សកម្មជនបរិស្ថានសង្ស័យថា មេបញ្ជាការកងអង្គរក្ស លោក ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង ជាអ្នកចេញមុខកាងការពាររបប រកស៊ីខុសច្បាប់ឲ្យគ្រួសារត្រកូល ហ៊ុន ដែលកំពុងធ្វើអាជីវកម្មរ៉ែមាសទ្រង់ទ្រាយធំឋិតក្នុងតំបន់ភ្នំលុង នៃឃុំរម្យទម ស្រុករវៀង ខេត្តព្រះវិហារ។ ពួកគេសង្កេតឃើញថា ក្រុមហ៊ុន ឌែលខម កម្ពុជា (Delcom Cambodia) ក្រុមហ៊ុនចិន និងវៀតណាមជាច្រើនទៀត ដែលពួកគេមិនដឹងឈ្មោះ កំពុងធ្វើអាជីវកម្មរ៉ែមាស គគ្រឹកគគ្រេងច្រើនឆ្នាំមកហើយ នៅតែឋិតក្នុងភាពអាថ៍កំបាំង ព្រោះការនាំចេញមាសពីទីនោះ និងការបង់ពន្ធចូលរដ្ឋ ក៏គ្មានស្ថាប័នណាមួយបង្ហាញជាសាធារណៈនោះដែរ។
សកម្មជនបរិស្ថានរកឃើញថា អាជីវកម្មរុករករ៉ែមាស និងកន្លែងធ្វើអាជីវកម្មរ៉ែមាសនៅតំបន់ភ្នំលុង គឺជាអាជីវកម្មធំជាងគេបង្អស់ ក្នុងប្រទេសកម្ពុជា ដែលពួកគេរកឃើញថា មាសត្រូវបានចម្រាញ់ក្នុងការដ្ឋានរបស់ក្រុមហ៊ុន ហើយការនាំចេញមាសទាំងនោះទៀតសោត គេដឹកជញ្ជូនតាមរថយន្តកងរាជអាវុធហត្ថ និងមានមន្ត្រីយោធាជាអ្នកកាងការពារ។
ស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គាន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ហៅ អាឡិច ថ្លែងថា ការធ្វើអាជីវកម្មរ៉ែមាស ដោយអាថ៌កំបាំងបែបនេះ អនុវត្តដើម្បីបិទបាំងអ្នកសារព័ត៌មាន គណបក្សប្រឆាំង និងសង្គមស៊ីវិលមិនឲ្យឈឺឆ្អាល។ រីឯប្រជាជនមូលដ្ឋាន ត្រូវបានគេចាត់ទុកថា ជាកង្កែបក្នុងអណ្ដូង ឬមិនឲ្យដឹងរឿងអ្វីទាំងអស់សូម្បីតែឈ្មោះរបស់ក្រុមហ៊ុន ដើម្បីងាយស្រួលកុហក និងគំរាមកំហែង។ លោកសង្កត់ធ្ងន់ៗថា ការធ្វើអាជីវកម្មរ៉ែមាស ក្នុងរបបលោក ហ៊ុន សែន ឈ្មួញគ្រាន់តែសូកប៉ាន់អាជ្ញាធរពាក់ព័ន្ធ និងជួលអ្នកមានអំណាចកាងការពារ គឺអាចធ្វើអាជីវកម្មរ៉ែមាសបានស្រេចតែចិត្ត។ រីឯប្រាក់ចំណេញ ត្រូវតែចែកភាគរយ ជាមួយគ្រួសារត្រកូលហ៊ុន៖ «យើងមានមន្ទិលសង្ស័យខ្លាំងបំផុតប្រសិនលោក