មន្ត្រីអង្គការសង្គមស៊ីវិលប្រចាំខេត្តកោះកុង អះអាងថា អ្នកមានលុយ និងអ្នកមានអំណាចមួយចំនួនបានឃុបឃិតគ្នាលួចបូមខ្សាច់ពន្លិចព្រៃកោងកាង ស្ថិតក្នុងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ពួកគេស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធទប់ស្កាត់ករណីនេះឲ្យមានប្រសិទ្ធភាព ព្រោះទីនោះជាតំបន់អភិរក្ស និងជាទីជម្រកមច្ឆាសមុទ្រពងកូន។ រីឯអាជ្ញាធរមូលដ្ឋានថា ខាងថ្នាក់លើបានចុះធ្វើការលើរឿងនេះហើយ ប៉ុន្តែលោកមិនដឹងអំពីប្រសិទ្ធភាពនោះទេ។
ក្រុមអង្គការសង្គមស៊ីវិលអះអាងថា ព្រៃកោងកាងរាប់សិបហិកតារដែលស្ថិតនៅចំណុចកោះស្នេហ៍ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នោះ គឺត្រូវបានឈ្មួញ និងមន្ត្រីខិលខូចឃុបឃិតគ្នាលួចបូមខ្សាច់ចាក់បំពេញជាយូរឆ្នាំមកហើយ តែពុំឃើញមានវិធានការពីសំណាក់អាជ្ញាធរពាក់ព័ន្ធនោះទេ។
ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ហៅកាត់ថា ស៊ី.អ៊ិន.រ៉ូ (CNRO) លោក សុខ សុខុម មានប្រសាសន៍ថា មកដល់ពេលនេះ សកម្មភាពបូមខ្សាច់ពន្លិចព្រៃកោងកាងនៅបន្តកើតមាន ជាពិសេសនៅពេលយប់ ទោះបីជាអាជ្ញាធរថ្នាក់ខេត្តបានប្រកាសថា បានបញ្ឈប់ទៅហើយក្តី។ លោកឲ្យដឹងថា គម្រោងនៃការលុបព្រៃកោងកាងនោះ គឺមានទំហំប្រមាណ ៣០ហិកតារ តែបច្ចុប្បន្ននេះពួកគេបានចាក់លុបអស់ចំនួន ៥ហិកតារទៅហើយ៖ «ឃើញថាអាជ្ញាធរខេត្តកោះកុង កំពុងតែមានវិធានការទប់ស្កាត់ដែរ ប៉ុន្តែវិធានការមិនបានបញ្ឈប់នៅឡើយទេ ដោយសារម្សិលមិញនេះខាងក្រុមការងារយើងខ្ញុំបានចុះទៅទីតាំងគោលដៅ ហើយឃើញថា ម៉ាស៊ីនបូមខ្សាច់នៅទីតាំងនោះដដែល ហើយករណីបូមកន្លងមកគឺបូមនៅពេលយប់មិនមែនបូមនៅពេលថ្ងៃនោះទេ។ អ៊ីចឹងបើសិនជាអាជ្ញាធរថ្នាក់ខេត្តមិនមានវិធានការដកទុយយោ និងរើម៉ាស៊ីននោះចេញទេ គឺសកម្មភាពបូមនៅតែមានដដែល»។
លោក សុខ សុខុម បញ្ជាក់ថា ប្រសិនបើអាជ្ញាធរនៅតែមិនប្រើវិធានការក្តៅនោះទេ ព្រៃកោងកាងទាំងមូលនឹងក្លាយជាវាលដីគោក ហើយនឹងធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធអេកូទេសចរណ៍ និងប៉ះពាល់ដល់ធនធានធម្មជាតិជីវចម្រុះ រួមមានក្ដាម បង្គា មឹក និងសត្វស្លាបជាដើម។ ដូច្នេះ ប្រជានេសាទនៅតំបន់នោះក៏នឹងប៉ះពាល់សេដ្ឋកិច្ចគ្រួសារដែរ ព្រោះពួកគេមិនអាចប្រកបរបនេសាទបានដូចមុនទៀត៖ «អាជ្ញាធរខេត្ត ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា គួរតែពង្រឹងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាពទៅលើអ្នកដែលបំពានទៅលើដីសាធារណៈរបស់រដ្ឋ ជាពិសេសព្រៃកោងកាងតាមតំបន់ឆ្នេរ ហើយនិងឆ្នេរសមុទ្រនោះ គឺស្ទើរតែបាត់បង់អស់ទៅហើយ ប្រសិនបើគ្មានវិធានការទប់ស្កាត់អោយបានទាន់ពេលទេនោះ ផលប៉ះពាល់នឹងកើតមានឡើង ដែលប៉ះពាល់ទាំងសេដ្ឋកិច្ចគ្រួសាររបស់ពលរដ្ឋ និងភ្ញៀវទេសចរដែលមកកម្សាន្តនៅកម្ពុជា ជាពិសេសនៅតំបន់ឆ្នេរសមុទ្រ»។
អាស៊ីសេរី បានទាក់ទងទៅអភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី និងប្រធានមន្ទីរបរិស្ថានខេត្តកោះកុង លោក ម៉ម ផល្លា ជាច្រើនលើក តែលោកទាំងពីរមិនទទួលទូរស័ព្ទ។
រីឯមន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) ប្រចាំខេត្តកោះកុង លោក អ៊ិន គង់ជិត បានសម្ដែងការសោកស្ដាយចំពោះសកម្មភាពបូមខ្សាច់ចាក់លុបព្រៃកោងកាង ដែលជាតំបន់ការពារដោយក្រសួងបរិស្ថាន។ ទន្ទឹមគ្នានេះ លោក អ៊ិន គង់ជិត ក៏ហាក់ដូចជាងឿងឆ្ងល់ដែរ ដែលខាងអាជ្ញាធរនៅតែមិនទាន់កំណត់អត្តសញ្ញាណអ្នកបូមខ្សាច់ ឬម្ចាស់ដីបាននៅឡើយ ខណៈដែលដីនោះជាតំបន់អភិរក្ស ស្ថិតក្រោមការគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្ត ដូច្នេះការធ្វើសកម្មភាពអ្វីមួយគឺត្រូវតែមានច្បាប់អនុញ្ញាតពីខាងមន្ទីរបរិស្ថាន ឬអាជ្ញាធរជាមុនសិន៖ «វាអាចពាក់ព័ន្ធនឹងអ្នកមានធនធាន ហើយសមត្ថកិច្ចពាក់ព័ន្ធប្រហែលជាអាចដឹងដែររឿងនេះ ហើយយើងឃើញថា រឿងនេះប្រសិនបើមិនមានការឃុបឃិតគ្នាទេ គឺមិនអាចធ្វើអ្វីបានទេ ព្រោះថា កន្លងមកសូម្បីតែប្រជាពលរដ្ឋដែលទៅកាប់ប៉ះពាល់កន្លែងអភិរក្សនោះ គឺចាប់ដាក់គុកបាត់ទៅហើយ។ រឿងនេះមិនមែនអាជ្ញាធរមិនដឹងនោះទេ គឺត្រូវតែដឹង ពីព្រោះរាល់សកម្មភាពដែលធ្វើអាជ្ញាធរត្រូវសួរនាំដើម្បីអនុញ្ញាតច្បាប់ ហើយបញ្ជាក់ថា តើគាត់បានការយល់ព្រមពីកន្លែងណា ពីថ្នាក់ណា?»។
