"បទល្មើស​ព្រៃឈើ​ឆ្លងដែន​ពី​មណ្ឌលគិរី​ចូល​ទៅ​​វៀតណាម​នៅតែ​បន្ត​កើតមាន​ច្រើន"

0:00 / 0:00

ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី​អះអាង​ថា ជំនួញ​ឈើ​ឆ្លងដែន​ទៅកាន់​ប្រទេស​វៀតណាម នៅតែ​កើតមាន​ឥត​ឈប់ឈរ បើទោះបីជា អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី និង​ក្រសួងមហាផ្ទៃ​បាន​ប្ដេជ្ញា​ចិត្ត​ទប់ទល់​មិន​ឲ្យ​កើតមាន​យ៉ាង​ណា​ក្តី។ ពលរដ្ឋ​សង្ស័យ​ថា ឈ្មួញ​ខ្លះ​មាន​ងារ​ជា​សមត្ថកិច្ច​បាន​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ឡង់​គ្រីស័រ​ច្នៃ​នៅ​ពេល​យប់ ទៅកាន់​ប្រទេស​វៀតណាម​តាម​ច្រក​របៀង​ណាមប៉ាតឹង និង​ច្រក​របៀង​ប៉ុស្តិ៍ ៧ របស់​ស្រុក​ពេជ្រាដា។

ជនជាតិ​ដើម​ភាគតិច​ព្នង​រស់នៅ​ឃុំប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ឲ្យ​ដឹង​ថា ឈើ​ជ្រុង​ប្រភេទ​ស្រឡៅ និង​គគីរ​ជាដើម មានមុខ​កាត់​ចាប់ពី ៣ តឹង​ឡើង​ទៅ​ប្រវែង​ជាង ពីរ​ម៉ែត្រ ត្រូវ​ឈ្មួញ​ដឹកជញ្ជូន​ចេញពី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច​នៅ​ពេល​យប់ ឆ្ពោះ​ទៅ​កាន់​ប្រទេស​វៀតណាម​គ្មាន​ការ​អនុវត្ត​ច្បាប់។

ជនជាតិ​ដើម​ភាគតិចព្នង (ពូនង) ខេត្ត​មណ្ឌលគិរី លោក ក្រើង តុលា ឲ្យ​ដឹង​នៅ​ថ្ងៃទី៣១ តុលា ថា ឈ្មួញ​បាន​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ឡង់គ្រីស័រច្នៃ ពី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច​ឆ្លង​កាន់​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ឆ្ពោះ​ទៅ​កាន់​ច្រក​របៀង​ប៉ុស្តិ៍ ៧ និង​ច្រក​របៀង​ណាមប៉ាតឹង ទៅ​លក់​នៅ​ប្រទេស​វៀតណាម។ លោក​ថា ក្នុង​មួយ​យប់ៗ មាន​រថយន្ត ឡង់​គ្រីស័រ​ជាង ៣០​គ្រឿង ដោយ​ក្នុង​មួយ​គ្រឿង​ផ្ទុក​ឈើ ៤ ទៅ ៦ ម៉ែត្រ​គូប។ លោក​បញ្ជាក់​ថា សហគមន៍​មិនទាន់​កំណត់​អត្តសញ្ញាណ មេខ្លោង​ដឹកជញ្ជូន​ឈើ​ទាំង​នោះ​បាន​ទេ តែ​គេ​សង្ស័យ​ថា សមត្ថកិច្ច​ខេត្ត​មណ្ឌលគិរី​មួយ​ចំនួន មាន​ជាប់​ពាក់ព័ន្ធ​ការ​ដឹក​ឈើ​ខុសច្បាប់​ទាំងនោះ៖ «ពលរដ្ឋ និង​មេឃុំ​ថា​ក្នុង​មួយ​យប់ ៣០ ទៅ ៤០​ឡាន​ដឹកឈើ​នៅពេល​យប់ ហើយ​ក្នុង​មួយ​ឡាន ៤ ទៅ ៦ ម៉ែត្រគូប ក្នុង​មួយ​ប​យប់​ជាង ១​រយ​ម៉ែត្រ​គួប។ ឈើ​ហ្នឹង​យក​ទៅ​វៀតណាម គេ​មាន​ដេប៉ូ​ទិញ​ឈើ​នៅ​ច្រក​ព្រំដែន​ប៉ុស្តិ៍​៧ មាន​ឈើ​រាប់រយ​គូប ក្នុង​ដេប៉ូ»។

