ជនជាតិ​ដើម​ភាគតិច​ខេត្តកំពង់ធំ​រិះគន់​តុលាការ​ថា លម្អៀង​រក​ជនល្មើស​កា​ប់​ទន្ទ្រានព្រៃ​សហគមន៍

មន្ត្រី​សង្គម​ស៊ីវិល និង​ជនជាតិ​ដើម​ភាគ​កួយ​រិះគន់ តំណាង​អយ្យការ និង​តុលាការ​ខេត្តកំពង់ធំ​ថា កាត់ក្តី​លម្អៀង​ទៅ​រក​ជនល្មើស​ដែល​កាប់​ទន្ទ្រានព្រៃ​សហគមន៍​មួយ ដែល​អ្នកភូមិ​ខិតខំ​ថែទាំ ដើម្បី​ផលប្រយោជន៍​ជាតិ​។ ពួកគេ​ខកចិត្ត ចំពោះ​ទង្វើ​របស់​តុលាការខេត្ត​នេះ​ថា ទន់ខ្សោយ​ផ្នែក​សមត្ថភាព​ដោះស្រាយ​សំណុំរឿង​បទល្មើស​ព្រៃឈើ ប្រកបដោយ​វិជ្ជាជីវៈ និង​ក្រមសីលធម៌ ធ្វើ​ឱ្យ​ជនល្មើស​មិន​រាង​ចាល។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ រស់នៅ​ភូមិ​គគីរ ឃុំ​សាលាវិស័យ ស្រុក​ប្រាសាទ​បាល្ល័ង្គ អន់ចិត្ត​ចំពោះ​ទង្វើ​របស់​ស្ថាប័ន​តុលាការខេត្ត​កំពង់ធំ​ថា ខ្វះចន្លោះ​ច្រើន​ក្នុង​ការ​ស្រាយ​សំណុំរឿង​បទល្មើស​ព្រៃឈើ ដែល​អ្នកភូមិ​ប្តឹង​ក្រុម​ជនល្មើស ១៨​នាក់ ពី​បទ​កាប់​រុករាន​ដី​ព្រៃ​សហគមន៍​ភូមិ​សាលា​ឆ្តោ ប៉ុន្តែ​គ្មាន​បាន​ផល​ឡើយ​មក​ទល់​ពេល​នេះ។

តែ​ផ្ទុយទៅវិញ ក្រុម​ជនល្មើស​បែរ​ជា​ប្តឹង​បក មក​លើ​អ្នក​ការពារ​ព្រៃឈើ​ជិត ១០​នាក់ តុលាការ​បែរ​ជា​មាន​ចំណាត់ការ​យ៉ាង​លឿន ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ និង​គំរាមកំហែង​លើ​ស្មារតី​ពលរដ្ឋ ដែល​លះបង់​ការពារ​សម្បត្តិ​ជាតិ។

អនុប្រធាន​សហគមន៍​ការពារ​ព្រៃឈើ​សាលា​ឆ្តោ លោកស្រី លួន នីន ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី ២២ មេសា​ថា កាល​ពី​ដើម​ឆ្នាំ ២០២១ ពួកលោក​ស្រី បាន​ប្តឹង​អ្នក​កាប់​ទន្ទ្រាន​ដីព្រៃ​សហគមន៍ អស់​រាប់រយ​ហិកតារ ចំនួន ១៨ នាក់ ទៅ​តុលាការ ប៉ុន្តែ​តុលាការ​បែរជា​តម្កល់​សំណុំរឿង​ឥត​ចាត់ការ ដោយ​លើក​ហេតុផល​ថា គ្មាន​ភស្តុតាង​គ្រប់គ្រាន់​។​

លោកស្រី​បញ្ជាក់​ថា ពួក​លោក​ស្រី​មាន​ភស្តុតាង និង​ឯកសារ​ច្បាស់លាស់ បង្ហាញថា ជនសង្ស័យ​ទាំងនេះ បាន​ចូល​កាប់​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​អស់​ជាច្រើន​ហិកតារ និង​ខ្លះទៀត បាន​សង់ផ្ទះ ក្នុង​ព្រៃ​អភិរក្ស​ទៀត​ផង។

