ឈើ​ធំៗ​ បម្រើ​វិស័យ​ទេសចរ​នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ​កណ្តាល​កំពុង​ប្រឈម​ការ​កាប់​ផ្តួល

0:00 / 0:00

ដើមឈើ​ធំៗ​ ភាគច្រើន​ប្រភេទ​ម្រេញ ឬ​រាជកុល ដែល​ភ្ញៀវ​ទេសចរណ៍​តែងតែ​ឡើង​ភ្នំ​បោះតង់​ ថតរូប និង​គយគន់​ទេសភាព នៅ​តំបន់​ខ្នងវាល ខេត្ត​កំពង់ស្ពឺ បន្ត​ប្រឈម​ការ​កាប់​ផ្តួល​ធ្វើ​អាជីវកម្ម។ ប្រជា​សហគមន៍​ស្តាយ​ស្រណោះមរកត​ធម្មជាតិ​ទាំងនេះ​ ផ្តល់​ប្រយោជន៍​ច្រើន​ដល់​វិស័យ​ទេសចរណ៍ និង​ជា​ជម្រក​សំខាន់​របស់​សត្វព្រៃ នៅតែ​ហិនហោច​ជា​បន្ត​បន្ទាន់។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ខ្នងវាល​រស់​នៅ​ឃុំ​តាសាល ស្រុក​ឱរ៉ាល់ ស្នើ​សុំ​កិច្ច​អន្តរាគមន៍​បន្ទាន់​មួយ ដើម្បី​បញ្ឈប់​សកម្មភាព​កាប់​បំផ្លាញ​ដើម​ឈើ​ធំៗ តាម​បណ្តោយ​ចង្កេះ​ភ្នំ​ខ្នង​វាល ភ្នំ​ធំ និង​ខ្នង​ក្រពើ រមៀល​ចុះ​ក្រោម ដោយ​ប្រើ​កម្លាំង​មនុស្ស​ជាច្រើន​នាក់ និង​រទេះ​គោ។

អ្នកភូមិ​ថា ដើមឈើ​នៅ​តំបន់​នោះ​ភាគ​ច្រើន ដើម​ម្រេញ ឬ​រាជកុល ឈើទាល គគីរ និង ផ្ចឹក​ជាដើម មុខកាត់ ៥តឹក​ឡើង​ទៅ ដុះ​តាម​ជ្រលង​ភ្នំ​ខ្ពង់រាប ខ្នងភ្នំ ចង្កេះភ្នំ និង ឈើ​ខ្លះ​ទៀត ដុះ​តាម​ជម្រាល​ភ្នំ ដែល​ពិបាក​នឹង​កាប់​រំលំ​អូស​ចុះក្រោម ក៏​ប៉ុន្តែ​ពេល​នេះ ក្រុម​ជនល្មើស​មាន​មធ្យោបាយ​អារ​ផ្តួល​ឈើ​ទាំង​នោះ ហើយ​ទាញ ចុះ​ក្រោម​បាន​ដោយ​ងាយ។

ប្រជា​សហគមន៍​ការពារព្រៃឈើខ្នងវាល លោកស្រី ខុន ណៃ ប្រាប់​វិទ្យុអាស៊ីសេរី នៅ​ថ្ងៃ​ទី១០ មករា បច្ចុប្បន្ន​អ្នក​កាប់​ឈើ​ជាច្រើន​ក្រុម បន្ត​បោះតង់​ក្នុង​ព្រៃ ដោយ​មាន​រណា​យន្ត រទេះគោ និងខ្សែពួរ ជា​មធ្យោបាយ​កាប់​បំផ្លាញ​ព្រៃឈើ ធ្វើ​អាជីវកម្ម។ រីឯ​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន​ មិន​បាន​បង្ក្រាប​សកម្មភាព​បំផ្លាញ​ព្រៃឈើ​ទាំង​នេះ​ទេ។
លោកស្រី​បញ្ជាក់​ថា ក្រុម​អ្នក​អារឈើ​ភាគ​ច្រើន មក​ពី​ខេត្ត​កំពត​ មាន​ជំនាញ​ទាញ​ឈើ​ពី​លើ​ភ្នំ​ចុះ​ក្រោម ដោយ​ប្រើ​រទេះគោ យ៉ាង​ហោច​ណាស់ ៥នឹម ក្នុង​មួយ​ថ្ងៃៗ ដើម្បី​អូស​ឈើ​ចុះក្រោម​​ ដោយ​មាន​គោយន្ត​ចាំ​ដឹង​ជញ្ជូន​បន្ត​ចេញ​ក្រៅ។

