មន្ត្រីសង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរខេត្តកំពង់ធំ ស៊ើបអង្កេតពីភាពមិនប្រក្រតីនៃអាជីវកម្មរ៉ែមាស នៅតំបន់ភ្នំជី ឋិតក្នុងឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ការអំពាវនាវនេះ ក្រោយពីពួកគេទទួលដំណឹងថា មានពលរដ្ឋរាប់រយគ្រួសាររស់នៅតំបន់នោះ កំពុងភ័យព្រួយ ពីផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន និងជីវភាពប្រជាជន នៅគ្រាដែលពលរដ្ឋជាច្រើនគ្រួសារបានរងគ្រោះដោយសារ ការបណ្ដេញចេញដោយបង្ខំ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស នៃសមាគមអាដហុក (ADHOC) ខេត្តកំពង់ធំ លោក សុក រដ្ឋា ឱ្យដឹងនៅថ្ងៃទី៣ សីហា ថា មានចំណុចសង្ស័យជាច្រើន ដែលអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តកំពង់ធំ ហាក់បិទបាំងព័ត៌មាន ពីអាជីវកម្មរ៉ែមាស នៅតំបន់ភ្នំជី ចំណុចស្នងអរ ចំណុចកំណប់នាងពៅ និងចំណុចអូរផ្អាវ ក្នុងឃុំសុចិត្រ នៃស្រុកសណ្ដាន់។ លោកថា ការបណ្ដែតបណ្ដោយឱ្យមានអាជីវកម្មរ៉ែមាសខុសច្បាប់នៅតំបន់នោះ ជាបទល្មើសឧក្រិដ្ឋ ដែលសមត្ថកិច្ចពាក់ព័ន្ធនៅមូលដ្ឋាន ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ លោកបន្ថែមថា សមាគមអាដហុកនឹងតាមដាន និងស៊ើបអង្កេតករណីនេះ ឱ្យស៊ីជម្រៅ ខណៈដែលមានពលរដ្ឋជាច្រើនគ្រួសារកំពុងដេកភ័យពីផលប៉ះពាល់បរិស្ថាន និងសង្គម ដោយសារអាជីវកម្មរ៉ែមាសទាំងនោះ៖ «ក្នុងនាមយើងជាអង្គការសង្គមស៊ីវិល យើងមានការព្រួយបារម្ភខ្លាំងនៅពេលដែលមានការចូលទៅរកអាជីវកម្មរ៉ែ ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ។ បាតុភាពនេះនៅតែកើតមានពុំមានការទប់ស្កាត់ និងពុំមានការអនុវត្តច្បាប់។ អាហ្នឹងវាជាអំពើមួយដែលបិទបាំងចំពោះបទល្មើសឧក្រិដ្ឋកើតឡើង។ ករណីហ្នឹងទាំងអស់ហ្នឹងត្រូវតែមានការស៊ើបអង្កេតបន្ថែមទៀតអ្នកដែលជាសមត្ថកិច្ចដែនដីនៅតំបន់ហ្នឹង»។
ពលរដ្ឋខេត្តកំពង់ធំ ឱ្យដឹងថា ពួកគេប្រទះឃើញ ការដ្ឋានអាជីវកម្មរ៉ែមាសមួយកន្លែងបានប្រើគ្រឿងចក្រខួងរណ្ដៅជ្រៅក្នុងដី និងបានប្រើរំសេវបំផ្ទុះថ្មនៅចំណុចស្អងអរ និងចំណុចអូរផ្អាវ ក្នុងឃុំសុចិត្រ។ អាជីវកម្មរ៉ែមាសទាំងនោះ អ្នកភូមិមិនប្រាកដថា ជារបស់ក្រុមហ៊ុនណានោះទេ តែគេឃើញមានជនជាតិចិនជាក្រុមៗ ដឹកគ្រឿងចក្រចូលទៅតំបន់នោះ និងមានសំឡេងផ្ទុះថ្មជាញឹកញាប់។
