សហគមន៍ខេត្តមណ្ឌលគិរីព្រួយបារម្ភ ពីចលនារុករាន ទន្ទ្រានព្រៃសាធារណៈរបស់រដ្ឋ និងព្រៃការពារធម្មជាតិ មកជាសម្បត្តិឯកជនកំពុងរីករាលដាលស្ទើរគ្រប់តំបន់នៅទូទាំងខេត្ត។ ជនជាតិដើមភាគតិចខ្លះ បានចេញមុខប្ដឹងឈ្មួញ ពីបទឈូសឆាយព្រៃសហគមន៍ខុសច្បាប់ មិនត្រូវបានអាជ្ញាធរស៊ើបអង្កេតនោះទេ ផ្ទុយទៅវិញពួកគាត់បានក្លាយជាជនរងគ្រោះ ដោយសារទទួលរងការគំរាមកំហែងពីសមត្ថកិច្ច និងអ្នកមានឥទ្ធិពល។
សហគមន៍ជនជាតិដើមភាគតិចសង្កេតឃើញថា រូបភាពនៃការកាប់រុករានទន្ទ្រានដីព្រៃស្រោងរបស់រដ្ឋ និងដីព្រៃសហគមន៍ មកធ្វើជាសម្បត្តិបុគ្គល បណ្ដាលមកពីការគ្រប់គ្រងរដ្ឋបាលឃុំ/សង្កាត់នៅតែមានកម្រិតខ្សោយ អំពើពុករលួយ ហើយ អាជ្ញាធរពាក់ព័ន្ធអសមត្ថភាពទប់ទល់បទល្មើសព្រៃឈើ។
សេចក្ដីរាយការណ៍ពីជនជាតិដើមភាគតិច ឱ្យដឹងថា កាលពីឆ្នាំ២០១៦ ជនជាតិដើមភាគតិច ១០នាក់ រស់នៅសង្កាត់សុខដុម ក្រុងសែនមនោរម្យ បានដាក់ពាក្យប្ដឹងបុគ្គលមានអំណាច ទៅតុលាការ និងអាជ្ញាធរ ពាក់ព័ន្ធករណី លួចធ្វើពាក្យស្នើសុំកាន់កាប់ដីធ្លីក្នុងតំបន់ព្រៃស្រោង ដែលជាកន្លែងជនជាតិដើមភាគតិចប្រមូលផលព្រៃឈើមានទំហំ ចិតសិបហិកតារ (៧០) តែគ្មានប្រសិទ្ធភាព។ រីឯឈ្មួញបែរជាប្ដឹង ពួកគាត់ទៅតុលាការវិញដោយចោទពលរដ្ឋថា មកកាន់កាប់លើដីឯកជនខុសច្បាប់។
សមាជិកបណ្ដាញសហគមន៍ជនជាតិដើមភាគតិចព្នង ខេត្តមណ្ឌលគិរី លោកស្រី ភ្លឹក ភិរម្យ ឱ្យដឹងនៅថ្ងៃទី២៩ ឧសភាថា ព្រៃសហគមន៍ទំហំពីរពាន់ហិកតារ (២.០០០) ឋិតក្នុងភូមិឡៅកា សង្កាត់សុខដុម ដែលអ្នកភូមិគ្រោងចុះបញ្ជីជាព្រៃសមូហភាព កំពុងទទួលរងការឈូសឆាយ ទន្ទ្រានយកដីជាកម្មសិទ្ធិ អស់រាប់រយហិកតារ បន្ទាប់ពីកាប់ចោះយកឈើមូលធំៗអស់។ លោកស្រីថា តំណាងពលរដ្ឋដែលងើបតវ៉ាទាមទារដីដែលអ្នកមានអំណាចទន្ទ្រានយក កំពុងជាប់បណ្ដឹងនៅតុលាការ ហើយថ្មីៗ នេះ តុលាការខេត្ត បានកោះហៅតំណាងពលរដ្ឋ ១០រូបទៅបំភ្លឺ ក្រោមពាក្យបណ្តឹងរបស់ឈ្មួញ៖ «អាងថា ពលរដ្ឋលក់ហ្នឹង អត់មានប្រាប់ពលរដ្ឋឱ្យដឹងពីច្បាប់អត់ដឹងពីសិទ្ធិអីទេ ស៊ីញេយកស៊ីញេយក ពលរដ្ឋលក់តាមអំពើចិត្ត រួចដណ្ដើមគ្នាលក់ ហើយអាខ្លះ ទិញអនាធិបតេយ្យ អត់ដឹងដីរដ្ឋជួយកាពារប្រទេសជាតិខ្លួនឯងទេ បំផ្លាញតែម្ដង។ គ្រប់ទីកន្លែងនៅក្នុងខេត្តមណ្ឌលគិរី»។
ស្ត្រីដដែលសង្កេតឃើញថា ថ្មីៗនេះទំហំដីព្រៃសហគមន៍ ៩០ហិកតារទៀត ឋិតក្នុងព្រៃដែលជនជាតិដើមភាគតិចអាស្រ័យផលបែបប្រពៃណី ត្រូវបានអ្នកមានអំណាចឃុបឃិតទន្ទ្រាន ធ្វើពាក្យស្នើសុំកាន់កាប់ដីធ្លី បម្លែងជាទ្រព្យឯកជន ដោយគ្មានការស៊ើបអង្កេត។ លើសពីនេះ តំបន់ព្រៃស្រោងស្ទើរគ្រប់កន្លែង ត្រូវគេបាញ់ថ្នាំ ពុះចែកគ្នាលក់ និងឈូសឆាយ បែបអនាធិបតេយ្យ៖ «៩០ហិកតារនេះដីព្រៃតែម្ដង ពុំមែនជាដីចម្ការរបស់ពលរដ្ឋទេ ដីហ្នឹងពលរដ្ឋដងជ័រដូចពួកខ្ញុំដែរ តែឮគាត់ព្រមលក់ដីព្រៃហ្នឹង ហើយអាជ្ញាធរហ្នឹងស៊ីញេឱ្យលក់ទៀតដីហ្នឹង»។
