ជនជាតិដើមភាគតិច ដែលជាគ្រួសាររងគ្រោះ ពីគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលបដិសេធពុំទទួលយកសំណងពីក្រុមហ៊ុន ដោយស្ម័គ្រចិត្តបង្កើតភូមិថ្មីនៅក្បែរភូមិចាស់ ជាង៣ឆ្នាំមកហើយ ស្នើឱ្យអាជ្ញាធរពន្លឿននីតិវិធីដោះស្រាយសំណងរបស់ពួកគេ ខណៈក្រុមអង្គការសង្គមស៊ីវិលលើកឡើងថា អាជ្ញាធរមានការយកចិត្តទុកដាក់តិចតួចក្នុងការស្វែងរកដំណោះស្រាយជូនពួកគេ។
ជនជាតិដើមភាគតិច ជាគ្រួសាររងគ្រោះចុងក្រោយ ពីគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីសេសានក្រោម២ រស់នៅក្នុងភូមិក្បាលរមាស និងភូមិស្រែគរ ដែលបដិសេធពុំទទួលយកសំណង កំពុងប្រឈមការលំបាករស់នៅក្នុងជីវភាពប្រចាំថ្ងៃជាង ៣ឆ្នាំមកហើយ។ ពួកគេស្នើឱ្យអាជ្ញាធរពន្លឿននីតិវិធីដោះស្រាយសំណង ខណៈពួកគេព្រួយបារម្ភ ទឹកលិចភូមិក្នុងពេលខាងមុខ។
ជនជាតិដើមភាគតិចរួមមានជនជាតិព្នង ឡាវ គួយ និងព្រៅ ប្រមាណជា ១៣៦គ្រួសារ យល់ព្រមមកធ្វើ លំនៅដ្ឋាននៅទីតាំងសុវត្ថិភាព ដែលមានចំងាយជាង ៣គីឡូម៉ែត្រ ពីទីតាំងចាស់ ដោយពួកគាត់អះអាងថា ភូមិចាស់ បង្កប់នូវអត្តសញ្ញាណ វប្បធម៌ និងប្រពៃណី ដូនតារបស់ពួកគាត់ បើទោះបីជាភូមិចាស់ ផ្ទះ វត្តអារាម សាលារៀន ទីសក្ការៈដូនតា ដើមឈើ និងដំណាំហូបផ្លែរបស់សហគមន៍ជនជាតិដើមភាគតិច ត្រូវបានលិចលង់នៅសល់តែដំបូល និងចុងឈើក៏ដោយ។
តំណាងប្រជាពលរដ្ឋនៅក្នុងតំបន់ស្រែគរ លោក ហ្វុត ឃឿន អាយុ ៤០ឆ្នាំ ដែលជាម្ចាស់ពាក្យស្លោកឆ្លាក់នៅលើបន្ទះឈើថា «ស៊ូស្លាប់ក្នុងភូមិជាមួយនឹងទំនប់វារីអគ្គិសនី» ហើយពាក្យនេះត្រូវបានចម្លងយកទៅសរសេរនៅតាមបណ្ដាផ្ទះទាំងឡាយនៅក្នុងភូមិ និងនៅក្នុងវត្ត មុនពេលភូមិពន្លិចទឹកដោយក្រុមហ៊ុន។
លោក ឃឿន បានឱ្យដឹងថា លោកនិងអ្នកភូមិនៅបន្តទាមទារសំណងឱ្យបានប្រសើរជាងនេះ គឺការផ្តល់ជាថវិកាសម្រាប់ផ្ទះ ដីភូមិ ដីចម្ការ ស្រែ និងផលដំណាំដែលលិចលង់។ លោកថា អស់រយៈពេលបីឆ្នាំកន្លងផុតទៅហើយ ភូមិចាស់របស់ពួកលោកនៅតែលិចទឹក ហើយពួកលោកមកបោះទីតាំងនៅដីថ្មីគឺមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ត្រឹមត្រូវ សាលាមិនមានគ្រូបង្រៀន ក្មេងៗមិនបានចូលរៀន ហើយមិនមានទឹកស្អាតប្រើប្រាស់៖ «ដូច ថា វាអស់ជំនឿក្នុងខ្លួនទៅណាស់ ហ្នឹងហើយ វាអស់ជំនឿ ហ្នឹងហើយវាទុកឱ្យយើងវេទនា ១ឆ្នាំ ២ឆ្នាំសិនទៅអត់គ្រូ អត់អឺសិស្សរៀនអីអញ្ចឹងទៅ អ៊ីចឹង វេទនា រហូតប្រជាពលរដ្ឋមិនដឹងប៉ុណ្ណាទៀតទេ ? ធម្មតាយើងចង់បានដែរ យើង វាធម្មតា បើក្រុមហ៊ុនធ្វើបាបយើង ធ្វើឱ្យបាត់បង់របស់យើងហើយ ក្រុមហ៊ុនត្រូវតែសងអ្វីដែលយើងបាត់បង់ ខ្ញុំចង់បានតែប៉ុណ្ណឹងទេ»។