ពលរដ្ឋរស់នៅឃុំសុចិត្រ ស្រុកសណ្ដាន់ លោកស្រី ភី សុរិយា ឱ្យដឹងថា កន្លងទៅមានពលរដ្ឋ ៤០គ្រួសារ ត្រូវបានគេបណ្ដេញចេញដោយបង្ខំ ដោយសារលំនៅឋានរបស់ពលរដ្ឋឋិតនៅ ក្បែរទីតាំងក្រុមហ៊ុនចិនធ្វើអាជីវកម្មរ៉ែមាស។ លោកស្រីថា នៅរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ អាជីវកម្មរ៉ែមាសនៅតំបន់នោះ ហាក់ស្ងប់ស្ងាត់បន្តិច ក៏ប៉ុន្តែមានជនជាតិចិនជាក្រុមៗ បានដឹកគ្រឿងចក្រចូលកាន់តែច្រើន។ លោកស្រីបន្ថែមថា កន្លងទៅ ជនជាតិចិនបានប្រើរំសេវបំផ្ទុះថ្មជារឿយៗ រំខានដល់ការរស់នៅរបស់អ្នកភូមិ ហើយ ពលរដ្ឋ ជាង ២០០គ្រួសារផ្សេងទៀត កំពុងប្រឈមការជម្លៀសចេញពីលំនៅឋាន៖ «ពលរដ្ឋធ្វើផ្ទះនៅហ្នឹង ឥឡូវឈូសឆាយខ្ទេចចូល ៤០គ្រួសារ។ ព្រួយបារម្ភដែរដេញគេត្រណាត់ណែងបែបហ្នឹងវាពិបាកដែរ។ ចិនគេព្យាយាមដេញចេញគ្រាន់តែថា គេចាប់ស្ងាត់មួយសារ ដល់ពេលឥឡូវគេចាប់ផ្ដើមរៀបគម្រោងថ្មី ពីតំបន់ទឹកដីរៀបគម្រោងធ្វើរ៉ែ»។
ឆ្លើយតបរឿងនេះ អភិបាលខេត្តកំពង់ធំ លោក សុខ លូ មានប្រសាសន៍ថា បច្ចុប្បន្នពុំមានអាជីវកម្មរ៉ែមាសនៅតំបន់នោះទេ ដោយសារកន្លងទៅមានក្រុមការងារអន្តរក្រសួងចុះពិនិត្យ និងបិទមិនឱ្យដំណើរការទៀតឡើយ។ លោកបដិសេធថា ពុំមានការបណ្ដេញពលរដ្ឋណាម្នាក់ចេញពីលំឋាន ដូចការលើកឡើងរបស់ពលរដ្ឋនោះទេ។
អាស៊ីសេរីបានទាក់ទងអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក យស់ មុនីរ៉ាត់ ដើម្បីសុំការបំភ្លឺបន្ថែមករណីនេះដែរ ប៉ុន្តែទូរស័ព្ទហៅចូល គ្មានអ្នកទទួល នៅថ្ងៃទី៣ សីហា។
កាលពីចុងខែមីនា ឆ្នាំ២០១៩ សមត្ថកិច្ចខេត្តកំពង់ធំ បានរឹបអូសរំសេវបំផ្ទុះថ្មជាង ៣.០០០តោន ដែលក្រុមហ៊ុនចិន បានលាក់ទុកនៅចំណុចកំណប់នាងពៅ ក្នុងឃុំសុខចិត្រ ដែលឋិតក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ ខេត្តកំពង់ធំ។ អ្នកស្រុកថា អាជីវកម្មរ៉ែមាសទាំងនោះ មានជាប់ពាក់ព័ន្ធនឹងមន្ត្រី មានអំណាចជាអ្នកកាង ឱ្យថៅកែជនជាតិចិនធ្វើអាជីវកម្ម និងបើកការដ្ឋានចម្រាញ់រ៉ែមាសខុសច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។