សហគមន៍​ព្រៃ​មេត្តា​ធម្មជាតិ​ស្នើ​ក្រសួង​ដែនដី​ចេញ​ប្លង់​កម្មសិទ្ធិ​ដី​ព្រៃ​សហគមន៍

សហគមន៍​ឧត្ដម​ស្រែពស់ ឬ​ព្រៃ​មេត្តា​ធម្មជាតិ នៅ​ខេត្ត​កំពង់ស្ពឺ ស្នើ​ដល់​ក្រសួង​ដែនដី នគរូនីយកម្ម និង​សំណង់ ចុះ​វាស់វែង និង​ចេញ​ប្លង់​កម្មសិទ្ធិ​ដី​ព្រៃ​សហគមន៍ ខណៈ​ក្រសួង​រៀបចំ​ចុះបញ្ជី​ដីធ្លី​ឲ្យ​បាន​រួចរាល់ នៅក្នុង​ខេត្តកំពង់ស្ពឺ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា ក្រសួង​ដែនដី គួរតែ​ចុះបញ្ជី​ដី​ព្រៃ​មេត្តា​ធម្មជាតិ​ឲ្យ​បាន​រួចរាល់ ដើម្បី​បញ្ចប់​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ ដែល​បង្ក​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច និង​ស្មារតី​របស់​ប្រជា​សហគមន៍។

សហគមន៍​ព្រៃ​មេត្តា​ធម្មជាតិ ស្ថិតនៅ​ភូមិ​ពោធិ៍​មាស ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ដែល​មាន​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ទាហាន នៃ​កងរថក្រោះ ង​-៧០ ស្នើ​ដល់​ក្រសួង​ដែនដី ចេញ​ប្លង់​កម្មសិទ្ធិ​ដី​សហគមន៍ ដើម្បី​បញ្ចប់​វិវាទ​ដីធ្លី និង​ឲ្យ​សហគមន៍​មាន​សិទ្ធិ​ពេញលេញ ក្នុង​ការ​ដាំ​ដុះ​ដើមឈើ​ឡើងវិញ​ក្រោយពី​ទាហាន មកពី​កងរថក្រោះ ង​-៧០ ឈូស​ឆាយ​ព្រៃ​សហគមន៍​នេះ​ស្ទើរតែ​ទាំងស្រុង។

តំណាង​សហគមន៍​ព្រៃ​មេត្តា​ធម្មជាតិ លោក លាង ប៉ន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​ត្រេកអរ ចំពោះ​ក្រសួង​ដែនដី ដែល​បាន​ប្រជុំ​ពិភាក្សា អំពី​ការរៀបចំ​ចុះបញ្ជី​ដីធ្លី​នៅ​ខេត្តកំពង់ស្ពឺ។

លោក លាង ប៉ន៖ «សុំ​ឲ្យ​ខាង​ក្រសួង​ធ្វើបញ្ជី​ឲ្យ​ច្បាស់លាស់ ដើម្បី​ឲ្យ​ពលរដ្ឋ​ការពារ​ទុកជា​សមូហភាព​រួម​ហើយ និង​ដាំ​កូនឈើ​ឡើងវិញ​ដើម្បី​ថែរក្សា​បរិស្ថាន​ទាំងអស់គ្នា»។

ការ​ស្នើ​សុំ​នេះ គឺ​បន្ទាប់ពី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ថ្ងៃទី​១ ខែ​វិច្ឆិកា បាន​ប្រជុំ​ពិភាក្សា ដើម្បី​ជំរុញ​ការរៀបចំ​ចុះបញ្ជី​ដីធ្លី​ឲ្យ​បាន​រួចរាល់​ក្នុងភូមិ​សាស្ត្រ​ខេត្ត​កំពង់ស្ពឺ​។ រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សាយ សំអាល់ ថ្លែង​ថា ខេត្ត​កំពង់ស្ពឺ​ជា​ខេត្ត​ទី​២ បន្ទាប់ពី​ខេត្ត​កំពង់ចាម ក្នុង​ការរៀបចំ​ចុះបញ្ជី​ដីធ្លី​ឲ្យ​បាន​រួចរាល់ និង​ឲ្យ​ភាគី​ទាំងអស់​រៀប​កម្លាំង ដើម្បី​ធ្វើ​កិច្ចការ​នេះ ឲ្យ​បាន​រួចរាល់​ក្នុង​អាណត្តិ​ថ្មី​នេះ។

