មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ផល​ប៉ះពាល់​នៃ​ការ​បន្ត​លុប​បឹង​តាមោក ខណៈ​រដ្ឋ​បន្ត​កាត់​ដី​បឹង​ឱ្យ​ឯកជន

0:00 / 0:00

ផ្ទៃដី​បឹង​តា​មោក ឬ​បឹង​កប់​ស្រូវ​ជាង​១២១​ហិកតារ​ទៀត​ហើយ​ត្រូវ​បាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាត់​ឲ្យ​ក្រុម​គ្រួសារ​មន្ត្រី​ខុទ្ទកាល័យ​របស់​លោក​។ មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ថា ការ​លុប​ផ្ទៃ​បឹង​តាមោក​ជា​បន្តបន្ទាប់​បែបនេះ នឹង​ធ្វើ​ឲ្យ​ទីក្រុង​ភ្នំពេញ​ប្រឈម​ការ​លិចលង់ កង្កផល​ប៉ះពាល់​បរិស្ថាន​កាន់តែ​ធ្ងន់ធ្ងរ និង​ពលរដ្ឋ។

ផ្ទៃ​បឹង​តា​មោក​ត្រូវ​លុប​ទៀតហើយ​ដើម្បី​ផ្ដល់​ឱ្យ​កូនៗ​មន្ត្រី​ខុទ្ទកាល័យ របស់​លោក ហ៊ុន សែន បន្ទាប់ពី​មេ​ប៉ូលិស មេទាហាន និង​ក្រុម​ឈ្មួញ​គ្រាក់ៗ។

អ្នកជំនាញ​អភិបាលកិច្ច​ទឹក​លោក ហែម ឧត្តម លើកឡើង​ថា ក្រុម​មន្ត្រី​របស់​លោក ហ៊ុន សែន សឹងតែ​ចាត់ទុក​ផ្ទៃ​បឹង​តាមោក ជា​នំ​ខេក ដែល​ពួកគេ​នាំគ្នា​កាត់​ជា​ចំណិតៗ​ចែក​គ្នា​ទទួល​ទាន​។ លោក​ថា ទីក្រុង​ភ្នំពេញ កំពុង​ត្រូវ​ការ​អាង​ស្តុក​ទឹក ដូច្នេះ​លោក​បារម្ភ​ថា ការ​បន្ត​លុប​បឹង​នេះ នឹង​ធ្វើ​ឲ្យ​ទីក្រុង​ភ្នំពេញ លិចលង់​កាន់តែ​ខ្លាំង​ថែម​ទៀត ហើយ​ជីវចម្រុះ​នៅ​បឹង​តាមោក​ក៏​ត្រូវ​បំផ្លាញ៖ «រូបភាព​ដែល​យើង​ដី​ហ្នឹង​ត្រូវ​បាន​កាត់​បន្ត​ឲ្យ​មន្ត្រី​មុខ​ផ្សេងៗ​គ្នា​ហាក់ដូចជា​ចែករំលែក​នំ​ខេ​ក​អ៊ីចឹង​ណា អ្នកណា​ឈ្មោះ​ល្បី​ស្អុយឈ្មោះ​រឿង​បញ្ហា​រំលោភ​ដី​អី​អស់ហ្នឹង​ដូរ​មុខ​គ្នា​ចេញ​អ្នកណា​ផ្សេង​មក​អ៊ីចឹង»។

