សកម្មជន​ព្រៃឈើ ព្រះសង្ឃ សហគមន៍ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ រួម​គ្នា​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​មាន​ការ​ល្បាត​ព្រៃ​ដោយ​សេរី

សកម្មជន​ព្រៃឈើ ព្រះសង្ឃ សហគមន៍ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ រួមគ្នា​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​មាន​ការ​ល្បាត​ព្រៃ​ដោយសេរី កុំឲ្យ​មាន​ការ​គំរាម​កំហែង ឬ​ការ​រារាំង​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច ជា​ពិសេស ក្រសួង​បរិស្ថាន។ ពួកគេ​បាន​ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការ​នេះ កាល​ពី​ថ្ងៃ​ទី២១ ខែមីនា នៅ​ចំ​ទិវា​អន្តរជាតិ​ព្រៃ​ឈើ ដោយ​ចាប់​ផ្ដើម​ធ្វើ​នៅ​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ។

ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិពលរដ្ឋ លោក ជា ហ៊ាន ហៅ​ការ​ហាមឃាត់​មិន​ឲ្យ​សកម្មជន អង្គការ​សង្គម​ស៊ីវិល​​ចុះ​ល្បាត​ព្រៃ​ថា ជា​ករណី​​រំលោភ​សិទ្ធិ​អង្គការ​សង្គម​ស៊ីវិល។ លោក​ថា វា​ជា​អំពើ​ល្មើស​ច្បាប់ បើ​សិន​ជា​កើត​មាន​បទល្មើស ហើយ​ក្រសួង​ហាម​ឃាត់​តែ​សកម្មជន​ការពារ​ព្រៃឈើ​មិន​ឲ្យ​ចុះ​ល្បាត​ព្រៃ៖ « យើង​ចង់​បាន​ផ្ញើ​សារ​មួយ​ទៅ​ស្ថាប័ន​នៃ​ក្រសួង​បរិស្ថាន​ទាំងមូល សូម​ឲ្យ​មាន​ការ​បើក​ចំហ​ បើក​បេះដូង​ឲ្យ​ទូលាយ ដើម្បី​ជូន​សកម្មជន ក៏ដូចជា​ពលរដ្ឋ និង​សហគមន៍​ ចូលរួម​ទាំង​អស់​គ្នា​ការពារ​ព្រៃឈើ​ទាំង​អស់​គ្នា ពីព្រោះ​ព្រៃឈើ​គឺជា​ទ្រព្យ​សម្បត្តិ​ជាតិ។ អ៊ីចឹង ជា​ការ​ល្អ​ហើយ ដែល​ពលរដ្ឋ​គាត់​យក​ពេលវេលា យក​សម្ភារៈ​របស់​គាត់​ដោយខ្លួនឯង ចុះ​ល្បាត​ព្រៃ​ការពារ​ជា​ផល​ប្រយោជន៍​ជាតិ។ គួរតែ​បើក​ចំហ​ឲ្យ​មាន​ការចូលរួម​ឲ្យ​បាន​ច្រើន ដើម្បី​ការពារ​ព្រៃ​ឈើ។ បើ​យើង​នៅ​តែ​បណ្ដែតបណ្ដោយ​ឲ្យ​មាន​សកម្មភាព​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​នៅ​តែ​មាន​ការ​ចែក​វណ្ណៈ​គ្នា ខាង​សង្គម​ស៊ីវិល ខាង​ស្ថាប័ន​រដ្ឋាភិបាល មិន​អាច​រួមគ្នា​បាន គឺ​មិន​កើត​ទេ »

ការធ្វើ​យុទ្ធនាការ​នេះ សកម្មជន​បរិស្ថាន ព្រះសង្ឃ សហគមន៍ និង​អង្គការ​សង្គម​ស៊ីវិល គ្រោង​នឹង​បន្ត​ធ្វើ​រហូត​ដល់​ខែ​ឧសភា។ ក្រៅ​ពី​ធ្វើ​នៅ​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ ពួក​គេ​ក៏​គ្រោង​បន្ត​ធ្វើ​នៅ​តំបន់​ព្រៃ​ឡង់ នៅ​ខេត្ត​មណ្ឌលគិរី រតនគិរី និង​ខេត្ត​ស្ទឹងត្រែង៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។