មន្ត្រី​បរិស្ថាន​ខេត្ត​កំពង់ធំ​ទទួលស្គាល់​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ តែ​មិន​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​ខ្លួន

មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ បាន​ចេញ​សេចក្ដីប្រកាស​ឆ្លើយ​បំភ្លឺ​ថា ពិតជា​មាន​ករណី​កាប់​ទន្ទ្រាន​ដី​ព្រៃ​ប្រាកដ​មែន ប៉ុន្តែ​មិន​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​ខ្លួន​នោះ​ទេ។ ប៉ុន្តែ​សហគមន៍​ថា អាជ្ញាធរ​កំពុងតែ​ឆ្លើយ​យក​រួចខ្លួន ដោយ​គេចវេះ​មិន​ទទួល​ខុសត្រូវ​ចំពោះ​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ទាំងអស់​នោះ។

មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃទី​៥ ខែ​ធ្នូ ទទួល​ស្គាល់​ថា ពិត​ជា​មាន​ករណី​កាប់​ទន្ទ្រាន​ដី​ព្រៃ​យក​ធ្វើ​ជា​កម្ម​សិទ្ធ​ពិតប្រាកដ​មែន នៅ​ចំណុច​អូរ​តាលោ ឃុំ​មានរិទ្ធិ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ប៉ុន្តែ​បដិសេធ​ថា ករណី​កាប់​ទន្ទ្រាន​ដី​ព្រៃ​នៅ​ចំណុច​នោះ មិន​ស្ថិត​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​នោះ​ទេ ដោយ​នៅ​ឆ្ងាយ ប្រមាណ​៥០០​ម៉ែត្រ ពី​តំបន់​ព្រៃឡង់។ សេចក្ដីប្រកាស​នេះ​ធ្វើឡើង ក្រោយ​មានការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន អំពី​បណ្ដាញ​សហគមន៍​ព្រៃឡង់ ចុះ​ល្បាត​រក​ឃើញ​បទល្មើស​ព្រៃឈើ និង​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ កាលពី​ថ្ងៃទី​៥ ខែ​ធ្នូ កន្លង​ទៅ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ លោក តុ​ប កក្កដា ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​បាន​ទេ នៅ​ថ្ងៃទី​៦ ខែ​ធ្នូ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល។

ជុំវិញ​រឿង​នេះ អ្នកសម្របសម្រួល​បណ្ដា​ញ​សហគមន៍​ព្រៃ​ឡង់ ខេត្ត​កំពង់ធំ ដែល​បាន​ចុះ​ស្រាវជ្រាវ​បញ្ហា​នេះ លោក ហឿន សុភាព ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​៦ ខែ​ធ្នូ ថា បណ្ដាញ​សហគមន៍​ព្រៃឡង់​នឹង​នាំ​អ្នក​ជំនាញ​ផ្នែក​ផែនទី ចុះ​ទៅ​ពិនិត្យ​ទីតាំង​នោះ​ផ្ទាល់​ម្ដងទៀត ដើម្បី​បញ្ជាក់​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ដឹង​ច្បាស់។ លោក​បន្ថែម​ថា ប្រសិនបើ​ទីតាំង​នោះ​មិនមែន​ជា​ដែនជម្រកសត្វព្រៃ​ឡង់ មូលហេតុ​អ្វី​មន្ត្រី​បរិស្ថាន​ទាំងនោះ រារាំង​សហគមន៍​មិន​ឲ្យ​ចូល​ល្បាត​និង​ស្រាវជ្រាវ​បទល្មើស​ព្រៃឈើ​នៅ​តំបន់​នោះ ។ លោក​ស្នើ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​ជាមួយ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​នៅ​ថ្ងៃ​ខាងមុខ​ទាំងអស់គ្នា ដើម្បី​ពិនិត្យ​ឲ្យ​ដឹង​ច្បាស់​ថា​នរណា​ជា​អ្នកទទួលខុសត្រូវ​អំពី​បញ្ហា​នេះ។

