ប្រជាសហគមន៍ការពារព្រៃឈើនៅខេត្តកំពង់ស្ពឺអះអាងថា ដើមឈើធំៗ ដុះតាមជ្រលងភ្នំ និងចង្កេះភ្នំឱរ៉ាល់ ឋិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន កំពុងក្លាយជាទីផ្សារកាប់ឈើធ្វើអាជីវកម្មទ្រង់ទ្រាយធំ។ ពួកគាត់ថា បទល្មើសព្រៃឈើទ្រង់ទ្រាយធំនេះ បានបំផ្លាញជម្រកសត្វព្រៃរស់នៅ និងជីវភាពប្រជាជន។
ប្រជាសហគមន៍សាមគ្គីត្រពាំងជោ នៃឃុំត្រពាំងជោ ស្រុកឱរ៉ាល់ សោកស្ដាយនៅពេលឃើញដើមឈើមូលធំៗ ប្រភេទរាជកុល កាំពីងបុក ផ្ចឹក និងត្បែងជាដើម ដែលមានមុខកាត់ ៣តឹកឡើងទៅ ត្រូវបានគេកាប់ និងដឹកជញ្ជូនចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ស្ទើរជារៀងរាល់ថ្ងៃ។ ដើមឈើទាំងនេះ ដុះតាមជម្រាលភ្នំ និងចង្កេះភ្នំ នៅចំណុច ស្ទឹងព្រួល ទឹកធ្លាក់សំប៉ាក និងចំណុចថ្មក្រហម ក្នុងតំបន់អភិរក្សភ្នំឱរ៉ាល់។
ប្រធានសហគមន៍សាមគ្គីត្រពាំងជោ លោក ម៉ុន សំអាត ឱ្យដឹងនៅថ្ងៃទី២៩ មករាថា ឈើខ្លះ មានមុខកាត់ជាង ១ម៉ែត្រ ត្រូវបានគេកាប់ផ្តួល អារច្រៀកជាបន្ទះក្តារ និងឈើជ្រុង រួចដឹកចេញក្រៅតាមគោយន្ត និងរទេះគោ តាមច្រកស្រែកិន ក្នុងស្រុកឱរ៉ាល់។ លោកបន្តថា ឈើរាជកុល និងឈើមូលធំៗ ជាច្រើនប្រភេទទៀត ដែលទាក់ទាញភ្ញៀវទេសចរ ក៏ត្រូវបានគេកាប់រំលំដួលពាសពេញចង្កេះភ្នំឱរ៉ាល់ដែរ។ លោកបញ្ជាក់ថា បទល្មើសព្រៃឈើទាំងនេះ បានកើតមានច្រើននៅរយៈពេល ៣ខែចុងក្រោយនេះ៖ «មិនត្រឹមតែឈើរាជកុលទេ ឈើគ្រប់ប្រភេទ ឈើត្រង់ធំៗ នៅតំបន់នោះ គេកាប់យកតែទាំងអស់។ ខ្ញុំមានការសោកស្ដាយ កន្លែងនោះមានដើមឈើធំៗ ជម្រកសត្វទន្សោង ខ្ទីង និងសត្វគ្រប់ប្រភេទ នៅតំបន់នោះ វានឹងប្រឈមការបាត់បង់ដោយសារតែមានជម្រកព្រៃរស់ទៀត»។
ដោយឡែក នៅតំបន់ខ្នងភ្នំវាល ក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ដែលមានភូមិសាស្ត្រ ជាប់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់វិញ ប្រជាសហគមន៍ឱ្យដឹងថា ដើមឈើធំៗ នៅទីនោះក៏ទទួលរងការកាប់ផ្តួល ធ្វើអាជីវកម្មយ៉ាងពេញទំហឹង ជាច្រើនខែមកហើយដែរ។ ប្រជាសហគមន៍ការពារព្រៃឈើភ្នំឱរ៉ាល់ លោក វី រ៉ាវ៉ាន់ ថ្លែងថា បទល្មើសព្រៃឈើទាំងនេះ កើតមានច្រើន ដោយសារឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថានទទួលប្រយោជន៍ពីអ្នកដឹកឈើ និងអ្នកកាប់ឈើ ជាថ្នូរនឹងការមិនចាត់វិធានការច្បាប់លើពួកគេ៖ «គេកាប់ឈើដូចជាម្រេញ។ គេកាប់ចេញជាហ៊ុបៗ រទេះគោ វាដឹករទេះគោ យប់ឡើងដឹក ឈើមកដាក់ជាប់ផ្ទះខ្ញុំ យប់ឡើងឡានចេញ។ ក្រសួងបរិស្ថានវាយកលុយពីឈ្មួញកាប់ឈើហ្នឹង ថាបង់មួយខែមួយលានរៀល»។