ហ៊ីង ប៊ុនហៀង ជាអ្នកពាក់ព័ន្ធមែន ត្រូវតែពាក់ព័ន្ធជាមួយ ហ៊ុន សែន ដោយផ្ទាល់ ឬដោយប្រយោល ហើយមិនមែនមានត្រឹម ហ៊ីង ប៊ុនហៀង ទេ មានសកម្មភាពរ៉ែមាសមួយចំនួនកំពុងតែរាតត្បាតកាន់តែខ្លាំងទៅៗគឺ អ្នកដែលធ្វើការនៅក្រុមហ៊ុនហ្នឹងនិយាយថា ប្អូនស្រីបង្កើតរបស់ លោក ហ៊ុន សែន ឈ្មោះ ហ៊ុន សេងនី ជាអ្នកនៅពីក្រោយដែរ»។
លោក អេឡិច បន្ថែមថា លោក ហ៊ុន សែនមេដឹកនាំក្រុងភ្នំពេញ គួរតែបកស្រាយជាសាធារណៈបញ្ហានេះ តែបើមិនហ៊ានចេញមុខ គួរតែបញ្ជាឲ្យ លោក ហ៊ីង ប៊ុនហៀង ឆ្លើយតបការចោទប្រកាន់នេះ ដើម្បីឲ្យពលរដ្ឋខ្មែរបាត់មន្ទិលសង្ស័យ។ លោកថា ដរាបណា លោក ហ៊ុន សែន នៅស្ងៀម ច្បាស់ណាស់ថា អាជីវកម្មរ៉ែមាសធំធេងនៅតំបន់នោះ គឺគ្រួសារត្រកូលហ៊ុននៅពីក្រោយខ្នង៖ «យើងមើលកន្លែងរុករករ៉ែ មាសនៅប្រទេសអូស្ត្រាលី និងប្រទេសថៃ ដែលជាប្រទេសដែលខ្ញុំបានស្រាវជ្រាវកន្លងមកហ្នឹង ប្រសិនឃើញមាសសំបូរមាសគេ មិនអាចគិតថា ចំណេញប៉ុន្មានទេ គេគិតថាតើ មានផលប៉ះពាល់បរិស្ថានប៉ុន្មាន និងប៉ះពាល់លើសហគមន៍មូលដ្ឋានប៉ុន្មាន តែនៅប្រទេសកម្ពុជាអត់គេឃើញមាសកន្លែងណាមួយ គេមិនមានគិតពីបរិស្ថានអត់មានគិតពីប្រជាជនមូលដ្ឋាន គឺគេគិតតែចំណេញប៉ុន្មាន ហើយបើចាំបាច់ត្រូវជម្លៀសប្រជាជនជម្លៀសទៅសំខាន់គឺលុយ»។
សកម្មជនបរិស្ថាន ដែលចុះស៊ើបអង្កេតរឿងនេះ ថ្លែងមិនហ៊ានបញ្ចេញឈ្មោះ បង្ហើបថា ពលរដ្ឋរស់នៅតំបន់រំដេងជើងភ្នំលុង ៦៦គ្រួសារ ដែលមានរ៉ែមាសឋិតក្នុងដីស្រែចម្ការរបស់ពួកគេ បានក្លាយជាជនរងគ្រោះ ដោយសារក្រុមហ៊ុន ឌែលខម កម្ពុជា និងអ្នកមានអំណាចខ្លះទៀត ឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋាន រំលោភដីធ្លីពួកគាត់ជាបន្តបន្ទាប់តាំងពីឆ្នាំ២០០២ ដើម្បីពង្រីកផ្ទៃដីអាជីវកម្ម។ លោកថា ពលរដ្ឋបានប្ដឹងអាជ្ញាធរមូលដ្ឋានឲ្យជួយដោះស្រាយ តែអាជ្ញាធរមិនហ៊ានតតាំងជាមួយ លោក ហ៊ីង ប៊ុនហៀង នោះទេ។ លោកថា