បើទោះបីជាគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃ ប្រកាសចាត់វិធានការក្ដៅ ទប់ស្កាត់បទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅទូទាំងប្រទេសក្តី ក៏សកម្មជនបរិស្ថានអះអាងថា សកម្មភាពដឹកជញ្ជូនឈើមូលធំៗ តាមគោយន្តចេញពីតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៅតែកើតមានច្រើន គ្មានការអនុវត្តច្បាប់។
រីឯបទល្មើសព្រៃឈើនៅខេត្តពោធិ៍សាត់វិញ អ្នកឃ្លាំមើលបរិស្ថានឱ្យដឹងនៅថ្ងៃអាទិត្យទី៤ ខែសីហាថា រូបភាពដឹកជញ្ជូនឈើតាមគោយន្ត ចេញពីនៅតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ឆ្លងកាត់ទីស្នាក់ការបរិស្ថាន និងប៉ុស្តិ៍សមត្ថកិច្ចចម្រុះ នៅតែកើតមានទាំងយប់ និងថ្ងៃ គ្មានការបង្ក្រាប។
ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ លោក ជា ហ៊ាន ដែលអង្កេតរឿងនេះឱ្យដឹងថា ក្នុងមួយថ្ងៃៗយ៉ាងហោចណាស់ មានគោយន្ត ២០គ្រឿងដឹកជញ្ជូនឈើមូលប្រភេទសុក្រំ ផ្ចឹក ឈើទាល និងម្រេញ ចេញពីតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល។ លោកថា ក្រុមកម្មករដែលពួកគេមិនស្គាល់អត្តសញ្ញាណទាំងនោះ បានដឹកឈើតាមគោយន្តម្ដងមួយៗ តាមផ្លូវលេខ៤៤ ឆ្លងកាត់ភូមិជាំ ឆ្ពោះទៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ៖ «លក្ខណៈរថយន្តប៉ាកុងអត់មានទេ បច្ចុប្បន្នដឹកតាមរយៈគោយន្ត មួយផ្នែកទៀត នៅឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាលក៏មានការដឹកដែរចេញតាមផ្លូវ៤៤ ចាប់ពីជាំ រហូតដល់ក្រុងច្បារមន។ មិនចេញម្ដងទាំងខ្សែទេ គឺចេញម្ដងមួយ បើយើងសរុបទៅ យ៉ាងតិចជាង ២០គោយន្តដែរក្នុងមួយថ្ងៃ»។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមថា ឈើមូលដែលក្រុមកម្មករដឹកជញ្ជូន មានមុខកាត់ចាប់ពី ៥តឹកឡើងទៅ ប្រវែង ៣ម៉ែត្រកន្លះ ដល់ ៤ម៉ែត្រកន្លះ គឺគេកាប់នៅតាមជម្រាលភ្នំ និងជ្រលងជ្រោះ ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។ លោកបញ្ជាក់ថា ដើមឈើមានតម្លៃធំៗដែលដុះនៅតំបន់ទំនាប ត្រូវគេកាប់បំផ្លាញអស់ទាំងស្រុងជាយូរមកហើយ ហើយបច្ចុប្បន្ននៅសល់តែឈើដុះតាមជ្រលងភ្នំ និងតំបន់ជ្រោះប៉ុណ្ណោះ៖ «នៅតំបន់ជ្រោះតំបន់វាលរាប់អស់មានឈើដែរត្រូវកាប់ហើយ មានតែតំបន់ជ្រោះជ្រលងភ្នំមានទឹកជ្រោះនៅមួយៗ។ តាមជំនាញបើជំនាញបរិស្ថាន និងរដ្ឋបាលព្រៃឈើគេយកច្រើន។ រីឯប៉ូលិស ប៉េអិម និងទាហានគេយកតិចៗទេ។ តែបើយើងមិនអនុវត្តច្បាប់ទេ អនុវត្តតែប្រព្រឹត្តបទល្មើស កាប់ និងដឹកជញ្ជូនឈើ ដល់អ្នកប្រព្រឹត្តពុករលួយអត់អនុវត្តបទល្មើសអត់ថយទេនៅតែដដែល»។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ លោក អេង ហ៊ី ជំរុញឱ្យសកម្មជនបរិស្ថាន ផ្តល់ដំណឹង ពីបទល្មើសព្រៃឈើទាំងនេះ ទៅអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចដែលឈរជើងនៅតំបន់នោះផ្ទាល់។ លោកអះអាងថា ក្រោយពីគណៈកម្មការជាតិចុះបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ សកម្មភាពដឹកជញ្ជូនឈើស្ងប់ស្ងាត់គ្រប់តំបន់៖ «ការលើកឡើងជាសិទ្ធិរបស់គាត់ មតិរបស់គាត់ ក៏ប៉ុន្តែគណៈកម្មការឱ្យតែមានគឺបង្ក្រាបហើយ សព្វថ្ងៃនេះក៏បានរាយការណ៍មកថា បានស្ងប់ស្ងាត់។ សូមឱ្យគាត់ប្តឹងទៅកន្លែងមូលដ្ឋាន ពេលឃើញប្ដឹងភ្លាមទៅ»។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ធ្លាប់អះអាងថា ក្រសួងកំពុងខំពង្រឹងយន្តការទប់ទល់បទល្មើសព្រៃឈើឱ្យបានល្អ ដោយត្រូវបន្ថែមកម្លាំងឈរជើង និងការដើរល្បាត ព្រមទាំងសហការជាមួយអង្គការសង្គមស៊ីវិល ចូលរួមគាំពារអភិរក្សធនធានធម្មជាតិ និងជីវចម្រុះនៅតំបន់ឧទ្យានជាតិ និងព្រៃការពារធម្មជាតិ។ លោកអំពាវនាវឱ្យពលរដ្ឋចូលរួម ទប់ស្កាត់បទល្មើសព្រៃឈើ ដោយត្រូវផ្តល់ព័ត៌មានមកសមត្ថកិច្ច និងមន្ត្រីជំនាញ ដើម្បីចាត់វិធានការ។
សកម្មជនបរិស្ថានបន្ថែមថា ក្រុមអ្នកកាប់ឈើ និងឈ្មួញបានប្រើអំណាចទឹកលុយជាច្រើន សូកប៉ាន់មន្ត្រីជំនាញពាក់ព័ន្ធ ដែលឈរជើងការពារព្រៃឈើនៅតំបន់នោះ ជាថ្នូរដឹកជញ្ជូនឈើគ្មានការរារាំង។ ពួកគេបារម្ភថា ប្រសិនបើក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ មិនលុបបំបាត់បទល្មើសព្រៃឈើ និងអំពើពុករលួយនោះទេ ដើមឈើធំៗបន្សល់ចុងក្រោយ ដែលដុះតាមជម្រាលភ្នំ និងតំបន់ជ្រោះ ជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ នឹងបាត់បង់ទាំងស្រុងនៅរយៈពេលយ៉ាងយូរ ៣ឆ្នាំទៀត។
តំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល និងជួរភ្នំក្រវាញខាងត្បូង លាតសន្ធឹងជាប់ទឹកដីខេត្តពោធិ៍សាត់ កំពង់ស្ពឺ និងខេត្តកោះកុង ជាតំបន់ការពារដោយព្រះរាជ្យក្រឹត្យ និងអនុក្រឹត្យរបស់រដ្ឋាភិបាល មានផ្ទៃដីជាង ៨សែនហិកតារ។ តំបន់អភិរក្សនេះ មានមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថានជាង ៧០នាក់ ដែលឈរជើងទប់ស្កាត់បទល្មើសព្រៃឈើ និងជីវចម្រុះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។