​លោកស្រី​ចាត់ទុក​ទង្វើ​របស់​តុលាការ មិន​ត្រឹមតែ​មិន​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​ដែល​លះបង់​ការពារ​សម្បត្តិ​ជាតិ​នោះ​ទេ ថែមទាំង​ការពារ​ផលប្រយោជន៍​របស់​ក្រុម​ជនល្មើស​ទៅវិញ៖ «បើ​តុលាការ​អត់​ចាត់វិធានការ គឺ​តុលាការ​អត់​បាន​ជួយ​ថែរក្សា​ដី​រដ្ឋ បែរជា​ឈ្មួញ​ប្តឹង​ពួក​ខ្ញុំ​ទៅវិញ​។ ការពារ​ព្រៃ​សម្រាប់​ខ្ញុំ​រកត្រី អនុផល​ព្រៃឈើ​គ្រប់​ទាំងអស់ បើ​បន្លែង​ក្នុង​ព្រៃ បាន​ខ្ញុំ​ខំ​ថែរក្សា ដល់ពេល​មាន​ឈ្មួញ​មកពី​ក្រៅ​ទន្ទ្រាន ឱ្យ​ខ្ញុំ​រស់នៅ​ឯណា​ ?»។

​កាលពី​ថ្ងៃទី​៦ មេសា តុលាការ​ខេត្ត​នេះ បានសម្រេច​ឱ្យ​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ ០៨​នាក់ នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ដោយ​ដាក់​ឱ្យ​ឋិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ ក្រោយពី​ពួកគាត់​ទាំងនោះ​បាន​ចូល​ឆ្លើយ​បំភ្លឺ ក្នុង​សវនាការ ពេញ​មួយថ្ងៃ ហើយ​ត្រូវ​បង្ហាញខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​ជា​រៀងរាល់​មួយ​ខែ​ម្តង​។ ប្រជា​សហគមន៍​ទាំងនេះ ត្រូវ​គេ​ប្តឹង​បក ពី​បទ​បរិហារ​បង្កាច់​កេរ្តិ៍ ហើយ​ដើម​បណ្តឹង​ក្នុង​សំណុំ​រឿង​នេះ គឺជា​ជនល្មើស​កាប់​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍ ឈ្មោះ ញឹម ស្រី​នាង និង ញ៉ែម វាសនា ។

យុវជន​ជនជាតិដើម​ភាគតិច ដែល​តាមដាន​រឿងនេះ គឺ​លោក ហុក ឡេង សង្កេតឃើញថា ស្ថាប័ន​អយ្យការ និង តុលាការខេត្ត​នេះ ខ្វះ​វិជ្ជាជីវៈ និង​ក្រមសីលធម៌ ក្នុង​ការ​ស្រាយ​សំណុំរឿង​បទល្មើស​ព្រៃឈើ ដែល​ពលរដ្ឋ​បាន​ប្តឹងផ្តល់​។ លោក​ថា ជនជាតិ​ដើម​កួយ ដែល​លះបង់​ការពារ​សម្បត្តិ​ជាតិ បាន​ពឹង​ឱ្យ​ស្ថាប័ន​យុត្តិធម៌​មួយ​នេះ ការពារ​ព្រៃ​សហគមន៍​បន្សល់​ចុងក្រោយ ប៉ុន្តែ​បែរ​ជា​ពួកគាត់​រងគ្រោះ​ជាប់​បណ្តឹង​នៅ​តុលាការ​ទៅវិញ។

លោក​បន្ថែម​ថា ប្រជា​សហគមន៍​បាន​ខិតខំ​ការពារ​ដី​ព្រៃ​សាធារណៈ​របស់​រដ្ឋ ដោយ​គ្មាន​ប្រាក់ខែ គួរតែ​តុលាការ​លើកទឹកចិត្ត និង​ស្វែងរក​ជនល្មើស​មក​អនុវត្ត​ច្បាប់ មិន​គួរ​លម្អៀង​ទៅ​រក​ជនល្មើស​ដែល​បំផ្លាញ​ធនធានធម្មជាតិ​នោះ​ទេ​៖ «ចង់ឱ្យ​តុលាការ​ធ្វើ​ការ​តាម​ក្រមសីលធម៌ និង​វិជ្ជាជីវៈ បើ​វិជ្ជាជីវៈ​គាត់​ស៊ើបអង្កេត​ទៅ​ដឹង​ហើយ ដឹង​ថា សហគមន៍​គឺ​ធ្វើ​ត្រឹមត្រូវ​មែន​។ គាត់​ការពារ​ដី​រដ្ឋ​ទៀត ហើយ​អត់​មាន​ប្រាក់ខែ​ទេ។ ចុងក្រោយ​ឱ្យ​ពួកគាត់​ជាប់​ទោស​ទៀត ដាក់​អត់​មាន​ភស្តុតាង​គ្រប់គ្រាន់​។ ខ្ញុំ​អត់​ដឹង​ថា គាត់​ស៊ើបអង្កេត​ម៉េច ?»។

