ក្រសួង​កសិកម្ម​លើក​ទឹក​ចិត្ត​ដល់​សង្គម​ស៊ីវិល​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ តែ​ធ្វើទុក្ខបុកម្នេញ​សកម្មជន​បរិស្ថាន

0:00 / 0:00

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លើក​ទឹក​ចិត្ត​ដល់​សង្គម​ស៊ីវិល ឲ្យ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ ខណៈ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គ្រួសារ​ត្រកូល «ហ៊ុន» តែង​ធ្វើទុក្ខបុកម្នេញ​សកម្មជន​បរិស្ថាន និង​អ្នកការពារ​ធនធាន​ធម្មជាតិ។ សកម្មជន​បរិស្ថាន​លើកឡើង​ថា ការ​លើក​ទឹក​ចិត្ត​តែ​ម៉្យាង គឺ​មិន​គ្រប់គ្រាន់​ឡើយ លុះត្រា​តែ​ក្រសួង​ស្ថាប័ន​រដ្ឋ​ពាក់ព័ន្ធ​បើក​លម្ហ​សេរីភាព​ឲ្យ​យុវជន សកម្មជន និង​សហគមន៍​មូលដ្ឋាន​បាន​ចុះ​ល្បាត​ព្រៃ និង​ការពារ​ធនធាន​ធម្មជាតិ។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិត ទីណា កាល​ពី​ថ្ងៃទី២៤ ខែ​កុម្ភៈ បាន​ជួប​ជាមួយ​សម្ព័ន្ធភាព​បណ្ដុំ​សមាគម​អង្គការ​សង្គម​ស៊ីវិល ក្នុង​គោលបំណង​ស្វែងយល់​ពី​គោល​នយោបាយ​អាទិភាព​ក្នុង​វិស័យ​កសិកម្ម នៅ​ទីស្ដីការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក ឌិត ទីណា បាន​ពន្យល់​អ្នកចូលរួម​អំពី​គោលនយោបាយ​អាទិភាព​ទី៥ និង​ទី៦ របស់​រដ្ឋាភិបាល គឺ​យន្តការ​រក្សា​ស្ថិរភាព​ថ្លៃ និង​ការ​ចងក្រង​សហគមន៍​កសិកម្ម​ទំនើប។

លោក ឌិត ទីណា ក៏​បាន​លើកទឹកចិត្ត​ដល់​បណ្ដា​អង្គការ​សង្គម​ស៊ីវិល និង​សមាគម​ក្រៅ​រដ្ឋាភិបាល​នានា ឲ្យ​ចូលរួម​ក្នុង​វិស័យ​កសិកម្ម ការពារ​ធនធាន​ធម្មជាតិ ចូលរួម​ផ្ដល់​ព័ត៌មាន​ពិត​នៅ​ក្នុង​សង្គម និង​ទប់​ស្កាត់​ព័ត៌មាន​មិន​ពិត​ជាដើម។

​«គួរបង្ហាញ​សកម្មភាព​ជាក់ស្ដែង​ ជាងនិយាយ»

សកម្មជន​បរិស្ថាន​មួយ​ចំនួន​គាំទ្រ​ការ​លើកទឹកចិត្ត​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ប៉ុន្តែ​ពួកគាត់​ចង់​ឃើញ​ក្រសួង​មួយ​នេះ បង្ហាញ​ពី​សកម្មភាព​ជាក់ស្ដែង​មិន​ត្រឹម​តែ​ពាក្យ​សម្ដី។

សកម្មជន​បរិស្ថាន អ្នកនាង លឹម គឹមស័រ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី២៥ ខែ​កុម្ភៈ​ថា កន្លងទៅ​នៅ​ពេល​សកម្មជន​បរិស្ថាន សហគមន៍​មូលដ្ឋាន ដែល​រង​ការ​គំរាម​កំហែង​ពី​អាជ្ញាធរ​នៅ​ពេល​ឃ្លាំមើល​សកម្មភាព​បំផ្លាញ​ធនធាន​ធម្មជាតិ​ដូចជា ការ​កាប់​បំផ្លាញ​ព្រៃឈើ​ជាដើម ពុំ​ដែល​ឃើញ​វត្តមាន​ក្រសួង​កសិកម្ម ចេញ​មុខ​ដោះស្រាយ​ជូន​ពួកគាត់​ឡើយ។

