អាជ្ញាធរខេត្តក្រចេះ ហាមប្រើឧបករណ៍នេសាទខុសច្បាប់ក្នុងតំបន់ការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ ខណៈសត្វផ្សោតទន្លេមេគង្គនៅតែប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ។
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានឱ្យដឹងថា អភិបាលខេត្តក្រចេះ លោក វ៉ា ថន បានជំរុញទៅអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់រួមគ្នាការពារ និងអភិរក្សធនធានជលផល ប្រព័ន្ធជីវចម្រុះ ជាពិសេសសត្វផ្សោត នៅខេត្តក្រចេះ ដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្ត។ លោក វ៉ា ថន អះអាងថា ដោយសារខេត្តក្រចេះមានសត្វផ្សោត ទើបធ្វើឱ្យខេត្តនេះ ក្លាយជាតំបន់ទេសចរណ៍ពេញនិយម បន្ទាប់ពីខេត្តសៀមរាប។
របាយការណ៍ស្ដីពីស្ថានភាពសត្វផ្សោត ឆ្នាំ២០២០ បង្ហាញថា ចំនួនសត្វផ្សោតទន្លេមេគង្គបច្ចុប្បន្ន មានចំនួន ៨៩ក្បាលប៉ុណ្ណោះ ដែលចំនួននេះ គឺស្ថិតក្នុងកម្រិត ស្ថិតថេរ ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ។ ទន្ទឹមនឹងនេះ ក្រុមអ្នកអភិរក្សក៏រីករាយនឹងលទ្ធផលអង្កេត ១០ឆ្នាំចុងក្រោយនេះ ដែលបង្ហាញថា ចំនួនសត្វផ្សោតអាចកើនឡើងសន្សឹមៗ។
ទោះយ៉ាងណា ក្រុមអ្នកអភិរក្សក៏បានរំលឹកពី សត្វផ្សោតចំនួន ២៥ក្បាល ដែលធ្លាប់រកឃើញកាលពីឆ្នាំ២០១៧ ប៉ុន្តែបានបាត់ពីទីជម្រកបច្ចុប្បន្ន រកមិនឃើញនៅក្នុងឆ្នាំ២០២០។ អ្នកវិទ្យាសាស្ត្របានសន្និដ្ឋានថា ប្រហែលជាសត្វផ្សោតទាំង ២៥ក្បាលនេះ បានផ្លាស់ទីជម្រកទៅទីតាំងផ្សេង ដែលមិនស្ថិតក្នុងតំបន់ស្រាវជ្រាវ ទើបពួកគេរកមិនឃើញ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានបន្ទាន់មួយ កាលពីចុងឆ្នាំ២០២០ អង្គការ WWF Cambodia នៅតែអះអាងថា សត្វផ្សោតទន្លេមេគង្គនៅតែប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត និងការរស់រាន ដោយសារតែមងនេសាទ ទំនប់វារីអគ្គិសនីតាមដងទន្លេផ្នែកខាងលើ ការនេសាទហួសកម្រិត ការប្រើឧបករណ៍ឆក់ នុយមានជាតិពុល និងគ្រាប់បែកកែច្នៃជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។