លោក ហឿន សុភាព៖ «ខ្ញុំ​យល់​ថា មន្ត្រី​ទាំងអស់​នោះ​គឺ​មិន​អាច​ឆ្លើយ​បដិសេធ​បាន​ទេ ព្រោះ​ជា​រឿង​គោលការណ៍​រដ្ឋាភិបាល​តែមួយ​សូម្បី​តែ​នៅក្នុង​តំបន់​ណា​ក៏​ជា​ដែន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ដែរ គឺ​នៅ​ក្នុង​ច្បាប់​ការ​កាប់​បំផ្លាញ​ដែន​សមត្ថកិច្ច​របស់​គឺ​អ្នកនោះ​គឺ​ត្រូវតែ​មានទោស ហើយ​រដ្ឋ​តំណាង​ឱ្យ​រដ្ឋ​ទាំង​រដ្ឋបាល​ព្រៃឈើ​ទាំង​បរិស្ថាន​គឺ​ត្រូវតែ​មាន​តួនាទី​ចុះ​បង្ក្រាប ប៉ុន្តែ​ជា​ទូទៅ​គ្រប់​ស្ថាប័ន​តែងតែ​ឆ្លើយ​បដិសេធ​យករួចខ្លួន​មួយ​ពេលៗ​សិន​ហើយ»។

ស្រដៀង​គ្នា​នេះ​ដែរ បណ្ដាញ​សហគមន៍​ព្រៃឡង់ ខេត្ត​ព្រះវិហារ លោក ខេម សុឃី ឲ្យ​ដឹង​ថា អាជ្ញាធរ​មិនដែល​ទទួល​ស្គាល់​ថា បទ​ល្មើស​កើតមាន​នៅក្នុង​តំបន់​របស់​ខ្លួន​គ្រប់​គ្រង់​ម្ដងណា​ឡើយ បើ​ទោះបី​សហគមន៍​នាំ​ទៅ​ដល់​ទីតាំង​ហើយ​យ៉ាងណាក្ដី ក៏​មន្ត្រី​ទាំងនោះ​មិន​មាន​វិធានការ ចំពោះ​ជនល្មើស​នោះ​ដែរ ។ លោក​បន្ត​ថា កន្លងទៅ​មន្ត្រី​បរិស្ថាន​តែងតែ​ឆ្លើយ​ដោះសា​យករួចខ្លួន​និង​ច្រានចោល​រាល់​ព័ត៌មាន​ដែល​សហគមន៍​រក​ឃើញ​ការ​កាប់​ឈើ​និង​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​នៅក្នុង​តំបន់​ព្រៃឡង់។

លោក ខេម សុឃី៖ «ហើយ​ការ​ឆ្លើយ​បដិសេធ​របស់​ក្រសួង​គឺជា​លេស​មួយ​ដែល​ដោះសា​ឱ្យ​តែ​កើត​ទេ ទោះ​ដី​នៅ​ដំណាក់កាល​ណាក៏ដោយ តែ​ជាប់​នៅក្នុង​តំបន់​របៀង​របស់​ព្រៃឡង់​គឺ​ត្រូវតែ​ការពារ​មិន​ត្រូវ​បណ្តែតបណ្តោយ​ឱ្យ​ការ​កាប់​ឈើ​កាប់​ទន្ទ្រាន​ដូច​អ៊ីចឹង​ទេ»។

ដែន​ជម្រកសត្វព្រៃ​ព្រៃ​ឡង់ ត្រូវ​បាន​រដ្ឋាភិបាល​ពង្រីក​ទំហំ​ផ្ទៃ​ដី ចាប់ពី​៤៣​ម៉ឺន​(៤៣១.៦៨៣)​ហិកតារ ទៅ​៤៨​ម៉ឺន (៤៨៩.៦៦៣)​ហិកតារ គឺ​មាន​ការ​កើន​ឡើង​ជាង ៥​ម៉ឺន (៥៧.៩៨០) ហិកតារ នេះ​បើ​តាម​អនុក្រឹត្យ របស់​រដ្ឋាភិបាល ដែល​បាន​ចេញ​ផ្សាយ កាល​ពី​ថ្ងៃទី​៨ ខែ​វិច្ឆិកា ។ បើ​ទោះ​បី​រដ្ឋាភិបាល​ពង្រីក​ផ្ទៃដី​ធំ​ជាង​មុន​យ៉ាងណាក្ដី ក៏​តំបន់​ការពារ​ព្រៃឡង់ នៅតែ​រង​ការ​កាប់​យក​ឈើ​ធំៗ និង​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ ពី​សំណាក់​ក្រុម​ឈ្មួញ និង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ជុំវិញ​តំបន់​នោះ​យ៉ាង​អនាធិបតេយ្យ។

