អ្នក​ទទួល​បាន​ដី​ពី​ការ​លុប​បឹង​តាមោក​ភាគច្រើន​ជា​មន្ត្រី ជា​ឈ្មួញ​និង​សាច់ញាតិ​លោក ហ៊ុន សែន

0:00 / 0:00

ក្រុម​មន្ត្រី ក្រុម​ឈ្មួញ​ដែល​ស្និទ្ធ​នឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំង​សាច់ញាតិ​របស់​លោក កំពុង​ទទួល​បាន​ដី​រាប់រយ​ហិកតារ​ពី​ការ​លុប​បឹង​តាមោក។ អ្នក​ធ្វើ​ការងារ​ផ្នែក​បរិស្ថាន​ថា ការ​ផ្ដល់​ដី​បឹង​ធម្មជាតិ​នេះ រដ្ឋាភិបាល​មិនបាន​បង្ហាញ​ព័ត៌មាន​ទូលំទូលាយ និង​បង្ហាញ​តម្លាភាព​នោះ​ទេ ដែល អាច​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ ហើយ​ដែល​នាំ​មានការ​បណ្ដេញ​ពលរដ្ឋ​ចេញពី​​លំនៅឋាន។

មន្ត្រី ឈ្មួញ​និង​សាច់ញាតិ​លោក ហ៊ុន សែន ទទួល​បាន​ដី​ពី​ការ​លុប​បឹង​តាមោក យ៉ាងហោចណាស់ ជិត​៩០០​ហិកតារ​។ អ្នក​ទាំងនោះ​ភាគច្រើន​ជា​មេ​ប៉ូលិស មេ​ទាហាន មន្ត្រី​រដ្ឋាភិបាល ក្រុម​ឈ្មួញ​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន និង​សាច់ញាតិ​របស់​លោក​ផ្ទាល់​តែម្ដង។

អ្នក​ទាំងនោះ រួមមាន ប្អូនស្រី​បង្កើត​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន សេងនី ទទួល​បាន​ដី​២០​ហិកតារ អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ លោក វង្ស ពិសេន អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា និង​មន្ត្រី​យោធា​ជាន់ខ្ពស់​មួយចំនួន​ទៀត​បាន​ដី​បឹង​ជាង​៣៦​ហិកតារ។ ឈ្មួញ​ស្និទ្ធ​នឹង​លោក ហ៊ុន សែន គឺ​ឧកញ៉ា កុក អាន បាន​ដី​ចំណែក​ដី​បឹង​តា​មោក​នេះ ចំនួន​១៥៥ ហិកតា ។ លោក កុក អាន ជា​សមាជិក​ព្រឹទ្ធសភា គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ថៅកែ​ក្រុមហ៊ុន​ថ្នាំជក់ ក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គិសនី និង​បន​ល្បែង​នៅ​តំបន់​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

លោក ហ៊ុន សែន ក៏​បាន​កាត់​ផ្ទៃ​បឹង​ចំនួន​១០០ ហិកតារ​ទៀត ប្រគល់​ឲ្យ​អ្នកស្រី ជឹង ធានសេង ជា​ប្អូនស្រី​បង្កើត​របស់​ឈ្មួញ​រកស៊ី​ដី​សម្បូរ​រឿងអាស្រូវ​នៅ​ស្រុក​ខ្មែរ​ម្នាក់​គឺ អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ។

ក្រៅ​ពី​នេះ បុគ្គល​ឯកជន​ឈ្មោះ អ៊ុយ បូរី និង​គង់ សុធី ទទួល​បាន​ដី​ជិត​២០០​ហិកតារ (១៩៦,៥​ហិកតា​) ក្រុមហ៊ុន Sin Jin Mou និង​លោកស្រី ស៊ុយ សុផាន អតីត​ម្ចាស់​ក្រុមហ៊ុន​ផានអ៊ីម៉ិច ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ ទទួល​បាន​ដី​ម្នាក់​ប្រមាណ​៤៥​ហិកតារ​។ ចំណែក​លោកស្រី ជា សុផាម៉ាដែត ជា​កូនស្រី លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី ក៏បាន​ចំណែក​ដី​បឹង​តា​មោក​នេះ ទំហំ​ជាង​១០​ហិកតារ​ដែរ។ ប្ដី​របស់​លោកស្រី ជា សុផាម៉ាដែត ឈ្មោះ យឹម លាង គឺជា​បងប្អូន​បង្កើត​របស់​លោកស្រី យឹម ឆៃលីន ជា​ប្រពន្ធ​របស់​លោក ហ៊ុន ម៉ានី កូន​ប្រុស​លោក ហ៊ុន សែន​។​