យុវជន​រូបនេះ​បន្ថែមថា ប្រសិនបើ​តុលាការ មិន​អនុវត្ត​ច្បាប់​ព្រៃឈើ​ឱ្យ​ម៉ឹងម៉ាត់ និង​ចាប់ខ្លួន​ក្រុម​ជនល្មើស មក​ផ្ដន្ទាទោស​នោះទេ មានន័យថា តុលាការ​បានរួម​ចំណែក ជាមួយ​ក្រុម​ឈ្មូ​ញ បំផ្លាញ​ធនធានធម្មជាតិ ដោយ​ប្រព្រឹត្ត​អំពើពុករលួយ​។ លោក​ថា បើ​តុលាការ​មាន​ឆន្ទៈ​អនុវត្ត​ច្បាប់​ដោះស្រាយ​សំណុំរឿង​នេះ គឺ​គ្មានអ្វី​ពិបាក​ទេ ព្រោះ​សហគមន៍​មាន​ភស្តុតាង និង​ឯកសារ​ច្បាស់លាស់ បង្ហាញថា មាន​មនុស្ស​ជិត ២០ នាក់ បាន​កាប់​ទន្ទ្រាន​ដី​ព្រៃ​អភិរក្ស​មួយ​នេះ ដើម្បី​ធ្វើជា​កម្មសិទ្ធិឯកជន។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​សាលា​ឆ្តោ​ឱ្យ​ដឹង​ថា ដី​ព្រៃ​សហគមន៍​នេះ មាន​ផ្ទៃដី​សរុប​ជាង ១ ពាន់​ហិកតារ (១០០៦) បាន​ទទួល​រង​ការ​កាប់​ឈើ​មាន​តម្លៃ និង ឈូស​ឆាយ​ទន្ទ្រានព្រៃ​យក​ដី​អស់​ស្ទើរ​ទាំងស្រុង​នៅ​រយៈពេល ០៧ ឆ្នាំ​ចុង​ក្រោយនេះ​។ លើស​ពី​នេះ សកម្មភាព​កាប់​ព្រៃ​សហគមន៍​ធ្វើ​អាជីវកម្ម​ទ្រង់ទ្រាយ​ធំ​ទាំងនេះ គឺ​មាន​ជាប់​ពាក់ព័ន្ធ​អ្នក​មាន​អំណាច​នៅ​ពី​ក្រោយខ្នង។

វិទ្យុ​អាស៊ីសេរី មិនទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​រឿងនេះ ពី​ដើម​បណ្តឹង គឺ អ្នកស្រី ញឹម ស្រី​នាង និង លោក ញ៉ែម វាសនា បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី២២ មេសា។

ចំណែក អ្នកនាំពាក្យ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង ខេត្តកំពង់ធំ លោក សាយ ណូរ៉ា ក៏​វិទ្យុ​អាស៊ីសេរី មិនទាន់​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ ដោយ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង តែ​គ្មាន​អ្នក​លើក។

​រីឯ​មេធាវី​ការពារ​ក្តី លោក សេក សោភ័ណ មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា មក​ទល់​ពេល​នេះ​សំណុំ​រឿង​នេះ ឋិត​ក្នុង​ដំណាក់​ការ​ចៅក្រម​ស៊ើបសួរ រក​ភស្តុតាង​ដាក់​បន្ទុក និង​ដោះ​បន្ទុក​។ លោក​បដិសេធ​មិន​អធិប្បាយ​បន្ថែម​ទៀត​នោះ​ទេ ព្រោះ​លោក​កំពុង​ការពារ​សិទ្ធិ​ពលរដ្ឋ​អ្នក​ការពារ​ព្រៃឈើ ស្រប​តាម​បែបបទ​នីតិវិធី​អនុញ្ញាត។