បុរស​ដដែល​បន្ថែម​ថា មេឃុំ​ប៊ូស្រា និង​សមត្ថកិច្ច​មូលដ្ឋាន​ខ្លះ សុទ្ធ​សឹង​ទទួល​ព័ត៌មាន​ពី​សកម្មភាព​ដឹកជញ្ជូន​ឈើ​នេះ​ដែរ ក៏ប៉ុន្តែ​ពួកគេ​មិន​ហ៊ាន​ចេញមុខ​ឈឺឆ្អាល​នោះ​ទេ ព្រោះ​ខ្លាច​បាត់បង់​តំណែង ឬ​តួនាទី។ លោក​បន្ថែម​ថា សកម្មភាព​ដឹកជញ្ជូន​ឈើ​ទាំងនោះ​មាន​រូបភាព​ប្លែក​ជាង​សព្វមួយដង ដោយសារ​ក្រុម​ឈ្មួញ​ធ្វើ​សកម្មភាព​នៅ​ពេល​យប់៖ «គេ​មាន​យុទ្ធសាស្ត្រ​ថ្មី ដឹក​ឈើ​ទាំង​យប់ យើង​មិន​អាច​ថត​បាន​គេ​ចេញ​យប់​។ គេ​ដឹក​ឡាន​កែច្នៃ រថយន្ត​ឡង់គ្រីស័រ»។

អភិបាលខេត្ត​មណ្ឌលគិរី លោក ស្វាយ សំអ៊ាង បដិសេធ​​ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី ៣១ តុលា ព្រោះ​លោក​ថា កំពុង​ជាប់រវល់​ធ្វើដំណើរ​ស្ដាប់​សំឡេង​ទូរស័ព្ទ​មិន​ឮ។ តែ​លោក​ធ្លាប់​ប្រាប់​អាស៊ីសេរី​កាលពី​ចុងខែ​សីហា​ថា អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​ប្រឹងប្រែង យកចិត្តទុកដាក់ អនុវត្ត​ច្បាប់​ព្រៃឈើ​យ៉ាង​ម៉ឺងម៉ាត់​បំផុត និង​មិន​បណ្ដោយ​ឲ្យ​កើតមាន​បទល្មើស​ព្រៃឈើ​ខុសច្បាប់​នោះ​ទេ។ លោក​ថា អាជ្ញាធរ​នឹង​មិន​អនុញ្ញាត​នាំ​ឈើ​ចេញពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ឆ្លងដែន​ទៅ​វៀតណាម​ដាច់ខាត។ កាល​ពី​ពេល​ថ្មីៗ​នេះ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ព្រមាន​ឲ្យ​អភិបាលខេត្ត​មណ្ឌលគិរី លោក ស្វាយ សំអ៊ាង ត្រូវ​ពិនិត្យមើល​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន និង​ដោះស្រាយ​បញ្ហា​នេះ​ជាបន្ទាន់ បើ​ពុំ​ដូច្នេះ​ទេ​នឹង​ត្រូវ​មាន​រឿង៖ «សូម​ផ្តាំ​ទៅ​អភិបាលខេត្ត​មណ្ឌលគិរី​ត្រូវ​ដោះស្រាយ​បើ​មិន​អ៊ីចឹង​មានរឿង​ហើយ​។ វា​កន្លង​ទៅ​មាន​បញ្ហា ច្បាប់​ព្រៃឈើ បើ​ធ្វើ​អ៊ីចឹង អន្តរាយ​ហើយ អត់​អោយ​អំណាច​ទៅ​គណៈបញ្ជាការ​ឯកភាព ដែល​មាន​កម្លាំង​គ្រប់គ្រាន់ គាត់​យក​អំណាច​ដាច់​ទៅ​រដ្ឋបាល​ព្រៃឈើ»។

ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា លោក ទឹម ម៉ាឡៃ ដែល​ចុះ​ស៊ើបអង្កេត​បទល្មើស​ព្រៃឈើ​នៅ​តំបន់​នោះ ឲ្យ​ដឹង​ថា សកម្មភាព​កាប់ និង​ដឹកជញ្ជូន​ឈើ​ពី​តំបន់​ព្រៃ​អភិរក្ស​កម្ពុជា​ទៅកាន់​ប្រទេស​វៀតណាម នៅតែ​ជា​ក្តី​កង្វល់​ខ្លាំង នាំ​ឲ្យ​ព្រៃ​អភិរក្ស​វិនាស​ហិនហោច​។ លោក​អង្កេត​ឃើញ​ថា ពលរដ្ឋ​នៅ​មូលដ្ឋាន​បាន​ទម្លាប់​កំហុស​លើ​អាជ្ញាធរ​រដ្ឋ ដែល​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​សម្រួល​ឲ្យ​មានការ​ដឹកជញ្ជូន​ឈើ​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​។ លោក​ចាត់​ទុក​ការ​បណ្ដោយ​ឲ្យ​កើតមាន​បទល្មើស​ព្រៃឈើ​ឆ្លងដែន​នេះ ជា​ការ​ឆក់​ល្វែង​ធំធេង មិន​អនុវត្ត​តាម​គោលការណ៍​ច្បាប់ និង​អនុក្រឹត្យ​នានា៖ «គោលការណ៍​ច្បាប់​អាជ្ញាធរ​ឆក​ល្វែង​ធំធេង ដែល​មន្ត្រី​ថ្នាក់ក្រោម​ជាតិ មិន​អនុវត្ត​ច្បាប់។ បង្កើត​អាជ្ញាធរ​តាមដាន​បទល្មើស​ព្រៃឈើ និង​ទប់ស្កាត់ តែ​បទល្មើស​គ្មាន​ប្រសិទ្ធភាព ដោយសារ​បំពាន​ច្បាប់ និង​អំពើពុករលួយ​ជា​ប្រព័ន្ធ»។

ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច ត្រូវ​បាន​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ កំណត់​ជា​តំបន់​អភិរក្ស តាម​ព្រះរាជក្រឹត្យ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ១៩៩៣ មាន​ផ្ទៃដី​ជាង ២២​ម៉ឺន​ហិកតារ ( ២២២.៥០០ ) ឋិត​នៅ​ស្រុក​កោះញែក ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី និង​ស្រុក​ស្នួល ខេត្ត​ក្រចេះ។

សកម្មជន​បរិស្ថាន លោក ហេង ស្រស់ កត់ចំណាំ​ថា ទាំង​បទបញ្ជា​ទាំង​អនុក្រឹត្យ ទាំង​ការព្រមាន ទាំង​ច្បាប់​ស្ដីពី​ព្រៃឈើ និង​សារាចរ​ផ្សេងៗ ផង​គឺ គ្មាន​ឥទ្ធិពល​ដាក់ទោស​ទណ្ឌ ដល់​ជនល្មើស និង​លុបបំបាត់​បទល្មើស​ព្រៃឈើ ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ តែ​ផ្ទុយទៅវិញ សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​តែងតែ​អនុវត្ត​ច្បាប់​យ៉ាង​ម៉ឹង​ម៉ាត់​ដល់​អ្នក​ដឹកជញ្ជូន​ឈើ​ណា មិន​បង់លុយ​អោយ​ខ្លួន គឺ​ប្រឈម​ការ​ចាប់ខ្លួន​មក​អនុវត្ត​ច្បាប់។ លោក​រក​ឃើញ​ថា ច្បាប់​ព្រៃឈើ​ហាក់​មិនបាន​អនុវត្ត​ចំពោះ​ជន​នៅ​ពី​ក្រោយ​ខ្នង​បទល្មើស​ឧក្រិដ្ឋ​ព្រៃឈើ និង អាជ្ញាធរ​ប្រព្រឹត្ត​អំពើពុករលួយ​រឿង​បទល្មើស​ព្រៃឈើ​នោះ​ទេ៖ «អ្វី​ដែល​សរសេរ​ចេញ​មក ថា​ចាត់វិធានការ មានតែ​លើ​ក្រដាស​ទេ។ ផ្ទុយទៅវិញ អ្នក​ដែល​មិន​សូក​ប៉ាក់​ទេ គឺ​គេ​ចាត់វិធានការ​អ្នកនោះ​រត់​មិន​រួច​ទេ»។

សកម្មជន​បរិស្ថាន​រួប​នេះ​បារម្ភ​ខ្លាច​ទំហំ ព្រៃឈើ ក្នុង​ព្រៃ​អភិរក្ស​មួយ​នេះ នឹង​រលាយ​នៅ​ពេល​ដ៏​ខ្លី​ខាងមុខនេះ​នឹង​បង្ក​ប៉ះពាល់​ជីវភាព​ជនជាតិ​ដើម​ភាគតិច ប្រែប្រួល​អាកាសធាតុ និង​បាត់បង់​ជម្រក​សត្វព្រៃ​រស់​កម្រ​រស់​នៅ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។