​បន្ថែម​ពី​នេះ លោក ហ៊ុន សែន ក៏បាន​ឲ្យ​ដី​ទៅ ភរិយា​របស់​ឧត្ដមសេនីយ៍​ផ្កាយ​២ នៃ​អង្គភាព​កងទ័ព​ពិសេស​ឆ័​ត្រ​យោង «​ង​៧០» លោក ភឿង ផល្លា គឺ​លោកស្រី សាយ សោភា ចំនួន ៧៥​ហិកតារ​ដែរ ។ ចំណែក​បុគ្គល​ឯកជន​មួយ​ចំ​មួន​ទៀត រួមមាន លោកស្រី អ៊ុំ បុប្ឆា ទទួល​បាន​ផ្ទៃ​បឹង​តា​មោក ជិត​២០០ (១៨០​ហិកតារ ៧​អារ​) ហិកតារ ។ លោកស្រី ឈូ សុខយូ ទទួល​បាន​ដី​ជាង​៦៥​ហិកតារ។

សកម្មជន​បរិស្ថាន លោក ថុន រដ្ឋា ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រោះ​រឿង​រិះគន់​ការ​លុប​បឹង​តា​មោក​នេះ បារម្ភ​ថា វាសនា​បឹង​តា​មោក​អាច​នឹង​ត្រូវ​បាត់បង់​ស្ទើរ​ទាំង​ស្រុក​ដូច​បឹង​ទំពន់ និង​បឹង​ជើងឯក​ដែរ​។ សកម្មជន​បរិស្ថាន​រូប​នេះ យល់ថា ការដែល​បុគ្គល​ទទួល​បាន​ដី​នេះ​ភាគច្រើន​ជា​មន្ត្រី ជា​ឈ្មួញ​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ឬ​ជា​សាច់ញាតិ​របស់​នាយករដ្ឋមន្ត្រី​ដូច្នេះ ធ្វើ​ឲ្យ​មាន​សង្ស័យ​ថា ករណី​នេះ​ជាប់​ពាក់​អំពើពុករលួយ និង​ការ​ចាត់ចែង​ទ្រព្យសម្បត្តិ​រដ្ឋ​គ្មាន​តម្លាភាព៖ «ទោះបី​លក់​ឬ​ជួល​តើ​ត្រូវ​លក់​តម្លៃ​ប៉ុន្មាន បើ​ជួល ជួល​តម្លៃ​ប៉ុន្មាន​រយៈពេល​ប៉ុន្មាន ប៉ុន្តែ​យើង​ហាក់បីដូច​ព័ត៌មាន​ទាំង​អស់ហ្នឹង​ក្រៅតែ​ពី​លិខិត​សម្រេច​ពី​ការ​កាត់​បឹង​ទៅ​ឲ្យ​អ្នកនេះ​អ្នកនោះ អ៊ីចឹង​ហើយ​សូម្បីតែ​ខ្ញុំ​ក៏​នៅតែ​មាន​មន្ទិល​ដែរ យើង​បារម្ភ​ថា អាច​មាន​ករណី​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ឬក៏​ការ​ព្រឹត្តិ​អំពើពុករលួយ»។

បឹង​តា​មោក ដើរ​តួនាទី​សំខាន់​ជា​​អាង​ស្តុក​ទឹកធម្មជាតិ និង​ជាទី​អាស្រ័យ​សម្រាប់​សត្វ​ស្លាប​ច្រើន​ប្រភេទ​។ បឹង​នេះ​ជា​បឹង​ធំ​ចុងក្រោយ​គេ​បង្អស់​របស់​ក្រុងភ្នំពេញ ដែល​មាន​ទំហំ​សរុប​ជាង​បី​ពាន់​ហិកតារ (៣.២៣៩​ហិកតារ ៧​អារ​) លាត​សន្ធឹង​លើ​សង្កាត់​ចំនួន​៦ នៃ​ខណ្ឌ​ព្រែក​ព្នៅ និង​ខណ្ឌ​សែន​សុខ​។ គេហទំព័រ​អង្គការ​សមាគម​ធាង​ត្នោត ចុះផ្សាយ​ថា រដ្ឋាភិបាល​បាន​កាត់​ផ្ទៃ​បឹង​តាមោក អស់​ជាង​ពាក់កណ្ដាល​(១.៦៦៩​ហិកតារ​) ហើយ គិត​ត្រឹម​ចុង​ឆ្នាំ​២០២១។

