អត្ថបទ​ស៊ើបអង្កេត៖ ក្រុមហ៊ុន អង្គរ ផ្លាយវូត បន្ត​ដឹក​​ឈើ​ចេញ​​ទៅ​លក់​នៅ​ក្រៅ​ប្រទេស

0:00 / 0:00

អត្ថបទ​ស៊ើបអង្កេត​​​របស់​សារព័ត៌មាន​ ម៉ុងហ្គាបេ ​ (Mongabay) ថា ក្រុមហ៊ុន អង្គរ ផ្លាយវូត (Angkor Plywood) បន្ត​ដឹក​​ឈើ​ចេញ​​ទៅ​ប្រទេស​វៀតណាម​ ដោយ​​បាន​កែច្នៃ​​​​ជា​គ្រឿង​សង្ហារិម​​ទៅ​លក់​បន្ត​នៅ​​ប្រទេស​ចិន និង​ប្រទេស​ផ្សេងៗទៀត។ មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​​​ជា​បន្ទាន់​ទៅ​លើ​ក្រុមហ៊ុន​ដឹកឈើ​ដែល​រង​​​ការ​ចោទ​ប្រកាន់​រាប់​ឆ្នាំ​មក​​ហើយ​នេះ។

អត្ថបទ​ស៊ើបអង្កេត​​​របស់ ​សារព័ត៌មាន​​ម៉ុងហ្គាបេ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​​​បាន​ចេញ​ផ្សាយ​​នៅ​​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ថា ក្រុមហ៊ុន អង្គរ ផ្លាយវូត (Angkor Plywood Co., Ltd.) របស់​​​​លោក ជា ពៅ ​បន្ត​ដឹក​ឈើ​​​ចេញ​ទៅ​ប្រទេស​ចិន​ និង​ប្រទេស​វៀតណាម​រហូត​ដល់​ពេល​បច្ចុប្បន្ន។

អត្ថបទ​​ដដែល​ឱ្យ​ដឹង​ថា ក្រុមហ៊ុន អង្គរ ផ្លាយវូត បាន​​​​​​លួច​កាប់​ឈើ​ខុស​ច្បាប់​ពី​តំបន់​ការពារ​របស់​កម្ពុជា​ និង​បំពាន​ច្បាប់​ផ្សេងៗ តាម​រយៈ​ការ​នាំ​ចេញ​ឈើ​ប្រណិត​ទៅ​ក្រៅ​ប្រទេស​​តាំង​ពី​ឆ្នាំ​២០១១ មក។ ម្ចាស់​នៃ​ក្រុមហ៊ុន​នេះ​​គឺ​ ​លោក ជា ពៅ បាន​សហការ​ជាមួយ​​អ្នក​ជំនួញ​ជនជាតិ​ចិន​​តៃវ៉ាន់ (Taiwan) គឺ​ លោក លូ ឈូឆាង (Lu Chu Chang) ដែល​បាន​បង្កើត​រោងចក្រ​អារ​ឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ឡង់​ក្នុង​ទំហំ​​​៤៩​ម៉ឺន​ហិកតារ ដោយ​បង្ក​​ឱ្យ​មាន​វិនាសកម្ម​ព្រៃឈើ​ សត្វព្រៃ​ និង​បំផ្លាញ​​​​​​កន្លែង​រស់​នៅ​របស់​​ជនជាតិ​​ដើម​ភាគតិច។

កន្លង​មក​​អត្ថបទ​សារព័ត៌មាន ម៉ុងហ្គាបេ ក៏​បាន​រាយការណ៍​រួច​ដែរ​ថា លោក លូ ឈូឆាង ក៏​ជា​ម្ចាស់​នៃ​ក្រុម​ហ៊ុន​កាប់​ឈើ​​ក្រុម​ហ៊ុន​ស៊ីងបាយអូថេក (Think Biotech (Cambodia) Co., Ltd.) ដែល​ទទួល​បាន​ដីសម្បទាន​​ក្នុង​ទំហំ ៣​ម៉ឺន ៤​ពាន់​​ហិកតារ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃឡង់​​​នៃ​​ខេត្ត​ក្រចេះ។ ប៉ុន្តែ​ក្រុមហ៊ុន​​ស៊ីង​បាយអូថេក​ បាន​ប្ដូរ​ឈ្មោះ​ទៅ​ក្រុមហ៊ុន ហូលី ផ្លានថេសិន (Holy Plantation)​ កាល​ពី​ឆ្នាំ​មុន។ ចំណែក លោក ជា ពៅ ក៏​ជា​ក៏​មាន​ទំនាក់ទំនង​​​ជាមួយ​ម្ចាស់​ក្រុមហ៊ុន​កាប់​ឈើ​​​ចំនួន​ពី​​គឺ​ក្រុមហ៊ុនPNT Co., Ltd និង​ក្រុមហ៊ុន Thy Nga Development Co., Ltd. ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ឡង់​ នៃ​ខេត្ត​ព្រះវិហារ​ដែរ។

