សកម្មជន​បរិស្ថាន​ខកចិត្ត​ដែល​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ​តម្កល់​ការ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ១ឆ្នាំ

0:00 / 0:00

សកម្មជន​ការពារ​ព្រៃឈើ​ខេត្ត​រតនគិរី លោក ឆន ផល្លា ប្ដេជ្ញា​ថា លោក​នៅតែ​រក្សា​ជំហរ​ការពារ​ព្រៃ​ឈើ​ដដែល ទោះបី​ជា​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ កាត់​ឱ្យ​លោក​មាន​ទោស​ជាប់​ពន្ធនាគារ ១ ឆ្នាំ​និង​ពិន័យ​ប្រាក់​ដូច​តុលាការ​ថ្នាក់​ក្រោម​សម្រេច​ក៏​ដោយ។

សង្គម​ស៊ីវិល​ចាត់​ទុក​ការ​សម្រេច​នេះ ថា ជា​សារ​មួយ​គំរាមកំហែង និង​បំភិត​បំភ័យ​ លើ​សកម្មជន​ព្រៃឈើ​ធនធាន​ជាតិ​និង​បរិស្ថាន។

សកម្មជន​ការពារ​ព្រៃឈើ ហៅ​ការ​សេចក្ដី​សម្រេច​របស់​សាលាឧទ្ធរណ៍​ប្រចាំ​តំបន់​ខេត្តត្បូងឃ្មុំ ថា ជា​រឿង​អយុត្តិធម៌ និង​ជា​ការ​បំបាក់​ស្មារតី​មិន​ឱ្យ​លោក​បញ្ចេញមតិ​ ឬ​ធ្វើ​សកម្មភាព​ការពារ​ធនធាន​ធម្មជាតិ​បន្ត​ទៀត។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សាលាឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃទី២០ ខែ​មិថុនា បាន​ប្រកាស​សាលដីកា​តម្កល់​សាលក្រម​សាលាដំបូង​ខេត្តរតនគិរី ដែល​ ផ្ដន្ទាទោស​សកម្មជន​ការពារ​ព្រៃ​ឈើ​លោក ឆន ផល្លា ឱ្យ​ជាប់​ពន្ធនាគារ ១ ឆ្នាំ និង​ពិន័យ​ប្រាក់ ១០​លាន​រៀល ឬ​ស្មើ​នឹង ២៥០០ ដុល្លារ ពី​បទ«បរិហារកេរ្តិ៍​ជា​សាធារណៈ បទ​ប្រមាថ​និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍» ពាក់ព័ន្ធ​នឹង​ ការ​បញ្ចេញមតិ​នៅ​ក្នុង​វេទិកា​មួយ កាល​ពី​ខែកក្កដា ឆ្នាំ​២០២០ ដែល​ប្ដឹង​ដោយ​អាជ្ញាធរ​មូលដ្ឋាន។

ជុំវិញ​រឿង​នេះ លោក ឆន ផល្លា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី២១ ខែ​មិថុនា ថា លោក​នឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ទៀត ពីព្រោះ​ក្នុង​សំណុំ​រឿង​នេះ លោក​ជា​ជន​រងគ្រោះ មិនមែន​ជា​អ្នក​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

លោក ឆន ផល្លា៖ «ខ្ញុំ​ជា​ជន​រងគ្រោះ​ត្រូវ​រង​អយុត្តិធម៌ ដែល​គាត់​បាន​ចោទ​ប្រកាន់​ខ្ញុំ​ទៅ​វិញ។ អ៊ីចឹង​ហើយ​ជា​ការ​មួយ ដែល​រឹតត្បិត​សេរីភាព​ក្នុង​បញ្ចេញមតិ​នៅ​វេទិកា​សាធារណៈ​មួយ ដែល​មាន​អាជ្ញាធរ​នៅ​នឹង​មុខ ដែល​ធ្វើ​ឱ្យ​ពួក​ក្រុម​ជន​ដៃ​ដល់​ប្រើ​អំពើ​ហិង្សា​លើ​ខ្លួន​ខ្ញុំ​បាទ យ៉ាង​ធ្ងន់ធ្ងរ​ជា​ទី​បំផុត»។

កាលពី​ខែ​កក្កដា ឆ្នាំ​២០២០ អាជ្ញាធរ​មូលដ្ឋាន​ខេត្តរតនគិរី​បាន​កៀរគរ​ក្រុម​ពលរដ្ឋ​រាប់​រយ​នាក់​ព្រួត​គ្នា​វាយ​លោក ឆន ផល្លា បណ្តាល​ឱ្យ​របួសធ្ងន់ ហើយ​បាន​គំរាម​និង​បង្ខំ​ឱ្យ​លោក​ដក​ពាក្យបណ្ដឹង​ពី​តុលាការ។ ក្រុម​ពលរដ្ឋ​ដែល​លើក​គ្នា​វាយ​ភាគ​ ច្រើន ជា​អ្នកទទួល​ប្រយោជន៍​ពី​ការ​កាប់​ទន្ទ្រានព្រៃ​សាធារណ​របស់​រដ្ឋ ដែល​ដឹកនាំ​ដោយ​អភិបាល​ស្រុក​លំផាត់​លោក នូ ថេរ មេឃុំ​សេដា លោក អង់ ប៊ុនធៀង ក្រុម​ប្រឹក្សា​ឃុំ​និង​មេភូមិ។ ក្រោយ​មក​លោក ឆន ផល្លា និង​ក្រុម​គ្រួសារ បាន​ប្ដឹង​ជន​ដៃដល់ និង​អាជ្ញាធរ​ទាំងនេះ ទៅ​សមត្ថកិច្ច ក៏ប៉ុន្តែ​គ្មាន​ចំណាត់ការ​នោះ​ឡើយ។