រដ្ឋាភិបាល​បាន​បែងចែក​កាត់​ដី​នេះ​ជា​ពី​ផ្នែក​គឺ កាត់​ទៅ​ឲ្យ​ស្ថាប័ន​សាធារណៈ និង​សម្រាប់​វិស័យ​ឯកជន​។ ការ​កាត់​ដី​បឹង សម្រាប់​ស្ថាប័ន​សាធារណៈ រដ្ឋាភិបាល​ផ្ដល់​ទៅ​ឲ្យ ក្រសួង ឬ​អង្គភាព​របស់​រដ្ឋ ចំនួន​១១​ស្ថាប័ន​ដើម្បី​សាងសង់​អគារ រួមមាន​ក្រសួងមហាផ្ទៃ សាលា​រាជធានី​ភ្នំពេញ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួង​យុត្តិធម៌ សាលា​រាជធានី ភ្នំពេញ និង​ក្រសួង​សុខាភិបាល​ជាដើម​។ ប៉ុន្តែ​ក្នុង​នោះ​ក្រសួង​មហាផ្ទៃ​ពេល​ទទួល​បាន​ដី​នេះ​មិន​បាន​សាងសង់​អគារ​ទេ តែ​យក​ដី​លក់ ដោយ​លើក​ហេតុផល​ថា យក​លុយ​នោះ​ទៅ​បង្គ្រប់​សម្រាប់​សាងសង់​ទីស្ដីការក្រសួង​មហាផ្ទៃ​នៅ​លើ​ទីតាំង​ចាស់​។ ចំណែក​វិស័យ​ឯកជន មាន​បុគ្គល​ចំនួន​២២​ទទួល​បាន​ដី​បឹង​ធម្មជាតិ​មួយ​នេះ​។​

ការ​កាត់​ដី​បឹង​ជាង​៤​ឆ្នាំ​មកនេះ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​កែប្រែ​ផ្ទៃ​បឹង​តា​មោក​ចំនួន ៤៣​លើក។

ជុំវិញ​បញ្ហា​នេះ​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា បុគ្គល​ដែល​ទទួល​បាន​ដី​នេះ​ព្រោះ​គេ​បាន​ទិញ​ដី​ម្ចាស់​ដើម ឬ​ទិញ​ត​គ្នា។ លោក​អះអាង​ថា មុន​ពេល​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​ផ្ដល់​ដី​ឲ្យ​បុគ្គល​ទាំងនោះ គឺ​ត្រូវ​ធ្វើ​តាម​ដំណាក់កាល និង​មាន​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋ​វាយតម្លៃ​ពី​ផល​ប៉ះពាល់​ត្រឹមត្រូវ​។ ទោះ​យ៉ាងណា លោក​ថា លោក​មិនបាន​ដឹង​ថា ការ​កាត់​ដី​នេះ​បង្ក​ឲ្យ​មាន​ការ​បណ្ដេញ​ពលរដ្ឋ​ចេញពី​លំនៅឋាន​នោះ​ទេ៖ «ការទិញ​ដូរ​គេ​ទិញ​ពី​ប្រជាពលរដ្ឋ​ដំណាក់កាល​ទី​១ ដល់​ដំណាក់កាល​ទី​២ គេ​សុំ​ឆ្វៀល​ពាក្យ​បច្ចេកទេស​ហៅ​ប្រធាន​កម្ម​ពី​រាជរដ្ឋាភិបាល បាន​គេ​ផ្ដល់​សិទ្ធិ​ដី​ឆ្វៀល​ហ្នឹង​ជា​សិទ្ធិ​សម្រាប់​តែ​អាស្រ័យ​ផល»។