លើសពីនេះសមាជិកគ្រួសារលោកហ៊ុន សែន ក៏មានអាជីវកម្មរ៉ែមាសនៅតំបន់ភ្នំលុងដែរ៖ «នៅតំបន់នោះមិនមែនតែភ្នំទេ សូម្បីតែដីក៏មានមាសដែរកម្ទេចមាស អ្នកភូមិរាល់ថ្ងៃនេះគាត់រកមាសដោយរែងដី តែក្រុមហ៊ុនគេមានលុយគេជីកថ្ម ប្រហែល ៧០ម៉ែត្រ ទៅ១រយម៉ែត្រ ដាក់គ្រាប់បែកហើយមាសនៅក្រោម គឺមាសដុំតែម្តង ពុំមែនមាសខ្ទេចៗទេ។ ក្នុងភ្នំទាំងមូលគេជីកហើយរ៉ូងទៅក្រោមជាង ៣គីឡូហើយ ។ គឺបីគីឡូដី ជម្រៅហើយតំបន់ហ្នឹង ខាងក្រោមសុទ្ធតែមាសសូម្បីតែដីអ្នកភូមិដែល កក្រុមហ៊ុនចង់យករាល់ថ្ងៃនេះ នៅក្រោមសុទ្ធតែមាសដែរ»។
សកម្មជនបរិស្ថានមានមន្ទិលថា ក្រសួងរ៉ែ និងថាមពល និងស្ថាប័នពាក់ព័ន្ធគួរផ្សព្វផ្សាយឲ្យទូលំទូលាយថាតើ មានក្រុមក្រុមហ៊ុនចំនួនប៉ុន្មាន? ធ្វើអាជីវកម្មរ៉ែមាសនៅតំបន់ភ្នំលុង និងតំបន់ផ្សេងទៀតក្នុងឃុំរម្យទម ហើយក្រុមហ៊ុនទាំងនោះមានឈ្មោះអ្វីខ្លះ ? មានអាជ្ញាប័ណ្ណឬអត់? តើមានរបាយការណ៍ស្ដីពីផលប៉ះពាល់បរិស្ថាន និងសង្គមឬទេ? ហើយរដ្ឋបានទទួលថវិកាពីការបង់ពន្ធប៉ុន្មានលានដុល្លារក្នុងមួយឆ្នាំៗ? ក៏ប៉ុន្តែជាច្រើនឆ្នាំមកហើយ សហគមន៍មូលដ្ឋាន សង្គមស៊ីវិល និង សកម្មបរិស្ថាននៅតែមន្ទិលបញ្ហានេះ ព្រោះរបបក្រុងភ្នំពេញ និងស្ថាប័នពាក់ព័ន្ធព្យាយាមបិទបាំងពីភាពមិនប្រក្រតី នៃអាជីវកម្មរ៉ែមាសទាំងនោះ។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យក្រសួងរ៉ែ និថាមពល លោក យស មុនីរ៉ាត់ បដិសេធផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី កាលនៅថ្ងៃទី២២ ធ្នូ ដោយលើកហេតុផលថា កំពុងជាប់ប្រជុំ ហើយលោកបានជំរុញឲ្យអាស៊ីសេរីផ្ញើលិខិតមកក្រសួង ប្រសិនចង់ដឹងព័ត៌មានរឿងនេះ៖ «ខ្ញុំមិនយល់ដែលនៅភ្នំលុង មិនដឹងអាថ៌កំបាំងអីដែលណា ? នៅក្នុងប្រទេសកម្ពុជា មានអាថ៌កំបាំងអីខ្ញុំក៏ពិបាកឆ្លើយដែរ មិនដឹងឆ្លើយ។ សូមឲ្យមានអ្នកសួរហ្នឹងច្បាស់លាស់មកឈ្មោះអី ? វិទ្យុអ៊ីធ្វើលិខិតមកបន្តិចមក។ ខ្ញុំជាប់ប្រជុំតិច»។
