មន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ ឲ្យដឹងថា ទឹកជំនន់ដែលបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងលិចស្រុកមួយចំនួននោះ បានស្រកចុះវិញហើយគិតមកដល់ម៉ោង ៥ល្ងាចថ្ងៃអង្គារ ទី២៥ ខែកក្កដា។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះវិហារ គឺលោក ចាប កុយ។ លោកអះអាងនៅរសៀលថ្ងៃអង្គារ ទី២៥ ខែកក្កដា ថា កាលពីម៉ោង ៤ទៀបភ្លឺថ្ងៃដដែលនេះ ភ្លៀងដែលមានកម្ពស់ ១២០មិល្លីម៉ែត្រ បានធ្លាក់ខ្លាំងបណ្ដាលឲ្យជន់លិចស្រុកមួយចំនួន ដូចជាស្រុកឆែប ស្រុកជ័យសែន និងស្រុកត្បែងមានជ័យ រយៈពេលប្រហែល ៥ម៉ោង ដោយសារតែទឹកជន់ហូរមិនទាន់ ប៉ុន្តែពេលនេះបានស្រកចុះអស់វិញហើយ៖ « លិច ពីម៉ោង ៤ភ្លឺ រហូតដល់ ម៉ោង ៧ - ៨ព្រឹកហ្នឹង គឺស្រកចុះមួយចំនួនធំ ប៉ុន្តែនៅស្រុកជាំក្សាន្ត ជាប់តំបន់ព្រំដែនកម្ពុជា - ថៃ គឺភ្លៀងកំពុងធ្លាក់ ប៉ុន្តែមិនជន់ទេ ដោយសារទឹកហូរចូលស្ទឹងសែន អស់ »។
ថ្វីបើស្រុកមួយចំនួនប៉ះពាល់ដោយទឹកជំនន់រយៈពេលខ្លី ប៉ុន្តែមិនមានមនុស្ស និងសត្វរងគ្រោះទេ។ ទោះជាយ៉ាងណា មន្ត្រីមន្ទីរធនធានទឹកខេត្តព្រះវិហារ នៅតែធ្វើការប្រកាសអាសន្នឲ្យពលរដ្ឋជាច្រើនដែលរស់នៅតាមដងស្ទឹងសែន ត្រូវតែប្រុងប្រយ័ត្នចំពោះគ្រោះទឹកជំនន់នៅឡើយ រហូតទៅដល់ថ្ងៃទី២៧ ខែកក្កដា ដោយសារតែអំឡុងពេលនោះ កម្ពុជា កំពុងទទួលរងសម្ពាធខ្យល់ព្យុះឈ្មោះ សុនកា (Sonca)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។