មន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន និងសមត្ថកិច្ចខេត្តកំពង់ស្ពឺ រឹបអូសឈើមូលជាង ៣រយ (៣៣៩) កំណាត់ ដែលមានមុខកាត់ ៥តឹកឡើងទៅ មករក្សាទុកនៅទីស្នាក់ការបរិស្ថានក្នុងស្រុកឱរ៉ាល់។ សកម្មជនបរិស្ថានអះអាងថា ឈើទាំងនោះ ត្រូវបានក្រុមជនល្មើសប្រមូលចេញពីតំបន់ឧទ្យានជាតិភ្នំក្រវាញកណ្ដាល ដែលដុះតាមជម្រាលភ្នំ និងតំបន់ជ្រោះ ដែលជាឈើកម្រសល់ចុងក្រោយនៅកម្ពុជា។
សកម្មជនបរិស្ថានអះអាងថា ពួកគេបានរកឃើញទីតាំងស្តុកឈើ ៣កន្លែងផ្សេងគ្នា ឋិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងបានផ្តល់ដំណឹងទៅមន្ត្រីបរិស្ថាន ដែលឈរជើងតំបន់នោះឃាត់ចាប់ និងរឹបអូសមករក្សាទុកនៅទីស្នាក់ការបរិស្ថាននៅថ្ងៃទី១៥ មិថុនា។ ឈើទាំងនោះភាគច្រើន ជាប្រភេទឈើ សុក្រំ និងរកា មានមុខកាត់កន្លះម៉ែត្រ រហូតដល់ជិត ១ម៉ែត្រ ប្រវែងចាប់ពី ៣ម៉ែត្រកន្លះ ដល់ ៤ម៉ែត្រ។
ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ លោក ជា ហ៊ាន ដែលអង្កេតរឿងនេះ ឱ្យដឹងថា ឈើទាំងនោះ ក្រុមឈ្មួញបានកាប់រំលំ និងដឹកជញ្ជូនចេញពីតំបន់ឧទ្យានជាតិភ្នំក្រវាញកណ្ដាល មកលាក់ទុកក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ មានចម្ងាយជាង ៥០គីឡូម៉ែត្រ ពីទីតាំងស្តុកឈើ និងកន្លែងដែលពួកគេអាររំលំ។ លោកថា ប្រតិបត្តិការបង្ក្រាបនេះសមត្ថកិច្ចរឹបអូសបាន ម៉ាស៊ីនកែច្នៃឈើមួយគ្រឿង និងត្រង់សឺន័រមួយគ្រឿង រីឯជនល្មើសបានគេចខ្លួន៖ «ប៉ុន្តែយើងមិនទាន់បានកំណត់តើមេឈ្មួញជាមុខសញ្ញានរណា ព្រោះមកដល់ពេលនេះ ទីតាំងឈើយើងឃើញឈើ ម៉ាស៊ីនត្រង់សឺន័រហើយនិង ម៉ាស៊ីនដែលកំពុងធ្វើសកម្មភាព ជនល្មើសត្រូវបានគេចខ្លួន។ ប្រសិនបើយើងមិនរួមគ្នាថែរក្សាព្រៃឈើទេ ៥ឆ្នាំទៀតនឹងរលាយហើយឈើនៅតំបន់អភិរក្ស»។
សកម្មជនបរិស្ថានរូបនេះបន្ថែមថា បច្ចុប្បន្នតំបន់ឧទ្យានជាតិភ្នំក្រវាញ នៅសេសសល់ឈើកម្រធំៗ ដុះចេញតាមជម្រាលភ្នំ និងតំបន់ជ្រោះ ដែលទាក់ទាញភ្ញៀវទេសចរ កំពុងទទួលរងការកាប់រំលំធ្វើអាជីវកម្មយ៉ាងខ្លាំងក្លា។ រីឯអ្នកមានអំណាចមួយចំនួន បានជួលពលរដ្ឋកាប់ និងដឹកជញ្ជូនឈើលក់ឱ្យខ្លួនតាមរថយន្តប៉ាកុង និងគោយន្ត៖ «ជាប់ព្រំប្រទល់គ្នារវៀងខេត្តកំពង់ស្ពឺ កោះកុង និងខេត្តពោធិ៍សាត់ អ៊ីចឹងអាជ្ញាធរបានទម្លាក់កំហុសលើគ្នាទៅវិញទៅមក ក៏មានការសោកស្ដាយចំពោះមន្ត្រីឧទ្យានុរក្ស បរិស្ថានឬកងកម្លាំងមួយចំនួនទៀត អសមត្ថភាពក្នុងការគ្រប់គ្រងព្រៃឈើក្នុងតំបន់ជួរភ្នំក្រវាញ ដែលជាតំបន់អភិរក្ស»។