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​គម្រោង​សិទ្ធិ​លំនៅឋាន និង​ស្រាវជ្រាវ​នៃ​អង្គការ​សមាគម​ធាងត្នោត លោក ស៊ាង មួយឡៃ សង្ស័យ​ថា ការ​ស្នើសុំ និង​ការ​កាត់​ដី​បឹង​នេះ អាច​ភាព​មិន​ប្រក្រតី ឬ​អំពើពុករលួយ​។ លោក​ជំរុញ​ទៅ​រដ្ឋាភិបាល ស៊ើបអង្កេត​ឡើងវិញ ហើយ​ជាង​នេះ​ទៅ​ទៀត មុន​ពេល​កាត់​ដី​ទៅ​ឲ្យ​បុគ្គល​ណាមួយ រដ្ឋាភិបាល​ត្រូវធ្វើ​ដោយ​តម្លាភាព និង​ផ្សព្វផ្សាយ​ឲ្យ​សាធារណជន​បាន​ដឹង៖ «មិន​សម​ទំនង​ប្រជា​ពលរដ្ឋ​កាន់កាប់​បុគ្គល​ដែល​បាន​គាត់​ទិញ​ពី​ប្រជាពលរដ្ឋ​មូលដ្ឋាន​ដើម្បី​ជា​សំអាង​ឲ្យ​រដ្ឋាភិបាល​កាត់​បើសិន​គាត់​ទិញ​មែន​គួរ​មានការ​ស៊ើបអង្កេត​ពិត​អត់​ក្រែង​ជា​ករណី​ឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ​ត្រូវ​មាន​វិធានការ​ដល់​មន្ត្រី​ដែល​ពាក់ព័ន្ធ»។

ប្រតិកម្ម​របស់​អ្នក​ធ្វើ​ការងារ​ផ្នែក​បរិស្ថាន​បែបនេះ​ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​លើ​អនុក្រឹត្យ​មួយ សម្រេច​កាត់​ដី​បឹង​តា​មោក​ចំនួន​ប្រាំ​កន្លែង ក្នុងភូមិ​សាស្ត្រ​សង្កាត់​ពន្សាំង និង​សង្កាត់​ពញាពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ទំហំ​ជាង​១២១​ហិកតារ ទៅ​ឲ្យ​កូនៗ​របស់​សមាជិក​ក្រុម​លេខា​នាយករដ្ឋមន្ត្រី គឺ​អ្នកស្រី ជូ ដារ៉ារ៉េត។ អនុក្រឹត្យ​នេះ​ត្រូវ​បាន​ចុះ​កាល​ពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២១ ប៉ុន្តែ ត្រូវ​បាន​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ក្នុងស្រុក​វីអូឌី (VOD) កាល​ពី​ពេល​ថ្មីៗ​នេះ​។ មុន​ទទួល​បាន​ដី​បឹង​អ្នកស្រី ជូ ដារ៉ារ៉េត ក៏​ធ្លាប់​បាន​ផ្ដល់​ថវិកា​ជូន​លោក ហ៊ុន សែន (១. ០០០)​ដុល្លារ ដើម្បី​ទិញ​វ៉ាក់សាំង​កូវីដ-១៩។

ជុំវិញ​ករណី​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី អ្នកស្រី ជូ ដារ៉ារ៉េត អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត ភក្រ្តា អ្នកនាំពាក្យ​ក្រសួង​ដែនដី លោក សេង ឡូត និង​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បានទេ នៅ​ថ្ងៃទី​២១ មករា។

ទោះយ៉ាងណា លោក ផៃ ស៊ីផាន ធ្លាប់​អះអាង​ថា រាល់ពេល​មានការ​ផ្ទៃ​បឹង​តា​មោក​ម្ដងៗ គឺ​មាន​ការ​សិក្សា​ត្រឹមត្រូវ​ពី​ស្ថាប័ន​ពាក់ព័ន្ធ។

