ជនជាតិ​ដើម​គ្រឹង​ខេត្ត​រតនគិរី​ប្ដឹង​មេ​ប៉ុស្តិ៍​ម្នាក់​ទៅ​តុលាការ ករណី​ដោះលែង​ជនល្មើស​កាប់​បំផ្លាញ​ព្រៃ​អារក្ស

ជនជាតិ​ដើម​ភាគតិច​គ្រឹង​ ៣០១​គ្រួសារ រស់​នៅ​ខេត្តរតនគិរី​អំពាវនាវ​ដល់​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​នេះ ឱ្យ​ចាត់​វិធានការ​ច្បាប់ លើ​មេ​ប៉ុស្តិ៍​ឃុំ​តាអង ស្រុកកូនមុំ លោក លីម៉ានី គុលស័ក្ក ថា បាន​ដោះលែង​ជនល្មើស​ម្នាក់ ដែល​កាប់​រំលំ​ដើម​ឈើ​ធំៗ ក្នុង​ព្រៃ​អារក្ស​របស់​​សហគមន៍។

ជនជាតិ​ដើម​ភាគតិច​គ្រឹង​ទាំង​នោះ​រស់​នៅ​ភូមិ​តាអងកាតេ ឃុំ​តាអង ស្រុក​កូនមុំ​កំពុង​កើត​ទុក​មិន​ខុសចិត្ត​ករណី​នេះ និង​ទាមទារ​ឱ្យ​តំណាង​អយ្យការ​ខេត្តរតនគិរី ផ្តល់​ដំណោះស្រាយ​ត្រឹមត្រូវ​តាម​ច្បាប់ ដើម្បី​ការពារ​ព្រៃ​អារក្ស​បន្សល់​ចុង​ក្រោយ​ក្នុង​សហគមន៍​ដែល​ពួកគាត់ខិត​ខំ​អភិរក្ស​ទុកជា​ព្រៃ​បម្រុង​សម្រាប់​អ្នកភូមិ​ធ្វើ​ពិធី​បុណ្យ​ទាន​បែប​ប្រពៃណី។

តំណាង​អ្នកភូមិ​ជាជ​នជាតិ​ដើម​ភាគ​តិច​គ្រឹង លោក សានី បូរី ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៦ វិច្ឆិកា​ថា ព្រៃ​អារក្ស​ឋិត​នៅ​ខាង​ក្រោយ​ភូមិ​តាអងកាតេទំហំ​ជាង ៣ហិកតារ មាន​ដើម​ឈើ​ធំៗរាប់​ពាន់​ដើមគឺ​ជា​អត្តសញ្ញាណ​ភូមិ​កំណើត​របស់​ពួកគាត់ ត្រូវ​បាន​ជនល្មើស​ម្នាក់​លួច​អារ​រំលំ​ដើមឈើ​ធំៗ នៅ​ពេល​យប់​អស់​ជាង ៦០ដើម ដើម្បី​ទន្ទ្រាន​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធិ។

Trees_in_Community_of_Ta_Ang_Kaun_Mum_district_Ratanakiri_101924.jpg
ដើម​ឈើ​ជាង ៦០ដើម ក្នុង​ព្រៃ​អារក្ស​ឋិត​នៅ​ខាង​ក្រោយ​ភូមិ​តាអងកាតេទំហំ​ជាង ៣ហិកតារ ត្រូវ​បាន​ជនល្មើស​ម្នាក់​លួច​អារ​រំលំ​​នៅ​ពេល​យប់ ដើម្បី​ទន្ទ្រាន​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធិ កាល​ពី​ថ្ងៃ​ទី១៩ ​ខែតុលា ឆ្នាំ២០២៤។ រូប៖ ប្រជាសហគមន៍​ផ្ដល់​ឱ្យ

លោក​ចោទ​មេ​ប៉ុស្តិ៍​ឃុំតាអង លោក លីម៉ានី គុលស័ក្ក ថា មាន​ចេតនា​ដោះលែង​ជនល្មើស ខណៈ​ដែល​អ្នកភូមិ​បាន​សាមគ្គី​គ្នា លប​ចាប់​ខ្លួន​ជន​សង្ស័យ​ទាំង​យប់អធ្រាត្រ និង​រឹបអូស​ភស្តុតាង​មួយ​ចំនួន៖

លោក សានី បូរី៖«ខ្ញុំ​គិត​ថា​ប្រហែល​មាន​ការ​ឃុបឃិត​ជា​មួយ​គ្នា បាន​ជា​ដោះស្រាយ​បញ្ហា​ប៉ុណ្ណឹងៗ មិន​រួច ហើយ​ខ្ញុំ​ចង់​ឱ្យ​គេ​អនុវត្ត​តាម​ច្បាប់ និង​រាយការណ៍​អ្នក​ដែល​ប្រព្រឹត្ត​លើ​ព្រៃ​ការពារ​ស្រុក​ខ្ញុំ»។

