវប្រាំងរបស់កសិកររស់នៅស្រុកកណ្ដៀង និងស្រុកបាកាន ដោយបូមទឹកចេញពីអាងស្តុកទឹកផ្សេងៗ ដើម្បីចែកចាយតាមប្រឡាយមេ ឱ្យកសិករទាញទឹកដាក់ស្រែប្រាំង និងតំបន់ខ្លះទៀតជីកអណ្តូងទាញទឹកក្រោមដីស្រោចស្រព។
អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា ប្រាប់វិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី១២ មករា ថា កសិករមានដីស្រែជាប់ប្រឡាយ ធ្វើស្រែប្រាំង ៣ ទៅ ៤ ដងក្នុងមួយឆ្នាំធ្វើឱ្យតម្រូវការប្រើប្រាស់ទឹកកើនឡើង ហេតុនេះអាជ្ញាធរខេត្តបានត្រៀមលក្ខណៈសង្គ្រោះស្រូវប្រាំងរបស់កសិករឱ្យទាន់ពេលវេលា។
លោកបញ្ជាឱ្យអាជ្ញាធរស្រុក និងឃុំនីមួយៗរួមទាំងសមត្ថកិច្ច ចុះជួយកសិករដោយផ្ទាល់ ២៤ម៉ោង ធ្វើយ៉ាងណាឱ្យកសិករអាចប្រមូលផលស្រូវប្រាំងទាន់ពេល។
លោក ខូយ រីដា៖ «អាជ្ញាធររបស់យើងទៅនៅទាំងយប់ និងថ្ងៃ ទៅដេកចាំបែងចែកទឹក មិនមែនមកផ្ទះទេ ២៤ម៉ោង កសិករខំដណ្តើមទឹកគ្នា។ បច្ចេកទេសថ្មីប្រមូលផលខ្ពស់ ច្រូតហើយ ធ្វើទៀតអត់ស្តាប់ទេ គាត់អត់ស្តាប់បានជួបបញ្ហា ហើយអាជ្ញាធររបស់យើងគឺ ប្រិតប្រៀងបំផុត ជួយសង្គ្រោះស្រូវរដូវប្រាំង ខ្លះពលរដ្ឋធ្វើ ២រដូវ ហើយអ្នករស់នៅជិតប្រឡាយ ធ្វើដល់ ៤រដូវក៏មានដែរ»។
ចំណែកឯនៅខេត្តបាត់ដំបង កំពង់ធំ កំពង់ស្ពឺ សៀមរាប និងខេត្តស្វាយរៀង ក៏មានបញ្ហាស្រដៀងគ្នាដែរ កសិករកំពុងប្រឈមខ្វះខាតទឹកស្រោចស្រពស្រូវប្រាំង។
ប្រជាកសិករសង្កេតឃើញថា បច្ចុប្បន្នទឹកបឹង អូរ និងស្ទឹង ដែលមានបណ្ដាញទឹកជាប់ទន្លេសាបភាគច្រើន ក្នុងខេត្តសៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តកំពង់ធំ ជាដើម គោករាក់ដោយអន្លើ តំបន់ខ្លះមានការទន្ទ្រានចាក់ដីលុបធ្វើកម្មសិទ្ធិ ខ្វះការថែទាំពីសំណាក់អាជ្ញាធរខេត្តសាមី។
ជុំវិញរឿងនេះ ក្រុមប្រឹក្សាភិបាលនៃអង្គការសាមគ្គីភាពកសិករកម្ពុជា (Cambodia Farmer Solidarity Organization) លោក ឌី គន្ធា យល់ថា ដើម្បីដោះស្រាយបញ្ហានេះគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរខេត្តសាមី គួរត្រៀមកញ្ចប់ថវិកាបម្រុង ស្វែងរកប្រភពទឹក និងជីកអណ្តូង ដោយប្រើម៉ាស៊ីនមានសមត្ថភាពគ្រប់គ្រាន់ ទាញទឹកចេញពីក្រោមដី ដើម្បីស្រោចស្រពស្រូវប្រាំងជួយកសិករឱ្យគ្រប់គ្រាន់ សង្គ្រោះស្រូវប្រាំង។
លោក ឌី គន្ធា៖ «ប្រភពទិន្នន័យមានហើយអស់ រដ្ឋាភិបាលត្រូវចង្អុលបង្ហាញ នៅពេលទឹកឡើង ត្រូវរៀបចំប្រព័ន្ធធារាសាស្ត្រ អាងស្តុកទឹក រាល់ទឹកជំនន់ កុំឱ្យប៉ះពាល់ដំណាំ។ ទី២ នៅពេលទឹកស្រកទៅវិញ ត្រូវធ្វើហេដ្ឋារចនាសម្ព័ន្ធដដែល ដែលអាចស្តុកទឹក នៅពេលទឹកស្រកទៅវិញ មានអាងស្តុកទឹកមួយស្រោចស្រង់ដំណាំ»។
កសិករបន្ថែមថា តម្លៃស្រូវហក់ឡើងថ្លៃខ្ពស់នៅឆ្នាំនេះ ជាឱកាសដែលពួកគាត់ សម្រុកធ្វើស្រែប្រាំងប្រើបច្ចេកទេសខ្ពស់ ដោយប្រើពេលតែ ៣ ខែប៉ុណ្ណោះ អាចប្រមូលផលបាន ប្រសិនបើមានទឹកគ្រប់គ្រាន់ ពួកគាត់នឹងធ្វើស្រែចន្លោះ ៣ ទៅ ៤ ដង ក្នុងមួយឆ្នាំធ្វើឱ្យកសិករមានជីវភាពធូរធារ កាត់បន្ថយធ្វើចំណាកស្រុក។
ពលរដ្ឋសោកស្តាយដីស្រែកសិកម្ម រាប់ម៉ឺនហិកតារទុកទំនេរចោល នៅរដូវប្រាំងដោយសារខ្វះប្រព័ន្ធធារាសាស្ត្រ និងខ្វះទឹកស្រោចស្រពជាច្រើនឆ្នាំមកហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។