ប្រជា​នេសាទ​ត្រី​ធ្វើ​ប្រហុក ត្អូញត្អែរ ពី​តម្លៃ​ចុះ​ថ្លៃ ហើយ​ពុំ​សូវ​មាន​ឈ្មួញ​មក​ទិញ ដូច​ឆ្នាំ​មុនៗ

0:00 / 0:00

ប្រជា​នេសាទ​ខ្លះ​រស់នៅ​តាម​ដង​ទន្លេសាប ក្នុង​ខណ្ឌឫស្សីកែវ ត្អូញត្អែរ ពី​តម្លៃ​ត្រី​ប្រហុក​ចុះ​ថ្លៃ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុនៗ ចំណែក​ឈ្មួញ ដែល​ធ្លាប់​កុម្ម៉ង់​ទិញ ក៏​ធ្លាក់​ចុះ ដោយសារ​តែ​វិបត្តិ​សេដ្ឋកិច្ច។

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ ប្រជា​នេសាទ​មួយ​ចំនួន​នៅ​តាម​ដង​ទន្លេសាប តែងតែ​និយម ប្រកប​របរ​រក​ត្រី​បែប​ប្រពៃណី ធ្វើ​ជា​ត្រី​ប្រហុក ផ្អក ត្រីឆ្អើរ ឬ​ទឹកត្រី សម្រាប់​ទុក​បរិភោគ និង​យក​លក់ ដោះ​ស្រាយ​ជីវភាព ។ ប៉ុន្តែ ឆ្នាំ​នេះ ខុស​ពី​ឆ្នាំ​មុនៗ ទោះ​បី​ថា ត្រី​សម្បូរ តែ​តម្លៃ​ចុះ​ថ្លៃ​ស្ទើរ​ពាក់​កណ្ដាល។

លោកស្រី ស្មាន ម៉ីសំ រស់នៅផែឡូនេសាទត្រីគីឡូលេខ៩ ខណ្ឌឫស្សីកែវ ត្ពូញត្អែ​អំពី​ការ​ខ្វះ​អតិថិជន​មក​ទិញ​ត្រី។

លោកស្រី ស្មាន ម៉ីសំ៖«ឆ្នាំ​នេះ​ត្រី​កើន​ជាង​ឆ្នាំ​មុន តែ​វា​ធូរ​ថ្លៃ​ជាង​ឆ្នាំ​មុន។ ឆ្នាំ​មុន​ត្រី​វាយ​ហើយ ៤ពាន់ ៥រយ រៀល។ តែ​ឆ្នាំ​នេះ ត្រីវាយ​ហើយ ៣៧ ទៅ ៣៥ មិន​ទាន់​វាយ ១៨ ទៅ ១៥ តាម​កាលៈទេសៈ។ ទី២ទៀត សេដ្ឋកិច្ច​ធ្លាក់​ចុះ។ ដូច្នេះ គ្មាន!អត់​មាន​លុយ អត់​សូវ​មាន​អតិថិជន​មក​ទិញ​ទេ ឥឡូវ​នេះ។ អ្នកស្រែ ដែល​ធ្លាប់​ធ្វើ​ច្រើនៗ ឥឡូវ ក៏​ខ្សោយ​ដែរ។ ដូច​ថា ទិញ ១តោន ថយ​មក ៥០០គីឡូ។ កាលឆ្នាំទៅម្នាក់៧តោន ៨តោនកម្ម៉ងយើង»។

កាល​ពី​ថ្ងៃ​ទី១៩ ខែធ្នូ រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​លោក ឌិត ទីណា បាន​អះអាង​ថា ឆ្នាំនេះ ផល​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន​ប្រមាណ ៥% ដោយសារ​តែ​បទ​ល្មើស​នេសាទ​ធ្លាក់​ចុះ។

ពាក់ព័ន្ធ​នឹង​រឿង​នេះ ពលរដ្ឋ​លើក​ឡើង​ថា ឆ្នាំនេះ ត្រី​មាន​ការ​កើន​ឡើង​មែន​ប៉ុន្តែ អាជ្ញាធរ​ពាក់ព័ន្ធ​ក៏​គួរតែ​ជួយ​រក​ទីផ្សារ ឱ្យ​បាន​ថ្លៃ​ជាង​នេះ ដើម្បី​ពួក​គាត់​អាច​បាន​ចំណូល​សមរម្យ ដើម្បី​ដោះ​ស្រាយ​ជីវភាព និង​មាន​កម្លាំង​ចិត្ត​បន្ត​ទៀត។

លោកស្រី ខរ នីខរ ​រស់នៅ​ផែ​ឡូត៍​នេសាទ​ត្រី​គីឡូ​លេខ៩ ខណ្ឌឫស្សីកែវ ក៏​ត្អូញ​អំពី​ការ​លក់​ត្រី​មិន​សូវ​ដាច់​ដូច​ឆ្នាំ​មុន។

លោកស្រី ខរ នីខរ៖«ពី​មុន​រក​បាន​យក​ទៅ​លក់ ពេល​គេ​ធ្វើ​ការងារ(បាន​មាន​ប្រាក់​ចំណូល)ពេល​ហ្នឹង​ក៏​លក់​ដាច់​ដែរ។ ដល់​ឥឡូវ ជីវភាព​ឆ្នាំ​នេះ ដូច​មិន​ដឹង​ម៉េច​ទេ។ ពី​មុន លក់​ដាច់​ណាស់ មនុស្ស​មក​ច្រើនៗ បងប្អូន​អ្នក​ស្រែ​ចង់​គាត់​ចុះ​មក​ទិញ​ច្រើន ឥឡូវ​អត់​ទេ មក​តែ​បួន​ប្រាំ​នាក់ ពីរ​បី​នាក់។ ធ្វើ​ហើយ​ភ្លាម​គាត់​ទៅ​វិញ​ហើយ»។

លោកស្រី យ៉ា អាហ្រ្វីនី ​រស់នៅ​ផែ​ឡូត៍​នេសាទ​ត្រី​គីឡូ​លេខ៩ ខណ្ឌឫស្សីកែវ​ដែរ​.

