គណៈកម្មការទន្លេមេគង្គ (MRC) ឱ្យដឹងថា ពេលនេះកម្រិតកម្ពស់ទឹកទន្លេមេគង្គស្រកចុះខ្លាំងដែលបណ្ដាលឱ្យជួបបញ្ហាខ្វះទឹក។ គណៈកម្មការទន្លេមេគង្គបញ្ជាក់ថា ជាច្រើនឆ្នាំមកនេះ ប្រទេសកម្ពុជា និងប្រទេសជាប់ដងទន្លេមេគង្គផ្សេងទៀត មិនដែលជួបបញ្ហានេះទេ។ របាយការណ៍គណៈកម្មការទន្លេមេគង្គដែលចេញផ្សាយកាលពីពេលថ្មីៗបង្ហាញ កម្រិតទឹកនៅស្ថានីយនៅខេត្តក្រចេះ ស្ថិតក្នុងកម្រិតទាបបំផុតគឺប្រមាណ ០.៣៨ម៉ែត្រ បើធៀបនឹងរយៈពេលប៉ុន្មានឆ្នាំនេះ ដែលករណីនេះស្រដៀងគ្នានឹងកំណត់ត្រាកាលពីឆ្នាំ១៩៩២។
គណៈកម្មការទន្លេមេគង្គ បញ្ជាក់ថា ការធ្លាក់ចុះនៃកម្រិតទឹកពេលនេះ គឺបានកើតមានឡើងដោយសារលំហូរទឹកខ្សោយតាមតំបន់នៃអាងទន្លេមេគង្គ ខណៈដើមឆ្នាំនេះ ភ្លៀងបានធ្លាក់ក្នុងកម្រិតខ្សោយ ទៅលើតំបន់អាងទន្លេមេគង្គ។ ក្រៅពីប្រទេសកម្ពុជា ប្រទេសជាប់ដងទន្លេមេគង្គផ្សេងទៀតដូចជា៖ ប្រទេសឡាវ និងថៃ ក៏ជួបបញ្ហានេះដែរ។
ស្ថាប័នជំនាញមួយនេះព្រមានថា កម្រិតទឹកភ្លៀងទាបនៅកំឡុងខែមិថុនា និងកក្កដានេះ អាចបណ្ដាលឱ្យខ្វះខាតទឹកក្នុងតំបន់មួយចំនួន និងធ្វើឱ្យគ្មានទឹកគ្រប់គ្រាន់នៅក្នុងខ្សែទឹកទន្លេមេគង្គ។
ពេលនេះកសិកររាប់ពាន់គ្រួសារកំពុងខ្វះខាតទឹកស្រោចស្រពចំណាំស្រូវរបស់ពួកគេ។គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឱ្យដឹងថា ដំណាំស្រូវជាង៦ម៉ឺនហិកតារ កំពុងប្រឈមនឹងការខូចខាតដោយសារគ្រោះរាំងស្ងួត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។