សកម្មជនការពារព្រៃឈើខេត្តរតនគិរី លោក ឆន ផល្លា ដែលជាប់ពន្ធនាគារជាង ២ឆ្នាំ ដោយសារតែចេញមុខការពារធនធានធម្មជាតិ នៅរក្សាជំហរ ជាអ្នកការពារព្រៃឈើដដែលបន្ទាប់ពីលោកចេញពីពន្ធនាគារ។ សកម្មជនការពារព្រៃឈើរូបនេះ សង្កេតឃើញថា ក្នុងពេលលោក ជាប់ពន្ធនាគារសកម្មភាពកាប់ឈើមានតម្លៃ និងទន្ទ្រានព្រៃ ក្នុងដែនជម្រកសត្វព្រៃលំផាត់ បានកើតមានយ៉ាងពេញទំហឹង។
សកម្មជនព្រៃឈើខេត្តរតនគិរី លោក ឆន ផល្លា ប្ដេជ្ញាថា ប្តូរជីវិតមិនរាថយ ចំពោះការងារស្ម័គ្រចិត្តការពារព្រៃឈើ ដោយគ្មានប្រាក់ខែ ក្នុងបំណងការពារភោគទ្រព្យជាតិដែលជាប្រភពសេដ្ឋកិច្ចរបស់សហគមន៍ និងជម្រកវប្បធម៌ជនជាតិដើមភាគតិចទំពូន។
សកម្មជនការពារព្រៃឈើ វ័យ ៤៣ ឆ្នាំរូបនេះ បានស្ម័គ្រចិត្តការពារព្រៃឈើតាំងពីឆ្នាំ២០១៦ ហើយលោកប្រឈមឧបសគ្គជាច្រើនជាមួយអាជ្ញាធរមូលដ្ឋាន ដែលទទួលសំណូកពីបទល្មើសព្រៃឈើ ជាថ្នូរអនុញ្ញាតឱ្យមានជំនួញឈើឆ្លងដែន ដឹកជញ្ជូនទៅកាន់ប្រទេសវៀតណាម។
លោក ឆន ផល្លា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២០ តុលាថា ក្នុងពេលដែលសមត្ថកិច្ចចាប់ខ្លួនលោក ដាក់ពន្ធនាគារ ដែនជម្រកសត្វព្រៃលំផាត់ នៅចំណុចភ្នំអាត និងព្រៃនៅតំបន់ផ្សេងទៀតក្បែរនោះ បានក្លាយជាវាល្វឹងល្វើយអស់រាប់ពាន់ហិកតារ។ លោកចាំថា ព្រៃឈើនៅតំបន់នោះ កាលពីលោក មិនទាន់ជាប់ពន្ធនាគារ នៅសល់ច្រើន។
លោក ឆន ផល្លា៖ «ខ្ញុំនៅតែបន្តក្នុងការតស៊ូការពារធនធានធម្មជាតិ សម្បត្តិសាធារណៈរបស់រដ្ឋអត់រាថយទេ។ ពេលតុលាការ ខេត្តរតនគិរី ឃុំខ្លួនខ្ញុំ ដោយប្រឌិតរឿងមិនពិត ដាក់ពន្ធនាគា ២ ឆ្នាំ ១៦ថ្ងៃ»។
កន្លងទៅសាលាឧទ្ធរណ៍ត្បូងឃ្មុំបានប្រកាសច្រានចោលសាលក្រមសាលាដំបូងខេត្តរតនគិរីប្រឆាំងនឹងលោក ឆន ផល្លា ចំនួនពីរសំណុំរឿង ក្រោមបទចោទ «កាប់រានដីព្រៃ ឈូសឆាយ និងហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ» និង «ផ្ដើមគំនិតកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ» ដែលត្រូវជាប់ពន្ធនាគារសរុប ១១ ឆ្នាំ ក្រោមបណ្តឹងរបស់អាជ្ញាធរមូលដ្ឋានខេត្តរតនគិរី។
សាលាឧទ្ធរណ៍ប្រចាំតំបន់ខេត្តត្បូងឃ្មុំ ចាត់ទុកសាលក្រមរបស់សាលាដំបូងខេត្តរតនគិរី ជាអសារបង់ ដោយលើកហេតុផលថា រកមិនឃើញកំហុសដូចការចោទប្រកាន់ឡើយ។
សកម្មជនការពារព្រៃឈើ លោក លោក ឆន ផល្លា ធ្លាប់ប្ដឹងបរិហារអាជ្ញាធរពាក់ព័ន្ធឈ្មួញឈើ និងមន្ត្រីជំនាញ ទៅតុលាការខេត្តរតនគិរី ចំនួន ៧សំណុំរឿងមកហើយ ក្នុងនោះមាន៣សំណុំរឿងសាលាដំបូងខេត្តនេះ តម្កល់ឥតចាត់ការ។ សំណុំរឿងទាំងនោះ ភាគច្រើនជាបណ្ដឹងបរិហារអាជ្ញាធរពាក់ព័ន្ធពីបទអនុគ្រោះ បទល្មើសឧក្រិដ្ឋព្រៃឈើ និងមិនទប់ស្កាត់ការកាប់រានព្រៃខុសច្បាប់។