ក្រៅ​ពី​មិន​ចាត់​វិធានការ​ហើយ លោក ឆន ផល្លា ថា អាជ្ញាធរ​បែរជា​មក​ប្ដឹង​លោក​វិញ រហូត​ដល់​តុលាការ​កាត់​ឱ្យ​លោក​មាន​ទោស​ជាប់​ពន្ធនាគារ ១ ឆ្នាំ​និង​ ពិន័យ​ប្រាក់ ១០ លាន​រៀល​ថែម​ទៀត។

លោក ឆន ផល្លា៖«ខ្ញុំ​ជា​ជន​រងគ្រោះ បែរជា​ខ្ញុំ​រង​នូវ​អយុត្តិធម៌​ត្រូវ​បាន​តុលាការ​ដាក់​ទោស​ទណ្ឌ ដាក់​ទណ្ឌកម្ម​ខ្ញុំ​ជា​ជន​រងគ្រោះ​វិញ​អ៊ីចឹង»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បញ្ហា​នេះ ពី​អ្នក​នាំ​ពាក្យ​សាលាឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ លោក ទុំ សោភ័ណ បាន​ទេ​នៅ​ថ្ងៃទី២១ ខែ​មិថុនា។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត សោកស្ដាយ​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ ដែល​តម្កល់​សាលក្រម​សាលាដំបូង​ខេត្ត​រតនគិរី ដែល​បាន​ផ្ដន្ទាទោស​សកម្មជន​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ និង​ពិន័យ​ជា​ប្រាក់​ចំនួន ១០​លាន​រៀល។

លោក លោក អំ សំអាត ប្រាប់់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី២១ ខែ​មិថុនា ថា នេះ​ជា​សារ​មួយ​គំរាមកំហែង និង​បំភិតបំភ័យ​លើ​សកម្មជន​ការពារ​ព្រៃឈើ​ធនធាន​ជាតិ និង​បរិស្ថាន។

លោក អំ សំអាត៖ «ភិតភ័យ ពីព្រោះ​រាល់​សកម្មភាព ដើម្បី​ការពារ​ផល​ប្រយោជន៍​រួម ការពារ​នូវ​ធនធាន​ធម្មជាតិ ព្រៃ​ឈើ ក៏​ដូច​ជា បរិស្ថាន​ហ្នឹង ត្រូវ​បាន​ចោទ​ប្រកាន់ និង​ផ្ដន្ទាទោស ដែល​ទង្វើ​នេះ ក៏​ធ្វើ​ឱ្យ​ជន​ដែល​បំផ្លាញ​ព្រៃ​ឈើ​ហ្នឹង មិន​សូវ​មាន​ការ​ញញើត ព្រោះ​ពួក​ដែល​បំផ្លាញ​ព្រៃ​ឈើ​ទេ ដែល​គួរ​ជាប់​ទោស​ដែល​ត្រូវ​ផ្ដន្ទាទោស។ ចំពោះ​អ្នក​ដែល​សកម្ម និង​ខិតខំ​ការពារ​ព្រៃ​ឈើ ធនធាន​ជាតិ និង​បរិស្ថាន​គួរ​ត្រូវ​តែ​បាន​លើក​ទឹក​ចិត្ត ហើយ​នឹង​គាំទ្រ»។

លោក ឆន ផល្លា ​គឺ​ជាសកម្ម​ជន​បរិស្ថាន​ដ៏​សកម្ម​មួយ​រូប ក្នុង​ការ​ការពារ​ធនធាន ធម្មជាតិ​​និង​ឃ្លាំមើល​ការ​កាប់​បំផ្លាញ​ព្រៃ​នៅ​ក្នុង​ខេត្តរតនគិរី។ លោក​ធ្លាប់​ជាប់​ ពន្ធនាគារ​ជាង ២ ឆ្នាំ​ក្នុង​សំណុំ​រឿង​ពីរ​ផ្សេង​គ្នា ពាក់ព័ន្ធ​នឹង​ការពារ​ព្រៃ​ឈើ​និង​ធនធាន​ធម្មជាតិ។ សកម្មជន​ព្រៃ​ឈើ​រូប​នេះ លើក​ឡើង​ថា ទោះបីជា​លោក​ធ្លាប់​ពន្ធនាគារ​ជាង ២ ឆ្នាំ ដោយសារតែ​ចេញ​មុខ​ការពារ​ធនធាន​ធម្មជាតិ ហើយ​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​ក៏​ដោយ ក៏​លោក​នៅ​រក្សា​ជំហរ​ជា​អ្នក​ការពារ​ព្រៃឈើ​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។