ទាក់ទង ការ​លើកឡើង​របស់ ផៃ ស៊ីផាន បែប​នេះ ប្រធាន​គម្រោង​សិទ្ធិ​លំនៅឋាន និង​ស្រាវជ្រាវ​នៃ​អង្គការ​សមាគម​ធាងត្នោត លោក ស៊ាង មួយ​ឡៃ និយាយ​ថា ផ្ទៃ​បឹង​នេះ​គួរ​រក្សាទុក​ដើម្បី​បម្រើ​ប្រយោជន៍​សាធារណៈ។ លោក​បន្ត​ទៀត​ថា ការ​កាត់​ដី​បឹង​នេះ​កំពុង​បង្កើត​ភាព​អយុត្តិធម៌​ដោយ​ពលរដ្ឋ​ក្រីក្រ​រស់នៅ​មាត់បឹង​ជាង​២០០​គ្រួសារ​ប្រឈម​ការ​បណ្ដេញ ប៉ុន្តែ ក្រុម​ឈ្មួញ​និង​ក្រុម​មន្ត្រី​បែរជា​ត្រូវ​បាន​រដ្ឋាភិបាល​កាត់​ដី​នៅ​កណ្ដាល​បឹង​ឲ្យ​ពួកគេ​ទៅវិញ​។ លោក​បន្ត​ទៀត​ថា ការ​កាត់​ដី​បឹង​ឲ្យ​បុគ្គល​មួយ​ចំនួន ក្រោម​ហេតុផល​ថា ពួកគេ​កាន់កាប់​ដី​នោះ ក៏​មិន​ត្រឹមត្រូវ​តាមច្បាប់​ដែរ៖ «កន្លែង​ហ្នឹង​ខ្ញុំ​គិតថា ពេលខ្លះ​អត់​សម​ទំនង ផ្ទៃ​ទឹក​មាន​ជម្រៅ​ពីរ​បី​ម៉ែត្រ ហើយ​មាន​ទឹក​ជាប្រចាំ​មិនគួរ​ណា​មាន​មនុស្ស​កាន់កាប់​ទេ ហើយ​អនុញ្ញាត​ឲ្យ​កាន់កាប់​មានតែ​ជា​រឿង​ខុសច្បាប់ ហើយ​បើ​រឿង​កាន់កាប់​ខុសច្បាប់​ទោះបី​យើង​កាន់​រយៈ​ប៉ុន្មាន​ក៏​យើង​អត់​អាច​ក្លាយទៅជា​កម្មសិទ្ធិ​បាន​ដែរ»។

របាយការណ៍​របស់​អង្គការ​សមាគម​ធាងត្នោត ឲ្យ​ដឹង​ថា មាន​ពលរដ្ឋ​ក្រីក្រ​ជិត​៣០០​គ្រួសារ កំពុង​រស់នៅ និង​អាស្រ័យ​ផល​នៅ​នឹង​បឹង​តាមោក។ ពួកគេ​ភាគច្រើន​ប្រកបមុខរបរ​នេសាទ ចិញ្ចឹម​ត្រី ដាំ​ឈូក ដក​ព្រលិត បេះ​ត្រកួន ធ្វើស្រែ​ចម្ការ និង​លក់ដូរ​តាម​ផ្ទះ​តិចតួច។ ក្រៅពី​មនុស្ស​ហើយ​នោះ បឹង​នេះ​ក៏​មាន​ត្រី និង​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​រស់​នៅ។

អ្នក​ធ្វើ​ការងារ​ផ្នែក​បរិស្ថាន បារម្ភ​ថា ការ​បន្ត​លុប​បឹង​តាមោក បង្ក​ផល​ប៉ះពាល់ ដល់​បរិស្ថាន ជីវចម្រុះ និង​បង្ក​ឲ្យ​មានការ​រំលោភ​សិទ្ធិមនុស្ស​ជាដើម។

រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម លោក លឹម គានហោ ធ្លាប់​ព្រមាន​ថា ការ​ចាក់​ដី​លុប និង​ការ​សាងសង់​បិទផ្លូវ​ទឹក​នានា​នឹង​បង្ក​ជា​គ្រោះមហន្តរាយ​ជា​ទឹកជំនន់ ឬ​ទឹក​លិច​ក្រុង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។