ដីគម្របព្រៃឈើ ជាច្រើនកន្លែងត្រូវបាន លោក ហ៊ុន សែន កាត់ដីព្រៃទាំងអស់នោះចែកគ្នាបន្តបន្ទាប់ ជាក់ស្ដែងកាលពីថ្ងៃទី១២ ខែកក្កដា លោក ហ៊ុន សែន បានកាត់ដីព្រៃជិត៣០ហិកតារបន្ថែមទៀត ឲ្យទៅប្រពន្ធរបស់លោក នេត សាវឿន គឺលោកស្រី ហ៊ុន គឹមឡេង ដើម្បីធ្វើជាកម្មសិទ្ធិឯកជន ។ ក្រុមអ្នកស្រឡាញ់ធនធានធម្មជាតិ យល់ឃើញថា ដីគម្របព្រៃឈើនឹងបន្តបាត់បង់បន្ថែមទៀត ហើយគោលនយោបាយការពារធនធានធម្មជាតិរបស់រដ្ឋាភិបាលនឹងរងបរាជ័យ។
រដ្ឋាភិបាលបានកាត់ដីគម្របព្រៃឈើឆ្នាំ២០០២ជិត៣០ហិកតារ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឲ្យទៅក្មួយស្រីរបស់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន គឺលោកស្រី ហ៊ុន គឹមឡេង ធ្វើជាកម្មសិទ្ធិឯកជន ។ នេះបើយោងតាមសៀវភៅរាជកិច្ច ដែលបានចេញផ្សាយកាលនៅថ្ងៃទី២៩ ខែវិច្ឆិកា។
យុវជនម្នាក់ដែលតែងតែចុះល្បាតព្រៃជាញឹកញាប់នៅតំបន់ការពារធម្មជាតិ គឺកញ្ញា ស្រ៊ន់ ស្រីល័ក្ខ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២ ខែធ្នូ ថា កញ្ញាសោកស្ដាយដែលរដ្ឋាភិបាលគ្មានឆន្ទៈពិតប្រាកដក្នុងការការពារ និងថែរក្សាធនធានធម្មជាតិនៅកម្ពុជា ពីព្រោះរដ្ឋាភិបាលនៅតែបន្តកាត់ឆ្វៀលដីគម្របព្រៃនៅតាមតំបន់ការពារទាំងនោះឲ្យក្រុមហ៊ុនឯកជន និងបក្សពួកសែស្រឡាយរបស់អ្នកកាន់អំណាចសព្វថ្ងៃ។
កញ្ញា ស្រ៊ន់ ស្រីល័ក្ខ៖ «ស្នើទៅរដ្ឋាភិបាលសូមឱ្យលោកមានការពិចារណាឡើងវិញចំពោះការផ្ដល់សិទ្ធិក្នុងការឱ្យក្រុមហ៊ុនឯកជនកាន់កាប់ឬក៏មានសិទ្ធិក្នុងការទន្ទ្រានដីព្រៃហ្នឹងដោយសារខ្ញុំមើលឃើញថា ព្រៃឈើរបស់យើងគឺត្រូវបានបាត់បង់ហើយ អ៊ីចឹងនៅពេលដែលបាត់បង់អស់ហើយថា តើកូនចៅជំនាន់ក្រោយបានអ្វីទៀត»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ផៃ ប៊ុនឈឿន ដើម្បីសុំការអត្ថាធិប្បាយបន្ថែមបានទេ នៅថ្ងៃទី២ ខែធ្នូ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត យល់ឃើញថា រដ្ឋាភិបាលកម្ពុជាត្រូវតែបញ្ឈប់ក្នុងការផ្ដល់ដីសាធារណៈឬដីគម្របព្រៃឈើ ទៅឲ្យក្រុមហ៊ុនឯកជន និងក្រុមគ្រួសារសាច់ញាតិរបស់អ្នកមានអំណាច ។ លោកព្រួយបារម្ភថា រដ្ឋាភិបាលនឹងជួបវិបត្តិបរិស្ថានធ្ងន់ធ្ងរនៅថ្ងៃខាងមុខ ប្រសិនបើរដ្ឋាភិបាលនៅតែបន្តផ្ដល់ដីសម្បទានសេដ្ឋកិច្ច ក៏ដូចជាការកាត់ឆ្វៀលដីព្រៃបែងចែកគ្នាតាមអំពើចិត្តបែបនេះ។
លោក វណ្ណ សុផាត៖ «អ៊ីចឹងវាអត់មានស្អីថា យើងថា ជោគជ័យម៉េចហ្នឹងអត់មានជោគជ័យអ្វីទេរាល់ថ្ងៃលោកឃើញទាំងអស់គ្នាអ៊ីចឹង ហើយបើសិនជាមានការងារហ្នឹងបន្តទៀតទៅ ខ្ញុំថាអ្នកដែលរងផលប៉ះពាល់ធ្ងន់ជាងគេនោះ រដ្ឋយើងហ្នឹងហើយទី១ អ៊ីចឹងខ្ញុំគិតថា រាជរដ្ឋាភិបាលហ្នឹងគួរតែធ្វើម៉េចដើម្បីអនុវត្តគោលនយោបាយក្នុងការទប់ស្កាត់ការប្រើប្រាស់ធនធាននៅខាងក្នុងឱ្យបានជាប់ ហើយឱ្យបានមានប្រសិទ្ធភាពអ៊ីចឹងទៅ»។
នេះមិនមែនជាលើកទីមួយនោះទេ ដែលអតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន កាត់ដីព្រៃឬតំបន់ការពារ ដែលជាសម្បត្តិរបស់រដ្ឋឲ្យទៅក្រុមហ៊ុនឯកជននិងបក្សពួកសែស្រឡាយនៅក្នុងជួររដ្ឋាភិបាល ។ កាលពីខែមិថុនា រដ្ឋាភិបាល នៃអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ក៏បានកាត់ដីសាធារណៈរបស់រដ្ឋជិត១ពាន់ហិកតារឲ្យទៅក្រុមហ៊ុន C99អ៊ិនធឺណេសិនណល អ៊ីនវេសមិន (ខេមបូឌៀ) ខូអិលធីឌី (C99 INTERNATIONAL INVESTMENT (CAMBODIA) CO., LTD.) និងកាត់ដីព្រៃឧទ្យានជាតិសមុទ្រកោះរ៉ុងជិត ១ពាន់ហិកតារឲ្យទៅក្រុមហ៊ុនកូនលោក យឹម ឆៃលី ដែលជាដន្លងរបស់លោក ដោយអះអាងថា ដើម្បីធ្វើការអភិវឌ្ឍ។ នៅក្នុងខែកក្កដា លោក ហ៊ុន សែន ក៏បានចុះហត្ថលេខាកាត់ឆ្វៀលដីគម្របព្រៃឈើជិត ៥រយ(៤៨៦.៨៦)ហិកតារបន្ថែមទៀត ស្ថិតនៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ឲ្យទៅក្រុមហ៊ុន ប៊ូយ៉ុងខ្មែរ Iiខូអិលធីឌី ផងដែរ។ ក្រៅតែពីខេត្តព្រះសីហនុហើយនោះ រដ្ឋាភិបាលមួយនេះ ក៏បានកាត់ដីព្រៃ និងដីសាធារណៈរបស់រដ្ឋជាច្រើនខេត្តទៀត ចែកឲ្យទៅ ក្រុមបក្សពួករបស់លោក មានដូចជាខេត្តកែប កំពង់ស្ពឺ កោះកុង ពោធិ៍សាត់ និងខេត្តមណ្ឌលគិរី ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។