អគ្គលេខាធិការដ្ឋាននៃគណៈកម្មការទន្លេមេគង្គ បារម្ភជុំវិញការប្រែប្រួលអាកាសធាតុ ដែលកាន់តែគំរាមកំហែងមកលើបណ្ដាប្រទេសនៃទន្លេមេគង្គក្រោម។ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ មានដូចជា ខ្វះទឹកប្រើប្រាស់ គ្មានថាមពលអគ្គីសនីគ្រប់គ្រាន់ ព្រមទាំងធ្វើឱ្យមនុស្ស សត្វប្រឈមនិងជំងឺជាដើម។
ការប្រែប្រួលអាកាសធាតុ អាចនឹងបង្កឱ្យបណ្ដាប្រទេសនៅតាមដងទន្លេមេគង្គក្រោមរងការប៉ះពាល់ជាច្រើនផ្នែក។
អគ្គលេខាធិការរងនៃគណៈកម្មាធិការទន្លេមេគង្គកម្ពុជា ប្រចាំនៅអគ្គលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ នាទីក្រុងវៀងច័ន្ទប្រទេសឡាវ លោក វ៉ាត់ បុត្តកុសល បានប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៧ ខែឧសភា ថា គណៈកម្មការទន្លេមេគង្គរំពឹងថា ក្នុងឆ្នាំ២០២៤នេះ ទឹកភ្លៀងនឹងធ្លាក់មកបានច្រើន ក៏ប៉ុន្តែអ្នកវិទ្យាសាស្ត្របែរជាសិក្សាឃើញថា ដោយសារការប្រែប្រួលអាកាសធាតុ មានព្យុះរលកនិងឥទ្ធិពលរលកកំដៅខ្យល់មូសុងពីឥណ្ឌាផង បានធ្វើឱ្យភ្លៀងធ្លាក់មិនទៀងទាត់ទៅវិញ។លោកថា ការប្រែប្រួលអាកាសធាតុនេះ នឹងធ្វើឱ្យបណ្ដាប្រទេសទន្លេមេគង្គក្រោមប្រឈមនិងបញ្ហាជាច្រើន ដូចជាខ្វះទឹកប្រើប្រាស់ គ្មានថាមពលអគ្គីសនីគ្រប់គ្រាន់ ព្រមទាំងធ្វើឱ្យមនុស្ស សត្វប្រឈម និងជំងឺជាដើម។
លោក វ៉ាត់ បុត្តកុសល៖ «ប្រែប្រួលអាកាសធាតុទីមួយ ឡើងកំដៅ កាលណាឡើងកំដៅខ្លាំងធ្វើឱ្យទឹកវាហួតអស់ទៅ។ ទីពីរមនុស្សទទួលការប៉ះពាល់សុខភាព។ យើងប្រើប្រាស់អគ្គិសនីបានដោយសារវារីអគ្គិសនី បើគ្មានទឹកដូច្នេះវាប៉ះពាល់ដល់ការអភិវឌ្ឍ។ ប៉ះពាល់សុខភាពប្រជាពលរដ្ឋផង ការងាររកស៊ីរបស់គាត់ផង ។ ខ្វះទឹក ជូនកាលស្ថានីយបូមយកទៅចម្រោះទឹកស្អាត សម្រាប់ឱ្យប្រជាពលរដ្ឋប្រើក៏ខ្វះ។ បញ្ហាទាំងអស់សុទ្ធតែប៉ះពាល់ គឺប៉ះពាល់ច្រើន វាទាក់ទងគ្នា»។
ប្រទេសទន្លេមេគង្គក្រោមដែលនឹងរងការប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុនោះ រួមមានប្រទេសមីយ៉ាន់ម៉ា (Myanmar) ប្រទេសថៃ (Thailand) ប្រទេសឡាវ(Lao)កម្ពុជា និងប្រទេសវៀតណាម(Vietnam)។
ការព្យាករណ៍របស់ក្រសូងធនធានទឹក និងឧតុនិយមកម្ពុជានៅថ្ងៃទី១៨ ខែឧសភា ឱ្យដឹងថា ទឹកទន្លេមេគង្គ នៅខេត្តក្រចេះមានកំពស់ ៧,៣៤ម៉ែត្រ គឺទាបជាងឆ្នាំមុន ០,១៧ម៉ែត្រ ហើយនៅបឹងទន្លេសាបនៃតំបន់កំពង់ហ្លួងគឺកំពស់ទឹក០,៧៧ម៉ែត្រ គឺទាបជាងឆ្នាំមុន០,០៤ម៉ែត្រ។ អ្នកជំនាញគណៈកម្មាធិការទន្លេមេគង្គកម្ពុជា បញ្ជាក់ថា កំរិតកំពស់ទឹកទន្លេរបស់កម្ពុជានេះ មិនទាន់ធ្វើឱ្យកម្ពុជាខ្វះទឹកប្រើប្រាស់ទេ។ក្រុមអង្គការក្រៅរដ្ឋាភិបាលខ្លះ បានរកឃើញថា ការថយចុះកំរិតទឹកនៅបឹងទន្លេសាប និងទន្លេមេគង្គ កំពុងគំរាមកំហែងដល់ជីវចម្រុះ មច្ឆជាតិ និងការរស់នៅរបស់ប្រជាពលរដ្ឋច្រើនពាន់គ្រួសារ នៅជុំវិញបឹងទន្លេសាប និងខេត្តភាគឦសាននៃប្រទេស។
នាយកអង្គការ(MVI)នៅខេត្តស្ទឹងត្រែង លោក លន់ពេជ្រតារា ឱ្យដឹងថា ជាច្រើនខែមកនេះ ទឹកទន្លេមេគង្គ គោករាក់នៅតាមកន្លែងខ្លះ ហើយចាប់ផ្ដើមកើតស្លែ គួរឱ្យបារម្ភ។
