សកម្មជនការពារព្រៃឈើ បង្ហាញអាថ៌កំបាំង ដែលនាំឱ្យកើតមានវិនាសកម្មព្រៃឈើខ្នាតធំ ក្នុងដែនជម្រកសត្វព្រៃឡង់ គ្រប់គ្រងដោយក្រសួងបរិស្ថាន។ ពួកគេអះអាងថា ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល និងម្ចាស់ជំនួយអភិរក្សព្រៃឡង់ នៅតែព្យាយាមការពារមុខមាត់របស់ រដ្ឋាភិបាល ហើយពុំបង្ហាញការពិតក្នុង រឿងនេះ ដែលជាមូលហេតុធ្វើឱ្យវិនាសកម្មព្រៃឡង់មិនអាចដោះស្រាយបាន។
សកម្មជនការពារព្រៃឈើ រកឃើញថា ម្ចាស់ជំនួយ នៃគម្រោងអភិរក្សព្រៃឡង់ គឺទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ថា USAID និងគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ មិនបានរកមូលហេតុពិតប្រាកដ ដើម្បីលុបបំបាត់វិនាសកម្មព្រៃឈើ ក្នុងតំបន់ព្រៃឡង់នោះទេ។
ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា (CHRTF) និងជាម្ចាស់ពានរង្វាន់វីរជនការពារបរិស្ថានពិភពលោក (Goldman Environmental Prize) លោក អ៊ូច ឡេង ប្រាប់អាស៊ីសេរី នៅថ្ងៃទី១ មីនាថា ឫសគល់នាំឱ្យមានវិនាសកម្មព្រៃឡង់ គឺដោយសារមានវត្តមាន ក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech) និងក្រុមហ៊ុនអង្គរប្លាយវូដ (Angkor Plywood) ធ្វើអាជីកម្មឈើទ្រង់ទ្រាយធំក្នុងព្រៃឡង់។ លោកបញ្ជាក់ថា ក្រុមហ៊ុនទាំងនេះ បានចេញមុខ ប្រមូលឈើក្នុង ព្រៃឡង់ ដើម្បីផ្គត់ផ្គង់ទីផ្សារអន្តរជាតិជាច្រើនឆ្នាំមកហើយ ដោយគ្មានស្ថាប័នណាមួយ ដោះស្រាយឱ្យដាច់ស្រឡះទេ។
លោក អ៊ូច ឡេង បន្ថែមថា អំពើពុករលួយក៏ជាមូលហេតុចម្បងនៃការបំផ្លាញព្រៃឡង់ដែរ ដោយសារមានការអន្តរាគមន៍ពីអ្នកមានអំណាច ដើម្បីកាងការពារអាជីវកម្មឈើខ្នាតធំ របស់ក្រុមហ៊ុនទាំងនេះ។ លោកចោទថា អាជ្ញាធររដ្ឋាភិបាលតែងតែការពារប្រយោជន៍ក្រុមហ៊ុន ហើយបើទោះបីជាពួកលោក និងស្ថាប័នពាក់ព័ន្ធបានបង្ហាញភស្តុតាងជាច្រើនពីឧក្រិដ្ឋកម្មព្រៃឈើ ក្នុងតំបន់ព្រៃឡង់ក្តី៖ «បទល្មើសមិនព្រមបានបញ្ឈប់ទេ បែរជាមានការចោទប្រកាន់ វាយប្រហារ ការធ្វើបាប យាយីទៅលើសកម្មជនទៅវិញ ជាពិសេស រូបខ្ញុំផ្ទាល់ អ៊ូច ឡេង មិនដែលបានលុយមួយដុល្លារ ពី USAID និងម្ចាស់ជំនួយអង្គការនានាទេ។ ម្ចាស់ជំនួយ USAID មិនបានលើកឡើងអំពី លើកឡើងពិតប្រាកដ ពីវិនាសកម្មព្រៃឈើដែលជាបញ្ហាចម្បង នៅក្នុងការជួញដូរឈើ ក៏ដូចជាឧស្សាហកម្មខ្នាតឈើ ក្នុងតំបន់ព្រៃឡង់នោះទេ »។
