សហគមន៍​ព្រៃ​មេត្តា​ធម្មជាតិ​​ស្នើ​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​ចេញ​ប្លង់​កម្មសិទ្ធិ​ដី​ព្រៃ​សហគមន៍

0:00 / 0:00

សហគមន៍​ឧត្ដម​ស្រែពស់ ឬ​ព្រៃ​មេត្តា​ធម្មជាតិ ដាក់​ញតិ​នៅ​មន្ទីរ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្ត​កំពង់ស្ពឺ ដើម្បី​ស្នើ​ឲ្យ​មន្ទីរ​ចុះ​វាស់វែង និង​ចេញ​ប្លង់​កម្មសិទ្ធិ​ដី​ព្រៃ​សហគមន៍។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា អាជ្ញាធរ គួរតែ​ពន្លឿន​ការវាស់វែង និង​ចេញ​ប្លង់​កម្មសិទ្ធិ​ដី​ព្រៃ​សហគមន៍​នេះ ដើម្បី​កុំ​ឲ្យ​ចេញ​ពលរដ្ឋ​បន្ត​តវ៉ា។

ការ​ដាក់​ញត្តិ​នៅ​ថ្ងៃទី​៨ វិច្ឆិកា មាន​ពលរដ្ឋ​ជិត​១​រយ​នាក់​(៨៩) មកពី​៤ សហគមន៍​ចូលរួម រួមមាន​សហគមន៍​ព្រៃ​មេត្តា​ធម្មជាតិ សហគមន៍​ត្រពាំងជោ សហគមន៍​អមលាំង និង​សហគមន៍​រស្មី​សាមគ្គី។

ពលរដ្ឋ​អះអាង​ថា គោលបំណង​នៃ​ការដាក់​ញត្តិ​នេះ គឺ​ដើម្បី​ស្នើ​ឲ្យ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តកំពង់ស្ពឺ លោក តាប់ ម៉ាឡៃ ទប់ស្កាត់​ការចុះបញ្ជី​ដីធ្លី​កម្មសិទ្ធិ​បុគ្គល លើ​តំបន់​ដីព្រៃ ដែល​មិនទាន់​មាន​ដំណោះស្រាយ និង​ស្នើសុំ​ចុះបញ្ជី​ដី​ទំហំ​ជិត​៩​រយ​ហិកតារ​(៨៨៧)​ជា​កម្មសិទ្ធិ​សមូហភាព ដើម្បី​គ្រប់គ្រង និង​ដាំ​ដុះ​កូនឈើ​ឡើងវិញ​បន្ទាប់ពី​ទាហាន នៃ​កងរថក្រោះ ង​-៧០ ឈូស​ឆាយ​ព្រៃ​ស្ទើរតែ​ទាំងស្រុង។

តំណាង​សហគមន៍​ព្រៃ​មេត្តា​ធម្មជាតិ លោក លាង ប៉ន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​ដាក់​ញត្តិ​នៅ​ថ្ងៃ​នេះ មាន​មន្ត្រី​នៃ​មន្ទីរ​សុរិយោដី​បាន​ចេញ​មក​ទទួល​ញត្តិ​ពី​សហគមន៍។

លោក លាង ប៉ន៖ «សំណូមពរ​ឲ្យ​គាត់ រក​ដំណោះស្រាយ​ឲ្យ​សហគមន៍​ឧត្តម​ស្រី​ពស់​ឲ្យ​បាន​ឆាប់​បំផុត​ដោយសារ​ចង់បាន​ពន្លឿន​ការងារ​ដំណោះស្រាយ​ហ្នឹង ព្រោះ​ពលរដ្ឋ​គាត់​កំពុងតែ​ជួប​ឧបសគ្គ​ជាច្រើន​អីចឹង ព្រោះ​ខាង​ក្រសួង​ខាងលើ​គាត់​ទុក​ឲ្យ​លោក​អភិបាលខេត្ត​គាត់​រក​ដំណោះស្រាយ»។

វិទ្យុ​អាស៊ីសេរី នៅ​ពុំ​ទាន់​អាច​ទាក់ទង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កំពង់ស្ពឺ លោក តាប់ ម៉ាឡៃ និង​អភិបាល​ខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង ដើម្បី​ឆ្លើយតប​សំណើ​នេះ​បានទេ នៅ​ថ្ងៃទី៨ វិច្ឆិកា។

ទាក់ទង​នឹង​ការចុះបញ្ជី​ក្បាលដី​នៅ​ខេត្ត​កំពង់ស្ពឺ​នេះ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សាយ សំអាល់ កាលពី​ថ្ងៃទី​១ ខែវិច្ឆិកា បាន​ប្រជុំ​ពិភាក្សា ដើម្បី​ជំរុញ​ការរៀបចំ​ចុះបញ្ជី​ដីធ្លី​ឲ្យ​បាន​រួចរាល់​ក្នុងភូមិ​សាស្ត្រ​ខេត្ត​កំពង់ស្ពឺ ។ លោក​ក៏បាន​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​រៀបចំ​កម្លាំង ដើម្បី​ធ្វើ​កិច្ចការ​នេះ ឲ្យ​បាន​រួចរាល់​ក្នុង​អាណត្តិ​ថ្មី​នេះ។

អ្នកសម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សូផាត ប្រាប់​អាស៊ីសេរី​ថា ការ​ដាក់​ញត្តិ​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ ដើម្បី​ចុះ​វាស់វែង​ដី​ព្រៃ​សហគមន៍​នេះ​គឺជា​សិទ្ធិ​របស់​ពលរដ្ឋ ដែល​ធានា​ដោយ​ច្បាប់។ លោក​បន្ថែម​ថា អាជ្ញាធរ​មូលដ្ឋាន ពិសេស​គឺ អភិបាល​ខេត្ត​គួរតែ​ផ្ដួច​ផ្ដើមគំនិត​ស្នើ​ដល់​អន្តរក្រសួង និង​រដ្ឋាភិបាល ដើម្បី​ចុះបញ្ជី​ដី​ព្រៃ​សហគមន៍​នេះ។