លោកតែងតែងជិះទូកទៅមើលផ្ទះសម្បែងលិចទឹកនៅក្នុងភូមិចាស់របស់លោក ហើយលោកនៅតែគិតស្រម៉ៃក្នុងចិត្តថា នៅថ្ងៃណាមួយលោកនឹងកសាងភូមិចាស់នេះ ជាភូមិបណ្តែតទឹកសម្រាប់ភ្ញៀវទេសចរ ដើម្បីប្រាប់រឿងរ៉ាវដែលបានកើតឡើងចំពោះជនជាតិដើមភាគតិចនៅក្នុងភូមិនេះ ដោយសារតែគម្រោងវារីអគ្គិសនី ប៉ុន្តែអ្វីដែលឧបសគ្គគឺពលរដ្ឋនៅក្នុងសហគមន៍របស់លោកពុំទាន់មានធនធានគ្រប់គ្រាន់នៅឡើយ៖ «ខ្ញុំវាមិនទាន់ អឺ អាចធ្វើ បានទេ អាតំបន់ទេសចរណ៍ ដោយសារតែ ប្រជាពលរដ្ឋនៅដុនដាប់ខ្លាំងអញ្ចឹងណា វាពិបាកអាធ្វើតំបន់ទេសចរណ៍ វាទាល់តែមានលុយ»។
លោកថា បើទោះជាពលរដ្ឋរស់នៅលំបាក ប្រឈមនិងជីវភាពប្រចាំថ្ងៃណាយ៉ាងណាក៏ដោយ ក៏រហូតមកដល់ពេលនេះ ប្រជាជនបានសាងផ្ទះនៅតំបន់ថ្មីនេះ កសាងវត្តអារាម និងកន្លែងបន់ស្រន់សម្រាប់ដូនតាដោយខ្លួនឯង៖ «ជារឿងមួយដែលគួរ គិតថា រដ្ឋមើលឃើញជាក់ស្ដែងពីទឹកចិត្តរបស់គេ ទោះអ្នកឯងអត់ឱ្យអី ក៏គេមានលទ្ធភាពធ្វើផ្ទះដោយខ្លួនឯងដែរ អ៊ីចឹង ណា»។
គ្រួសាររបស់លោក ឃឿន គឺជាគ្រួសារមួយក្នុងចំណោមប្រជាជនរងគ្រោះសរុបចំនួន ៨៤៦គ្រួសារ ដែលរងផលប៉ះពាល់ដោយសារទំនប់នេះ។ ភាគច្រើនពួកគេបានសម្រេចទទួលសំណងពីក្រុមហ៊ុនគឺការតាំងទីលំនៅថ្មី នៅកន្លែងដែលរៀបចំដោយក្រុមហ៊ុន ដោយមានផ្តល់ជាផ្ទះ ដីភូមិ និងថវិកាមួយចំនួន។
ចំណែកពលរដ្ឋរស់នៅភូមិក្បាលរមាសចាស់ ខាងលើទំនប់ លោក ប្រាជ រិទ្ធី ដែលជាជនជាតិព្នង ឱ្យដឹងថា បច្ចុប្បន្ននេះពលរដ្ឋនៅក្នុងសហគមន៍របស់លោកចំនួន ៥២គ្រួសារ ដែលបដិសេធមិនទទួលសំណង មានបញ្ហាប្រឈមច្រើនដូចជា កង្វះទឹកស្អាត ខូចខាតស្រូវកសិកម្ម កុមារការបោះបង់ការសិក្សារ ជាដើម ប៉ុន្តែពួកគាត់នឹងមិនរាថយនោះទេ គឺបច្ចុប្បន្ននេះនៅតែទាមទារឱ្យអាជ្ញាធរធ្វើប្លង់សមូហភាពដើម្បីការពារដីនឹងព្រៃរបស់ពួកគាត់ពីការទន្ទ្រានដូចពេលមុនៗទៀត៖ «កាលណាដែលរដ្ឋាភិបាលគោរពនូវគោលការណ៍ ដែលយើងបានធ្លាប់ជម្រាបប្រាប់អង្គការពាក់ព័ន្ធ ទាំងរដ្ឋាភិបាលទាំងប៉ុន្មានចំនុច នោះគឺ អឺ រឿងសំណងគឺយើងអត់ទាន់គិតទេ សំខាន់គឺយើងបានចុះបញ្ជីដីសមូហភាពសិន»។