អ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី លោក សុក សេរ៉ា អះអាងថា មន្ត្រីពាក់ព័ន្ធ កំពុងប្រឹងប្រែងចុះទប់ស្កាត់ ការកាប់រុកទន្ទ្រានដីព្រៃរបស់រដ្ឋ ជារៀងរាល់ថ្ងៃ ហើយកាលពីសប្ដាហ៍ បានរុះរើលំនៅឋានពលរដ្ឋមួយចំនួន ដែលសង់លើដីអភិរក្សខុសច្បាប់។ ចំពោះសំណួរតើរដ្ឋបាលខេត្តមានវិធានការបែបណាពាក់ព័ន្ធករណីអាជ្ញាធរឃុំខ្លះ បានធ្វើពាក្យស្នើសុំកាន់កាប់ដីធ្លីក្នុងតំបន់ព្រៃស្រោងរបស់រដ្ឋ និងព្រៃអភិរក្ស អ្នកនាំពាក្យរូបនេះឆ្លើយថា អាជ្ញាធរមិនទាន់ទទួលដំណឹងនេះទេ ហើយលោកនឹងស្រាវជ្រាវរឿងនេះ ក្រោយពីទទួលព័ត៌មាននេះ៖ «ឯកឧត្ដមអភិបាលខេត្តលោកប្រជុំជារៀងរហូត ផែនការហ្នឹងរឹតបន្តឹងរហូត កន្លះខែប្រជុំម្ដង ជួនកាលមួយខែប្រជុំម្ដង ជាមួយក្រុមការងារបង្ក្រាបបទល្មើសធនធានធម្មជាតិ ក៏ដូចជា គណៈបញ្ជាការឯកភាព គឺដាក់បទបញ្ជារហូត យើងកំពុងបន្តធ្វើជារៀងរាល់ថ្ងៃ។ យើងមិនបន្ធូរដៃទេ»។
សហគមន៍ការពារព្រៃឈើខេត្តមណ្ឌលគិរី លោក ក្រើង តុលា ទទូចឱ្យក្រសួងមហាផ្ទៃ និងក្រសួងបរិស្ថានត្រូវពង្រឹងការអនុវត្តច្បាប់ភូមិបាល និងច្បាប់ព្រៃឈើឱ្យមានប្រសិទ្ធភាព ខណៈបច្ចុប្បន្នអាជ្ញាធរមូលដ្ឋានខ្លះ នៅតែជិះសេះលែងដៃ ឃុបឃិតធ្វើពាក្យស្នើសុំកាន់កាប់ដីធ្លី លើដីសាធារណៈរបស់រដ្ឋ និងដីព្រៃស្រោង ជាអំពើខុសច្បាប់៖ «ស្នើសុំពង្រឹងផ្នែករដ្ឋបាលអាជ្ញាធរមូលដ្ឋាន ដែលគ្រប់គ្រងដោយក្រសួងមហាផ្ទៃឱ្យពង្រឹង ឱ្យខ្លាំងឡើងវិញ កុំឱ្យធ្វេសប្រហែសដូចកន្លងមក តាំងពីឆ្នាំ២០០១ រហូតបច្ចុប្បន្នមានការលក់ដីស៊ីត្រួតគ្នា មានន័យថា អ្នកស៊ីញេដី ដូចជា មេភូមិ និងមេឃុំស៊ីញេ មិនដឹងថា ដីនៅកន្លែងណា។ អាហ្នឹងហើយខ្ញុំសំណូមពរឱ្យពង្រឹងផ្នែកច្បាប់ឱ្យស៊ីជម្រៅ»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តមណ្ឌលគិរី លោក អ៊ាង ម៉េងលី យល់ថា ក្តីបារម្ភរបស់សហគមន៍គឺជារឿងត្រឹមត្រូវ នៅគ្រាដែលសមាគមអាដហុកបានទទួលពាក្យបណ្ដឹងពីអ្នកភូមិជាច្រើនករណីនេះដែរពាក់ព័ន្ធ អាជ្ញាធរឃុបឃិតលក់ដីព្រៃសហគមន៍ និងព្រៃសាធារណៈរបស់ខុសច្បាប់ឱ្យឈ្មួញ។ លោកសង្កេតឃើញថា សន្ទុះដីឡើងថ្លៃ សកម្មភាពរុករានទន្ទ្រានព្រៃ ក៏កើតមានច្រើនដែរ រីឯការអនុវត្តច្បាប់នៅមានកម្រិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។