លោក វណ្ណ សូផាត៖ «អ៊ីចឹង​ខ្ញុំ​សង្ឃឹមថា ឯកឧត្ដម​អភិបាលខេត្ត​លោក​នឹង​ដុតដៃដុតជើង ពីព្រោះ​ទាល់តែ​មានការ​ចូលរួម​ពី​ថ្នាក់​មូលដ្ឋាន និង​ថ្នាក់ក្រោម​ជាតិ​ហ្នឹង​ដាក់​ជា​សំណើ ឬ​យោបល់​ទៅ​ខាង​អន្តរក្រសួង​ក៏ដូចជា រាជរដ្ឋាភិបាល​ដើម្បី​ពន្លឿន​ក្នុង​ការ​ដោះស្រាយ​ហ្នឹង​ឲ្យ​បាន​ឆាប់​បើ​មិន​អ៊ីចឹង​ទេ ខ្ញុំ​យល់​ថា ប្រជាពលរដ្ឋ​គាត់​មិន​អាច​ឈប់​ពីព្រោះ​ថា ដរាប​ណា​គាត់​នៅ​មាន​ជីវិត គឺថា​គាត់​នៅតែ​ទាមទារ​ធនធាន​ធម្មជាតិ ដែល​គាត់​អាស្រ័យ​ផល​ហ្នឹងឯង ព្រោះ​ជីវិត​ប្រចាំថ្ងៃ​របស់​គាត់​ពឹងផ្អែក​លើ​ធនធាន​ធម្មជាតិ​ហ្នឹង​ហើយ»។

ព្រៃ​សហគមន៍​ឧត្ដម​ស្រែពស់ ឬ​ព្រៃ​មេត្តា​ធម្មជាតិ ដែល​មាន​ទំហំ ជិត​៩​រយ​ហិកតារ (៨៨៧) មាន​សត្វព្រៃ​កម្រ​ជាច្រើន​ប្រភេទ​រស់នៅ រួមមាន ទោច ស្វា ក្ងោក មាន់ព្រៃ និង​ឈ្លូស ជាដើម ត្រូវ​បាន​ក្រុម​អ្នក​មានអំណាច មន្ត្រី​យោធា ពលរដ្ឋ និង​ឈ្មួញ​ខិលខូច​មួយចំនួន ឈូស​ឆាយ​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍ ដែល​ធ្វើ​ឲ្យ​បាត់បង់​ព្រៃឈើ និង​សត្វព្រៃ​ស្ទើរតែ​ទាំងស្រុង បើទោះ​ជា​សហគមន៍​បាន​រារាំង​ការ​ឈូស​ឆាយ​នោះ ជាច្រើនលើក​ច្រើនសា​ក្ដី​។ ជាង​នេះ​ទៅ​ទៀត មិន​ត្រឹមតែ​គ្មាន​ដំណោះស្រាយ​វិវាទ​ដីធ្លី​រវាង​សហគមន៍ និង​ទាហាន នៃ​កងរថក្រោះ ង​-៧០​នោះ​ទេ តែ​តំណាង​សហគមន៍​ព្រៃ​មេត្តា​ធម្មជាតិ​ចំនួន ៧​នាក់ កាលពី​ថ្ងៃទី​១៨​តុលា ត្រូវ​បាន​តុលាការ​ខេត្ត​កំពង់ស្ពឺ បាន​កោះហៅ​ឲ្យ​មក​ឆ្លើយ​បំភ្លឺ តាម​ពាក្យបណ្ដឹង​របស់​ទាហាន ង​-៧០ លោក អៀម ម៉ៅ ដែល​បាន​ប្ដឹង​តំណាង​សហគមន៍ ក្រោម​បទ​ចោទ​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស រំលោភ​កម្មសិទ្ធិ គំរាម​សម្លាប់ និង​ជេរប្រមាថ ពាក់ព័ន្ធ​នឹង​ការរារាំង​គ្រឿងចក្រ​ឈូស​ឆាយ​ព្រៃ។

កាលពី​ខែ​មេសា កន្លងទៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចេញ​ដីកាអម ជូន​ទៅ​អភិបាល​ខេត្ត​កំពង់ស្ពឺ ដើម្បី​ពិនិត្យ​ជា​សមត្ថកិច្ច​ដោះស្រាយ​វិវាទ​ដីធ្លី​រវាង​ប្រជា​សហគមន៍​ឧត្ដម​ស្រែ​ពស់ ឬ​ព្រៃ​មេត្តា​ធម្មជាតិ ជាមួយនឹង​ទាហាន ង​-៧០ ក៏ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេលនេះ សហគមន៍​នៅ​ពុំ​ទាន់​ទទួល​បាន​ដំណោះស្រាយ​ណាមួយ​នោះ​ទេ។

ទោះជា​យ៉ាងណា តំណាង​សហគមន៍ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល នៅតែ​ស្នើ​យ៉ាង​ទទូច​ដល់​អាជ្ញាធរ ចុះ​វាស់វែង និង​ចេញ​ប្លង់​កម្មសិទ្ធិ​ដី​ព្រៃ​សហគមន៍​ឧត្ដម​ស្រែពស់ ឬ​ព្រៃ​មេត្តា​ធម្មជាតិ​នេះ ឲ្យ​បាន​ឆាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។