លោកថា ពលរដ្ឋរបស់លោកមិនចង់បានអគ្គិសនីប្រើប្រាស់ពីក្រុមហ៊ុននោះទេ គឺពួកគាត់អាចរស់បានដោយពុំមានអគ្គិសនី អ្វីដែលសំខាន់គឺពួកគាត់មានដីធ្វើស្រែចំការ មានទន្លេសម្រាប់នេសាទត្រី និងមានទឹកស្អាតប្រើប្រាស់។ សព្វថ្ងៃនេះ ស្រះទឹកចំនួន២ ដែលខាងក្រុមហ៊ុនជីកឱ្យនោះមានសភាពល្អក់ និងប្រើមិនគ្រប់សម្រាប់ពលរដ្ឋនៅក្នុងភូមិនោះទៀតផង៖ «ទាមទារពី អឺរាជរដ្ឋាភិបាលហ្នឹង យើងនៅទាមទារចង់បាន អឺអណ្តូងទឹក ដើម្បីនឹងប្រើប្រាស់ អ៊ីចឹង ណា ដោយសារតែទឹកស្រះមានល្អក់ មានអី អ៊ីចឹង យើងមិនអាចប្រើបាន ប្រជាពលរដ្ឋច្រើនអីអ៊ីចឹងៗស្រះពីរហ្នឹងអត់គ្រាន់ ហើយយើងនៅដងទឹកពីបាតអាងទៀត»។
គម្រោងវារីអគ្គិសនីសេសានក្រោម២ ដែលមានសមត្ថភាព ផលិតថាមពលអគ្គិសនីបាន ៤០០មេហ្កាវ៉ាត់ គឺជាគម្រោងវារីអគ្គិសនីដ៏ធំបំផុតរបស់កម្ពុជា គឺជាគម្រោងរួមគ្នារវាងក្រុមហ៊ុនរបស់កម្ពុជាគឺ រូយ៉ាល់ គ្រុប (Royal Group) របស់អ្នកឧកញ៉ា គិត ម៉េង កាន់កាប់ចំណែកភាគហ៊ុនចំនួន ៣៩% រួមជាមួយក្រុមហ៊ុន ហួរនឹង ហាយដ្រូឡានឆាង អ៊ីនធើណាសិនណល អ៊ែនើជី (Huaneng Hydrolancang International Energy) របស់ចិន កាន់កាប់ចំណែកភាគហ៊ុនចំនួន ៥១% និងក្រុមហ៊ុន អីវីអិនអ៊ីនធើណាសិនណល ចញស្តុក (EVN International Joint Stock Company) របស់វៀតណាម កាន់កាប់ភាគហ៊ុនចំនួន ១០% ផងដែរ ដែលមានតម្លៃ ៨១៦លានដុល្លារអាមេរិក។ ទំនប់នេះមានកម្ពស់ ៧៥ម៉ែត្រ ការវិនិយោគនេះតាមរូបភាពសាងសង់ដំណើរការផ្ទេរ (BOT) មានរយៈពេលសម្បទាន ៤៥ឆ្នាំ ដែលក្នុងនោះរយៈពេល ៥ ឆ្នាំសម្រាប់ដំណើរការសាងសង់ និង ៤០ ឆ្នាំសម្រាប់ធ្វើអាជីវកម្ម។
អ្នកផ្តល់ហិរញ្ញប្បទានគឺក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ គឺ៣០ភាគរយ ជាទុនរបស់ក្រុមហ៊ុន និង ៧០ ភាគរយទៀតជាកម្ចីបានមកពីធនាគារមួយដែលមិនស្គាល់ឈ្មោះ តែភាគច្រើនបានមកពីប្រទេសចិន។
ក្រោយពីទំនប់វារីអគ្គិសនីសេសានក្រោម២នេះ ត្រូវបានដាក់ឱ្យដំណើរការ នឹងត្រូវតបណ្តាញពីខេត្ត ស្ទឹងត្រែងទៅក្រចេះ ពីក្រចេះទៅកំពង់ចាម និងបន្តពីកំពង់ចាមទៅរាជធានីភ្នំពេញ ពោលគឺត្រូវតភ្ជាប់បណ្តាញមេទាំងអស់។
អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងលោក ម៉ែន គង់ បានថ្លែងឱ្យដឹងថា សម្រាប់ពលរដ្ឋនៅឃុំស្រែគរ និងឃុំខក្បាលរមាសចាស់ ហើយបានរើមករស់នៅទីតាំងថ្មីនៅក្បែរទីតាំងចាស់របស់ពួកគាត់នោះ អាជ្ញាធរបានធ្វើផ្លូវថ្នល់ សាលារៀន ប៉ុស្តិ៍សុខភាព ដល់ពួកគាតរួចរាល់ហើយ។ លោកបញ្ជាក់ថា មន្ត្រីជំនាញកំពុងសិក្សាបន្ថែមអំពីការផ្តល់សំណងបន្ថែមទៅដល់គ្រួសារនីមួយៗ៖ «គាត់អត់ទាន់យល់ច្បាស់ហើយគាត់ បាននិយាយថា គាត់ខ្លាចក្នុងករណីថា បើសិនជា គាត់ព្រមព្រៀងទៅមានករណីអញ្ចេះ ករណីអញ្ចេះ អាហ្នឹងគាត់ អឺមានសំណើរលើកក្រោយទៀត យើង មិនបាន អីដោះស្រាយសម្រួលអីជូនគាត់ គាត់មានការភណ្ឌច្រឡំអ៊ីចឹងៗ គាត់ អត់បាន អឺ អឺ អនុញ្ញាតិឱ្យក្រុមការងារបានទៅ ជួប ពិភាក្សារផ្ទាល់ទេ អ៊ីចឹងភាពយឺតយ៉ាវគឺកន្លងមកយើងអត់បានជួបគ្នាផ្ទាល់ បានជូបគ្នាធ្វើការឱ្យជិតស្និតជាមួយគ្នាតែប៉ុណ្ណឹង ហើយវាជូនពេលនៅពេលសភាពការណ៍បញ្ហាជំងឺកូវីដ១៩មកគឺយើងផ្អាក់ការជូបជុំ ប៉ុន្តែយើងនៅផ្សារភ្ជាប់គ្នាតាមរយៈទូរស័ព្ទ»។
អ្នកនាំពាក្យអង្គការការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា បានលើកឡើងថា ចំពោះពលរដ្ឋដែលបដិសេធពុំទទួលយកសំណង ហើយទៅរស់នៅទីទួលសុវត្ថិភាពជិតភូមិចាស់របស់ពួកគាត់នោះ លោកសង្កេតឃើញថា អាជ្ញាធរមានការយកចិត្តទុកដាក់ចំពោះគាត់តិចតួចបំផុតធ្វើឱ្យប៉ះពាល់ទៅដល់ជីវភាពរស់នៅរបស់ពួកគាត់៖ «អ៊ីចឹង អាជ្ញាធរ គួរតែមាន ការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋដើម្បីរកដំណោះស្រាយជាមួយពួកគាត់ កុំឱ្យមានការអូសបន្លាយពេល វេ លា ចេះតែមួយអឺឆ្នាំ ទៅមួយឆ្នាំ មួយឆ្នាំហើយទៅមួយឆ្នាំទៀតរហូតដល់បច្ចុប្បន្នហ្នឹងនៅតែមិនអាចមានការដោះស្រាយឱ្យពួកគាត់បាន បាទ»។
កាលពីឆ្នាំ២០១៩ កម្ពុជា បានជួបប្រទះកង្វះខាតថាមពលយ៉ាងធ្ងន់ធ្ងរដោយសារតែ តម្រូវការកើនឡើង បណ្ដាលមកពីកំណើននៃការសាងសង់ស្របពេលមានការវិនិយោគទុនច្រើនពីប្រទេសចិន។ មន្ត្រីរដ្ឋាភិបាលអះអាងថា កង្វះអគ្គិសនីដោយសារតែ កម្ពស់ទឹកទំបន់វារីអគ្គិសនី នៅតាមដងទន្លេមេគង្គក្រោម និងតាមដៃទន្លេមេគង្គ មានកម្រិតទាប។ កម្ពុជាប្រើប្រាស់ អគ្គិសនីបានមកពីទំនប់វារីអគ្គិសនី ប្រមាណ ៤៨ភាគរយ។ កាលពីឆ្នាំ ២០១៩ កម្ពុជាបានទិញភ្លើងអគ្គិសនី ប្រមាណ ២៥ភាគរយ ពីប្រទេសវៀតណាម និងថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។