សហគមន៍​ខេត្តកោះកុង​ជំរុញ​ឱ្យ​នាយករដ្ឋមន្ត្រី​ចាត់​វិធានការ​ការពារ និង​បញ្ឈប់​កាត់​ឆ្វៀល​ព្រៃ​កោងកាង

0:00 / 0:00

ប្រជា​សហគមន៍​នេសាទ នៅ​ខេត្ត​កោះកុង​អះអាង​ថា ដី​ព្រៃ​កោងកាង​ជាច្រើន​តំបន់ បន្ត​ទទួលរង​ការ​កាប់​ទន្ទ្រាន និង​ឈូស​ឆាយ​ឱ្យ​ក្លាយ​ជា​វាល ធ្វើ​ជា​កម្មសិទ្ធិ​ជា​បន្តបន្ទាប់ បើ​ទោះបី​ជា​មាន​បទបញ្ជា​ពី​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ឱ្យ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​នោះ​ក្តី​។ ប្រជា​សហគមន៍​ខេត្ត​កោះកុង​ជំរុញ​ឱ្យ​នាយករដ្ឋមន្ត្រី ចាត់​វិធានការ​តឹងតែង​ការពារ​ព្រៃកោងកាង និង​បញ្ឈប់​ការ​កាត់​ឆ្វៀល​ព្រៃ​កោងកាង។

សកម្មជន​ការពារ​បរិស្ថាន និង​ប្រជា​សហគមន៍​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​មិន​ទាន់​យក​ចិត្តទុកដាក់ ថែរក្សា​ព្រៃកោងកាង ឱ្យ​គង់វង្ស​នោះ​ទេ ផ្ទុយទៅវិញ ព្រៃកោងកាង​ជាច្រើន​ពាន់​ហិកតារ​ហាក់​ត្រូវ​បាន​គេ​បោះបង់​ចោល ដោយ​គ្មាន​ការ​ថែទាំ​ច្បាស់លាស់។

ពួកគាត់​អះអាង​បែប​នេះ ដោយសារ​ព្រៃកោងកាង​ក្នុង​តំបន់​ជ្រោយ​ស្វាយ នៃ​ឃុំ​ជ្រោយស្វាយ ស្រុកស្រែ​អំបិល​ទំហំ​ជិត ១០០ ហិកតារ ត្រូវ​បាន​គេ​លប​កាប់​បំផ្លាញ​ជា​បន្តបន្ទាប់ ដោយ​គ្មាន​ការ​អនុវត្ត​ច្បាប់។

រីឯ​ដី​ព្រៃកោងកាង​ក្នុង​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប​ដែល​អតីត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស៊ីញេ កាត់​ឆ្វៀល​តំបន់​អភិរក្ស​នេះ ទំហំ​ជិត ៧ ពាន់​ហិកតារ (៦៧០០)​ទៀត នៅ​មិន​ទាន់​មាន​ការ​ផ្សព្វផ្សាយ​ប្រាប់​ប្រជា​សហគមន៍​ឱ្យ​បាន​ទូលំទូលាយ​នៅឡើយ​ទេ។

ប្រជា​សហគមន៍​នេសាទ​រស់នៅ​ខេត្ត​កោះកុង លោកស្រី ហៀប ឪ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៣ កុម្ភៈ ថា ព្រៃកោងកាង ក្នុងភូមិ​ជ្រោយ​ស្វាយ​ខាងលិច​យ៉ាងហោចណាស់ ១០ ហិកតារ​ទៀត ត្រូវ​គេ​កាប់​ទន្ទ្រាន យក​ដី​លក់ និង​តំបន់​ខ្លះទៀត​គេ​ហ៊ុម​ព័ទ្ធ​របង ដោយ​គ្មាន​ការ​អនុវត្ត​ច្បាប់​។ លោកស្រី​បន្ថែម​ថា ព្រៃកោងកាង​ដែល​ក្រុម​អ្នក​មាន​អំណាច​បន្ត​កាប់​ទន្ទ្រាន គឺជា​កន្លែង​នេសាទ​ត្រី​របស់​ប្រជា​សហគមន៍​ជាច្រើន​ភូមិ និង​ជា​ប្រភព​សេដ្ឋកិច្ច​របស់​ពួកគាត់។

