អតីតសកម្មជនមាតាធម្មជាតិ នឹងវិលចូលការងារបរិស្ថានឡើងវិញក្នុងពេលឆាប់ៗ ដោយធ្វើការងារបរិស្ថានក្នុងនាមជាពលរដ្ឋសកម្ម ឬយុវជនស្រលាញ់បរិស្ថាន មិនស្ថិតក្នុងអង្គការឬស្ថាប័នណាមួយឡើយ។ មន្ត្រីរដ្ឋាភិបាលថា ការធ្វើការងារសង្គមជាសិទ្ធិរបស់ពលរដ្ឋគ្រប់រូប ប៉ុន្តែជំរុញទៅក្រុមយុវជនទៅចុះបញ្ជីនៅស្ថាប័នពាក់ព័ន្ធបើមិនដូច្នេះនឹងប្រឈមមុខផ្លូវច្បាប់។
អតីតសកម្មជនមាតាធម្មជាតិដែលទើបចេញពីពន្ធនាគារ ព្រោះកិច្ចប្រឹងប្រែងការពារបរិស្ថាន នៅតែរក្សាជំហរ បន្តការងារជាសកម្មជនបរិស្ថានតទៅទៀត ប៉ុន្តែ ពួកគេមិនធ្វើការងារជាក្រុមនោះទេ គឺធ្វើការឯករាជ្យ ក្នុងនាមស្ម័គ្រចិត្ត និងគ្មានប្រាក់ខែ។ សកម្មជនបរិស្ថាននឹងបញ្ចេញវីដេអូ ឬរូបថត ស្ដីពី បរិស្ថាន ចាប់ពីអាទិត្យក្រោយនេះបន្តបន្ទាប់ ទៅតាមលទ្ធភាពរបស់ពួកគេរៀងៗខ្លួន។
អតីតសកម្មជនមាតាធម្មជាតិលោក ថុន រដ្ឋា ឲ្យវិទ្យុអាស៊ីសេសរីដឹងថ្ងៃទី២ ខែកុម្ភៈថា សកម្មភាពការងារថ្មីរបស់លោកក៏មិនខុសរូបភាពការងារចាស់ដែរ ប៉ុន្តែមិនស្ថិតក្រោមស្លាកស្ថាប័នណាមួយឡើយ ហើយលោកក៏មិនទៅសុំអាជ្ញាប័ណ្ណពីរដ្ឋាភិបាលនោះដែរ។ លោកឲ្យដឹងទៀតថា លោកគ្រោងចេញផ្សាយវីដេអូស្ដីពីការបំផ្លាញបរិស្ថាននៅខេត្តមួយនៅ សប្ដាហ៍ក្រោយ នៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក។ លោកសង្ឃឹមថា សមត្ថកិច្ចមិនចោទប្រកាន់ថា នេះជាសកម្មភាពខុសច្បាប់នោះទេ ខណៈរដ្ឋធម្មនុញ្ញបានការពារនិងផ្ដល់សិទ្ធិពេញលេញឲ្យពលរដ្ឋចូលរួមធ្វើការងារសង្គម៖ « ព្រោះអ្វីដែលពួកយើងធ្វើមិនដើម្បីទៅញុះញង់អ្នកណាបង្កើតចលាចល យើងគ្មានចេតនាណាមួយទៅបង្ខូចបង្អាប់កេរឈ្មោះដើម្បីដណ្ដើមអំណាចអ្នកណានោះទេ អ្វីដែលយើងធ្វើយើងគ្រាន់តែចង់មានការគិតគូរបញ្ហាបរិស្ថាន»។
លោក ថុន រដ្ឋា បន្តថា ការធ្វើសកម្មភាពបរិស្ថាននេះជាការងារក្រៅម៉ោង ចំណែកថវិកាបើមានសប្បុរសជនគាំទ្រក៏លោកយល់ព្រមទទួលយក ហើយលោកក៏មានគម្រោងស្នើសុំថវិកាពីអង្គការនានាដែលគាំទ្រការងារបរិស្ថានដែរ។
ស្រដៀងគ្នានេះដែរ សកម្មជនបរិស្ថានម្នាក់ទៀតកញ្ញា ឡុង គន្ធា ឲ្យដឹងដែរថា កញ្ញាមានគម្រោងធ្វើសកម្មភាពការពារបរិស្ថានដែរ។ កញ្ញាដឹងថា កញ្ញាចង់ថតរូបបែបសិល្បៈស្ដីពីបរិស្ថានបង្ហោះតាមហ្វេសប៊ុករបស់កញ្ញា។ កញ្ញាបញ្ជាក់ថា ការវិលត្រឡប់មកធ្វើការងារបរិស្ថានឡើងវិញ កញ្ញាក៏បារម្ភខ្លាចអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារឡើងវិញដែរ ប៉ុន្តែកញ្ញាមិនអាចនៅស្ងៀមបានទេនៅពេលមានការបំផ្លាញបរិស្ថានដូចសព្វថ្ងៃ៖ «យើងជាបុគ្គលយើងជាពលរដ្ឋយើងនៅតែធ្វើនៅតែអនុវត្តសិទ្ធិសេរីភាពរបស់យើងសួរបារម្ភអត់ បារម្ភ ហើយយើងក៏អត់ដឹងថា ម៉េចបើគេចង់ធ្វើបាបយើងចង់ចាប់យើងទៅវិញ»។
