មន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងធនធានទឹក និងឧតុនិយម លើកឡើងថា បាតុភូតរន្ទះនៅតែបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់មនុស្ស សត្វ នៅកម្ពុជា។ ទន្ទឹមគ្នានេះ មន្ត្រីជំនាញយល់ថា បញ្ហានេះបន្តកើតឡើងដោយសារពលរដ្ឋនៅខ្វះការយល់ដឹងពីវិធីការពារខ្លួនឯងពីបាតុភូតរន្ទះ។ មន្ត្រីជំនាញបានណែនាំពីវិធីមួយចំនួនដល់ពលរដ្ឋដើម្បីការពារខ្លួនឲ្យជៀសផុតពីរន្ទះ។
តើវិធីការពារខ្លួនឲ្យជៀសផុតពីរន្ទះមានអ្វីខ្លះ?
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងធនធានទឹក និងឧតុនិយម ចាត់ទុកបាតុភូតរន្ទះ គឺជាគ្រោះមហន្តរាយដ៏គ្រោះថ្នាក់ បន្ទាប់ពីគ្រោះរាំងស្ងួត និងខ្យល់ព្យុះ។ ករណីនេះត្រូវបាននាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១២ ខែឧសភា ថា គិតចាប់ពីខែមករា រហូតមកដល់សប្ដាហ៍ទី១ នៃខែឧសភា ឆ្នាំ២០១៦ គ្រោះរន្ទះបាញ់នៅទូទាំងប្រទេសបានសម្លាប់មនុស្ស ១៥នាក់ និងរបួសចំនួន ១៦នាក់ ព្រមទាំងងាប់គោ ក្របី ចំនួន ១២ក្បាល។ លោកថា ចំនួននេះនៅតែជាក្ដីបារម្ភសម្រាប់ប្រជាពលរដ្ឋ។
លោកបន្តថា រដូវវស្សាកំពុងតែខិតមកដល់ ធ្វើឲ្យមានក្ដីបារម្ភអំពីបាតុភូតធម្មជាតិនៃរន្ទះដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស សត្វ និងសម្ភារៈ នៅតំបន់ជនបទ។ ទន្ទឹមគ្នានេះ លោកបានអំពាវនាវសុំឲ្យប្រជាពលរដ្ឋរស់នៅជនបទដែលនៅឆ្ងាយពីតំបន់ការពាររន្ទះ ប្រុងប្រយ័ត្នក្នុងពេលភ្លៀង ជាពិសេសកសិករ គប្បីចាកចេញពីវាលស្រែឱ្យឆ្ងាយពីប្រភពទឹក និងកុំនៅជ្រកក្រោមដើមឈើខ្ពស់ៗ ដែលងាយរងគ្រោះដោយបាតុភូតរន្ទះ៖ «ប្រជាពលរដ្ឋពេលដែលធ្វើការនៅតាមទីវាល ឬនៅតាមប្រភពទឹក ពេលដែលមានភ្លៀងខ្យល់កើតឡើងអីហ្នឹង ត្រូវរួសរាន់ត្រឡប់មកផ្ទះ បិទទូរស័ព្ទឲ្យអស់ ប្រើវិទ្យុក៏ត្រូវបិទ កុំឲ្យកាន់របស់អ្វីដែលអាចចម្លងអគ្គិសនី កុំទៅជ្រកនៅក្រោមដើមឈើ ត្រូវនៅឲ្យឆ្ងាយប្រមាណចម្ងាយពី ៣ ទៅ ៤ម៉ែត្រ ពីក្រោមដើមឈើ ជៀសវាងការឆ្លងចរន្តអគ្គិសនីនៅពេលដែលមានរន្ទះ»។
