អាជ្ញាធរ​មណ្ឌលគិរី​និង​មន្ត្រី​ជំនាញ​ក្រសួង​រ៉ែ​លាក់បាំង​ព័ត៌មាន​ស្រាវជ្រាវ​ទីតាំង​រ៉ែ​មាស

បេសកកម្ម​ចុះ​ស៊ើបអង្កេត​ទីតាំង​អាជីវកម្ម​រុករក​រ៉ែ​មាស ពី​សំណាក់​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី និង​មន្ត្រី​ជំនាញ​នៃ​ក្រសួង​រ៉ែ និង​ថាមពល ហាក់​មាន​ភាព​អាថ៌កំបាំង និង​មាន​ចំណុច​មន្ទិលសង្ស័យ​ច្រើន។ សហគមន៍​រស់នៅ​តំបន់​អាជីវកម្ម​រ៉ែ​មាស អះអាង​ថា ពួកគេ​មិនបាន​ឃើញ​អាជ្ញាធរ​ចុះ​ដល់​ទី​តាំង​រណ្ដៅ​រ៉ែ​មាស​នោះ​ឡើយ ខណៈ​ដែល​ក្រុមហ៊ុន​ចិន​ចំនួន​៤ កំពុង​ខួង​យក​រ៉ែ​មាស និង​រ៉ែ​ត្បូង​បែប​អនាធិបតេយ្យ។

ពលរដ្ឋ​រស់នៅ​ភូមិ​ចក់ចារ ឃុំ​ស្រែឈូក លោក ហេង ជី អះអាង​ថា អ្នកភូមិ​ចង់​ឲ្យ​អាជ្ញាធរ​ចុះ​អនុវត្ត​ច្បាប់​លើ​អាជីវកម្ម​រុករក​រ៉ែ​មាស និង​រ៉ែ​ត្បូង​ទាំង​នោះ ដែល​កំពុង​ធ្វើ​អាជីវកម្ម​រុករក​រ៉ែ​មាស ឋិត​នៅ​ឃុំ​ចុង​ផ្លាស់ និង​ឃុំ​ស្រែឈូក ដែល​បាន​បង្ហូរ​កាកសំណល់​ចូល​ទឹកអូរ​ធម្មជាតិ។ លោក​ថា អ្នក​ភូមិ​ខកចិត្ត​នៅ​គ្រា​ដែល​ឮ​ដំណឹង​ថា អាជ្ញាធរ​បាន​វិលត្រឡប់​ទៅវិញ​កាលពី​ថ្ងៃទី១៩ ឧសភា ព្រោះតែ​ផ្លូវ​ធ្វើ​ដំណើរ​លំបាក ដែល​លោក​សង្ស័យ​ថា អាជ្ញាធរ យក​លេស ដើម្បី​ពន្យារពេល​ឲ្យ​ក្រុមហ៊ុន​ចិន ប្រមូល​ភស្តុតាង​លាក់​ទុក ឬ​អាច​មានការ​ឃុបឃិត​គ្នា បិទបាំង ករណី​ដែល​គេ​សង្ស័យ​ថា អាជីវកម្ម​រុករក​រ៉ែ​មាស​នៅ​តំបន់​នោះ ជាហេតុ​ធ្វើ​ឲ្យ​ទឹក​ព្រែកទេរ មាន​ជាតិពុល៖ «ឥឡូវ​គេ​ខួង​ហ្នឹង វា​ប្រើ​ជាតិពុល​ខ្លាំង មិន​ដឹង​ថា វា​ខួង​យក​មាស និង​យក​ត្បូង​មិន​ដឹង។ ពួក​ខ្ញុំ​ពិបាក​ណាស់ មិន​អាច​យក​ទឹក​ពី​ណា​ផឹក​តា​ពាស​ដែរ ហើយ​បន្លែ​ធម្មជាតិ​ក៏​មិន​យក​មក បង់​ភ្លាម​ដែរ និយាយ​រួម​ទៅ​ចង់​ពុល​ទាំង​ម្ហូប​អាហារ​ទៀត»។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល លោក សាន់ ដារិទ្ធ តែ​ទូរស័ព្ទ​ហៅ​ច្រើន​ដង​ពុំ​មាន​អ្នកទទួល​កាលពី​ថ្ងៃទី២១ ឧសភា។

តែ​លោក​បាន​ប្រាប់​អ្នកកាសែត​ក្នុងស្រុក​ថា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល រួម​ទាំង​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី បាន​ចុះ​ពិនិត្យ​ករណី​នេះ កាលពី​ថ្ងៃ​ទី​១៩ ឧសភា ក៏ប៉ុន្តែ​ផ្លូវ​លំបាក​ធ្វើដំណើរ ទើប​ត្រឡប់​មក​វិញ។

លោក​ថា ក្រសួង​នឹង​ចាត់វិធានការ​ច្បាប់​ដល់​ក្រុមហ៊ុន​ណា ដែល​ប្រើ​សារធាតុ​គីមី​ចូល​ព្រែក និង​អូរ បង្ក​ប៉ះពាល់​អាយុជីវិត និង​សុខភាព​ពលរដ្ឋ។

អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង សក្កិធារ៉ា បដិសេធ​មិន​ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី ដោយ​លោក​ប្រាប់​ថា ទូរស័ព្ទ​ស្ដាប់​មិន​ឮ។

