ប្រជាសហគមន៍ការពារព្រៃឈើនៅខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង នៅតែរក្សាជំហរការងារជាអ្នកការពារព្រៃឈើដោយមិនរាថយ ក្រោយពីអាជ្ញាធរខេត្តស្ទឹងត្រែងបានដោះលែងសកម្មជនការពារបរិស្ថាន និងអ្នកសារព័ត៌មានទាំង ៦នាក់។
ប្រជាសហគមន៍ការពារព្រៃឈើនៅខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារប្ដេជ្ញាថា នឹងបន្តចងក្រងបណ្ដាញសហគមន៍ឱ្យរឹងមាំបន្ថែមទៀត ដើម្បីការពារព្រៃឈើកេរមរតកដូនតា ដោយមិនរត់ចោលព្រៃ ដើម្បីចុះញ៉មជាមួយមន្ត្រីខិលខូចនោះទេ។
ពួកគាត់ប្រកាសជំហរថា នឹងមិននៅស្ងៀមឡើយដរាបណាវិបត្តិព្រៃឈើនៅតែមិនអាចដោះស្រាយបាន។
អ្នកសម្របសម្រួលបណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ លោក ស្រី ថី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៦ វិច្ឆិកាថា លោកមិនភ័យខ្លាចចំពោះការគំរាមរបស់អាជ្ញាធរនោះទេ ហើយលោកនឹងបន្តដឹកនាំសហគមន៍ការពារព្រៃឈើស្របតាមច្បាប់។
លោកថា បច្ចុប្បន្នរដ្ឋាភិបាលបានបញ្ជូនឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន ឈរជើងការពារព្រៃឡង់ជាច្រើននាក់ ក៏ប៉ុន្តែ មន្ត្រីទាំងនោះគ្មានឆន្ទៈការពារភោគទ្រព្យជាតិឱ្យគង់នោះឡើយ ផ្ទុយទៅវិញ បែរជាបណ្ដែតបណ្ដោយឱ្យបទល្មើសព្រៃឈើនៅតែកើតមានជាច្រើនឆ្នាំមកហើយ៖
លោក ស្រី ថី៖«ច្រក ដែលការពារព្រៃឈើបាន បើរាជរដ្ឋាភិបាលនៅតែបណ្ដែតបណ្ដោយឱ្យមន្ត្រីថ្នាក់ក្រោមធ្វើតែម្នាក់ឯង នោះព្រៃឈើមិនអាចគង់វង្សបានទេ។ ទាល់តែមានប្រជាពលរដ្ឋកៀកស្មាកាន់ដៃគ្នាដើរ តែប៉ុណ្ណេះក៏សង្ឃឹមថា ព្រៃឈើយើងអាចសល់ខ្លះដែរ។ ច្បាប់មានហើយ ប៉ុន្តែអ្នកអនុវត្តច្បាប់មិនត្រឹមត្រូវ ព្រោះគេនៅតែពាក់វែនតាខ្មៅលូកដៃក្រុមតុទទួលអំណោយច្រើនដែរ»។
ចំណែកសកម្មជនការពារព្រៃឈើនៅខេត្តស្ទឹងត្រែង លោក អ៊ុក ម៉ៅ ដែលកំពុងជាប់បណ្ដឹងនៅតុលាការ ៤សំណុំរឿង ដោយសារតែចេញមុខការពារព្រៃឈើ ប្រាប់វិទ្យុអាស៊ីសេរីថា លោកបានយកជីវិតទៅប្ដូរ ដើម្បីការពារព្រៃឈើ បើទោះបីជាអាជ្ញាធរធ្វើទុក្ខបុកម្នេញ ក៏លោកមិនរាថយដែរ។
លោកសង្កេតឃើញថា ទីណាដែលមានការកាប់បំផ្លាញព្រៃឈើច្រើន មន្ត្រីនឹងមិនអនុញ្ញាតឱ្យអ្នកការពារព្រៃឈើចុះឃ្លាំមើលនោះទេ ដើម្បីលាក់បាំងឧក្រិដ្ឋកម្មព្រៃឈើ។
លោក អ៊ុក ម៉ៅ៖«និយាយឱ្យខ្លីទៅ កន្លែងណា ដែលបំផ្លាញព្រៃឈើ គេរារាំងហើយ។ គេមិនឱ្យយើងទៅទេ ព្រោះវាជាឆ្នាំងបាយលាភសក្ការៈរបស់គេ។ ដូចរូបខ្ញុំអ៊ីចឹង ចុះទៅម្ដងម្កាលសោះ បរិស្ថានតាមយាមរារាំងដែរហ្នឹង។ ប៉ុន្តែខ្ញុំមិនខ្លាចទេ ព្រោះខ្ញុំទៅការពារព្រៃមិនមែនទៅកាប់ឆ្ការព្រៃទេ»។
ប្រតិកម្មរបស់ប្រជាសហគមន៍ការពារព្រៃឈើទាំងនេះធ្វើឡើង ក្រោយពីមន្ត្រីអាវុធហត្ថខេត្តស្ទឹងត្រែង កាលពីល្ងាចថ្ងៃទី២៥ វិច្ឆិកាបានដោះលែងសកម្មជនបរិស្ថាន លោក អ៊ូច ឡេង និងមនុស្សទាំង ៥នាក់ផ្សេងទៀត។