ទោះជា​យ៉ាងណា អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សូផាត មាន​ប្រសាសន៍​ថា ការ​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពលរដ្ឋ ជា​តួនាទី​របស់​ក្រសួង​ដែនដី បើ​ទោះ​បី​ជា​មិន​មាន​ការ​ទទូច​ស្នើសុំ​ពី​ពលរដ្ឋ​ក៏ដោយ​។ លោក​បន្ត​ថា ក្រសួង​ដែនដី គួរតែ​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​នេះ ឲ្យ​បាន​ឆាប់​តាមរយៈ​ការ​ចុះ​វាស់វែង និង​ចេញ​ប្លង់​កម្មសិទ្ធិ​ដី​ព្រៃ​សហគមន៍។

លោក វណ្ណ សូផាត៖ «ខ្ញុំ​សង្ឃឹមថា ទោះ​បី​យ៉ាង​ណា​ក៏ដោយ ក្រសួង​ដែនដី នគរូបនីយកម្ម ដែល​ជា​ឆត្រ នៃ​យន្តការ​ដោះស្រាយ​ទំនាស់​ដីធ្លី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ហ្នឹង លោក​នឹង​ដុត​ដៃដុតជើង​យ៉ាងម៉េច​ដើម្បី​ធ្វើ​ឲ្យ​ការវាស់វែង​ក្បាលដី​នេះ គម្រោង​នៃ​ការវាស់វែង​ក្បាលដី​នេះ អាច​រួមបញ្ចូល​ទាំង​ក្បាលដី​កំណត់​ព្រំប្រទល់​រវាង​កងយោធពល​ខេមរភូមិន្ទ កងរថក្រោះ ង​-៧០​ហ្នឹង នឹង​ប្រជា​សហគមន៍​ព្រៃ​មេត្តា​ធម្មជាតិ​ឲ្យ​បាន​រួចរាល់»។

ព្រៃ​សហគមន៍​ឧត្ដម​ស្រែពស់ ឬ​ព្រៃ​មេត្តា​ធម្មជាតិ ដែល​មាន​ទំហំ ជិត​៩​រយ​ហិកតារ (៨៨៧) មាន​សត្វព្រៃ​កម្រ​ជាច្រើន​ប្រភេទ​រស់​នៅ រួមមាន ទោច ស្វា ក្ងោក មាន់ព្រៃ ឈ្លូស និង ស្វា​ជាដើម ត្រូវ​បាន​ក្រុម​អ្នក​មាន​អំណាច មន្ត្រី​យោធា ពលរដ្ឋ និង​ឈ្មួញ​ខិលខូច​មួយចំនួន ឈូស​ឆាយ​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍ ដែល​ធ្វើ​ឲ្យ​បាត់បង់​ព្រៃឈើ និង​សត្វព្រៃ​ស្ទើរតែ​ទាំងស្រុង បើ​ទោះ​ជា​សហគមន៍​បាន​រារាំង​ការ​ឈូស​ឆាយ​នោះ ជាច្រើនលើក​ច្រើនសា​ក្ដី​។ ជាងនេះ​ទៅ​​​​ទៀត មិន​ត្រឹមតែ​គ្មាន​ដំណោះស្រាយ​វិវាទ​ដីធ្លី​រវាង​សហគមន៍ និង​ទាហាន នៃ​កងរថក្រោះ ង​-៧០​នោះ​ទេ តំណាង​សហគមន៍​ព្រៃ​មេត្តា​ធម្មជាតិ​ចំនួន ៧​នាក់ កាលពី​ថ្ងៃទី​១៨​តុលា ត្រូវ​បាន​តុលាការខេត្ត​កំពង់ស្ពឺ បាន​កោះហៅ​ឲ្យ​មក​ឆ្លើយ​បំភ្លឺ តាម​ពាក្យបណ្ដឹង​របស់​លោក អៀម ម៉ៅ ដែល​បាន​ប្ដឹង​តំណាង​សហគមន៍ ក្រោម​បទ​ចោទ​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស រំលោភ​កម្មសិទ្ធិ គំរាម​សម្លាប់ និង​ជេរប្រមាថ។

ទោះជា​យ៉ាងណា តំណាង​សហគមន៍ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល នៅតែ​ទទូច​ដល់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ចុះ​វាស់វែង និង​ចេញ​ប្លង់​កម្មសិទ្ធិ​ដី​ព្រៃ​សហគមន៍​ឲ្យ​បាន​ឆាប់ ដើម្បី​រក​ដំណោះស្រាយ​វិវាទ​ដីធ្លី​ជូន​សហគមន៍៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។