ទាក់ទងនឹងករណីនេះដែរ ចៅសង្កាត់ស្ទឹងវែង លោក កាយ ក្រុង មានប្រសាសន៍ថា ករណីបូមខ្សាច់នេះ ពិតជាមានមែន ហើយបានកើតឡើងតាំងពីមុនលោកធ្វើជាចៅសង្កាត់ទៀតផង។ ទោះយ៉ាងណាក្តី លោកបានឲ្យដឹងថា ខាងអាជ្ញាធរថ្នាក់ខេត្តបានចុះពិនិត្យស្រាវជ្រាវហើយ តែលោកមិនបានដឹងថា ចំណាត់ការនោះមានប្រសិទ្ធភាព ឬអត់នោះទេ។ ចំណែកលោកវិញ ក៏មិនបានដឹងថា តើមកដល់ពេលនេះ គេនៅបន្តសកម្មភាពបូមខ្សាច់លុបព្រៃកោងកាងទៀត ឬយ៉ាងណាដែរ។ លោកទទួលស្គាល់ថា ការបូមខ្សាច់លុបព្រៃកោងកាងនេះ ពិតជាធ្វើឲ្យប៉ះពាល់ដល់ធនធានធម្មជាតិ និងជីវចម្រុះ៖ «ប៉ះពាល់ដល់ប្រជាពលរដ្ឋដែលមានរបរខាងរកបង្គា ក្តាម មិនអាចរកបាន ហើយការបូមខ្សាច់នេះវាធ្វើអោយពួកមច្ឆាជាតិមិនសូវហ៊ាននៅទេ»។
កន្លងមកអង្គការចំនួន ៤៥ និងបណ្តាញសហគមន៍នេសាទតំបន់ឆ្នេរបានថ្លែងប្រាប់ប្រមុខរដ្ឋាភិបាលថា តំបន់ឆ្នេរសមុទ្រប្រវែង ៤៤០គីឡូម៉ែត្រក្នុងខេត្តព្រះសីហនុ កំពត កែប និងកោះកុង ដែលត្រូវបានចុះបញ្ជីជា «ឆ្នេរស្រស់ស្អាតបំផុតនៅក្នុងពិភពលោក» កាលពីឆ្នាំ២០១១ នោះគឺកំពុងបន្តបាត់បង់ដោយសារការកាន់កាប់ និងការចាក់ដីលុបជាដើម។
កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញលិខិតជម្រាបជូនលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លើករណីរបាយការណ៍ស្ដីពីស្ថានភាពព្រៃកោងកាង នៅតាមតំបន់ឆ្នេរនៃប្រទេសកម្ពុជា ដោយផ្តោតសំខាន់ទៅលើចំណុចនិរាករណ៍ ឬដកហូតប័ណ្ណកម្មសិទ្ធិកាន់កាប់អចលនវត្ថុ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងលិខិតបញ្ជាក់ការកាន់កាប់ដីរបស់មន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងអាជ្ញាធរដែនដីខេត្តជាប់ឆ្នេរសមុទ្រចំនួន ៤ មានខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង ដែលជាប់ពាក់ព័ន្ធជាន់គ្នាទៅលើដីបរិវេណព្រៃកោងកាង ឬព្រៃលិចទឹក។
ទោះជាយ៉ាងនេះក្តី សាធារណជនទូទៅសង្កេតឃើញថា បរិវេណដីព្រៃលិចទឹក ឬដីព្រៃកោងកាង រាប់ពាន់ហិកតារដែលដុះនៅតាមខេត្តជាប់ឆ្នេរសមុទ្រមួយចំនួន មានខេត្តកោះកុង ជាដើម ត្រូវបុគ្គលមានទ្រព្យ និងមន្ត្រីនៅតាមស្ថាប័នរដ្ឋខ្លះ បានឃុបឃិត និងមានមហិច្ឆតារំលោភយកបរិវេណដីព្រៃកោងកាង ទាំងនោះដោយមិនខ្វល់ទៅនឹងបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យថែរក្សាបរិវេណដីព្រៃកោងកាង នៅតាមតំបន់ឆ្នេរសមុទ្រនៃខេត្តទាំង ៤ ឲ្យគង់វង្សនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។