អាស៊ីសេរីមិនទាន់អាចទាក់ទង លោក ហ៊ីង ប៊ុនហៀង ដើម្បីសាកសួរជុំវិញបញ្ហារ៉ែនេះបាននៅឡើយទេ កាលពីថ្ងៃទី២៣ ធ្នូ។
ប៉ុន្តែ មេឃុំរម្យទមលោក សោម មុត ទទួលស្គាល់ថា អាជីវកម្មរ៉ែមាសនៅតំបន់ភ្នំលុង និងតំបន់ផ្សេងទៀត ក្នុងឃុំរម្យទម កើតមានជាយូរមកហើយ និងមានអាជីវកម្មខ្លះទៀត មានកម្មករជនជាតិវៀតណាម និងជនជាតិចិន រាប់សិបនាក់ចេញចូលក្នុងការដ្ឋានក្រុមហ៊ុន។ លោកបដិសេធមិនឆ្លើយសំណួរអាស៊ីសេរីថា តើមានក្រុមហ៊ុនរ៉ែមាសចំនួនប៉ុន្មាន ដែលកំពុងធ្វើអាជីវកម្មនៅតំបន់នោះ ដោយលោកគ្រាន់តែបញ្ជាក់ថា លោកមិនដឹងរឿងនេះទេ រួចក៏ផ្ដាច់ទូរស័ព្ទ៖ «ក្រុមហ៊ុនឯកជនចិន និងវៀតណាមផង មានក្រុមហ៊ុនអនាធិបតេយ្យតាំងពីចិន និងយួន និងខ្មែរមិនដឹងប៉ុន្មានទេអត់បានចុះរាប់មើល»។
សកម្មជនបរិស្ថានដែលតែងចុះស្រាវជ្រាវ អាជីវកម្មរ៉ែមាសនៅតំបន់រំដេង ជើងភ្នំលុង និងតំបន់ភ្នំលុង រាយការណ៍ថា ជនជាតិដើមភាគតិចកួយចំនួន ៥ភូមិ ពុំបានទទួលប្រយោជន៍អ្វីទាំងអស់ ពីអាជីវកម្មរ៉ែមាសទាំងនោះ សូម្បីកម្លាំងពលកម្មក៏ក្រុមហ៊ុន ឌែលខម កម្ពុជា មិនឲ្យពលរដ្ឋខ្មែរស៊ីឈ្នួលធ្វើជាកម្មករដែរ។ លើសពីនេះ ក្រុមហ៊ុនបានជួលតែ ជនជាតិចិន និងវៀតណាមធ្វើកម្មករឲ្យខ្លួន ដើម្បីងាយបិទបាំងភាពមិនប្រក្រតីនៃអាជីវកម្មទាំងនោះ។ ពួកគេរកឃើញថា កម្មករជនជាតិចិន និងវៀតណាមរាប់សិបនាក់ គ្មានលិខិតឆ្លងដែនត្រឹមត្រូវនោះទេ ហើយ ក៏មានជនជាតិវៀតណាមខ្លះទៀត ជាថៅកែរ៉ែមាស មានអត្តសញ្ញាណសញ្ជាតិខ្មែរ ទាំងមិនចេះនិយាយភាសាខ្មែរផង៖ «ក្រុមហ៊ុន ឌែលខម អត់ទិញដីពលរដ្ឋទេរំលោភយកហើយប្រើឈ្មោះ ហ៊ីង ប៊ុនហៀង យកទៅកាងហ្មង ហើយអ្នកណាតវ៉ា អី គេនិយាយថា បើចង់ខ្លាំងជាមួយ ហ៊ីង ប៊ុនហៀង អាចជាប់គុក»។
ជនជាដើមភាគតិចកួយដែលជាជនបង្គោលរស់នៅឃុំរម្យទម លោក ពុយ ឆេង ថ្លែងប្រាប់អាស៊ីសេរីនៅថ្ងៃទី២៣ ខែធ្នូ ថា ពលរដ្ឋ ៦៦គ្រួសារ ដែលមានដីនៅតំបន់ជើងភ្នំលុង និងតំបន់រំដេង នៃឃុំរម្យទម ទទួលរងភាពអយុត្តិធម៌ច្រើនឆ្នាំមកហើយ ដែលត្រូវបានក្រុមហ៊ុន ឌែលខម រំលោភយកដីធ្លីតាំងពីឆ្នាំ២០០២ ដើម្បីពង្រីកផ្ទៃដីអាជីវកម្មរ៉ែមាស។
