ក្រុមអ្នកឃ្លាំមើលបរិស្ថានប្រតិកម្ម នឹងក្រសួងបរិស្ថានថា នៅតែបន្តឆ្លើយដោះសាមិនទទួលស្គាល់ការពិត ពីការថយចុះគម្របព្រៃឈើ។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានបន្តចោទប្រកាន់ និងព្យាយាមវាយប្រហារទៅលើក្រុមសកម្មជនការពារព្រៃឈើ និងអង្គការសង្គមស៊ីវិលមួយចំនួនថា ធ្វើរបាយការណ៍ភូតភររឿងការថយចុះទំហំព្រៃឈើ។
ក្រុមអ្នកឃ្លាំមើលបរិស្ថានហួសចិត្ត នៅគ្រាដែលមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាននៅតែនិយាយការពារស្ថាប័នរបស់ខ្លួន និងបង្ហាញមោទនភាព ចំពោះការអនុវត្ត គោលនយោបាយការពារធនធានធម្មជាតិ ក្នុងតំបន់ព្រៃអភិរក្សថា មានប្រសិទ្ធភាពខ្ពស់។ ក្រុមអ្នកការពារបរិស្ថានអះអាងថាភស្តុតាង និងឯកសារទាំងឡាយរបស់ អង្គការជាតិ និងអន្តរជាតិបង្ហាញថា កម្ពុជានៅតែមានសកម្មភាពកាប់បំផ្លាញព្រៃឈើ និងការកាប់រុករានដីព្រៃអភិរក្សទ្រង់ទ្រាយធំ។ ប៉ុន្តែក្រសួងបរិស្ថានមិនបានយកភស្តុតាង និងរបាយការណ៍ទាំងនោះ ជាមូលដ្ឋានដើម្បីដោះស្រាយបញ្ហានោះទេ ផ្ទុយទៅវិញ ក្រសួងបែរជាចោទប្រកាន់ និងគំរាមកំហែងអ្នកការពារបរិស្ថានទៅវិញ។
សកម្មជនការពារព្រៃឈើ លោក ហេង ស្រស់ លើកឡើងថា ព្រៃឈើគ្រប់តំបន់អភិរក្ស នៅតែប្រឈមការថយចុះយ៉ាងគំហុក ដោយសារសកម្មភាពកាប់រុករានទន្ទ្រានព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ និងកាប់ឈើធ្វើអាជីវកម្មខុសច្បាប់។ លោកបន្តថា ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានដែលថា ក្រុមសកម្មជន និងអង្គការសង្គមស៊ីវិលធ្វើរបាយការណ៍មិនពិតរឿងបាត់បង់ព្រៃឈើនោះ គ្រាន់តែជាការនិយាយការពារមុខមាត់ក្រសួងបរិស្ថានប៉ុណ្ណោះ។ លោកថា ការនិយាយបែបនេះ មិនអាចរកដំណោះស្រាយ វិបត្តិព្រៃឈើបានជោគជ័យនោះទេ ហើយបញ្ហាប្រឈមនៅតែកើតឡើងដដែលៗ។ លោកអំពាវនាវឱ្យក្រសួងបរិស្ថាន អនុញ្ញាតឱ្យពលរដ្ឋចូលល្បាតព្រៃឈើឡើងវិញ ដើម្បីរួមចំណែកការពារភោគទ្រព្យជាតិ ដែលនៅសេសសល់ចុងក្រោយឱ្យបានគង់វង្ស៖ «យើងមិនទាន់ឃើញរបាយការណ៍របស់ក្រសួងបរិស្ថាន បង្ក្រាបទៅលើក្រុមឧក្រិដ្ឋជនធំៗ ណាមួយ ដើម្បីឱ្យសមស្របទៅនឹងការបាត់បង់ព្រៃឈើ ក្នុងប្រទេសកម្ពុជាទេ ជាក់ស្តែងដូចជា ឧកញ៉ាមួយចំនួន រកស៊ីកាប់បំផ្លាញព្រៃឈើ ក្នុងតំបន់ភ្នំព្រេច កាលពី ២០១៧ និង ២០១៨ អាហ្នឹងជារបាយការណ៍ទាំងអស់ កុហក សូម្បីតែលោក សៅ សុខា ក៏កុហកដែរ។ នេះសាមញ្ញទៅហើយ ដែលលោក នេត្រ ភក្រា និយាយការពារមុខមាត់ ក្នុងស្ថាប័នរដ្ឋរបស់គាត់»។