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក អូត ឡាទីន យល់​ឃើញ​ថា អាជ្ញាធរ​ទទួល​ស្គាល់​ថា មាន​បទល្មើស ប៉ុន្តែ​មិន​ទទួល​ខុសត្រូវ ចំពោះ​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ និង​គ្មាន​វិធានការ​ច្បាស់លាស់​ទៅលើ​ជនល្មើស​នោះ​ទេ។ លោក​បន្ថែម​ថា​អាជ្ញាធរ​គួរតែ​សិក្សា​ស្រាវជ្រាវ និង​ស្វែងរក​អ្នក​ដែល​បាន​ប្រព្រឹត្ត​បទល្មើស ព្រមទាំង​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ទាំងអស់ យក​មក​អនុវត្ត​ច្បាប់ ប្រសើរ​ជាង​គេចវេះ​មិន​ទទួលខុសត្រូវ​ក្នុង​ការពារ​ព្រៃឈើ​នៅ​តំបន់​នោះ។ លោក​ស្នើ​ឲ្យ​អាជ្ញាធរ​បើក​ចិត្ត​ឲ្យ​ទូលាយ​ទៅលើ​បណ្ដាញ​សហគមន៍​ព្រៃឡង់ ដើម្បី​សាមគ្គី​រួមគ្នា​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​កុំ​ឲ្យ​កើតមាន​បន្ត​ទៀត និង​ឈប់​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​បណ្ដាញ​សហគមន៍​ព្រៃឡង់​ទាំង ៤​ខេត្ត​បន្ត​ទៀត។

លោក អូត ឡាទីន៖ «អ៊ីចឹង​បើសិនជា​នៅក្នុង​ន័យ​ថា ចង់​ការពារ​ព្រៃឡង់​ឲ្យ​មាន​និរន្តរភាព​កុំ​ឲ្យ​មាន​បទល្មើស​នៅក្នុង​ព្រៃឡង់ មិន​ពិបាក​ទេ​គឺ​គ្រាន់តែ​ធ្វើ​កិច្ច​ការងារ​សហការ​ជាមួយ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ដែល​ជា​សហគមន៍​មូលដ្ឋាន​នៅ​ជាប់​តំបន់​ព្រៃឡង់​ហ្នឹង​ផ្ទាល់​ឲ្យ​គាត់​ចូលរួម​ចំណែក​នៅក្នុង​កិច្ចការ​ការពារ​ដោយ​សន្តិវិធី​ដោយ​មិន​មាន​លក្ខខណ្ឌ​ទៅ​វា​ជា​ការ​ស្រេច​ទៅ​ហើយ​នៅក្នុង​ការ​ការពារ​តំបន់​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់»។

ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ គ្រប​ដណ្ដប់​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ចំនួន​៤ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​ខេត្ត​កំពង់ធំ ត្រូវ​បាន​រដ្ឋាភិបាល​បង្កើត​ជា​តំបន់​ដែន​ជម្រក​សត្វព្រៃ​នៅក្នុង​ឆ្នាំ​២០១៦ ។ ព្រៃ​ឡង់​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការ​ផ្គត់ផ្គង់​ជីវភាព ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់​នោះ​។ ព្រៃ​មួយ​នេះ​សម្បូរ​ទៅ​ដោយ​ជីវចម្រុះ​គ្រប់​ប្រភេទ។

ទោះជា​បែប​នេះ​ក្ដី ទិន្នន័យ​របស់​អង្គការ​ឃ្លាំមើល​ព្រៃឈើ​ពិភពលោក របស់​សហរដ្ឋអាមេរិក (Global Forest Watch) និង​វិភាគ​ទិន្នន័យ របស់​សកល​វិទ្យាល័យ​ម៉ារីលែន (Maryland University ) បាន​បង្ហាញ​ថា តំបន់​ព្រៃ​ការពារ​ព្រៃ​ឡង់​ដែល​មាន​ផ្ទៃដី​ធំ​ជាង​គេ​នៅ​កម្ពុជា បាន​បាត់បង់​ដី​ព្រៃ​ជាង ៨ ពាន់​ហិកតារ (៨.៣០០) នៅក្នុង​ឆ្នាំ​២០២២។ របាយការណ៍​បន្ថែម​ថា តំបន់​ព្រៃ​អភិរក្ស​មួយ​នេះ​នៅ​តែ​បន្ត​បាត់បង់​ដើម​ឈើ​ធំៗ​ជាច្រើន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។