សង្គម​ស៊ីវិល​រិះគន់​ថា ​ ការ​ណ៍​ដែល​លោក ហ៊ុន សែន ​ស្ដីបន្ទោស​រដ្ឋមន្ត្រី ​ករណី​ពុល​​​ស្លាប់​នៅ​ក្រចេះ​ គឺ​គ្រាន់​តែ​ជា​ការ​លួង​ចិត្ត​ពលរដ្ឋ

0:00 / 0:00

អង្គការ​សង្គម​ស៊ីវិល​រិះគន់​លោក​ ហ៊ុន សែន​ ករណី​ដែល​បាន​​ស្ដីបន្ទោស​ឲ្យ​រដ្ឋមន្ត្រី​ចំនួន ៣រូប ដែល​​ចេញ​របាយការណ៍ រឿង​ពុល​​​ស្លាប់​មនុស្ស​ជា​ច្រើន​នាក់​នៅ​ស្រុក​ចិត្របុរី ​ខេត្ត​ក្រចេះ​ ដែល​មិន​ស៊ីចង្វាក់គ្នា​នោះ ថា​គ្រាន់តែ​ជា​ការ​ផ្គាប់ចិត្ត​ប្រជាពលរដ្ឋ​ ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​ខឹង​នឹង​​របប​ក្រុង​ភ្នំពេញ​ប៉ុណ្ណោះ។ មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​​ថា ​​​របប​ក្រុង​ភ្នំពេញ​គួរតែ​ដក​តំណែង​ពី​​រដ្ឋមន្ត្រី​ទាំង​នោះ​ចេញ​​​ដើម្បី​ជា​ការ​ទទួល​ខុសត្រូវ​ដល់​​អ្នក​ដែល​បាន​​ស្លាប់​។

នាយករដ្ឋមន្ត្រី​ហ៊ុន សែន សម្ដែង​ការ​ខឹង​សម្បា​​នឹង​រដ្ឋ​មន្ត្រី​​ក្រសួង​ចំនួន​៣ រួម​មាន​ក្រសួង សុខាភិបាល ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម។ លោក​ហ៊ុន សែន​ស្ដី​បន្ទោស​ក្រសួង​ទាំង​នេះ នៅ​ក្នុង​កិច្ច​ប្រជុំ​ នៅ​ទី​ស្ដី​ការ​គណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ឧសភា​ថា​ មន្ត្រី​ក្រសួង​​ផ្ដល់​របាយការណ៍​ ដល់​លោក​យឺតយ៉ាវ ដែល​​ធ្វើ​ឲ្យ​​របប​លោក​អាម៉ាស់មុខ៖ «ហេតុ​អ្វី​បាន​ជា​ចាំបាច់​មាន​ការ​អត្ថាធិប្បាយ ដែល​បង្កើត​ឲ្យ​មាន​ទៅ​ជា​ជម្លោះ រវាង​រដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី នៅ​ក្នុង​ស្ថាប័ន​រាជរដ្ឋាភិបាល ក្នុង​ពេល​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​មិន​បាន​ដឹង។ រាយការណ៍​ឲ្យ​នាយករដ្ឋមន្ត្រី ក៏​ប៉ុន្តែ​មិន​ទាន់​ទាំង​ដល់​នាយករដ្ឋមន្ត្រី ខ្លួន​រាយការណ៍​ឲ្យ​អ្នក​កាសែត​បាត់​ទៅ​ហើយ