អ្នកនាង លឹម គឹមស័រ៖«យើង​ឃើញ​ថា ក្រសួង​មាន​ការ​លើកឡើង​អីចឹង​មែន ប៉ុន្តែ​នៅ​ពេល​មាន​ការ​គំរាមកំហែង​លើ​សកម្មជន​ក៏​អត់​ដែល​ឃើញ​មាន​ក្រសួង​គាំពារ ឬ​គាំទ្រ​ពួកគាត់​ដែរ មាន​តែ​បន្ថែម​ថា ពួកគាត់​ទៅ​ធ្វើ​ការងារ​ក្រៅ​ប្រព័ន្ធ​ពី​ក្រសួង និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ ដោយ​អត់​មាន​ការ​ការពារ​គាត់​ទេ គឺ​មាន​តែ​ជំរុញ​ឲ្យ​មាន​ការ​ដាក់​ទោស​ទៅ​លើ​ពួកគាត់​ទៅ​វិញ ។ អីចឹង​ខ្ញុំ​គិត​ថា វា​ផ្ទុយ​ខ្លាំង​មែន​ទែន ខ្ញុំ​គិត​ថា ការ​លើកឡើង​របស់​ពួកគាត់​នេះ គ្មាន​ប្រសិទ្ធភាព​ទេ គឺ​វា​នៅ​តែ​បន្ត​ដដែលៗ​ហ្នឹង»។

ចំណែក​សកម្មជន​សិទ្ធិ​មនុស្ស និង​បរិស្ថាន លោក ម៉ា ចិត្រា ដែល​តែង​ចុះ​ល្បាត​ព្រៃ​ថ្លែង​ថា កន្លង​ទៅ ពុំ​ដែល​មាន​ក្រសួង​ពាក់ព័ន្ធ​ដូចជា​ក្រសួង​បរិស្ថាន ឬ​ក្រសួង​កសិកម្ម​លើក​ទឹកចិត្ត​ដល់​សង្គម​ស៊ីវិល និង​សកម្មជន​មូលដ្ឋាន ឲ្យ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ​ឡើយ ហើយ​ក្រសួង​ថែមទាំង​ច្រាល​ចោល​នូវ​ការ​រក​ឃើញ​បទ​ល្មើស​ធនធាន​ធម្មជាតិ​ទៀត​ផង ។ លោក​ថា រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ គួរតែ​បង្ហាញ​ឆន្ទៈ​ពិត​ប្រាកដ ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ និង​ត្រូវ​ស្រាវជ្រាវ​រក​អ្នក​ប្រព្រឹត្ត អ្នក​ទទួល​ផល និង​អ្នក​អនុញ្ញាត​ឲ្យ​មាន​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​ដូចជា​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ជាដើម។

លោក ម៉ា ចិត្រា៖«ការ​លើកទឹកចិត្ត​មែនទែន វា​អត់​អាច​អាស្រ័យ​លើ​ការ​និយាយ​របស់​រដ្ឋមន្ត្រី​ណាមួយ​ទេ គឺ​អាស្រ័យ​លើ​សកម្មភាព​ជាក់ស្ដែង បើសិនជា​ប្រជា​សហគមន៍​ចូលរួម​ល្បាត​ការពារ ហើយ​ហាម​ឃាត់ បើសិនជា​ក្រុម​យុវជន ឬ​ក៏​សកម្មជន​បរិស្ថាន​ជាដើម​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ចូល​ទៅ​ល្បាត​ដើម្បី​ការពារ អាហ្នឹង​ពាក្យ​របស់​គាត់​ទាំង​ប៉ុន្មាន វា​គ្មាន​ន័យ​ទេ វា​ទាល់​តែ​បើក​ឱកាស​ឲ្យ​មាន​សកម្មភាព​ជាក់ស្ដែង ឲ្យ​ពួកគាត់​ទៅ​ល្បាត​ដោយ​ជាក់ស្ដែង ទើប​បាន​ជា​ការ​រួមចំណែក​ក្នុង​ការ​ការពារ​ព្រៃឈើ​ឲ្យ​បាន​គង់វង្ស»។