ពួកគាត់ទាំងនោះត្រូវបានមន្ត្រីអាវុធហត្ថឃាត់ខ្លួន កាលពីថ្ងៃទី២៣ វិច្ឆិកា ដោយចោទពីបទ ចូលតំបន់ហាមឃាត់ដោយគ្មានការអនុញ្ញាត ក្នុងពេលពួកគាត់កំពុងឃ្លាំមើលបទល្មើសកាប់ព្រៃឈើ។
ទោះជាយ៉ាងណាក្ដី សម្ភារៈរបស់ពួកគាត់មួយចំនួន រួមមាន ទូរស័ព្ទដៃ និងឧបករណ៍បង្ហោះលើអាកាស (Drone) ជាដើម សមត្ថកិច្ចនៅមិនទាន់ប្រគល់ជូនពួកគាត់នៅឡើយទេ។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង ប្រាប់វិទ្យុអាស៊ីសេរីថា ពលរដ្ឋចូលរួមការពារធនធានធម្មជាតិមានសារៈសំខាន់ តែលោកសំណូមពរថា ពលរដ្ឋត្រូវទទួលខុសត្រូវ ចៀសវាងបង្កើតគំនិតតែឯងៗ ហើយចូលរួមធ្វើសកម្មភាពណាមួយដែលមិនស្របច្បាប់។
លោកបញ្ជាក់ថា ការចូលរួមរបស់ពលរដ្ឋការពារធនធានធម្មជាតិ ត្រូវមានការទទួលស្គាល់ពីគ្រប់ភាគីពាក់ព័ន្ធ។
លោក ម៉ែន គុង៖«សូម្បីតែពលរដ្ឋទាំងមូល ក៏ជាអ្នក ដែលរួមចំណែក និងមានតួនាទីយ៉ាងសំខាន់ក្នុងការការពារព្រៃឈើរបស់ខ្លួនដូចកន្លងទៅថ្មីៗ នេះអ៊ីចឹង ប្រជាពលរដ្ឋ ៦នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ ក្រោយពីពួកគាត់ចេញមុខការពារធនធានធម្មជាតិ។ ដូច្នេះ នៅពេលយើងអនុវត្តទៅជួបឧបសគ្គបែបនឹង គឺខាងគេប្រាកដជាមានវិធានការផ្សេងៗ ដើម្បីមានកាតព្វកិច្ចការពារមន្ត្រីសាធារណៈទាំងនោះ»។
ចំណែកអនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យិន ម៉េងលី ទទូចឱ្យរដ្ឋាភិបាលបើកលំហសេរីភាពឱ្យពលរដ្ឋចូលរួមការពារធនធានធម្មជាតិជាមួយរដ្ឋាភិបាល និងចៀសវៀងគំរាមកំហែងពលរដ្ឋ។
លោក យិន ម៉េងលី៖«យើងចង់ឱ្យមានការបើកលំហឱ្យពួកគាត់ចូលរួមធ្វើដោយសេរី មិនរឹតត្បិតពួកគាត់ មិនគំរាមកំហែងពួកគាត់ ក្នុងទិសដៅករណី ដែលពួកគាត់ធ្វើការ ដើម្បីជួយរាជរដ្ឋាភិបាល»។
ជុំវិញរឿងនេះ ប្រធានប្រតិបត្តិនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក ហេង គឹមហុង មានប្រសាសន៍ថា មកទល់ពេលនេះ លោកនៅមិនទាន់ទទួលព័ត៌មាន ពីខ្លឹមសារកិច្ចសន្យា ជាថ្នូរដោះលែងសកម្មជនការពារបរិស្ថាន និងអ្នកសារព័ត៌មានទាំង ៦នាក់នៅឡើយទេ។ រីឯការទំនាក់ទំនងសួរសុខទុក្ខពួកគាត់ក៏ពិបាកទាក់ទងដែរ។ លោកស្នើឱ្យមន្ត្រីអាវុធហត្ថខេត្តស្ទឹងត្រែងប្រគល់សម្ភារៈប្រើប្រាស់ជូនពួកគាត់វិញ ដើម្បីផ្ដល់ឱកាសឱ្យពួកគាត់អាចបន្តការងារការពារប្រយោជន៍រួម។
លោក ហេង គឹមហុង៖«ថ្វីត្បិតបានដោះលែងក៏ពិតមែន ប៉ុន្តែជាគំរូមិនល្អសម្រាប់ការលើកទឹកចិត្តនិងជំរុញអ្នកមានមនសិការការការពារធនធានធម្មជាតិឡើយ។ ដូច្នេះសូមកុំមានការឃាត់ពួកគាត់តទៅទៀត សូមឱ្យមានការប្រគល់សម្ភារៈ និងការបើកទូលាយសម្រាប់ចូលរួម និងគោរពសិទ្ធិពលរដ្ឋគឺជារឿងសំខាន់»។
មន្ត្រីសង្គមស៊ីវិល ចាត់ទុកការឃាត់ខ្លួនអ្នកការពារព្រៃឈើ និងអ្នកសារព័ត៌មានដោយអាជ្ញាធរខេត្តស្ទឹងត្រែងថា ជាការបំភ័យឱ្យពួកគាត់បាក់ស្បាត ដើម្បីលាក់កំបាំងឧក្រិដ្ឋកម្មព្រៃឈើ ដែលកំពុងកើតមាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។