អាស៊ីសេរីមិនអាចទាក់ទងមន្ត្រីបរិស្ថាននៅតំបន់ភ្នំឱរ៉ាល់ និងអ្នកនាំពាក្យក្រសួងបរិស្ថាន ដើម្បីសុំការឆ្លើយតបរឿងនេះបានទេនៅថ្ងៃទី២៩ មករា។
ទោះយ៉ាងណា អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង មានប្រសាសន៍ថា មន្ត្រីជំនាញមានចំនួនតិចនៅឡើយ មិនអាចទប់ស្កាត់បទល្មើសព្រៃឈើគ្រប់ជ្រុងជ្រោយនោះទេ។ លោកទាមទារឱ្យសហគមន៍បង្ហាញទីតាំងជាក់លាក់ ដើម្បីឱ្យសមត្ថកិច្ចចុះបង្ក្រាប។ លោកបញ្ជាក់ថា សមត្ថកិច្ច និងមន្ត្រីជំនាញកំពុងប្រឹងប្រែងចាត់វិធានការ ទប់ស្កាត់បទល្មើសព្រៃឈើគ្រប់ប្រភេទនៅតំបន់នោះ៖ «មន្ត្រីយើងអត់មានតែពេញតែព្រៃហ្នឹងកើតទេ ព្រោះមន្ត្រីមានតិច យើងទៅដើរល្បាតមានកន្លែងខ្លះចំ និងកន្លែងខ្លះអត់ចំ។ អ៊ីចឹងយើងមិនមែនអត់ធ្វើការទេ បើសិនជាយើងបានព័ត៌មានពីអ្នកសារព័ត៌មាន ពីពលរដ្ឋមក យើងផ្ទៀងផ្ទាត់ទៅ ហើយយើងទៅ យើងបង្ក្រាបចំគោលដៅតែម្ដង»។
ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ លោក ជា ហ៊ាន ទទួលស្គាល់ថា ពិតជាមានបទល្មើសព្រៃឈើនៅតែកើតមានច្រើន ក្នុងតំបន់ភ្នំឱរ៉ាល់មែន។ លោកថា ដើមឈើធំៗ សល់ចុងក្រោយ នៅចង្កេះភ្នំ និងជើងភ្នំឱរ៉ាល់ នឹងបាត់បង់ទាំងស្រុង ប្រសិនបើមន្ត្រីជំនាញពាក់ព័ន្ធនៅតែបណ្ដែតបណ្ដោយ៖ «ឈ្មួញបច្ចុប្បន្ននេះ គាត់ប្រើប្រាស់ពលរដ្ឋជាខែល ដើម្បីស៊ីឈ្នួលចូលទៅកាប់ឈើលក់ឱ្យគាត់ ដឹកតាមគោយន្ត»។
ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ គឺជាតំបន់ការពារដោយព្រះរាជក្រឹត្យ កាលពីឆ្នាំ១៩៩៣ ដែលមានផ្ទៃដីជាង ២សែន ៥ម៉ឺនហិកតារ (២៥៣.៧៥០) គ្រប់គ្រងដោយក្រសួងបរិស្ថាន។ ប៉ុន្តែអ្នកឃ្លាំមើលបរិស្ថានអះអាងថា ព្រៃអភិរក្សមួយនេះ បានក្លាយជាវាលរហោឋានមួយផ្នែកធំទៅហើយ និងមានតំបន់ខ្លះទៀត គ្រប់គ្រងជាកម្មសិទ្ធិឯកជន ដោយបុគ្គលមានអំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។