កាលពីខែ កក្កដា ឆ្នាំ ២០២០ អាជ្ញាធរមូលដ្ឋានខេត្តរតនគិរីបានកៀរគរក្រុមពលរដ្ឋរាប់រយនាក់ព្រួតគ្នាវាយលោក ឆន ផល្លា បណ្តាលឱ្យរបួសធ្ងន់ដើម្បីគំរាមបង្ខំឱ្យលោកដកពាក្យបណ្ដឹងពីតុលាការ។ ក្រុមពលរដ្ឋដែលលើកគ្នាវាយ ភាគច្រើន ជាអ្នកទទួលប្រយោជន៍ពីការកាប់ទន្ទ្រានព្រៃសាធារណរបស់រដ្ឋដែលដឹកនាំដោយ អភិបាលស្រុកលំផាត់លោក នូ ថេរ មេឃុំសេដា លោក អង់ ប៊ុនធៀង ក្រុមប្រឹក្សាឃុំនិងមេភូមិ។ ក្រោយមកលោក ឆន ផល្លា និងក្រុមគ្រួសារ បានប្ដឹងជនដៃដល់ និងអាជ្ញាធរទាំងនេះទៅសមត្ថកិច្ច ក៏ប៉ុន្តែគ្មានចំណាត់ការនោះឡើយ។
ប្រពន្ធសកម្មជនការពារព្រៃឈើ លោក ឆន ផល្លា គឺលោកស្រី ខាំ សាឡុង ប្រាប់វិទ្យុអាស៊ីសេរីថា លោកស្រីគាំទ្រការងាររបស់ប្តីលោកស្រី ព្រោះភារកិច្ចនេះ ជាគំរូភាពមួយដាស់ស្មារតីយុវជនជំនាន់ក្រោយ។ លោកស្រីថា អំឡុងពេលប្តីរបស់លោកស្រី ជាប់ពន្ធនាគារ សកម្មភាពកាប់ឈើ និងទន្ទ្រានព្រៃ ក្នុងដែនជម្រកសត្វព្រៃលំផាត់ កើតឡើងបែបអនាធិបតេយ្យ ដែលកម្រមានពលរដ្ឋណាហ៊ានចេញមុខការពារព្រៃឈើនោះឡើយ។
លោកស្រី ខាំ សាឡុង៖ «ខ្ញុំអត់ខ្លាចទេប្អូន ព្រោះយើងជាអ្នកការពារពិតប្រាកដ ទោះបីយើងខ្លាច ក៏យើងស្លាប់ដែរ។ ព្រោះយើងមនុស្សស្អាតស្អំស្មោះត្រង់យើងការពារព្រៃឈើបន្តិចបន្តួច ទុកកូនចៅរកស៊ីកន្លែងហ្នឹង។ បន្ទាប់ពីគេចាប់ ឆន ផល្លា ដាក់ពន្ធនាគារ គេកាប់បំផ្លាញអស់រលីងហើយ គ្មានសល់ទេ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីអភិបាលខេត្តរតនគិរីលោក ញ៉ែម សំអឿន និងប្រធានមន្ទីរបរិស្ថានខេត្ត លោក ផុន ខេមរិន បាននៅឡើយទេ នៅថ្ងៃទី ២០ តុលា ដោយទូរស័ព្ទហៅចូលច្រើនដង តែគ្មានអ្នកទទួល។
ជុំវិញរឿងនេះ មន្ត្រីនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា សង្កេតឃើញថា ពលរដ្ឋដែលលះបង់ការពារប្រយោជន៍ជាតិ បែរជាមានទោសក៏ប៉ុន្តែជនដែលប្រព្រឹត្តបទល្មើសព្រៃឈើ បែរជាគ្មានទោសទៅវិញ។ លោកថា ល្មមដល់ពេលដែលអាជ្ញាធរគួរប្តូរផ្លាស់វប្បធម៌ដ៏អាក្រក់នេះ ហើយងាកមកលើកទឹកចិត្ត ពលរដ្ឋការពារព្រៃឈើ។
លោក ស៊ឹង សែនករុណា៖ «សមត្ថកិច្ចអាជ្ញាធរ និងតុលាការ គួរតែមានភាពខ្មាសអៀនក្នុងការដាក់ទុក្ខទោស លើអ្នកដែលគាត់ មានភាពសកម្មក្នុងការជួយ ធ្វើការងារសង្គមជាតិ។ មានតែអ្នកបំផ្លាញ ធ្វើអំពើល្មើសច្បាប់ទៅវិញទេ គួរតែនៅក្នុងពន្ធនាគារ»។
កន្លងទៅ ប្រជាសហគមន៍ភូមិសមុទក្រោម រកឃើញឈើមូលនៅតំបន់ភ្នំអាត និងភ្នំម៉ាហាត ក្បែរគ្នារាប់ពាន់ដើម ត្រូវគេអាររំលំដឹកជញ្ជូនទៅប្រទេសវៀតណាម។ ពួកគាត់រកឃើញឯកសារទុកជាភស្តុតាង ដែលជាកិច្ចសន្យារវាងមេភូមិ រួមជាមួយប្រធានសហគមន៍ភូមិសមុទ្រក្រោម ដែលបានផ្ដិតមេដៃ លក់ដើមឈើ និងព្រៃឈើចាប់ពីជើងភ្នំអាត រហូតកំពូលភ្នំ ទៅឲ្យឈ្មោះ ម្រិម ធើប មានតម្លៃ ១ ម៉ឺន ៥ ពាន់ដុល្លារ អាមេរិក (១៥.០០០)។
ពួកគាត់អះអាងថា ឧក្រិដ្ឋកម្មព្រៃឈើទាំងនេះមានពាក់ព័ន្ធអាជ្ញាធរមូលដ្ឋានមន្ត្រីជំនាញ និងឈ្មួញឈើសរុប ៩នាក់។ ប៉ុន្តែមកទល់ពេលនេះ សំណុំរឿងដែលប្រជាសហគមន៍ខំស្រាវជ្រាវ និងប្រមូលភស្តុតាងក៏ប៉ុន្តែគ្មានចំណាត់ការពីសំណាក់អាជ្ញាធរនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។