អ្នកភូមិស្រែគរ ស្រុកសេសាន ខែត្រស្ទឹងត្រែង នៅតែប្រទះឃើញការចរាចរណ៍ឈើទ្រង់ទ្រាយធំ ឆ្លងកាត់ទន្លេស្រែពក ក្នុងតំបន់បាតអាង នៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ បើទោះបីជា ទំនប់វារីអគ្គិសនីសេសានក្រោមពីរ ស្ថាបនារួចរាល់ហើយក្ដី។ ពួកគាត់ថា ក្រុមហ៊ុនសំអាតបាតអាងបានសាងសង់ស្ពានបណ្ដែតទឹកមួយ ឋិតនៅខាងក្រោមទំនប់ ទំនងជាបម្រើឲ្យការដឹកជញ្ជូនឈើខុសច្បាប់ឆ្លងទន្លេ ចូលក្នុងផ្ទៃអាង ដើម្បីបម្លែងជាឈើស្របច្បាប់។
អ្នកភូមិស្រែគរ និងកម្មករក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោមពីរ សង្ស័យថា ការស្ថាបនាស្ពានបណ្ដែតទឹករបស់ក្រុមហ៊ុនចិន កាលពីសប្ដាហ៍មុន ឋិតនៅខាងក្រោមទំនប់វារីអគ្គិសនីសេសានក្រោមពីរ ក្នុងបំណងដឹកជញ្ជូនឈើខុសច្បាប់ចេញពីផ្ទៃអាង ត្បិតការដឹកជញ្ជូនឈើលើខ្នងទំនប់ត្រូវបានក្រុមហ៊ុនចិនហាមឃាត់ដោយសារទំនប់សាងសង់រួចរាល់។
ពលរដ្ឋរស់នៅភូមិស្រែគរចាស់ ថ្លែងសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងនៅថ្ងៃទី១៨ តុលា ថា អ្នកភូមិនៅតែប្រទះឃើញការដឹកជញ្ជូនឈើមូលតាមទូកធំៗ ពីត្រើយម្ខាងនៃទន្លេស្រែពក ដោយមានរថយន្តយីឌុបធំៗ ចាំទទួលដឹកចេញក្រៅ។ លើសពីនេះ ក្នុងតំបន់បាតអាងក៏មានរោងម៉ាស៊ីនច្រៀកឈើមូលធំៗពីកន្លែង ត្រៀមអារច្រៀក។
កម្មករដែលធ្វើការនៅបាតអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ ថ្លែងសុំមិនបញ្ចេញឈ្មោះ ព្រោះបារម្ភពីសុវត្ថិភាពថា ឈ្មួញដែលមានងារជាឧកញ៉ា បានជួលក្រុមហ៊ុនចិនក្នុងទឹកប្រាក់ ១០ម៉ឺនដុល្លារ ដើម្បីស្ថាបនាស្ពានបណ្ឌិតទឹកចល័តមួយ ដែលមានលទ្ធភាពដឹកជញ្ជូនឈើរាប់សិនតោនឆ្លងកាត់ទន្លេស្រែពក។ លោកថា ក្នុងមួយថ្ងៃមានរថយន្តធំៗ ដឹកឈើឆ្លងកាត់ស្ពាននោះ ច្រើនគ្រឿង ដែលទំនងយកទៅក្រៅប្រទេស។
ផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ មានផ្ទៃដី ៣៦.០០០ហិកតារ ឋិតក្នុងស្រុកសេសាន ខែត្រស្ទឹងត្រែង ដែលមានក្រុមហ៊ុនឈ្មោះ អាំង អែន អាសូស៊ីអែត ឡយ័រ (Ang & Associate Lawyer Co., Ltd) របស់ឧកញ៉ា គិត ម៉េង ទទួលសិទ្ធិសម្អាតបាតអាងតាំងពីឆ្នាំ២០១២។
មេឃុំស្រែគរមកពីគណបក្សសង្គ្រោះជាតិ លោក សៀក មេគង្គ និយាយថា ឋានៈត្រឹមជា មេឃុំពុំមានអំណាចគ្រប់គ្រាន់ក្នុងការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំបាននោះទេ បានត្រឹមតែរាយការណ៍ទៅថ្នាក់លើ ហើយថ្នាក់លើឆ្លើយថា ក្រុមហ៊ុនសំអាតបាតមានអាជ្ញាប័ណ្ណត្រឹមត្រូវ។ លោកថា ការលើកឡើងរបស់ពលរដ្ឋគឺជាពិត ខណៈភាពមិនប្រក្រតីនៃអាជីវកម្មឈើនៅតំបន់នោះនៅតែជាក្ដីបារម្ភ។
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើនៃសមាគមអាដហុក (ADHOC) ខែត្រស្ទឹងត្រែង លោក ហូ សំអុល យល់ថា នៅគ្រាដែលទំនប់ស្ថាបនារួច ក្រុមហ៊ុនបាតអាងប្រហែលជាអស់លេស ដើម្បីបន្លំឈើពីក្រៅចូលផ្ទៃអាង ដើម្បីបម្លែងជាឈើស្របច្បាប់នោះទេ ហេតុនេះស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខែត្រ គួរតែត្រួតពិនិត្យ ពីភាពមិនប្រក្រតីនៃអាជីវកម្មឈើនោះ។
លោក ហូ សំអុល ជំរុញឲ្យក្រសួងពាក់ព័ន្ធស៊ើបអង្កេតរឿងនេះដែរ ខណៈដែលលោករកឃើញថា សកម្មភាពកាប់ឈើក្រៅផ្ទៃអាង កើតមានច្រើនឆ្នាំណាស់មកហើយ និងមានឈ្មួញកណ្ដាលដឹកឈើពីតំបន់ព្រៃការពារនៃស្រុកសៀមប៉ាង ដើម្បីបម្លែងជាឈើស្របច្បាប់ រួចដឹកចេញក្រៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។