មន្ត្រី​នាំពាក្យ​សមាគម​អាដហុក(Adhoc) លោក ស៊ឹង សែន​ករុណា យល់ថា ក្រសួងយុត្តិធម៌​គួរតែ​ស្រាវជ្រាវ រឿង​នេះ​ឡើងវិញ ក្នុង​ករណី​ដែល​មន្ត្រី​តុលាការ​អនុវត្ត​មិន​ត្រឹមត្រូវ​តាម​នីតិវិធី ក្នុង​សំណុំរឿង​បទល្មើស​ព្រៃឈើ​។ លោក​ថា ពលរដ្ឋ​ដែល​ចេញ​មុខ ប្តឹង​ជនល្មើស ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ បែរជា​គ្មាន​ចំណាត់ការ​ពី​តុលាការ ឆ្លុះបញ្ចាំង​ថា​សំណុំ​រឿង​នេះ បង្កប់​ភាព​មិន​ប្រក្រតី​ច្រើន ដែល​ទាមទារ​ឱ្យ​ក្រសួង​យុត្តិធម៌ និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរតែ​ពិនិត្យ​ឡើង​វិញ​៖ «ទាំង​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ និង​មន្ត្រី​តុលាការ ដែល​ធ្វើការ​កាត់ក្តី​ហ្នឹង បើ​រក​ឃើញ​ថា រឿង​ហ្នឹង​អនុវត្ត​មិន​ត្រឹមត្រូវ​តាមច្បាប់ និង​នីតិវិធី​របស់​តុលាការ គួរតែ​ចាត់វិធានការ​ជាបន្ទាន់ អាច​ថា ដាក់​វិន័យ ឬ​ដាក់​ទោសទណ្ឌ បើ​រក​ឃើញ​ថា អ្នក​ទាំង​អស់ហ្នឹង អត់​អនុវត្ត​តួនាទី​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ហួសចិត្ត នៅ​គ្រា​ដែល​ក្រុម​ជនល្មើស​ដែល​កាប់​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​ខុសច្បាប់​អស់​ជាច្រើន​ហិកតារ បែរ​ជា​តុលាការ តម្កល់​សំណុំរឿង​ឥត​ចាត់ការ​ទៅវិញ​។ លោក​ចាត់​ទុក​ទង្វើ​របស់​តុលាការ​ថា ពុំ​បាន​បំពេញ​ករណី​កិច្ចការពារ​ធនធាន​ធម្មជាតិ ស្រប​តាម​ច្បាប់ និង គោលការណ៍​ណែនាំ​របស់​ក្រសួង​យុត្តិធម៌​នោះ​ឡើយ។

លោក​ជំរុញ​ឱ្យ​ក្រសួង​យុត្តិធម៌ ពិនិត្យ និង​តាមដាន​ដោយ​យកចិត្តទុកដាក់ ពី​​ប្រសិទ្ធភាព​ការងារ របស់​តុលាការ​ខេត្ត​កំពង់ធំ ដែល​ពលរដ្ឋ​រិះគន់​ថា អសមត្ថភាព​ស្រាយ​សំណុំរឿង​បទល្មើស​ព្រៃឈើ។

ព្រៃ​សហគមន៍​សាលា​ឆ្តោ មាន​ផ្ទៃដី​សរុប​ជាង ១ ពាន់​ហិកតារ (១០០៦) បាន​ចុះបញ្ជី​ជា​ព្រៃ​អភិរក្ស​ពី​ក្រសួងកសិកម្ម កាល​ពី​ឆ្នាំ​២០០៨​។ ព្រៃ​អភិរក្ស​មួយ​នេះ ឋិត​ក្នុងភូមិ​គគីរ ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទបល្ល័ង្គ ខេត្ត​កំពង់ធំ បាន​ទទួលរង​ការ​កាប់​ឈើ​មាន​តម្លៃ និង​ឈូស​ឆាយ​ទន្ទ្រានព្រៃ​យក​ដី​អស់​ស្ទើរ​ទាំងស្រុង​នៅ​រយៈពេល៧ ឆ្នាំ​ចុង​ក្រោយនេះ​។ បច្ចុប្បន្ន​ដីព្រៃ​សហគមន៍​នេះ នៅសល់​ព្រៃរបោះ​រេចរឹល​ជាង ៦០​ហិកតារ​ប៉ុណ្ណោះ ដែល​អ្នកភូមិ​កំពុង​នាំគ្នា​ថែទាំ ក៏​កំពុង​ទទួលរង​ការ​កាប់​បំផ្លាញ​បន្តិច​ម្ដងៗ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។