លោកស្រី យ៉ា អាហ្រ្វីនី៖ «សូម​បងប្អូន​មក​ជួយ​ទិញ​ឱ្យ​បាន​ច្រើន ព្រោះ​គីឡូ​ម៉ែត្រ​លេខ៩ ឥឡូវ​វា​ស្ងាត់​ពេក ហើយ​ត្រី​ឥឡូវ ក៏​ថោក​ដែរ។ ថោក​មែនទែន​ហ្មង។ ពី​មុន​ត្រី​ស្រស់ លក់​បាន ២ពាន់ ៥រយ ឥឡូវ សល់​តែ ១ជាង ឬ ១ពាន់ ៥រយ​រៀល »

វិទ្យុ​អាស៊ី​សេរី​ពុំ​អាច​ទាក់ទង នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​រាជធានី​ភ្នំពេញ លោក ងិន ឌី ដើម្បី​បក​ស្រាយ​ជុំវិញ​បញ្ហា​ត្រី​ចុះ​ថ្លៃ​បាន​ទេ នៅ​ថ្ងៃ​ទី២២ ខែធ្នូ។

ប៉ុន្តែ​លោក​ធ្លាប់​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា បច្ចុប្បន្ន​នេះ ត្រី​មាន​តម្លៃ​ចាប់​ពី ១គីឡូ​ប្រមាណ ១ពាន់ ៨រយ (១.៨០០ ទៅ​ជាង ២ពាន់ (២.០០០) រៀល ហើយ​តម្លៃ​ត្រី​ឡើង​ចុះ​ជាក់ស្ដែង គឺ​វា​អាស្រ័យ​លើ​ត្រី​សម្បូរ ច្រើន ឬ​តិច​ប៉ុណ្ណោះ។

Prahok_1.jpg
ត្រីកាត់ក្បាលរួច សម្រាប់​ធ្វើ​ប្រហុក ដែលគេ​យកពី​ផែមកកន្លែង​ស្តុក ​នៅ​ផែ​ឡូត៍​នេសាទ​ត្រី​គីឡូ​លេខ៩ ខណ្ឌឫស្សីកែវ រាជ​ធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី២១ ខែធ្នូ ឆ្នាំ២០២៣។ រូបពីពលរដ្ឋ

ប្រភេទ​ត្រី ដែល​ពលរដ្ឋ​យក​ធ្វើ​ប្រហុក រួមមាន ត្រី​ស្លឹក​ឫស្សី និង​ត្រី​រៀល។ ត្រី​ទាំង​នេះ​ចាប់​ផ្ដើម​បើក​នេសាទ ពី​ថ្ងៃ​ទី១៩ រហូត​ដល់​ថ្ងៃ​ទី២៥ ខែធ្នូ ដោយសារ​ត្រី ចាប់​ផ្ដើម​ផ្លាស់​ទី​ចេញ​ពី​បឹង​ទន្លេសាប បឹង ស្ទឹង និង​ព្រែក​នានា ចូល​ទន្លេសាប ទន្លេ​មេគង្គ និង​ទន្លេបាសាក់។ ជា​រៀងរាល់​ឆ្នាំ ការ​ប្រមូល​ផល​ត្រី​នេះ បាន​ជួយ​ដល់​ជីវភាព​ពលរដ្ឋ​ជា​ច្រើន។

ផល​ត្រី​ដែល​ប្រមូល​ជា​ប្រភេទ​ត្រី​ប្រហុក​នៅ​ឆ្នាំ​នេះ មាន​ប្រមាណ ៧០ភាគ (៧០%) ជា​ប្រភេទ​ត្រី​ស្លឹក​ឫស្សី ១០ភាគ​រយ (១០%) ជា​ត្រីឆ្វៀត និង ២០ភាគ (២០%) ត្រីចម្រុះ។ ចំណែក​តំបន់ ដែល​មាន​ប្រភេទ​ត្រី​ទាំង​នេះ​ច្រើន ស្ថិត​នៅ​ភូមិសាស្ត្រ​ស្រុកពញាឮ ខេត្តកណ្ដាល និង​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ៕

Prahok_6.jpg
ត្រីកាត់ក្បាលរួច សម្រាប់​ធ្វើ​ប្រហុក ដែលគេ​បូម​ពី​ផែមកកន្លែង​ស្តុក ​នៅ​ផែ​ឡូត៍​នេសាទ​ត្រី​គីឡូ​លេខ៩ ខណ្ឌឫស្សីកែវ រាជ​ធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី២១ ខែធ្នូ ឆ្នាំ២០២៣។ រូបពីពលរដ្ឋ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។