សកម្មជន​បរិស្ថាន កញ្ញា ភួន កែវរស្មី សង្កេតឃើញ​ថា កាលពី​មិន​ទាន់​មាន​ការ​លុប​បឹង នៅ​ជុំវិញ​បឹង​តាមោក​ឃើញ​មាន​ពលរដ្ឋ​ដែល​អាស្រ័យ​ផល​នៅ​ទីនោះ​លក់​ត្រី ឬ​បន្លែ ប៉ុន្តែ​ពេលនេះ​ឃើញ​តែ​ឡាន​ដឹក​ដី​ជាច្រើន​គ្រឿង​តម្រៀប​កន្ទុយ​គ្នា​ចូល​ទៅ​ចាក់​ដី​​លុប​បឹង​។ សកម្មជន​បរិស្ថាន​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រោះ​ការពារ​ផ្ទៃ​បឹង​តាមោក​រូប​នេះ យល់​ថា មុន​ពេល​កាត់​ផ្ទៃ​បឹង​ទៅ​ធ្វើ​អ្វីមួយ រដ្ឋាភិបាល​មិន​ត្រូវ​សិក្សា​តែ​លើ​ក្រដាស​នោះ​ទេ តែ​រដ្ឋាភិបាល គួរ​ចុះ​សិក្សា​ឬ​សួរ​ពលរដ្ឋ​ដែល​អាស្រ័យ​ផល​លើ​បឹង​តាមោក និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ទាក់ទង​បរិស្ថាន៖ «ក្ដី​ព្រួយបារម្ភ​របស់​យើង​ដូចជា​មិន​បាន​គេ​អើពើ​ពី​សំឡេង​របស់​សកម្មជន សំឡេង​ពលរដ្ឋ​ដែល​មានការ​​ខ្វាយខ្វល់​ពី​បឹង​តាមោក​របស់​យើង​ដែល​ត្រូវ​បាន​លុប​ផង​កាត់​ផង​អត់​ឃើញ​ដំណោះស្រាយ ឬ​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន​ណាមួយ​ទេ ទោះបីជា​យើង​ជាប់​ពន្ធនាគារ​ពាក់ព័ន្ធ​រឿង​ទាមទារ​កុំ​ឲ្យ​មានការ​លុប​បឹង​តា​មោក ឬក៏​កាត់​បឹង​តាមោក​ទៅ​ឲ្យ​អ្នកនេះ​អ្នកនោះ​តាម​អំពើ​ចិត្ត​ហ្នឹង​ក៏​បែរ​មក​ជាប់​ទោស»។

សង្គម​ស៊ីវិល និង​អ្នក​ធ្វើ​ការងារ​ផ្នែក​បរិស្ថាន​លើកឡើង​ថា ការ​បន្ត​លុប​បឹង​តាមោក បង្ក​ផល​ប៉ះពាល់ ដល់​បរិស្ថាន ជីវចម្រុះ និង​ពលរដ្ឋ​ជាដើម​។ ពួកគេ​ព្រួយ​បារម្ភ​ថា ករណីនេះ​បង្ក​ឲ្យ​មានការ​រំលោភ​សិទ្ធិមនុស្ស​ផង​ដែរ។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព សរសេរ​លើ​ហ្វេសប៊ុក​ដោយ​លើក​ជា​សំណួរ​ថា តើ​ត្រូវ​ពុះ​ច្រៀក​ដី​បឹង​ចែក​គ្នា​យ៉ាងនេះ​ឬ​? ក្រសួង​ក៏​មាន​ចំណែក ក្រុមហ៊ុន​ក៏​មាន​ចំណែក បុគ្គល​ឯកជន​ក៏​មាន​ចំណែក​។ អ្នកស្រី​បន្ត​ថា តើ​នេះ​ជា​អភិបាលកិច្ច​អ្វី ដែល​ត្រូវ​លេប និង​លុប​បឹង​យ៉ាង​នេះ?

ប្រធាន​គម្រោង​សិទ្ធិ​លំនៅឋាន និង​ស្រាវជ្រាវ​នៃ​អង្គការ​សមាគម​ធាងត្នោត លោក ស៊ាង មួយឡៃ ដែល​ឃ្លាំមើល​បញ្ហា​នេះ ឲ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​កាត់​ដី​បឹង​តា​មោក ជាង​១.៦០០ ហិកតារ ដែល​ស្មើនឹង​ជាង​ពាក់កណ្ដាល​នៃ​ផ្ទៃ​បឹង​តាមោក​ជាង ៣.២០០​ហិកតារ៕