សកម្មជនការពារព្រៃឈើរូបនេះ បន្ថែមថា រោងចក្រអារឈើ និងក្រុមហ៊ុនឯកជនជាប់ព្រៃឡង់ គឺជាដើមចមផុសឡើងនូវឧក្រិដ្ឋកម្មព្រៃឈើ ក្នុងតំបន់ព្រៃឡង់ ដែលគ្មានស្ថាប័នណាមួយរបស់រដ្ឋាភិបាលចេញមុខដោះស្រាយបានជាច្រើនឆ្នាំមកហើយ។ លោកបញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ បិទក្រុមហ៊ុនឯកទាំងនេះ ការចោទប្រកាន់ទាំងឡាយពីបទល្មើសព្រៃឈើនឹងត្រូវបញ្ចប់៖ «មិនមែនការពារព្រៃឈើ បែបលក្ខណៈរាំ និងច្រៀងទេ វាមិនមែនចំគោលដៅឱ្យពិតប្រាកដ។ យើងត្រូវរកឫសគល់ នៃវិនាសកម្មព្រៃឈើដ៏ធ្ងន់ធ្ងរមកពីក្រុមហ៊ុន ស៊ីង បាយអូថេក និងក្រុមហ៊ុនអង្គរផ្លាយវូដ។ បើយើងបិទក្រុមហ៊ុនបាន គឺមិនបាច់ចំណាយលុយ ការរាំ និងច្រៀងទេ គឺថា អត់មានអ្នកកាប់ អត់មានអ្នកទិញ ហើយក៏អត់មានអ្នកលក់ដែរ។ អ៊ីចឹងឈើនៅតែគង់វង្សដដែល នេះជាឫសគល់នៃបញ្ហា។ បើយើងនៅតែមិនដោះស្រាយបញ្ហាហ្នឹងទេ គឺមិនអាចដោះស្រាយចេញទេ នៅតែកើតឡើង ពីមួយឆ្នាំពីមួយឆ្នាំ »។
ការរិះគន់នេះដោយសារតែទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) បានផ្តល់ជំនួយជាង ២១លានដុល្លារសម្រាប់អនុវត្តគម្រោងព្រៃឡងបៃតងជាមួយក្រសួងបរិស្ថានរយៈពេល ៥ឆ្នាំពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ ក្នុងគោលដៅអភិរក្សធនធានធម្មជាតិ និងដោះស្រាយបញ្ហាប្រឈមដែលកើតមាននៅតំបន់ព្រៃឡង់ រួមនិងលើកកម្ពស់ជីវភាពសហគមន៍ប្រកបដោយចិរភាព។ទោះជាយ៉ាងណាសកម្មជនព្រៃឈើមើលឃើញថា បទល្មើសធនធានធម្មជាតិនៅតំបន់ព្រៃឡង់មិនមានការថមថយឡើយ ដោយសារការអនុវត្តគម្រោងព្រៃឡង់បៃតង គ្មានប្រសិទ្ធិភាព ហើយម្ចាស់ជំនួយដ៏ធំមួយនេះ ហាក់មិនសូវរិះគន់និងដាក់សម្ពាធទៅរដ្ឋាភិបាល។
អាស៊ីសេរីបានព្យាយាមទាក់ទងសុំការបំភ្លឺរឿងនេះ ពីមន្ត្រីអង្គការ USAID តាមលេខទូរសព្ទ ក្នុងគេហទំព័រ និងផេកហ្វេសបុកផ្លូវការណ៍ របស់អង្គការនេះ ក៏ប៉ុន្តែទូរសព្ទហៅចូលច្រើនដងគ្មានអ្នកលើក នៅថ្ងៃទី ០១ មីនា។ ចំណែក អ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ លោក អេង ហ៊ី និង តំណាងក្រុមហ៊ុនទាំងនេះ ក៏អាស៊ីសេរីមិនទាន់អាចទាក់ទងបានដែរនៅថ្ងៃដដែលនេះ។
ក៏ប៉ុន្តែតំណាងក្រុមហ៊ុនស៊ីងបាយអូរថេក លោក ហេង សុទ្ធារ៉ា បានចេញលិខិតបំភ្លឺកាលពីចុងឆ្នាំ ២០២០ បដិសេធចំពោះការចោទប្រកាន់ថា ក្រុមហ៊ុនមានជាប់ពាក់ព័ន្ធកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់ទ្រង់ទ្រាយធំជាថ្មីទៀត។ ការលើកឡើងនេះ កើតឡើងបន្ទាប់ពីមានការចុះផ្សាយតាមសារព័ត៌មានក្នុងស្រុកមួយចំនួនដែលចោទក្រុមហ៊ុននេះថា បានកែនពលរដ្ឋរាប់រយនាក់ទៅកាប់ឈើ និងដឹកឈើតាមគោយន្តលក់ឱ្យខ្លួន ដោយឃុបឃិតជាមួយមន្ត្រីបរិស្ថាន។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា ក្រសួងបរិស្ថានគ្មានសមត្ថកិច្ចបិទក្រុមហ៊ុនទាំងនេះទេ ហើយភារកិច្ចរបស់ក្រសួងសាមី កំពុងប្រឹងប្រែងការពារ និងអភិរក្សតំបន់ព្រៃឡង់ឱ្យមានប្រសិទ្ធភាព។ លោកបញ្ជាក់ថា ដែនជម្រកសត្វព្រៃឡង់ គ្មានបទល្មើសព្រៃឈើទ្រង់ទ្រាយធំទេ មានតែបទល្មើសខ្នាតតូចប៉ុណ្ណោះ ហើយក្រសួងនៅតែបន្តសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ក្នុងតំបន់ព្រៃឡង់។
