ក្រុមយុវជនចលនាមាតាធម្មជាតិចំនួនបីនាក់ បានចូលបំភ្លឺនៅតុលាការកំពូលរាជធានីភ្នំពេញ ពីបទ «ញុះញង់» បន្ទាប់ពីបានបានប្ដឹងសាទុក្ខ។ ពួកគេលើកឡើងថា សកម្មភាពការពារបរិស្ថានកន្លងមក មិនមែនជាការញុះញង់បង្កភាពវឹកវរក្នុងសង្គមនោះទេ។ អ្នកទាំងបីស្នើតុលាការកំពូលឱ្យផ្ដល់យុត្តិធម៌ និងទម្លាក់បទចោទ ដើម្បីឱ្យពួកគេមានសិទ្ធិសេរីភាពពេញលេញក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិបន្តទៀត។
ក្រុមយុវជនចលនាមាតាធម្មជាតិ ៣នាក់ រួមមានលោក ថុន រដ្ធា កញ្ញា ភួន កែវរស្មី និង កញ្ញា ឡុងគន្ធា នៅថ្ងៃទី២២ ខែកក្កដា បានឡើងបំភ្លឺនៅតុលាការកំពូល ពាក់ព័ន្ធនឹងបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ការឡើងបំភ្លឺនេះធ្វើឡើងបន្ទាប់ពី អ្នកទាំងបីបានប្ដឹងសារទុក្ខជំទាស់នឹងការសម្រេចរបស់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ ដែលសម្រេចព្យួរទោសពួកគេ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១។
យុវជនចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា ប្រាប់វិទ្យុអាស៊ីសេរីឱ្យដឹងថា នៅក្នុងតុលាការលោកបានលើកឡើងពីសកម្មភាពក្នុងការការពារបរិស្ថានកន្លងមក ថា មិនមែនជាការបង្កឱ្យមានភាពវឹកវរ និងញុះញង់ដូចការចោទប្រកាន់នោះទេ។ លោកបន្តថា សកម្មភាព ដែលលោក និងក្រុមយុវជនដទៃទៀតធ្វើកន្លងមក គឺកើតចេញពីក្ដីស្រឡាញ់ និងឆន្ទៈក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិ ដោយមិនមានការបង្គាប់បញ្ជាពីជនណាម្នាក់ឡើយ។ លោកស្នើដល់តុលាការឱ្យទម្លាក់ចោលបទចោទទៅលើរូបលោក ក៏ដូចជាយុវជនដទៃទៀត ដ្បិតថា សកម្មភាពទាំងនោះ ក៏មិនបានធ្វើឡើងផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេស ប៉ុន្តែគឺជាសកម្មភាពមួយ ដែលគួរតែត្រូវទទួលបានការគាំទ្រ និងលើកទឹកចិត្តពីរដ្ឋាភិបាល៖ « ខ្ញុំស្នើឱ្យតុលាការកំពូល ( ឱ្យ ) សម្រេចពិចារណាហើយ ពិចារណាទៀត ជាពិសេស ផ្ដល់ក្ដីអាណិតអាសូរមកដល់ខ្ញុំផង។ ផ្ដល់ក្ដីអាណិតអាសូរតាមរយៈការផ្ដល់យុត្តិធម៌មកកាន់ខ្ញុំ សងនូវភាពស្អាតស្អំមកកាន់ពួកខ្ញុំឡើងវិញ ដើម្បីឱ្យពួកខ្ញុំមានសេរីភាពពេញលេញក្នុងការធ្វើការទៅលើធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាពបន្តទៀត » ។