ករណី​ពុល​ទឹក​ព្រែក​ទេរ នៅ​ខេត្ត​ក្រចេះ កាល​ពី​ដើម​ខែ​ឧសភា ឆ្នាំ​២០១៨ ​បណ្ដាល​ឲ្យ​អ្នកភូមិ ចំនួន​១៨​នាក់​ស្លាប់ និង​ធ្លាក់ខ្លួន​ឈឺ​ជិត​៣០០​នាក់។ ក្រោយ​ករណី​កើត​ឡើង​ភ្លាម ក្រសួង​សុខាភិបាល ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ភ្លាម​ថា មូលហេតុ​បណ្ដាល​ឲ្យ​ពលរដ្ឋ​ពុល​ស្លាប់ និង​ឈឺ​នោះ គឺ​មក​ពី​ស្រា​ស​ផង និង​មក​ពី​ទឹក​ព្រែក​ទេរ និង​អូរ​គគីរ មាន​សារធាតុ​គីមី​ថ្នាំ​សម្លាប់​ស្មៅ និង​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ផង។ ប៉ុន្តែ​ក្រោយ​មក រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក ចម ប្រសិទ្ធ មាន​ព័ត៌មាន​ផ្សេង​ពី​នេះ ដោយ​លោក​ប្រាប់​អ្នក​សារព័ត៌មាន​ថា ការ​ពុល​នោះ​ កើត​ចេញពី​សារធាតុ​គីមី​ម្យ៉ាង​ឈ្មោះថា “ហ្សានីត” ដែល​ជា​កាក​សំណល់​អាជីវកម្ម​រុករក​រ៉ែ​មាស នៅ​ប៉ែក​ខាងលើ​នៃ​ព្រែក​ទេរ ដែល​មាន​ព្រំប្រទល់​រវាង​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​ក្រចេះ។ ក្រោយ​ការ​អះអាង​របស់​លោក ចម ប្រសិទ្ធ បែប​នេះ​ភ្លាម រដ្ឋមន្ត្រី​ក្រសួង​មួយ​ទៀត គឺ​រដ្ឋមន្ត្រី​​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម ឯណោះ ចេញ​មក​បដិសេធ​ភ្លាម។ លោក ស៊ុយ សែម អះអាង​ថា ករណី​ពុល​ស្លាប់​របស់​ពលរដ្ឋ​ទាំង​នោះ ពុំ​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​សារធាតុ ហ្សានីត​ ដូច​ការ​អះអាង​របស់​លោក ចម ប្រសិទ្ធ​នោះ​ទេ។ លោក ស៊ុយ សែម អះអាង​ ស្រប​គ្នា​មួយ​ចំណុច​ទៅ​នឹង​ជំហរ​របស់​ក្រសួង​សុខាភិបាល ដែល​ថា​ការ​ពុល​ស្លាប់​នៅ​ខេត្ត​ក្រចេះ​កន្លង​មក គឺ​បណ្ដាល​មក​ពី​ពុល​ថ្នាំ​សម្លាប់​សត្វល្អិត ថ្នាំ​សម្លាប់​ស្មៅ ​ដែល​គេ​បោះ​ចោល​នៅ​មាត់​ស្ទឹង និង​មាត់​ព្រែក​ក្បែរៗ ប្រភព​ទឹក​ប្រើប្រាស់​នោះ។

ការ​ផ្ដល់​ព័ត៌មាន​មិន​ស៊ី​សង្វាក់​គ្នា​បែប​នេះ ធ្វើ​ឲ្យ​លោក​ ហ៊ុន សែន មិន​សប្បាយ​ចិត្ត​ទៅ​នឹង​រដ្ឋមន្ត្រី​ ចម ប្រសិទ្ធ​ ដែល​ហ៊ាន​ប្រាប់​អ្នក​សារព័ត៌មាន មុន​រាយការណ៍​ឲ្យ​លោក​ដឹង​មុន​ដូច្នេះ។ លោក​ថែម​ទាំង​ធ្លោយ​ឲ្យ​ដឹង​ថា កន្លង​មក​លោក​បាន​បណ្ដេញ​រដ្ឋមន្ត្រី​មួយ​ចំនួន ចេញ​ពី​រដ្ឋាភិបាល ក៏​ដោយសារ​តែ​លោក​ធុញ​ទ្រាន់​នឹង​អ្វី​ដែល​លោក​អះអាង​ថា ជា​ការ​និយាយ​ស្ដី​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​បែប​នេះ។ លោក​ចាត់​ទុក​ការ​និយាយ​មិន​ស៊ី​សង្វាក់​គ្នា ក្នុង​ជួរ​រដ្ឋមន្ត្រី​របស់​លោក​បែប​នេះ​ថា ជា​ការ​​វាយ​គ្នា​ឯង​ក្នុង​ជួរ​បក្ស ស្រប​ពេល​ដែល​អស់​ខ្មាំង​វាយ។