ទោះយ៉ាងណា ក្រុមស្នូលបណ្តាញព្រៃឡង់ខេត្តស្ទឹងត្រែង លោក គង់ រី គាំទ្រចំពោះការលើកឡើង របស់លោក អ៊ូច ឡេង។ លោកថា ក្រុមហ៊ុនដដែលៗ បានចេញមុខកាប់បំផ្លាញព្រៃឡង់នៅចំពោះមុខយើង ហើយប្រជាសហគមន៍ មានភស្តុតាងរាប់មិនអស់ ក៏អាជ្ញាធរមិនចាត់វិធានការដែរ បែរជាធ្វើទុក្ខបុកម្នេញលើសកម្មជនការពារព្រៃឈើទៅវិញ។ លើសពីនេះលោកថា មន្ត្រីបរិស្ថានបានព្យាយាមលាក់បាំងពីបទល្មើសព្រៃឈើ ដោយរារាំងប្រជាសហគមន៍មិនឱ្យល្បាតព្រៃ ព្រោះខ្លាចពួកលោកប្រទះឃើញបទល្មើសព្រៃឈើ រួចថតបង្ហោះតាមបណ្តាញសង្គម។ លោកសោកស្តាយ ចំពោះគម្រោងអភិរក្សព្រៃឡង់រាប់លានដុល្លាររបស់ USAID គឺពុំបានប្រើប្រាស់ឱ្យចំទិសដៅក្នុងករណីកិច្ចគាំពារព្រៃឡង់ឱ្យមានប្រសិទ្ធិនោះទេ ពោលគឺ លុយក៏អស់ ព្រៃក៏បាត់បង់៖ «ចំពោះមន្ត្រីបរិស្ថាន លោកចាំយកតែលុយ គាត់ដើរក្រឡឹងតាមអូរសៀមបូក ហើយគាត់ត្រឡប់មកវិញ អង្គុយសំកុកតាមផ្លូវរទេះគោយន្តហ្នឹងទៅដល់ពេលបទល្មើសចេញពីកណ្ដាលព្រៃហ្នឹងមកឈើល្អៗ ហ្នឹង គាត់យកលុយ យកលុយរួចគាត់ទៅវិញទៅ។ គាត់ធ្វើរបៀបហ្នឹង បានទប់ស្កាត់ព្រៃឈើមិនបាន។ យើងចង់និយាយ គឺមានគំនាបគាបសង្កត់ សហគមន៍យើងមិនហ៊ានបញ្ចេញមតិ គាត់ខ្លាចការគំរាមកំហែង »។
កាលពីសប្ដាហ៍មុនកងរាជអាវុធហត្ថ និងកម្លាំងជំនាញមួយចំនួនទៀត បានរកឃើញគល់ឈើជារណ្ដៅជ័រច្បោះ ដែលមានមុខកាត់ធំៗ ១៧៨គល់ ឋិតក្នុងដែនជម្រកសត្វព្រៃឡង់។ កម្លាំងអាវុធហត្ថបានរកឃើញបទល្មើសព្រៃឈើទាំងនេះក្នុងតំបន់ព្រៃឡង់នៃខេត្តស្ទឹងត្រែង ក្រចេះ ព្រះវិហារ និងខេត្តកំពង់ធំ។ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបដិសេធមិនបកស្រាយ ចំពោះការរកឃើញបទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់ របស់គណៈកម្មការជាតិនោះទេ។
អង្គការជាតិ និងអន្តរជាតិបានរកឃើញថា ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ទំហំព្រៃឡង់ជាង ១សែនហិកតារ (១០២.៤៣៦) ឬស្មើនឹង ២៤% ត្រូវបានបាត់បង់ ក្លាយជាវាលរហោឋាន។ បន្ថែមពីនេះទៀត គិតត្រឹមឆ្នាំ២០១៩ ព្រៃឡង់ទំហំជិត ៦ម៉ឺនហិកតារ (៥៨.១៣៨) ត្រូវបានបំប្លែងទៅជាដីចម្ការដំណាំ ហើយមានផ្ទៃដីតែជាង ១ពាន់ហិកតារ (១.១១១) ប៉ុណ្ណោះ ត្រូវបានដាំដុះកូនឈើឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។