លោកស្រី ខុន ណៃ៖«កាត់ឈើ​ម្រេញ ចង់​ទៅ​ដល់​ទេសចរ​ដើរ​លេង ព្រៃ​កាប់​រាល់​ថ្ងៃ។ ព្រៃ​កាប់​ខ្លាំង មាន​ម៉ាស៊ីន​ខ្លះ​ និង​អារ​ខ្លះ ពេល​យប់ ពេល​ល្ងាច​បាន​ដឹក​មក។ ប៉ះពាល់​ខ្លាំង​មែន​ទែន វិស័យ​ទេសចរណ៍​ ព្រោះ​ខាង​ភ្ញៀវ​គាត់​ដើរ​លេង អត់​មាន​ព្រៃ​ឈើ​គយគន់ ឃើញ​គេ​កាប់​ឈើ​ពេញ​ព្រៃ​ ហើយ​ណា​មួយ​ប៉ះពាល់​ខ្លាំង​មែន​ទែន រឿង​សត្វ​ព្រៃ»។

ប្រជា​សហគមន៍​ខ្នង​វាល​បន្ថែម​ថា បទល្មើស​ព្រៃឈើ​ទាំងនេះ​បន្ត​កើត​មាន​ច្រើន​នៅ​រយៈ​ពេល ៣ខែ​ចុង​ក្រោយ ធ្វើ​ឱ្យ​ដើម​ឈើ​នៅ​ចំណុច​ភ្នំធំ និង​ឈើ​ដុះ​តាម​ដង​ផ្លូវ​ឡើង​ទៅ​ខ្នង​វាល​ ជា​ជម្រក​សំខាន់​របស់​សត្វ​ព្រៃ បន្ត​វិនាស​ហិច​ហោច​អស់។
អ្នកភូមិ​ចាត់​ទុក បទល្មើស​ព្រៃឈើ​ទាំងនេះ​កំពុង​បំផ្លាញ​ប្រាក់​ចំណូល​សហគមន៍​តាម​រយៈ​វិស័យ​ទេសចរណ៍​ក្នុង​តំបន់ និង​បំផ្លាញ​ទេសភាព​ដ៏​ស្រស់​ស្អាត ដែល​ពលរដ្ឋ​ខ្មែរ​តែង​តែ​ថត​រូប​បង្ហោះ​ អួត​សម្រស់​ធម្មជាតិ​នៅ​ទី​នោះ។

លោកស្រី ខុន ណៃ បន្ថែម​ថា ក្រុម​ជនល្មើស​ប្រើ​រទេះគោ ជំនួស​គោយន្ត​ដោយសារ​ផ្លូវ​ឡើង​ភ្នំ បត់បែន​ច្រើន។ ចំណែក​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន យូរៗ ​ឃើញ​ចុះ​ល្បាត​ព្រៃ​ម្តងម្កាល​ ដោយ​មិន​បាន​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ទាំង​នេះ​ទេ។
លោកស្រី​បញ្ជាក់​ថា ក្រុម​អ្នក​កាប់​ឈើ ប្រាប់​ប្រជា​សហគមន៍​ថា ពួកគាត់​អាច​ចូល​ព្រៃ​អារ​ឈើ​បាន ដោយ​ត្រូវ​បង់លុយ​ឱ្យ​មន្ត្រី​បរិស្ថាន ក្នុង​មួយ​ខែ មួយ​លាន​រៀល ជា​ថ្នូរ​មិន​អនុវត្ត​ច្បាប់៖

លោកស្រី ខុន ណៃ៖«រទេះ​គោ​វា​ស្រួល គោ​វា​ដើរ​ឡើង​ឱ្យ​គោ​អូស​វា​ស្រួល បើ​គោយន្ត​ ឡើង​ស្រួល​មិន​ស្រួល ចូល​ល្អាង និង​ជ្រោះ។ បើ​រទេះ​គោ វា​ឡើង​ភ្នំ ឈើ​ហ៊ុប​ណា​ក៏​យក​បាន​ដែរ។

ឆ្លើយ​តប​រឿង​នេះ អភិបាល​ខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា លោក​ពុំ​ទាន់​ទទួល​ដំណឹង ពី​ការ​កាប់​ឈើ​នៅ​តំបន់​ខ្នង​វាល​នៅ​ឡើយ​ទេ។ តែ​យ៉ាង​ណា​ លោក​នឹង​ចាត់​ឱ្យ​មន្ត្រី​ជំនាញ ពិនិត្យ​រឿង​នេះ ក្រោយ​ពី​ជ្រាប​បញ្ហា​នេះ ព្រោះ​ព្រៃ​នៅ​តំបន់​នោះ ជា​កន្លែង​អភិរក្ស​ ដែល​ត្រូវ​ការពារ។