ជាមួយគ្នានេះ ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក ហេង គឹមហុង មើលឃើញថា ក្រុមសកម្មជនបរិស្ថានបានរកឃើញបទល្មើសព្រៃឈើ និងធ្វើរបាយការណ៍ជាបន្តបន្ទាប់ ដើម្បីឱ្យក្រសួងបរិស្ថាន និងអាជ្ញាធរបង្ក្រាបបទល្មើសទាំងនោះ។ ប៉ុន្តែលោកថា ក្រសួងតែងតែច្រានចោលភ្លាមៗ ដោយពុំបានសិក្សា និងពិនិត្យរបាយការណ៍ទាំងនោះឱ្យបានច្បាស់លាស់ឡើយ។ លោកជំរុញឱ្យក្រសួងកែប្រែឥរិយាបថនេះឡើងវិញ ដោយត្រូវទទួលយករបាយការណ៍ទាំងឡាយ ដើម្បីឈានទៅដោះស្រាយវិបត្តិព្រៃឈើឱ្យមានប្រសិទ្ធភាព៖ «ជុំវិញការលាបពណ៌មកលើសកម្មជន។ ខ្ញុំយល់ថា កន្លងមកមិនដែលមានសកម្មជនណានិយាយថា អស់ព្រៃឈើទេ ប៉ុន្តែសកម្មជនតែងផ្សព្វផ្សាយពីការរកឃើញបទល្មើស។ ប្រហែលជាក្រសួងបរិស្ថានមិនបានយកចិត្តទុកដាក់នៅពេលមានការផ្សព្វផ្សាយដែរ ព្រោះអីសកម្មជនតែងផ្សព្វផ្សាយពីការលើកឡើងបទល្មើស និងរកឃើញបទល្មើសតែប៉ុណ្ណោះ ដើម្បីឱ្យមានចំណាត់ការ តែបើក្រសួងមិនចំណាត់ការមិនមែនជាគោលនយោបាយរបស់រដ្ឋទេ។
ក្រុមសកម្មជន និងមន្ត្រីអង្គការសង្គមស៊ីវិលបញ្ចេញប្រតិកម្មបែបនេះ បន្ទាប់ពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា បានថ្លែងក្នុងឱកាសដាក់ឱ្យប្រើប្រាស់របាយការណ៍ស្ថានភាពបរិស្ថានលើកទី៤ និងសៀវភៅធនធានគម្របព្រៃឈើកម្ពុជាឆ្នាំ២០១៨» កាលពីថ្ងៃទី២៣ កញ្ញាថា ការផ្សព្វផ្សាយព័ត៌មានរបស់ក្រុមសកម្មជនមួយចំនួនជុំវិញការបាត់បង់ព្រៃឈើនៅកម្ពុជានាពេលកន្លងទៅនោះ ជារឿងមិនពិត។ លោកថ្លែងទៀតថា សៀវភៅ និងរបាយការណ៍ថ្មីរបស់ក្រសួងនេះ គឺជាភស្តុតាងរឹងមាំបង្ហាញថា ក្រុមសកម្មជនបរិស្ថាន និងអង្គការសង្គមស៊ីវិលមួយចំនួនតូច មិនអាចបន្តភូតកុហកពិភពលោកបានទេ ទាក់ទងការផ្សព្វផ្សាយព័ត៌មានមិនពិតពីកម្ពុជាថា កម្ពុជាអស់ព្រៃឈើ និងកាប់បំផ្លាញព្រៃឈើច្រើនជាងគេលើពិភពលោក។
លោក នេត្រ ភក្ត្រា បញ្ជាក់ថា ក្រសួងបរិស្ថានបានរៀបចំបង្កើតតំបន់ការពារធម្មជាតិ មានផ្ទៃដីសរុបជាង ៧លានហិកតារ (៧,៣លានហិកតា) ហើយបានបែងចែកតំបន់គ្រប់គ្រង ការបោះបង្គោលព្រំ បណ្ដុះបណ្ដាលមន្ត្រីជំនាញ បំពាក់ឧបករណ៍ និងសម្ភារៈចាំបាច់ ពង្រឹងការងារល្បាត ជាពិសេសការបង្ក្រាបបទល្មើសព្រៃឈើ។
វិទ្យុអាស៊ីសេរីនៅពុំទាន់អាចទាក់ទងសុំការបំភ្លឺបន្ថែមរឿងនេះ ពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បាននៅឡើយទេ នៅថ្ងៃទី២៤ កញ្ញា ដោយទូរស័ព្ទហៅចូលតែគ្មានអ្នកលើក។