លោក លន់ ពេជ្រតារា៖ «យើងអត់ដឹងពីមូលហេតុច្បាស់លាស់ទេ នៅតាមតំបន់ដែលរាំង វាមានស្លែ មានអី។ តែយើងមិនដឹងច្បាស់ថា ការកើតស្លែនេះដោយសារកំដៅក្តៅខ្លាំង ឬក៏ទឹករាក់យ៉ាងម៉េចទេ។ វាមានតាមតំបន់ មិនទូទៅទាំងអស់ទេ»។
ចំណែកនាយកប្រតិបត្តិអង្គការទន្លេបី លោក លាង ប៊ុនលាភ ឱ្យដឹងថា កាលពីអំឡុងខែមេសា ទឹកទន្លេសេសានបានគោករាក់ខ្លាំង។ បញ្ហានេះធ្វើឱ្យប្រជាពលរដ្ឋនៅស្រុកអណ្ដូងមាស ស្រុកអូរយ៉ាដាវ តាវែង និងស្រុកវើនសៃ នៃខេត្តរតនគីរី ខ្វះទឹកស្អាតប្រើប្រាស់ ទឹកស្រោចស្រពដំណាំព្រមទាំងធ្វើឱ្យត្រីជាច្រើនងាប់។
លោក លាង ប៊ុនលាភ៖ «នៅចុងខែមេសា ប្រហែលថ្ងៃទី២៨-២៩ ឃើញមានត្រីឆ្កោក ត្រីធំៗមេពូជ ងាប់នៅកន្លែងខ្លះ។ ប៉ុន្តែមិនទាន់ស្រាវជ្រាវដឹងពីមូលហេតុឱ្យច្បាស់នៅឡើយថា ត្រីទាំងនោះ វាងាប់ដោយសារតែទឹករាក់ ឬក៏បណ្ដាលមកពីការនេសាទខុសច្បាប់ ដូចជាការដាក់គ្រាប់បែក ឬក៏ថ្នាំពុល គឺយើងមិនទាន់ដឹងច្បាស់ គឺស្ថិតក្នុងការតាមដាននៅឡើយ។ កន្លែងដែលត្រីងាប់នោះ គឺនៅស្រុកអណ្ដូងមាសនៃខេត្តរតនគីរី»។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធអភិរក្សធនធានជលផល (Fact) លោក យុក សេងឡុង មានប្រសាសន៍ថា ដោយសារតែការប្រែប្រួលអាកាសធាតុឆ្នាំនេះ ភ្លៀងធ្លាក់យឺតហើយឡើងកំដៅខ្លាំង ធ្វើឱ្យបឹងទន្លេសាបមានការប៉ះពាល់ធ្ងន់ធ្ងរដល់ជីវចម្រុះនិងប្រជាពលរដ្ឋ រស់នៅតាមបណ្ដាខេត្តជុំវិញបឹងទន្លេសាប ជាច្រើនត្រូវខ្វះទឹក។
លោក យុក សេងឡុង ឱ្យដឹងទៀតថា បច្ចុប្បន្ននៅតាមបឹងទន្លេសាបតំបន់ ខ្លះដាច់ទឹក និងកំពុងគំរាមកំហែងទៅដល់ជម្រកត្រីមេពូជផង។
លោក យុក សេងឡុង៖ «បឹងទន្លេសាបទាំងនៅខាងកំពង់គ នៅខាងកំពង់ភ្លុក នៅសៀមរាបខាងជ្រាវ នៅបាត់ដំបង ហើយកន្លែងខ្លះដែលវាឆ្ងាយពីទីរួមខេត្ត ក៏ពិតមែន ក៏ប៉ុន្តែវាប្រឈម និងការរីងរាក់ច្រើនដែរ។ ដូចជាករណីនៅកោះជីវាំង ស្រុកឯកភ្នំ ហើយនិងនៅខាងឃុំព្រៃចាស់អី ភាគច្រើនគឺប៉ះពាល់ទាំងអស់នៅទន្លេសាបលើកលែងតែប្រជាពលរដ្ឋចំនួនតិចតួចនៅកណ្ដាលបឹងទន្លេសាប ដោយសារតែគាត់រំកិលផ្ទះ ឬក៏អ្នកខ្លះរស់នៅលើទូក អាចផ្លាស់ទីបានលឿនចុះទៅតាមទឹក»។
វិទ្យុអាស៊ីសេរី មិនអាចសុំការពន្យល់ពីអ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយម លោក ចាន់ យុត្ថា និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ជួប ប៉ារីស ជុំវិញបញ្ហាប្រែប្រួលអាកាសធាតុនេះ បាននៅឡើយនៅថ្ងៃទី១៨ ខែឧសភា ដោយសារតែលោកទាំងពីរមិនទទួលទូរស័ព្ទ។
កាលពីចុងខែមីនា គណៈកម្មការទន្លេមេគង្គបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយវិទ្យាស្ថានបរិស្ថានស្តុកខម(SEI) ជាស្ថាប័នឈានមុខគេ របស់ពិភពលោក ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមស្មុគស្មាញនានា ដូចជាការគ្រប់គ្រងទឹកឆ្លងដែននិងការប្រែប្រួលអាកាសធាតុឱ្យមានប្រសិទ្ធភាព សម្រាប់គ្រប់គ្រងធនធានទឹក និងការអភិវឌ្ឍ ប្រកបដោយចិរភាពនៃទន្លេមេគង្គ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។