ឆ្លើយតប​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រសួង​កសិកម្ម កញ្ញា អឹម រចនា ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) កាល​ថ្ងៃទី ២៦ ខែ​កុម្ភៈ​ថា «ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ គាំទ្រ​ការ​ចូលរួម​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​រង្វង់​ច្បាប់»។ អ្នកនាំពាក្យ​រូប​នេះ​បន្ត​ថា «អ្នកការពារ​ធនធាន​ធម្មជាតិ ទោះជា​អង្គការ​ក្ដី សង្គម​ស៊ីវិល​ក្ដី ក៏ត្រូវ​គោរព​ច្បាប់ និង​ធ្វើការ​សកម្មភាព​ក្នុង​ក្របខណ្ឌ​ច្បាប់»។

រដ្ឋាភិបាលរង​ការចោទ​ថា ធ្វើទុក្ខបុកម្នេញ​សកម្មជនបរិស្ថាន​ស្ទើរគ្រប់​រូបភាព

ថ្វីបើ​ក្រសួង​កសិកម្ម បាន​លើក​ទឹក​ចិត្ត​ដល់​សង្គម​ស៊ីវិល ឲ្យ​ចូល​រួម​ការពារ​ធនធាន​ធម្មជាតិ​យ៉ាង​នេះ​ក្ដី កន្លង​ទៅ​រដ្ឋាភិបាល តែង​តែ​ធ្វើទុក្ខបុកម្នេញ​ស្ទើរ​គ្រប់​រូបភាព លើ​សហគមន៍​មូលដ្ឋាន សកម្មជន យុវជន ដែល​ហ៊ាន​និយាយ​រិះគន់​ពី​អសមត្ថភាព​របស់​រដ្ឋាភិបាល​ក្នុង​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ។

អត្ថបទដែលទាក់ទង៖

សកម្មជន​បរិស្ថាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បង្ហាញ​តម្លាភាព​ពី​ការ​ទទួល​ផល​លើ​វិស័យ​ធនធាន​រ៉ែOpens in new window ]

សកម្មជន​បរិស្ថាន និង​ពលរដ្ឋ​ថា រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន មិន​គួរ​រិះគន់​អ្នក​ការពារ​ធនធាន​ធម្មជាតិ​នោះ​ទេOpens in new window ]

អាជ្ញាធរ​រារាំង​យុវជន​មិន​ឱ្យ​ធ្វើ​ដំណើរ​ទៅ​ដាក់​ញត្តិ​នៅ​ក្រសួង​បរិស្ថាន ដើម្បី​​ទាមទារ​ដំឡើង​ពន្ធ​នាំ​ចូល​ថង់​ប្លាស្ទិកOpens in new window ]

ជាក់ស្ដែង​កាល​ពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង បាន​ ឃាត់​ខ្លួន​សកម្មជន​បរិស្ថាន​លោក អ៊ូច ឡេង និង​សមាជិក ៥នាក់​ផ្សេង​ទៀត​រួម​ទាំង​អ្នកសារព័ត៌មាន​ម្នាក់​ផង ក្នុង​ពេល​ពួកគាត់​កំពុង​ឃ្លាំមើល​បទល្មើស កាប់​ព្រៃឈើ​នៅ​ចំណុច​ភូមិ​ក្រឡា​ពស់ ឃុំ​តាឡាត ស្រុក​សេសាន។

នេះ​នៅ​មិន​ទាន់​រាប់​បញ្ចូល​ការ​គំរាមកំហែង តាម​រយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​កាត់ទោស​ដាក់​ពន្ធនាគារ​លើ​សកម្មជន និង​យុវជន​ការពារ​ធនធាន​ធម្មជាតិ​ដូចជា​ករណី​សកម្មជន​នៃ ​ចលនា​មាតា​ធម្មជាតិ​ចំនួន​៥រូប ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ដាក់​ពន្ធនាគារ​ពី ៦ ដល់ ៨ឆ្នាំ កាលពី​ខែ​កក្កដា ឆ្នាំ២០២៤ ដោយសារ​តែ​សកម្មភាព​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា។

សកម្មជន​បរិស្ថាន ស្នើ​ដល់​ក្រសួង​កសិកម្ម និង​រដ្ឋាភិបាល ឲ្យ​បើក​លម្ហ​សេរីភាព​ដល់​យុវជន សកម្មជន និង​សហគមន៍​មូលដ្ឋាន ក្នុង​ការ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ រួម​ទាំង​ព្រៃឈើ ដោយ​គ្មាន​ការ​រឹតត្បិត និង​គំរាមកំហែង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។