មកទល់ពេលនេះ អ្នកភូមិបានដាក់ពាក្យប្ដឹងសុំកិច្ចអន្តរាគមន៍ទៅអាជ្ញាធរតាំងពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ជាតិ តែគ្មានដំណោះស្រាយ។ លោកថា លោក ហ៊ីង ប៊ុនហៀង ប្រើអំណាចជាមេទាហាន កាងអាជីវកម្មឲ្យក្រុមហ៊ុន ធ្វើឲ្យពលរដ្ឋខ្លះភ័យខ្លាច និងមិនហ៊ានងើបតវ៉ា។ រីឯអាជ្ញាធរមូលដ្ឋាន តែងតែគាំទ្រក្រុមហ៊ុនរ៉ែមាសទាំងនោះ ដោយសារទទួលបានផលប្រយោជន៍ និងខ្លាចបាត់បង់តំណែង៖ «នៅឆ្នាំ២០១៥ គេមកគំរាមប្រជាជន គេថា មកពីក្រុមអង្គរក្សកូនចៅរបស់ ហ៊ីង ប៊ុនហៀង ហើយពលរដ្ឋខ្លាច។ គេយកអំណាចនាយករដ្ឋមន្ត្រី ដែលថាបានស៊ីញ៉េជាមួយនាយករដ្ឋមន្ត្រី បើមិនឲ្យដី ក៏គេត្រូវតែយកដែលដីហ្នឹង។ បើក្រុមហ៊ុនអត់មានខុសច្បាប់ទេ។ ចំណែកពលរដ្ឋខុសច្បាប់ទាំងអស់»។
បុរសដដែលបន្ថែមថា អាជីវកម្មរ៉ែមាសនៅតំបន់នោះ ក្រុមហ៊ុនបានប្រើរំសេវបំផ្ទុះថ្មស្ទើរជារៀងរាល់ថ្ងៃ ហើយកន្លងទៅ មានសត្វពាហនៈអ្នកស្រុកងាប់ជាច្រើនក្បាល ដោយសារក្រុមហ៊ុន ប្រើសាធារណៈគីមីធ្វើបង្ហូរចូលទឹកអូរធម្មជាតិ។ លោកបន្ថែមថា រណ្ដៅជីករករ៉ែមាសខ្លះ មានជម្រៅរាប់រយម៉ែត្រ និងមានរណ្ដៅរ៉ែមាសខ្លះទៀត មានជនជាតិវៀតណាមជាថៅកែជួលកម្មករខ្មែរចំណាកស្រុក ធ្វើជាកម្មករឲ្យខ្លួន ដោយគ្រាន់តែបង់លុយ ឲ្យអាជ្ញាធរពាក់ព័ន្ធ៖ «គគ្រឹកគគ្រេងខាងក្រោយផ្សារហ្នឹងយ៉ាងតិចណាស់ ៣០គ្រាប់ បំផ្ទុះយកថ្ម ហើយអ្នកនៅជុំវិញហ្នឹងយប់អត់បានដេកទេ មួយម៉ោងពីរម៉ោងផ្ទុះៗ។ វា ខ្ទរលើពលរដ្ឋច្រើនក្មេងកំពុងដេក ជាពិសេសកូនខ្ចីភាគច្រើនទាស់ដោយសារភ្ញាក់ផ្អើលហ្នឹង»។
អាស៊ីសេរីនៅមិនទាន់អាចរកប្រភពទាក់ទង អ្នកស្រី ហ៊ុន សេងនី និងតំណាងក្រុមហ៊ុន ឌែលខម ដើម្បីសុំប្រតិកម្ម ពីការចោទប្រកាន់នេះ បានថាយ៉ាងណានៅឡើយទេ នៅថ្ងៃទី២៣ ខែធ្នូ។