រីឯកញ្ញា ភួន កែវរស្មី ឲ្យដឹងដែរថា កញ្ញានៅតែចូលរួមធ្វើការងារបរិស្ថានយ៉ាងពេញទំហឹង និងរំពឹងថា យុវជនផ្សេងៗទៀតនឹងចូលរួមជាមួយកញ្ញាដើម្បីធ្វើការងារមួយនេះ៖ « មួយរយៈនេះ ខ្ញុំធ្វើការងារបណ្ដាញហើយពិបាករកបណ្ដាញដែលគាត់ចាប់អារម្មណ៍នឹងរឿងបរិស្ថានហ្នឹងខ្លាំងមែនទែន របៀបថា គាត់បារម្ភ ជួនកាលអ្នកខ្លះអត់ទាន់បានអ្វីផង គាត់ខ្លាចជាប់ពន្ធនាគារ អ្នកអត់ទាន់និយាយជាមួយផងគាត់ថា យើងមនុស្សមានហានិភ័យអញ្ចឹងយើងឃើញអ្នកចង់ជួយធ្វើការងារបរិស្ថាននៅមានកម្រិត»។
អតីតសកម្មជននៃចលនាមាតាធម្មជាតិ គឺជាក្រុមយុវជន ដែលបានចេញមុខយ៉ាងសកម្មក្នុងការការពារធនធានធម្មជាតិ និងបរិស្ថាន ប៉ុន្តែអាជ្ញាធរពន្ធនាគារជាបន្តបន្ទាប់ ប៉ុន្តែក្រោយមានការថ្កោលទោសពីសហគមន៍អន្តរជាតិ រដ្ឋាភិបាលបានដោះលែងពួកគេឲ្យនៅក្រៅឃុំបណ្ដោះអាសន្នកាលពីចុងឆ្នាំ២០២១។ ពេលចេញពីពន្ធនាគារលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី កញ្ញា ស៊ុន រដ្ឋា លោក លី ច័ន្ទដារ៉ាវុធ និងលោក យីម លាងហ៊ី ពួកគេបានលើកដៃសច្ចាថា នៅតែតស៊ូក្នុងកិច្ចការពារបរិស្ថាន។
ទាក់ទងជំហររបស់យុវជនបែបនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បានទេនៅថ្ងៃទី២ ខែកុម្ភៈ។
ទោះយ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ប្រាប់វិទ្យុអាស៊ីសេរី ថាការចូលរួមថែរក្សាការពារបរិស្ថានជាសិទ្ធិរបស់ពលរដ្ឋ។ ទោះបែបនេះក្ដី មន្ត្រីរដ្ឋាភិបាលរូបនេះជំរុញទៅក្រុមយុវជនឲ្យទៅចុះឈ្មោះនៅក្រសួងបរិស្ថាន ឬក្រសួងមហាផ្ទៃ ដើម្បីអាចធ្វើសកម្មភាពរបស់ខ្លួនបានទូលាយ និងអាចទទួលថវិកាពីក្រៅប្រទេសដោយមិនខុសច្បាប់៖ «ប៉ុន្តែទោះយ៉ាងណា ដើម្បីស្រួលគាត់ទៅចុះក្នុងបញ្ជីបើសិនជាគាត់ធ្វើការដោយខ្លួន ប៉ុន្តែ ស្រាប់តែគាត់ទទួលជំនួយពីខាងក្រៅមកវាចូលទៅភ្នាក់ងារបរទេសជាប់រឿងមួយទៀត»។
ដោយឡែកនាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលសិទិ្ធមនុស្សនៃអង្គការលីកាដូលោក អំ សំអាត យល់ថា រដ្ឋាភិបាលគួរលើកទឹកចិត្តដល់យុវជនដែលមានចិត្តក្នុងការចូលរួមការពារបរិស្ថាន។ លោក អំ សំអាត លើកឡើងទៀតថា ការតម្រូវក្រុមយុវជនទៅចុះបញ្ជីនៅស្ថាប័នពាក់ព័ន្ធ ជាការបង្កការលំបាក និងរំខានដល់យុវជនដែលស្រលាញ់បរិស្ថាន៖ «ការចុះបញ្ជីសហគមន៍មូលដ្ឋាន ឬក៏បណ្ដាញផ្សេងៗ គឺជាការរាំងខ្ទប់សម្រាប់សហគមន៍មូលដ្ឋាន ឬបុគ្គល ឬក៏ក្រុមគាត់ធ្វើការងារជាឯកជនក្នុងការចូលរួមសកម្មភាពការងារសង្គម ការងារបរិស្ថាន ព្រៃឈើ ច្បាប់នេះត្រូវបានប្រើប្រាស់ជាលក្ខណៈហ្នឹងធ្វើការរាំងខ្ទប់ទៅដល់សកម្មជនបរិស្ថានសកម្មជនធនធានធម្មជាតិ និងព្រៃឈើ»។
កាលពីថ្មីៗនេះ ព្រះមហាក្សត្របានត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរ ដល់គ្រួសារសកម្មជនការពារព្រៃឈើជនជាតិអាមេរិកាំងលោក ដាវិស បេន យ៉ូសែប (Davis Benjamin Joseph) ដែលចំណាយពេលវេលាជិត ៣០ ឆ្នាំមកហើយ ប្រឹងប្រែងការពារតំបន់អភិរក្សសត្វ និងព្រៃឈើនៅភ្នំត្នោត-ភ្នំពក ក្នុងខេត្តព្រះវិហារ។ អតីតសកម្មជនមាតាធម្មជាតិនៅតែអះអាងដូចៗគ្នាថា ពួកសុខចិត្តធ្វើការងារជាពលរដ្ឋសកម្មដែលជាសេរីភាពរបស់ពួកគេក្នុងការបំពេញការងារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។