កាល​ពី​ថ្ងៃ​ទី២៣ តុលា​កន្លង​ទៅ​តំណាង​អ្នកភូមិ ៤នាក់ បាន​ផ្ដិត​មេដៃ​ដាក់​ពាក្យ​ប្ដឹង​មេ​ប៉ុស្តិ៍​ឃុំតាអង លោក លីម៉ានី គុលស័ក្ក ទៅ​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្តរតនគិរី។ ពួកគាត់​សរសេរ​ក្នុង​ពាក្យ​បណ្ដឹង​ថា កាល​ពី​យប់​ថ្ងៃ​ទី២១ ខែតុលា អ្នកភូមិ និង​ប្រជា​ការពារ​ភូមិ​មួយ​ក្រុម​បាន​ឃាត់​ចាប់​ខ្លួន​ជន​ល្មើស​ម្នាក់​ឈ្មោះ កាភិត តាក់ ដោយ​បញ្ជូន​ទៅ​ឱ្យ​ប៉ុស្តិ៍​នគរបាល​ឃុំតាអង ម៉ោង ៣យប់ ដើម្បី​ចាត់​វិធានការ​ច្បាប់ ក៏​ប៉ុន្តែ​ពេល​ព្រឹក​ឡើង ស្រាប់តែ​មេ​ប៉ុស្តិ៍​រូប​នេះ​ដោះលែង​ជន​ប្រព្រឹត្ត​ឱ្យ​ទៅ​ផ្ទះ​វិញ។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​មេប៉ុស្តិ៍​ឃុំតាអង លោក លីម៉ានី គុលស័ក្ក បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី៦ តុលា។ រីឯ​ស្នងការ​ខេត្ត​រតនគិរី លោក អ៊ុង សុភាព និង​ព្រះ​រាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​រតនគិរីលោក ងិន ពេជ ក៏​វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​សុំការ​បំភ្លឺ​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

ក៏ប៉ុន្តែ​ជំនួយ​ការ​ភូមិ​តាអងកាតេ ឃុំតាអង អ្នកស្រី ឡាវ សុខឿន ទទួល​ស្គាល់​ថា មេប៉ុស្តិ៍​រូប​នេះ​ពិតជា​បាន ដោះលែង​ជនល្មើស​ដែល​លួច​កាប់​ទន្ទ្រាន​ព្រៃ​ទ្រង់​ទ្រាយ​ធំ ធ្វើ​ឱ្យ​អ្នកភូមិ​ជាង ៣០០គ្រួសារ​មិន​សប្បាយ​ចិត្ត​ប្រាកដ​មែន។

អ្នក​ស្រី​ថា កន្លង​ទៅ​អ្នកភូមិ​ជាង ១០០នាក់ បាន​លើក​គ្នា​តវ៉ា​ក្នុង​ភូមិ​ដោយ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដោះលែង​នេះ។

លោកស្រី ឡាវ សុខឿន៖ « ខ្ញុំ​ជា​ជនជាតិភាគតិច​មួយ​ភូមិ​ត្រូវ​តែ​មាន​ព្រៃអារក្ស​មួយ​ទុក​គ្រប់​កន្លែង​ទាំង​អស់។ តែ​មិនមែន​តែ​ភូមិ​ខ្ញុំ​ទេ គាត់​ថា​គាត់​កាប់​ឈើ​យក​ដី​ធ្វើ​កម្មសិទ្ធិ​គ្រប់គ្រង »

ជុំវិញ​រឿង​នេះ​មន្ត្រី​សម្រប​សម្រួល​​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្តរតនគិរី លោក ឌិន ខន្នី យល់​ថា ករណី​នេះ​គឺ​ជា​បទល្មើស​ជាក់ស្តែង​សមត្ថកិច្ច​ត្រូវ​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ ដោយ​មិន​ត្រូវ​ដោះលែង​ជន​សង្ស័យ​ឡើយ។ លោក​ថា ទង្វើ​របស់​មេប៉ុស្តិ៍​រូប​នេះ គឺ​ខុស​នីតិវិធី​មន្ត្រី​នគរបាលយុត្តិធម៌៖

លោក ឌិន ខន្នី៖«ខ្ញុំ​ស្នើ​សុំ​ធ្វើ​យ៉ាងណា​ឱ្យ​មាន​ការ​ហាមឃាត់​តឹងរ៉ឹង​ និង​បើក​ការ​ស៊ើប​អង្កេត​ជុំវិញ​ករណី​ដោះលែង​ជនល្មើស​ឱ្យ​មាន​សេរីភាព​នេះ ជា​បទល្មើស​ជាក់ស្ដែង​ដែល​ប្រជា​ពលរដ្ឋ​គាត់​បាន​ឃើញ ​និង​ចាប់​ទៅ​ឱ្យ​ហើយ​តែ​ត្រូវ​ដោះលែង»។

អ្នកភូមិ​បន្ថែម​ថា ប្រសិន​បើ​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​រតនគិរី មិន​ចាត់​វិធានការ​តាម​បណ្ដឹង​របស់​ពួកគាត់​នោះ​ទេ ប្រជា​សហគមន៍​នឹង​លើក​គ្នា​តវ៉ា​នៅ​តុលាការ​ខេត្ត​នេះ ដើម្បី​ទាមទារ​ឱ្យ​អនុវត្ត​ច្បាប់​ដល់​ជន​ល្មើស ក្នុង​បំណង​ព្រមាន​ដល់​អ្នក​ផ្សេង​ទៀត កុំ​ឱ្យ​កាប់​បំផ្លាញ​ព្រៃ​អារក្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។