លោក វ៉ី សំណាង៖«អរគុណ​បាន​ផ្តល់​ព័ត៌មាន​មក​ ខ្ញុំ​នឹង​ចាត់​វិធានការ​តឹងរ៉ឹង»។

ជុំវិញ​រឿង​នេះ មន្ត្រី​សង្គម​ស៊ីវិល​ដែល​ចុះ​អង្កេត​រឿង​នេះ មើល​ឃើញ​ថា សកម្មភាព​កាប់​ឈើ​មាន​តម្លៃ ចេញ​ពី​តំបន់​ឧទ្យានជាតិ​ជួរ​ភ្នំក្រវាញ​កណ្តាល នៅតែ​កើត​មាន​ច្រើន មិន​ឃើញ​មន្ត្រី​ជំនាញ​ ចុះ​បង្ក្រាប​ឱ្យ​មាន​ប្រសិទ្ធភាព​យូរ​អង្វែង​នោះ​ឡើយ។

ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ធនធានធម្មជាតិ​និង​ការពារ​សិទ្ធិពលរដ្ឋ លោក ជា ហ៊ាន សង្កេត​ឃើញ​ថា ពួក​លោក​ធ្លាប់​ចុះ​ល្បាត​ក្នុង​ព្រៃ​នៅ​តំបន់​នោះ​ ឮ​សំឡេង​រណា​យន្ត​ទ្រហឹង​ពេញ​ព្រៃ។ រីឯ​មន្ត្រី​ជំនាញ តែងតែ​អង្គុយ​សំកុក នៅ​ទីស្នាក់ការ ចាំ​ទទួល​លុយ​ពី​អ្នក​ដឹកឈើ​ ជា​ទម្លាប់​ដដែលៗ គ្មាន​យន្តការ​លប់​បំបាត់។ លោក​ថា ទង្វើ​នេះ ជា​ទម្លាប់​អាក្រក់​ បំផ្លាញ​ធនធាន​ធម្មជាតិ ដែល​រដ្ឋាភិបាល​គួរតែ​កែ​តម្រូវ។

លោក ជា ហ៊ាន៖មន្ត្រី​ឧទ្យានុរក្ស​បរិស្ថាន​មាន​ទីស្នាក់ការ​រង ប្រចាំ​តាម​គោល​ដៅ តែ​តាម​គោល​ដៅ​នីមួយៗ តាម​ខ្ញុំ​សង្កេត​ឃើញ​ថា អត់​មាន​ការ​បង្ក្រាប​ទេ គាត់​អង្គុយ​ចង​អង្រឹង​ចាំ​យក​លុយ។ បើ​យើង​ទៅ​ពី​ចម្ងាយ​គាត់​មិន​ឱ្យ​ចូល​តែ​ម្តង បើ​យើង​នឹង​តែ​រឹង គាត់​នឹង​រាយការណ៍​ទៅ​ថ្នាក់​លើ ធ្វើការ​ឃាត់​ខ្លួន»។

នៅ​លើ​ផែនទី ឧទ្យានជាតិ​ជួរ​ភ្នំក្រវាញ​កណ្តាល​មាន​ផ្ទៃ​ដី​ទំហំ​ជាង​បួន​សែន​ហិកតារ (៤០១.៣១៣)គ្រប​ដណ្តប់​ខេត្ត​ចំនួន​បី គឺ​ខេត្ត​កោះកុង ពោធិ៍សាត់ និង​កំពង់ស្ពឺ។ ឧទ្យានជាតិ​នេះ​ទទួល​ស្គាល់​ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០១៦ តាម​សំណើ​របស់​ក្រសួង​បរិស្ថាន។
ចំណែកអង្គការ​ឃ្លាំមើល​ព្រៃឈើ​ពិភពលោក (Global Forest Watch) រកឃើញ​ថា គម្រប​ព្រៃឈើ​ជាង ១សែន ៤ម៉ឺន​ហិកតារ ( ១៤៨.០០០ ) ឬ ៨,៦% ត្រូវ​បាន​បាត់បង់​ឋិត​ក្នុង​តំបន់​ជួរ​ភ្នំ​ក្រវាញ​ចន្លោះ​ពី​ឆ្នាំ២០០១ ដល់​ឆ្នាំ២០១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។