លោកស្រី ហៀប ឪ៖ «កាត់​ព្រៃ​បំផ្លាញ​ព្រៃ​លិច​ទឹក មច្ឆា​ជាតិ​បំផ្លាញ​គ្រប់សព្វ បាន​ក្តាម​ខ្យង​មកពីណា​ទៀត​បើ​អស់​ព្រៃ​។ សូម​នាយករដ្ឋមន្ត្រី​ថ្មី ជួយ​ការពារ​ព្រៃកោងកាង​ផង បើ​អស់​ព្រៃ​លិច​ទឹក​មិនដឹង​រំពឹង​អី​ទេ សង្ឃឹម​តែព្រៃ​លិច​ទឹក»។

កាលពី​ថ្ងៃទី១៧ កក្កដា ឆ្នាំ ២០២៣ រដ្ឋាភិបាល​សម្រេច កែប្រែ​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប ទំហំ ជាង ២ ម៉ឺន ៣ ពាន់​ហិកតារ (២៣.៧៥០) ថយ​មក​នៅ​ជាង ១ ម៉ឺន ៦ ពាន់​ហិកតារ (១៦.៩៨២)​វិញ​។ សេចក្តី​សម្រេច​នេះ ប្រជា​សហគមន៍​ថា មិនបាន​អនុញ្ញាត​ឱ្យ​ពួក​គាត់​ចូលរួម​ពិគ្រោះ​យោបល់​នោះ​ទេ ទើប​ធ្វើ​ឱ្យ​ពួកគាត់​បារម្ភ​ខ្លាចក្រែង រដ្ឋ​យក​ដី​អភិរក្ស​ទៅ​ប្រគល់​ឱ្យ​វិស័យ​ឯកជន​វិនិយោគ​ស្ងាត់ៗ។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាល​ខេត្តកោះកុង អ្នកស្រី មិថុនា ភូថង និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​នេះ​លោក ហ៊ុន ម៉ារ៉ាឌី បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី១៣ កុម្ភៈ​។ រីឯ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត ក៏​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ក៏ប៉ុន្តែ​អភិបាល​ខេត្ត​កោះកុង អ្នកស្រី មិថុនា ភូថង ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ខែ​សីហា ឆ្នាំ ២០២៣​ថា ការ​កាត់​ឆ្វៀល​នេះ ដោយសារ​មាន​លំនៅឋាន​ពលរដ្ឋ​ជាច្រើន​ខ្នង​ពុំ​មែន​វិនិយោគ​ឱ្យ​វិស័យ​ឯកជន​នោះ​ទេ គឺ​ឆ្វៀល​ដី​ជូន​ពលរដ្ឋ ដែល​រស់នៅ​យូរ​មក​ហើយ។

អ្នកស្រី មិថុនា ភូថង៖ «មន្ទីរ​បរិស្ថាន​ខេត្ត និង​មន្ទីរ​កសិកម្ម ធ្វើការ​តាម​វិស័យ​ដើម្បី​ថែរក្សា ហើយ​ជាមួយ​ច្បាប់​ហើយ​ផ្សព្វផ្សាយ​ឱ្យ​បងប្អូន​ពលរដ្ឋ​ឱ្យ​យល់​ពី​ច្បាប់ និង​ចូលរួម​អភិរក្ស​ទាំងអស់គ្នា»។

ទាក់ទង​រឿង​នេះ មន្ត្រី​សម្របសម្រួល​គម្រោង នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​(CYN) លោក អូត ឡាទីន យល់​ថា រដ្ឋាភិបាល​គួរតែ​ជំរុញ​ឱ្យ​មាន​ការ​អភិរក្ស​ព្រៃកោងកាង​គ្រប់​តំបន់​ឱ្យ​គង់វង្ស និង​ទាញ​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​តាមរយៈ​វិស័យ​ទេសចរ​ធម្មជាតិ ធ្វើ​យ៉ាងណា​ឱ្យ​ប្រជា​សហគមន៍​ទទួល​បាន​ប្រាក់ចំណូល ពី​ការ​អភិរក្ស។