កាលពីឆ្នាំ២០១៧ គេហទំព័រ អូផិន ឌីវែលឡបមែន ( Open Development ) ចុះផ្សាយថា ក្រុមហ៊ុន ឌែលខម កម្ពុជា បានទទួលអាជ្ញាប័ណ្ណពីរដ្ឋាភិបាលតាមប្រកាសលេខ១៤១ ឆ្នាំ១៩៩៨ ដោយអនុញ្ញាតឱ្យរុករករ៉ែដែក និងរ៉ែជាច្រើនប្រភេទទៀត នៅតំបន់ភ្នំដែក នៃឃុំរមណី នៃស្រុករវៀង ខេត្តព្រះវិហារ លើផ្ទៃដីទំហំ ២១៦គីឡូម៉ែត្រក្រឡា និងនៅតំបន់ក្រវា ខេត្តកំពង់ធំ លើផ្ទៃដីទំហំ ១៩៨ គីឡូម៉ែត្រក្រឡា។
ពលរដ្ឋមានវិបត្តិដីធ្លីជាមួយ ក្រុមហ៊ុន ឌែលខម លោកស្រី យឹម ផាត ត្អូញថា អាជ្ញាធរមិនបានអភិវឌ្ឍន៍អ្វីទាំងអស់ សូម្បីតែសាលារៀន ហើយផ្លូវសាធារណៈក៏លំបាកធ្វើដំណើរដែរ ដោយខ្លាចក្រែងប៉ះពាល់អាជីវកម្មរ៉ែមាសទាំងនោះ។ លោកស្រីបារម្ភថា កុមារ និងយុវជនភាគច្រើន បានបង្ខំចិត្តបោះបង់ការសិក្សា ដោយសារខ្វះសាលារៀន ហើយវិបត្តិដីធ្លីក៏ជាបន្ទុកបន្ថែមទៀត នាំឲ្យពួកគេឈប់រៀនដែរ៖ «សាលារៀនឥឡូវអេហើយ នេះក្នុងមួយថ្នាក់រៀនមួយថ្ងៃពីរទៅ៣ដង តែគេអត់ធ្វើទេ ដាច់ខាតគេមិនធ្វើហើយឲ្យជិះម៉ូតូតាំងពីរំដេង ដល់ភ្នំដែកពេលខែវស្សាទឹកជន់ កូនសិស្សគ្នាត្រូវខក វាឲ្យធ្វើទេ»។
សេចក្ដីរាយការណ៍ពីសហគមន៍រកឃើញថា ផ្ទៃដីរាប់ពាន់ហិកតារ ឋិតក្នុងឃុំរម្យទមទាំងមូល សុទ្ធសឹងមានសក្កានុពលរ៉ែមាសធម្មជាតិលើដី និងក្រោមដី។ ចំណែកផ្ទៃដីប្រមាណ ៥ពាន់ហិកតារ ព័ន្ធជុំវិញភ្នំលុង គឺជាទីតាំងដែលជនជាតិដើមភាគតិចកួយរាប់ពាន់គ្រួសារ តែងតែរែងយករ៉ែមាសលក្ខណៈគ្រួសារចិញ្ចឹមជីវិតច្រើនជំនាន់មកហើយ។ លើសពីនេះចាប់តាំងពីឆ្នាំ២០០២ រហូតមកទល់ពេលនេះ ក្រុមហ៊ុនចិន និងវៀតណាមជាច្រើនដែលពួកគេមិនស្គាល់អត្តសញ្ញាណ រួមទាំងក្រុមហ៊ុនឌែលខម កម្ពុជា ផង បានពុះតំបន់នោះធ្វើអាជីវកម្មរឹតត្បិតមិនឲ្យអ្នកភូមិចេញចូល ធ្វើឲ្យជនជាតិដើមភាគតិចបាត់បង់ទីកន្លែងរុករករ៉ែមាសលក្ខណៈគ្រួសារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។