ទន្ទឹមគ្នានេះ ខ្យល់ព្យុះក៏បានធ្វើឱ្យពលរដ្ឋស្លាប់ ៧នាក់ និងរងរបួស ៧១នាក់។ ចំណែកគ្រោះមហន្តរាយដោយខ្យល់ព្យុះបានកើតឡើងចំនួន ៨៥លើកក្នុងរាជធានី-ខេត្តចំនួន២០ ដែលបង្កឱ្យផ្ទះខូចខាតធ្ងន់ធ្ងរចំនួន ៤៧៣ខ្នង និងផ្ទះខូចខាតជាមធ្យមចំនួន ២.៤៣៣ខ្នងផងដែរ។
បន្ថែមពីនេះទៀត អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា ពន្យល់ថា ខណៈកម្ពុជា បន្តទទួលរងនូវបាតុភូតអេលនីណូ (El Nino) ដែលអាចនឹងបង្កឲ្យរដូវវស្សាមកដល់យឺត ហើយដើមរដូវវស្សានឹងមានភ្លៀងធ្លាក់តិច បញ្ហានេះធ្វើឲ្យសីតុណ្ហភាពឡើងក្ដៅខ្លាំង ហេតុនេះបាតុភូតផ្គររន្ទះនឹងកើតឡើងច្រើន៖ «បាតុភូតរន្ទះប៉ះពាល់យ៉ាងជិតស្និទ្ធជាមួយកម្រិតសីតុណ្ហភាព ព្រោះកាលណាកម្រិតសីតុណ្ហភាពកាន់តែក្ដៅ ទិសដៅរបស់ខ្យល់មិនធ្វើទិសដៅត្រង់ទេ បានន័យថា យើងឃើញនៅក្នុងរដូវក្ដៅ យើងច្រើននៅជនបទតែងមានខ្យល់កួច ដើរមិនត្រង់នោះឡើយ ធ្វើឲ្យវាប្រមូលផ្តុំនៅចំហាយទឹក និងពពកដែលផ្ទុកនៅចរន្តអគ្គិសនីខ្ពស់ ហេតុនេះនៅពេលចំហាយទឹក និងពពកដែលផ្ទុកនៅចរន្តអគ្គិសនីខ្ពស់វានឹងបង្កក្លាយជាភ្លៀង ពេលនោះហើយឥទ្ធិពលរន្ទះ ខ្យល់ព្យុះ ខ្យល់កន្ទ្រាក់ នឹងកើតមានច្រើន»។
លោកបញ្ជាក់ថា រន្ទះឆ្លងកាត់ខ្លួនមនុស្ស នៅពេលដែលមនុស្សស្ថិតនៅក្នុងពេលភ្លៀង ឬមេឃអួអាប់ខ្លាំង មនុស្សនោះមានអារម្មណ៍ស្រៀវ ត្រជាក់ក្នុងខ្លួន និងដៃជើង។ លោកពន្យល់ថា ពេលនោះហើយរន្ទះកំពុងចម្លងបន្ទុកអគ្គិសនីកាត់តាមខ្លួន ហើយអ្នកនោះឯងស្ថិតនៅក្នុងរង្វង់ដែនរន្ទះនឹងបាញ់។
លោកបន្ថែមថា វិធីការពាររន្ទះដោយខ្លួនឯង គឺនៅពេលមានផ្លេកបន្ទោរចាំងមកលើកន្លែងយើងកំពុងនៅក្នុងនោះ ត្រូវរួសរាន់ប្រញាប់អង្គុយលុតជង្គង់ចុះភ្លាម ដាក់ដងខ្លួនបែបចំអើតបន្តិច។ ពេលអង្គុយនោះ ត្រូវយកចុងម្រាមជើងចុចដី ហើយយកកែងជើងទាំង ២ទល់គ្នា ឯដៃខ្ទប់ត្រចៀក។ ការអង្គុយចុះបែបនេះ គឺបញ្ចៀសបន្ទុកអគ្គិសនីរបស់រន្ទះនោះមិនឲ្យឆ្លងកាត់បេះដូងមនុស្សបានឡើយ៖ «បើយើងស្ថិតនៅកណ្ដាលវាល សូមឲ្យបងប្អូនអង្គុយចុះ អង្គុយចោងហោង បញ្ឈរជង្គង់ រួចយកដៃទាំងពីទប់ត្រចៀក។ យើងធ្វើបែបនេះកុំឲ្យខ្លួនយើងក្លាយជាទិសដៅចម្លងអគ្គិសនី ព្រោះថា រន្ទះគឺជាការចម្លងចរន្តអគ្គិសនីពីពពក មកផែនដី ហើយអ្វីដែលនៅទីខ្ពស់ជាងគេជាទីដែលចាប់អារម្មណ៍របស់រន្ទះ»។