មេធាវីការពារក្ដី លោក សំ ចំរើន ឱ្យដឹងថា ការសាកសួរដេញដោលរបស់តុលាការទៅលើក្រុមយុវជនទាំងបីនាក់ ហាក់មានភាពប្រក្រតីនោះទេ ហើយតុលាការនឹងប្រកាសសាលដីកានៅថ្ងៃទី២៩ កក្កដាខាងមុខនេះ។ ដោយឡែក លោកនៅមិនទាន់ហ៊ានសន្និដ្ឋានណាមួយទៅលើដំណើរការក្ដីនោះទេ ដោយលោកថា ស្ថិតនៅក្នុងដំណាក់កាលរង់ចាំការសម្រេចរបស់តុលាការនៅឡើយ។ ប៉ុន្តែលោកបន្តថា ប្រសិនបើយុវជនទាំងបីមិនអាចទទួលយក ការសម្រេចរបស់តុលាការនៅសប្ដាហ៍ក្រោយបាន នោះនឹងមានការពិភាក្សាទៅលើដំណើរការរឿងក្ដីនេះបន្តទៅទៀត៖ « យើងមិនចង់មានបុរេវិនិច្ឆ័យទេ ព្រោះរឿងក្ដីយើងប្ដឹងសាទុក្ខ ហើយនៅក្នុងដំណាក់កាលរង់ចាំការវិនិច្ឆ័យជាចុងក្រោយនៅឡើយ។ អាហ្នឹងយើងត្រូវពិភាក្សាគ្នាទៀតទៅលើលទ្ធភាពផ្លូវច្បាប់ថា តើយើងអាចធ្វើបែបម៉េចបាន។ ប្រសិនបើលទ្ធភាពណាមួយនៅថ្ងៃនោះ យើងមិនទទួលយកបាន យើងនឹងពិភាក្សាគ្នា » ។
វិទ្យុអាស៊ីសេរីនៅពុំទាន់អាចទាក់ទងអគ្គលេខាធិការតុលាការកំពូល លោកស្រី ម៉ៅ ធីតា ដើម្បីសុំការបកស្រាយបន្ថែមជុំវិញរឿងនេះបាននៅឡើយនោះទេ។
ទាក់ទិនរឿងនេះ ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ ថ្លែងថា ទោះបីជាពលរដ្ឋភាគច្រើនមិនមានជំនឿទៅលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ក៏លោកក្នុងនាមជាអង្គការសង្គមស៊ីវិល នៅតែជឿជាក់ថា និងឱ្យតម្លៃទៅលើប្រព័ន្ធតុលាការ ជាពិសេស គឺតុលាការកំពូលនេះតែម្ដង។ លោកជឿជាក់ថា តុលាការនឹងសម្រេចទម្លាក់ចោលបទចោទទៅលើយុវជនទាំងបីនាក់ ដើម្បីឱ្យពួកគេមានលទ្ធភាព និងសេរីភាពពេញលេញ ក្នុងការចូលរួមសកម្មភាពការពារបរិស្ថាន និងធនធានធម្មជាតិម្ដងទៀត៖ « យើងនៅតែជឿជាក់ និងនៅតែឱ្យតម្លៃទៅលើតុលាការនៅស្រុកខ្មែរ ដែលបានជំនុំជម្រះលើសកម្មជនបរិស្ថាននៅព្រឹកមិញនេះ នឹងអាចផ្ដល់នូវយុត្តិធម៌ លើកលែងបទចោទទៅលើពួកគាត់ ហើយផ្ដល់នូវភាពស្អាតស្អំ ដើម្បីពួកគាត់មាននីតិសម្បទាគ្រប់គ្រាន់ក្នុងការរស់នៅជាមួយនឹងសង្គមទូទៅ ដែលជាជាងបច្ចុប្បន្នពួកគាត់នៅជាប់នូវការត្រួតពិនិត្យរបស់តុលាការ » ។
យុវជនចលនាមាតាធម្មជាតិទាំងបីនាក់ រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវបានចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីពួកគេថតវីដេអូបង្ហាញពីផលប៉ះពាល់បរិស្ថាន និងគ្រោងស្លៀកស ពាក់ស ដើរពីវត្តភ្នំសំដៅទៅផ្ទះលោក ហ៊ុន សែន ដើម្បីសុំបញ្ឈប់ការលុបបឹងកប់ស្រូវ ឬបឹងតាមោក។ សាលាដំបូងរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោសពួកគេនៅខែឧសភា ឆ្នាំ២០២១ ដាក់ពន្ធនាគារចន្លោះពី ១៨ខែ ទៅ ២០ខែ ពីបទ «ញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
អ្នកទាំងបីត្រូវបានដោះលែងកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីអនុវត្តទោសក្នុងពន្ធនាគារបាន ១ឆ្នាំ ២ខែតាមការកំណត់របស់តុលាការ ដោយទោសនៅសល់ត្រូវព្យួរ និងដាក់ឱ្យពួកគេស្ថិតនៅក្រោមការត្រួតពិនិត្យរយៈពេល ៣ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។