អាស៊ីសេរីបានទាក់ទង អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា ដើម្បីសុំការអធិប្បាយបន្ថែមជុំវិញ ការបង្ក្រាបបទល្មើសព្រៃឈើនេះ តែទូរស័ព្ទហៅចូលគ្មានអ្នកទទួលនៅថ្ងៃទី១៥ មិថុនា។
ចំណែកអនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ លោក នៅ ណាក់ បញ្ជាក់យ៉ាងខ្លីថា មន្ត្រីជំនាញកំពុងប្រមូលឈើទាំងនោះ រក្សាទុកនៅស្នាក់ការបរិស្ថានក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងត្រៀមបញ្ជូនសំណុំរឿងទៅតុលាការ ដើម្បីស៊ើបអង្កេតរកអ្នកពាក់ព័ន្ធ។ លោកបដិសេធមិនបញ្ជាក់លម្អិតថា ឈើទាំងនោះមានប៉ុន្មានម៉ែត្រគូបទេ៖ «ខ្ញុំកំពុងបង្ក្រាបតែអត់ទាន់ដឹងចំនួនច្បាស់លាស់នៅឡើយ បូកសរុបហើយចាំរាយការណ៍ជូនបងវិញ តែយើងកសាងសំណុំរឿងបញ្ជូនទៅតុលាការ»។
លោក ជា ហ៊ាន មន្ទិលថា ឈើដែលឈ្មួញដឹកជញ្ជូនពីតំបន់ឧទ្យានជាតិភ្នំក្រវាញ មកកាន់កន្លែងស្តុកឈើ មានចម្ងាយរាប់សិបគីឡូម៉ែត្រ ហេតុអ្វីសមត្ថកិច្ចចម្រុះ និងមន្ត្រីឧទ្យានុរក្សនៅតំបន់នោះមើលមិនឃើញ? លោកថា សកម្មភាពកាប់ឈើធំៗនៅតំបន់ជ្រលងភ្នំ និងជ្រោះ កំពុងមមាញឹកខ្លាំង ខណៈដែលមន្ត្រីអនុវត្តច្បាប់ដែលពង្រឹងកម្លាំងឈរជើងនៅតំបន់នោះ មិនបានរារាំង និងទប់ស្កាត់បទល្មើសគ្រប់ជ្រុងជ្រោយទេ ធ្វើឱ្យដើមឈើធំៗ ដែលដុះនៅតំបន់ខ្ពស់រាប និងជ្រលងភ្នំ ត្រូវគេអារឱ្យដួល យកឈើលក់នៅវៀតណាម និងក្នុងស្រុក។
តំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល និងជួរភ្នំក្រវ៉ាងខាងត្បូង លាតសន្ធឹងជាប់ទឹកដីខេត្តពោធិ៍សាត់ កំពង់ស្ពឺ និងខេត្តកោះកុង ជាតំបន់ការពារដោយព្រះរាជ្យក្រឹត្យ និងអនុក្រឹត្យរបស់រដ្ឋាភិបាល មានផ្ទៃដីជាង ៨សែនហិកតារ។ តំបន់អភិរក្សនេះ មានមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថានជាង ៧០នាក់ដែលឈរជើងទប់ស្កាត់បទល្មើសព្រៃឈើ និងជីវចម្រុះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។