បើតាមរបាយការណ៍ថ្មីរបស់ក្រសួងបរិស្ថាន គម្របព្រៃឈើឆ្នាំ២០១៨ មានជាង ៨លានហិកតារ (៨.៥១០.៨០៧ ហិកតារ) ឬស្មើនឹងជិត ៤៧% (៤៦,៨៦%) ធៀបនឹងផ្ទៃដីសរុបទូទាំងប្រទេស។ ក្រសួងបញ្ជាក់ថា លទ្ធផលនេះ រួមបញ្ចូលទាំងផ្ទៃដីចម្ការកៅស៊ូ ចម្ការដូងប្រេង និងដំណាំហូបផ្លែដទៃទៀតជាដើម។
ប៉ុន្តែសកម្មជនបរិស្ថានយល់ឃើញថា ផ្ទៃដីចម្ការកៅស៊ូ ចម្ការដូងប្រេង និងដំណាំហូបផ្លែដទៃទៀតជាដើម ដែលគ្រប់គ្រងដោយកម្មសិទ្ធិឯកជន ក្រសួងបរិស្ថានមិនគួររាប់បញ្ចូលក្នុងរបាយការណ៍គម្របព្រៃឈើ ឆ្នាំ ២០១៨នោះទេ ព្រោះធនធានទាំងនោះ មិនឋិតក្នុងទ្រព្យសម្បត្តិជាតិ ឬតំបន់ការពារធម្មជាតិដែល គ្រប់គ្រងដោយក្រសួងបរិស្ថាននោះឡើយ។
ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ (ACNCIPO) លោក ជា ហ៊ាន សង្កេតឃើញថា ប្រសិនបើពិនិត្យមើលផែនទីតំបន់ការពារធម្មជាតិ ហាក់នៅសល់ព្រៃឈើធំធេង ប៉ុន្តែធាតុពិតពុំដូច្នោះទេ។ លោកអះអាងថា គ្រប់តំបន់អភិរក្សគ្រប់គ្រងដោយក្រសួងបរិស្ថាន ទទួលរងការកាប់ឈើធំៗ និងទន្ទ្រានដីមកធ្វើជាកម្មសិទ្ធិ ដោយករណីទាំងនេះភាគច្រើនប្រព្រឹត្តឡើងដោយបុគ្គលមានលុយមានអំណាច និងយកពលរដ្ឋជាខែល។ លោកថា ជាក់ស្ដែងគ្រាន់តែដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់មានផ្ទៃដីជាង ២សែនហិកតារ បច្ចុប្បន្នបានក្លាយជាដីចម្ការ គ្រប់គ្រងជាកម្មសិទ្ធិឯកជនអស់ប្រមាណ ៧០ភាគរយ ស្របពេលដែលព្រៃស្រោង និងឈើមានតម្លៃ បានបាត់បង់អស់ទាំងស្រុង នៅរយៈពេល ១០ឆ្នាំចុងក្រោយនេះ៖ « ពិនិត្យមើលតំបន់ការពារវាអស់ហើយ ពោរពេញទៅដោយចម្ការរបស់ពលរដ្ឋអស់ហើយ ហើយមួយផ្នែកទៀត មិនទាន់បានដាំដំណាំមានការទន្ទ្រាន ហើយមានការដកហូតជាបន្តបន្ទាប់ តែការដកហូតអត់មានប្រសិទ្ធភាព ត្រង់ថា យើងមិនអនុវត្តដីកាដកហូត ស្មើនឹងអត់ដដែល »។
របាយការណ៍របស់ក្រសួងបរិស្ថានបង្ហាញថា គិតចាប់ពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២០ កម្ពុជាបានលក់ឥណទានកាបូនទទួលបានថវិកាជាង ១១លានដុល្លារ។ លើសពីនេះ កម្ពុជាកំពុងសិក្សា និងអនុវត្តគម្រោងឥណទានកាបូនសាកល្បងក្នុងដែនជម្រកសត្វព្រៃឡង់ ក្នុងខេត្តស្ទឹងត្រែង ជាមួយក្រុមហ៊ុនជប៉ុន។ ទោះជាយ៉ាងណាក្ដី ក្រុមអ្នកការពារបរិស្ថានលើកឡើងថា រដ្ឋាភិបាលមិនអាចយកហេតុផលរឿងលក់កាបូននេះ ដើម្បីបកស្រាយថា ព្រៃឈើនៅគង់វង្សនោះទេ ពីព្រោះស្ថានភាពបច្ចុប្បន្ននេះបទល្មើសព្រៃឈើនៅតែកើតមានសឹងគ្រប់ព្រៃអភិរក្ស ដោយមិនមានការអនុវត្តច្បាប់តឹងរ៉ឹងនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។