លោក អូត ឡាទីន៖ «បើសិនជា​រដ្ឋាភិបាល​ជំរុញ​ឱ្យ​មាន​ការ​អភិរក្ស​ព្រៃកោងកាង ជំនួស​ឱ្យ​ការ​ផ្តល់​វិនិយោគ​ក្រុមហ៊ុន​ឯកជន ខ្ញុំ​ជឿ​ថា ផ្តល់​ប្រយោជន៍​ដល់​ពលរដ្ឋ​មូលដ្ឋាន ចំណូល​ក៏​ទទួល​បាន​ច្រើន​ដែរ ជំរុញ​ឱ្យ​ជីវភាព​មូលដ្ឋាន​ក៏​ល្អ​ប្រសើរ​ដែរ»។

ជុំវិញ​រឿង​នេះ​ដែរ សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក លី ចាន់ដារ៉ាវុត សង្កេត​ឃើញ​ថា ដី​ព្រៃកោងកាង​ក្នុង​ខេត្តកោះកុង​មាន​ច្រើន​តំបន់ ត្រូវ​គេ​ទន្ទ្រាន​ធ្វើជា​កន្លែង​ចិញ្ចឹម​បង្គា កាប់​ទន្ទ្រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន និង​ធ្វើ​អចល​ទ្រព្យ ជំរុញ​ឱ្យ​ការបាត់បង់​ព្រៃកោងកាង​កាន់តែ​លឿន ដោយ​គ្មាន​វិធានការ​អភិរក្ស​ច្បាស់លាស់​នៅឡើយ​ទេ។ លោក​យល់​ថា រដ្ឋអំណាច​គួរតែ​កាត់​សាច់​ស្អុយ​ចោល ឬ​ឈប់​កាង​ការពារ​អ្នក​ដែល​ទទួល​បាន​ដីធ្លី​ខុសច្បាប់ ហើយ​ជន​ប្រព្រឹត្ត​នឹង​ត្រូវ​អនុវត្ត​ច្បាប់​ស្មើ​ភាព​គ្នា។

លោក លី ចាន់ដារ៉ាវុត៖ «បើសិនជា​រដ្ឋ​មិន​មាន​ឆន្ទៈ​ពិតប្រាកដ​ពង្រឹង​ការពារ​ព្រៃកោងកាង​ទេ នឹង​មិន​គង់វង្ស​ទេ​។ អ្នក​បំផ្លាញ​ព្រៃកោងកាង​អ្នក​មាន​អំណាច ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ពិបាក​ការពារ។ រដ្ឋ​អំណាច​គួរតែ​កាត់​សាច់​ស្អុយ​ចោល លើ​ពលរដ្ឋ​ដែល​ទទួល​បាន​ដីធ្លី​ដោយ​ខុសច្បាប់»។

មុន​ពេល​កាត់​ឆ្វៀល ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប​មាន​ទំហំ ជាង ២ ម៉ឺន ៣ ពាន់​ហិកតារ​(២៣.៧៥០) ឋិត​ក្នុងស្រុក​មណ្ឌលសីមា ខេត្តកោះកុង បាន​ចុះបញ្ជី​ជា​តំបន់​អភិរក្ស កាលពី​ឆ្នាំ ១៩៩៣​។ ដែន​អភិរក្ស​នេះ សំបូរ​ប្រជុំ​កោះ​តូចធំ និង​ព្រែក​ទឹកប្រៃ​ខ្វាត់ខ្វែង សំបូរ​ព្រៃកោងកាង​ផ្តល់​ជម្រក​សត្វ​បក្សី​ទឹក​និង​ជីវចម្រុះ​សមុទ្រ ចូលរួម​លើកស្ទួយ​ជីវភាព​ប្រជាជន​ក្នុង​តំបន់​ជាច្រើន​ពាន់​គ្រួសារ ប៉ុន្តែ​តំបន់​អភិរក្ស​នេះ​កំពុងតែ​ប្រឈម​ហានិភ័យ​ខ្ពស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។