អត្ថបទ​សារព័ត៌មាន ម៉ុងហ្គាបេ បាន​រក​ឃើញ​ភស្តុតាង​មួយ​ចំនួន​​ថា មាន​ក្រុមហ៊ុន​មួយ​ចំនួន​គឺ​ជា​ប្រភព​​នាំ​ឈើ​ប្រណិត​ទៅ​កាន់​ក្រុមហ៊ុន​អង្គរ ផ្លាយវូត ហើយ​ក្រុមហ៊ុន​នេះ​​នាំ​ឈើ​បន្ត​ទៅ​​​ក្រុមហ៊ុន​​ចិន​ និង​អាមេរិក​​ នៅ​ក្នុង​​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ (SEZ)។ បន្ទាប់​មក​​​​ពួកគេ​កែច្នៃ​​ទៅ​ជា​​បន្ទះ​ឈើ ដែល​ក្រាល​លើ​ការ៉ូ​ដើម្បី​នាំ​ទៅ​ក្រៅ​ប្រទេស​ជា​ពិសេស​​ក្រុមហ៊ុន​អាមេរិក​ឈ្មោះ​ថា AHF Products។

សារព័ត៌មាន​ដដែល​ថា វៀតណាម​ជា​ប្រទេស​គោល​ដៅ​ជា​ច្រើន​ឆ្នាំ​​ដែល​បាន​ទិញ​ឈើ​ខុស​ច្បាប់​​ពី​​កម្ពុជា សម្រាប់​​កែច្នៃ​ទៅ​ជា​គ្រឿង​សង្ហារិម​ប្រណិត​​រួច​លក់​ទៅ​កាន់​​​​ប្រទេស​​ប្រទេស​ចិន សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​​ជា​ដើម។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក ខ្វៃ អាទិត្យា បានទេ នៅ​ថ្ងៃ​ទី១៤ ខែ​តុលា។

អ្នក​សម្របសម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា(CYN) លោក អូត ឡាទីន លើក​ឡើង​ថា ករណី​​ក្រុមហ៊ុន​ស៊ីងបាយអូថេក​ដឹក​ឈើ​ចេញ​​​ទៅ​ក្រៅ​ប្រទេស គឺ​ជា​រឿង​ដដែល​ៗ​ ដែល​​សកម្មជន​ការពារ​ព្រៃឈើ​ សារព័ត៌មាន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​​តែង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ស៊ើបអង្កេត​​​ម្ដង​ហើយ​ម្ដង​ទៀត។ លោក​បារម្ភ​ថា​ប្រសិន​បើ រដ្ឋាភិបាល​គ្មាន​វិធានការ​ជា​បន្ទាន់​ទេ​​ ក្រុមហ៊ុន​​ទាំង​នេះ​នឹង​បំផ្លាញ​​ព្រៃឈើ​​ទាំង​ស្រុង​នៅ​ដែន​ជម្រក​សត្វ​ព្រៃឡង់។

លោក អូត ឡាទីន៖«សូម​ឱ្យ​ចុះ​ធ្វើ​បច្ចុប្បន្នភាព សិក្សា​​ស្រាវជ្រាវ​ទៅ​លើ​​ក្រុមហ៊ុន​អង្គរ ផ្លាយវូត​ ហើយ​ត្រូវ​តែ​សិក្សា​ឱ្យ​បាន​ម៉ត់ចត់​​​ ប្រសិន​ជា​អាច​គួរ​បិទ​អាជ្ញាប័ណ្ណ​​ក្រុមហ៊ុន​មួយ​នេះ​ដើម្បី​កុំ​ឱ្យ​​​ក្រុមហ៊ុន​មួយ​នេះ​បន្ត​នាំ​ឈើ​ចេញ​​ទៅ​បរទេស​បន្ត​ទៀត​ ហើយ​​ក្រុមហ៊ុន​មួយ​នេះ​បើ​យើង​ពិនិត្យ​មើល​ទៅ​​មាន​ការ​សង្ស័យ​ និង​ការ​ជាប់​ពាក់​ព័ន្ធ​ទៅ​ហ្នឹង​ការ​​​កាប់​បំផ្លាញ​ការ​នាំ​ឈើ​ចេញ​​ទៅ​បរទេស​គឺ​គាត់​កាប់​​ឈើ​ចេញ​ពី​តំបន់​ការពារ​ធម្មជាតិ»។

របាយការណ៍​របស់ អង្គការ​គំនិត​ផ្ដួចផ្ដើម​សាកល​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដែល​មាន​អង្គការ​ចាត់តាំង(Global Initiative Against Transnational Organized Crime) កាល​ពី​ឆ្នាំ២០២១ មាន​រក​​ឃើញ​ថា យ៉ាង​ហោច​ណាស់​មាន​ក្រុមហ៊ុន​ចំនួន​ ៥ រួម​មាន​ក្រុមហ៊ុន សំអឿន សុវណ្ណ (Sam Oeun Sovann Co., Ltd.) ក្រុមហ៊ុន ធី.អិន.ធី(PNT Co., Ltd.) និង​ក្រុមហ៊ុន ធីង៉ា អភិវឌ្ឍន៍ និង​វិនិយោគ (Thy Nga Development Co., Ltd.) ជាដើម បាន​ប្រមូល​ឈើ​ពី​តំបន់​អភិរក្ស​យក​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន អង្គរ ផ្លាយវូត (Angkor Plywood Co., Ltd.) ដើម្បី​យក​ទៅ​ផ្គត់ផ្គង់​ឈើ​នៅ​ទីផ្សារ​អន្តរជាតិ ដែល​ធ្វើការ​ដឹក​ជញ្ជូន​តាម​រយៈ​កំពង់​ផែ​អន្តរជាតិ​ភ្នំពេញ ចេញ​តាម​ច្រក​ព្រំដែន​អន្តរជាតិ​កម្ពុជា​ -វៀតណាម នៅ​តំបន់​ក្អមសំណរ ខេត្ត​កណ្ដាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។