ចំណែក​អភិបាលខេត្ត​មណ្ឌលគិរី លោក ស្វាយ សំអ៊ាង ក៏​ពុំ​ទាន់​អាច​ទាក់ទង​បាន​នៅ​ឡើយ ដើម្បី​សុំ​ការ​បញ្ជាក់​ពី​លោក ជុំវិញ​បេសកកម្ម​ចុះ​ស៊ើបអង្កេត​ទីតាំង​អាជីវកម្ម​រុករក​រ៉ែ​មាស​ក្នុង​ខេត្ត​ដែល​លោក​គ្រប់គ្រង​នោះ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc)ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា ដែល​កំពុង​តាមដាន​បញ្ហា​នេះ​យល់ថា អាជ្ញាធរ​គួរតែ​បើក​ចិត្ត​ទូលាយ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ពី​ភាព​មិន​ប្រក្រតី​នានា ទាក់ទង​អាជីវកម្ម​រ៉ែ​មាស ដល់​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន មិន​គួរ​លាក់បាំង​នោះ​ទេ។ លោក​ថា ការ​ចុះ​ស៊ើបអង្កេត​របស់​អាជ្ញាធរ​នៅ​មាន​ចំណុច​សង្ស័យ​មួយ​ចំនួន ដែល​សហគមន៍​មូលដ្ឋាន​ហាក់​ពុំ​សូវ​មាន​ទំនុក​ចិត្ត៖ «យើង​យល់​ឃើញ​ថា ហាក់​ដូចជា​មានការ​មន្ទិល​សង្ស័យ​ណាមួយ ពាក់ព័ន្ធ​ករណី​ក្រុមហ៊ុន​អាជីវកម្ម​រ៉ែ និង​ក្រុមហ៊ុន​រុករក​រ៉ែ​មួយ​ចំនួន​នៅ​តំបន់​នោះ»។

សហគមន៍​រស់នៅ​ចុង​ផ្លាស់​បង្ហើប​ថា ក្រុមហ៊ុន​ចិន រ៉ុង ឆេង គឺជា​ក្រុមហ៊ុន​ធំ​ជាង​គេ ដែល​បាន​ប្រើ​ម៉ាស៊ីន​ខួង​ថ្ម ជីក​រ៉ែ​មាស និង​រ៉ែ​ត្បូង​បែប​អនាធិបតេយ្យ និង​មាន​កម្មករ​ជាច្រើន​នាក់​ភាគច្រើន​ជា​អ្នក​ចំណាកស្រុក។ ពួកគេ​សង្ស័យ​ថា ក្រុមហ៊ុន​នេះ ប្រើ​សារធាតុ​ស្យានីដ (Cyanide) ចម្រាញ់​មាស បង្ហូរ​កាកសំណល់​ចូល​ទឹក បង្ក​ឲ្យ​កម្រិត​ទឹក​មាន​ជាតិពុល​ខ្ពស់​បំផុត អាច​សម្លាប់​ជីវិត​មនុស្ស​ភ្លាមៗ។

ជនជាតិ​ដើម​ភាគតិច​រស់នៅ​ឃុំ​ស្រែឈូក និង ឃុំ​ចុងផ្លាស់ និង​ពលរដ្ឋ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ពុល​ទឹកអូរ និង​ព្រែកទេរ កំពុង​លំបាក​វេទនា​ខ្វះខាត​ទឹក​ប្រើប្រាស់ ហើយ​ពលរដ្ឋ​ខ្លះ​បាន​ជីក​អណ្ដូង​ចម្រុះ​ទឹក​ពី​អូរ មក​ប្រើប្រាស់ និង​យក​មក​ដាំ​ទទួល​ទាន ដោយសារ​ពុំ​មាន​ជម្រើស ត្បិត​តំបន់​នោះ​នៅ​ដាច់ស្រយាល ពុំ​មាន​អណ្ដូង​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់។

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គាន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ធ្លាប់​លើក​ឡើ​ថា ការស៊ើបអង្កេត​ករណី​នេះ អាច​ចន្លោះប្រហោង​ក្រោម​ឥទ្ធិពល​នៃ​អំពើពុករលួយ ជាពិសេស​នៅ​ពេល​មានការ​រឹតត្បិត​អង្គការ​សង្គម​ស៊ីវិល អ្នកសារព័ត៌មាន​មិន​អោយ​ចូលរួម​អង្កេត​ពេញលេញ​លើ​ករណី​នេះ។ លោក​ថា អាជ្ញាធរ​អាច​ជិះ​សេះ​លែងដៃ ក្នុង​ការ​ស៊ើបអង្កេត​បាតុភាព​នេះ ដែល​នាំ​ឲ្យ​សហគមន៍​នៅតែ​ទទួលរង​គ្រោះ​ដដែល។

កាលពីដើម​ខែ​ឧសភា ឆ្នាំ​២០១៨ ពលរដ្ឋ​រស់នៅ​ឃុំ​កន្ទួត ស្រុក​ចិត្របុរី ស្លាប់ ១៨​នាក់ និង​ជាង ៣​រយ​នាក់​ធ្លាក់ខ្លួន​ឈឺ ក្រោយ​ពី​ប្រើ​ទឹក​ព្រែកទេរ ដែល​មាន​ប្រភព​ពី​ខេត្ត​មណ្ឌលគិរី មាន​សារធាតុពុល។ រីឯ​ពលរដ្ឋ​នៅ​ឃុំ​ស្រែឈូក ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី មាន​អាការៈ​ខុស​ប្រក្រតី​ជាង ៨០​នាក់​ដែរ ក្រោយពី​ប្រើប្រាស់​ទឹក​ព្រែក ឬ​អូរ ដែល​មាន​អាជីវកម្ម​រុករក​រ៉ែ​មាស​នៅ​ក្បែរ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។