ទោះ​ជា​លោក ហ៊ុន សែន មិន​បញ្ជាក់​ថា “ខ្មាំង” នោះ​ជា​នរណា​ក៏ដោយ ក៏​គេ​អាច​កាត់​យល់​បាន​ថា គឺ​គ្មាន​នរណា​ក្រៅ​ពី​គណបក្ស​ប្រឆាំង ដែល​របប​លោក​បាន​រម្លាយ​បាត់​ហើយ​នោះ​ទេ។

មិន​ត្រឹមតែ​មិន​សប្បាយ​ចិត្ត​ទេ លោក ហ៊ុន សែន ថែម​ទាំង​ព្រមាន​ចង់​ដក​រដ្ឋមន្ត្រី​ចេញ​ពី​ដំណែង​ថែមទៀត​ផង។ មុន​ការ​ព្រមាន​ចង់​ដក​ដំណែង​រដ្ឋមន្ត្រី​នេះ តែ​មួយ​ថ្ងៃ ​ក្រសួងសុខាភិបាល​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​ក្រសួង​រ៉ែ និង​ថាមពល ទាំង​បី​ស្ថាប័ន​នេះ បាន​ចេញ​សេចក្ដី​ប្រកាស​រួម​គ្នា​មួយ​ ​នៅ​ថ្ងៃ​ទី​២៤ ឧសភា​ថា ការ​ពុល​ទឹក​នៅ​ភូមិ​ស្រែ​នន និង​ភូមិ​អាលច ឃុំ​កន្ទួត ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ បណ្ដាល​មក​ពី​ស្រា​ស ដែល​មាន​លក់ ឬ​ផលិត​នៅ​ក្នុង​មូលដ្ឋាន ​ដែល​មាន​សារធាតុ​មេតាណុល​កម្រិត​ខ្ពស់ និង​ទឹក​ព្រែក​ទេរ និង​អូរ​គគីរ មាន​សារធាតុ​គីមី មាន​កំហាប់​ខ្ពស់ ដែល​បណ្ដាល​មក​ពី​ថ្នាំ​សម្លាប់​ស្មៅ និង​ថ្នាំ​សម្លាប់​សត្វល្អិត។ ក្រសួង​ទាំង​នេះ​ថា​​ នឹង​​សហការ​គ្នា​ដើម្បី​បង្ការ​ទប់ស្កាត់ និង​ជៀស​វាង​នូវ​បញ្ហា​ ដែល​កើត​ឡើង​ដោយ​យថាហេតុ។

នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ មានប្រសាសន៍​ថា​ រឿង​នេះ​បាន​ប៉ះពាល់​ខ្លាំង​ដល់​អាយុ​ជីវិត និង​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ។​ ដូច្នេះ​​ត្រឹមតែ​តែ​ស្ដី​បន្ទោស​តែ​មួយ​មុខ ​មិន​ទាន់​គ្រប់គ្រាន់​នោះ​ឡើយ៖ «ការ​រិះ​គន់​ពី​ថ្នាក់​លើ​ទៅ​ថ្នាក់​ក្រោម​ជា​ពិសេស ​ពី​នាយករដ្ឋមន្ត្រី​គ្រាន់​តែ​ជា​របៀប​មួយ ​រំងាប់​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​ ឬ​រំងាប់​អារម្មណ៍​ របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទេ​។ បើ​សិន​ជា​នាយករដ្ឋមន្ត្រី​ យល់​ថា​ក្រសួង​ទាំង​នោះ​ ធ្វើ​មិន​កើត​នាយក​រដ្ឋមន្ត្រី​ មាន​សិទ្ធិ​រុះរើ​ក្បាល​ម៉ាស៊ីន​ របស់​ក្រសួង​នឹង​​បាន​តើ»។