ព្រឹត្តិបត្រផ្សព្វផ្សាយស្ដីពីវិធីមួយចំនួនដើម្បីការពាររន្ទះ ដែលចេញផ្សាយដោយក្រសួងធនធានទឹក និងឧតុនិយម ឲ្យដឹងដែរថា នៅប្រទេសកម្ពុជា បាតុភូតផ្លេកបន្ទោរ ផ្គរ រន្ទះ តែងកើតឡើងជារៀងរាល់ឆ្នាំក្នុងរដូវក្ដៅ រដូវភ្លៀងធ្លាក់ ដែលបានសម្លាប់ និងធ្វើឱ្យរបួសមនុស្សជាច្រើននាក់។
ព្រឹត្តិបត្រផ្សព្វផ្សាយស្ដីពីវិធីមួយចំនួនដើម្បីការពាររន្ទះ បានណែនាំពីវិធីសាស្ត្រមួយចំនួនដែលអាចជួយការពារ និងកាត់បន្ថយការជួបគ្រោះថ្នាក់នៃបាតុភូតរន្ទះ គឺ មិនត្រូវនៅទីវាល ត្រូវចាកចេញឱ្យឆ្ងាយពីឧបករណ៍ទាំងឡាយដែលមានជាតិដែក និងមិនត្រូវនៅផ្គុំគ្នាច្រើនក្នុងទីតែមួយ ខណៈមានព្យុះភ្លៀងនោះឡើយ។ កសិករគប្បីចាកចេញពីវាលស្រែឱ្យឆ្ងាយពីប្រភពទឹក និងកុំនៅជ្រកក្រោមដើមឈើខ្ពស់ៗ។ បើដៃកាន់របស់មានជាតិលោហៈ ឬជាតិដែក ដូចជា កាំបិត ពូថៅ ញញួរ ចបជីក ចបកាប់ កណ្ដៀវ ផ្តិល ធុងដែក ទរត្រងទឹក កន្ត្រៃ ដៃកង់ ទ្វារដែក បង្អួចដែក ចង្កូតឡានគ្មានកៅស៊ូស្រោបពីលើជាដើម ត្រូវទុកវាឲ្យនៅឆ្ងាយពីខ្លួន ចម្ងាយប្រមាណ ៦ម៉ែត្រ។ សូម្បីតែបើកបរគោយន្តក៏មិនគួរដែរ នៅពេលមេឃភ្លៀង គឺត្រូវនៅឲ្យឆ្ងាយពីរបស់ទាំងនោះ ៦ម៉ែត្រដែរ។ នៅពេលមានរន្ទះ មនុស្សមិនគួរនៅផ្ដុំគ្នាទេ គួរអង្គុយចុះគម្លាតពីគ្នា ៥ ទៅ ៦ម៉ែត្រ ព្រោះទីកន្លែង និងសម្ភារៈទាំងអស់នេះ គឺសុទ្ធសាធជាប្រភពទាក់ទាញឆក់ស្រូបចរន្តអគ្គិសនីនៃរន្ទះ។ បើនៅក្នុងផ្ទះវិញ មិនគួរបើកទូរទស្សន៍ ប្រើទូរស័ព្ទដៃ បើកម៉ាញ៉េជាដើម និងរាល់ឧបករណ៍បច្ចេកវិជ្ជាដែលងាយចម្លងអគ្គិសនីនៅពេលមេឃភ្លៀងនោះទេ។
បន្ថែមពីនេះដែរ អ្នកជំនាញនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងធនធានទឹក និងឧតុនិយម ក៏បញ្ជាក់ដែរថា ប្រសិនបើត្រូវរន្ទះបាញ់ ឬបន្ទុកអគ្គិសនីរន្ទះបានឆ្លងកាត់បេះដូងហើយ គឺអាចមានគ្រោះថ្នាក់ដល់ជីវិតដោយគាំងបេះដូង។ ប៉ុន្តែគេអាចជួយសង្គ្រោះអ្នកដែលត្រូវរន្ទះបាញ់បាន ដោយវិធីធ្វើចលនាបេះដូង ឬប្រញាប់ផ្ដល់កម្ដៅដល់បុគ្គលនោះ ដូចជាយកក្រណាត់គ្របលើឲ្យមានកម្ដៅខ្លួនឡើងវិញ ឬអាចឆ្អើរភ្លើងជាដើម ពិសេសទៅទៀតគឺរហ័សបញ្ជូនជននោះទៅកាន់មន្ទីរពេទ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។