លោក សន ជ័យ ថ្លែង​ថា ប្រជាពលរដ្ឋ​នឹង​មិន​អាច​ទទួល​យក​បាន​ទេ ចំពោះ​របាយការណ៍​ចុង​ក្រោយ​ របស់​ក្រសួង​ទាំង​ ៣នេះ ដែល​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ទៅ​លើ​ការ​ពុល​ស្រា​ស​ ខណៈ​ពលរដ្ឋ​មួយ​ចំនួន​ភ័យ​រហូត​រត់​ចោល​​ផ្ទះ​សម្បែង​ថែម​ទៀត​ផង។ លោក សន ជ័យ​ អះអាង​ថា រឿង​ដែល​សំខាន់ គឺ​ការ​ផ្ដល់​ការ​ជឿ​ទុកចិត្ត​ដល់​ប្រជាពលរដ្ឋ ដោយ​រៀប​ចំ​ការ​ឆ្លើយតប​ឲ្យ​បាន​ទាន់​ពេល ហើយ​រក​អ្នក​ទទួល​ខុស​ត្រូវ​ឲ្យ​បាន​ជាក់លាក់៖ «ក្រសួង​៣​និយាយ​ខុស​គ្នា​ ហើយ​ឥឡូវ​នឹង​មាន​សមត្ថកិច្ច​ខាង​ក្រសួង​បរិស្ថាន​មួយ​ចូលរួម​ទៀត​ដូច្នេះ​មាន​ក្រសួង​៤ហើយ​ធ្វើ​នៅ​លើ​រឿង​តែ​មួយ​ ហើយ​ខ្ញុំ​សុំ​ឲ្យ​មាន​ការ​បង្ហាញ​ឲ្យ​មាន​ភាព​ច្បាស់​លាស់​ជាង​នឹង​ជៀសវាង​​កុំ​ឲ្យ​គេ​និយាយ​ថា​គ្នា​ច្រើន​អន្សម​​ខ្លោច​នោះ»។

ចំណែក​សកម្មជន​បរិស្ថាន​ជនជាតិ​អេស្ប៉ាញ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alexandro Gonzales Davidson) ចាត់​ទុក​សម្ដី​របស់​មេ​ដឹកនាំ​របប​ក្រុងភ្នំពេញ​នេះ​ថា ​គ្រាន់​តែ​ជា​ការ​ធ្វើ​ឲ្យ​តែ​ពីរោះ​ស្ដាប់​ប៉ុណ្ណោះ ព្រោះ​រដ្ឋមន្ត្រី​ទាំង​៣រូប​នោះ ​មាន​កំហុស​ធំធេង​ណាស់​ ចំពោះ​ប្រជាពលរដ្ឋ​​ ដូច្នេះ​​ដើម្បី​ទទួលខុស​ត្រូវ​ មិន​ត្រឹម​តែ​ដក​ហូត​ពួក​គាត់​ពី​មុខ​តំណែង​នោះ​ទេ គឺ​ត្រូវ​ផ្ដន្ទាទោស​ ពួកគាត់​តាម​ច្បាប់​ថែម​ទៀត​ទើប​ត្រឹមត្រូវ៖ «ព្រោះ​រឿង​នឹង​កើត​ឡើង​ដោយសារ​អសមត្ថភាព​ផង​ រឿង​ទី​២អសកម្មភាព​បណ្ដោយ​ឲ្យ​ក្រុម​ហ៊ុន​ធ្វើ​អី​តាម​អំពើ​ចិត្ត​ហើយ​មួយ​ទៀត​រឿង​នឹង​កើត​ឡើង​ដោយសារ​មាន​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ​នៅ​ក្នុង​ក្រសួង​ទាំង​នោះ​។ដូច្នោះ​ក្រៅ​ពី​រឿង​នឹង​ត្រូវ​ផ្ដន្ទាទោស​លើ​បុគ្គល​ពាក់ព័ន្ធ​ ដើម្បី​ជៀសវាង​កុំ​ឲ្យ​កើត​ឡើង​ជា​លើក​ទី​២»។

លោក អាឡិច នៅតែ​មាន​មន្ទិល​សង្ស័យ អំពី​ភាព​មិន​ច្បាស់​លាស់​ ក្នុង​ការ​ពិសោធន៍​រក​សារធាតុ​ពុល។ លោក​បន្ត​ថា រហូត​មក​ទល់​ពេលនេះ​សមត្ថកិច្ច​នៅ​មិនទាន់​បើក​ការ​ស៊ើប​អង្កេត​ស៊ី​ជ្រៅ​មួយ​ ដើម្បី​ស្វែង​រកមុខ ស្ថាប័ន​ពាក់ព័ន្ធ​ទាំងឡាយ​ដែល​ធ្វេស​ប្រហែស​នាំ​ឲ្យ​មាន​ការ​ពុល​ទឹក​ដោយសារ​សារធាតុ​គីមី​នេះ​ មក​ទទួលខុសត្រូវ​តាម​ផ្លូវ​ច្បាប់​នៅ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។