អាជ្ញាធរ​បើក​ដៃ​ឲ្យ​ក្រុមហ៊ុន​ចិន រ៉ុង ឆេង ធ្វើ​អាជីវកម្ម​រ៉ែ​មាស ខណៈ​សត្វ​ពានៈ​អ្នក​ភូមិ​ងាប់​កើត​ឡើង​ជាង ៦០ក្បាល

0:00 / 0:00

ជនជាតិ​ដើម​ភាគ​តិច​រស់​នៅ​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ត្អូញត្អែរ​ថា អាជ្ញាធរ​របប​លោក ហ៊ុន សែន បណ្តោយ​ឲ្យ​ក្រុមហ៊ុន​ចិន រ៉ុង ឆេង ធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់អនាធិបតេយ្យ ប៉ុន្តែបែរជា​គៀប​សង្កត់ប្រជាជនខ្លួនឯង មិន​ឲ្យ​ធ្វើ​អាជីវកម្ម​រ៉ែ​លក្ខណៈ​សហគមន៍​ទៅ​វិញ។ កន្លង​ទៅ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី សម្រេច​ផ្អាក​អាជីវកម្ម​រ៉ែ​មាស​នៅ​តំបន់​ចុង​ផ្លាស់​ទាំង​អស់ ក្រោយ​​ពី​​ពលរដ្ឋ​​ខេត្ត​​ក្រចេះ​​ជា​​ច្រើន​​នាក់​​បាន​​ស្លាប់ និង​​រាប់​រយ​​នាក់​​ឈឺ ដោយសារ​​ពុល​​ទឹក​​អូរ។

ជនជាតិដើមភាគតិចព្នង ឲ្យដឹង​នៅ​ថ្ងៃ​ទី​៣០ មិថុនា​ថា ពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​ឃុំ​ចំនួន ៣ ក្នុង​ស្រុក​កែវសីមា បាន​ជីក​អណ្តូង​ច្រោះ​ទឹក​ដោយ​ខ្លួន​ឯង និង​មាន​ពលដ្ឋ​ខ្លះ​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន ទិញ​ទឹក​សុទ្ធ​មក​បរិភោគ​ជា​ប្រចាំ ខណៈ​ដែល​ទឹក​អូរ​ធម្មជាតិ ដែល​ពួក​គេ​ប្រើប្រាស់​ជា​យូរ​មក​ហើយ​នោះ មាន​ជាតិ​ពុល។ អ្នក​ភូមិ​ថា ពួក​គាត់​បាន​ប្រមូល​សត្វ​ពាហនៈ​ពី​ព្រៃ​មក​ចិញ្ចឹម​នៅ​ផ្ទះ​យ៉ាង​ប្រុង​ប្រយ័ត្ន ព្រោះ​នៅ​រយៈ​ពេល ២​ខែ​ចុង​ក្រោយ​នេះ គោ​ក្របី​ពួក​គាត់​ងាប់​ជា​បន្ត​បន្ទាប់​ជាង ៦០​ក្បាល ដោយសារ​ពុល​ទឹក​អូរ។

ជនជាតិ​ដើម​ភាគ​តិច​រស់​នៅ​ឃុំ​ស្រែ​ឈូក ស្រុក​កែវសីមា ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៣០ មិថុនា​ថា មក​ទល់​ពេល​នេះ ក្រុមហ៊ុន​ចិន រ៉ុង ឆេង នៅ​តែ​ប្រើ​រំសេវ​បំផ្ទុះ​ថ្ម នៅ​រណ្តៅ​រ៉ែ​មាស ចំនួន ៦​រណ្តៅ និង​មាន​រណ្តៅ​ខ្លះ ក្រុមហ៊ុន​បាន​បង្ហួរ​កាក​សំណល់​ចូល​ក្នុង​ទឹក​អូរ។ រណ្តៅ​រ៉ែ​មាស​នីមួយៗ មាន​ជម្រៅ​រាប់​រយ​ម៉ែត្រ​ទៅ​ក្នុង​ដី។ ចំណែក​មេ​ឃុំ​ចុង​ផ្លាស់ ក៏​មាន​រណ្តៅ​រ៉ែ​មាស​ផ្ទាល់​ខ្លួន​ឋិត​នៅ​ក្រោម​ផ្ទះ​របស់​គាត់​ដែរ ដែល​មាន​ជម្រៅ​ជាង ១​រយ​ម៉ែត្រ៖ «»។

បុរស​ដដែល​បន្ថែម​ថា សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​មិន​ចិត្ត​សុខ​ចិត្ត​រឿង​នេះ មិន​ហ៊ាន​ចេញ​មុខ​តវ៉ា និង​ទាមទារ​រក​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​នោះ​ទេ ព្រោះ​ខ្លាច​អាជ្ញាធរ​ធ្វើ​ទុក្ខ​បុក​ម្នេញ។ កាល​ពី​អំឡុង​ខែ​ឧសភា​កន្លង​ទៅ ពលរដ្ឋ​រស់​នៅ​ឃុំ​ស្រែ​ឈូក​ជា​ច្រើន​នាក់ បាន​ពិភាក្សា​គ្នា គ្រោង​ប្តឹង​ក្រុមហ៊ុន​ចិន រ៉ុង ឆេង ឲ្យ​ទទួល​ខុស​ត្រូវ តែ​ពួក​គេ​បារម្ភ​ខ្លាច​អាជ្ញាធរ​ធ្វើ​បាប ព្រោះ​កន្លង​ទៅ​នគរបាល និង​អាជ្ញាធរ​បាន​គំរាម​កំហែង​អ្នក​ភូមិ​ដែល​ចេញ​មុខ​តវ៉ា ដោយ​ចោទ​ពលរដ្ឋ​នោះ​ថា ជា​ក្រុម​បដិវត្ត​ពណ៍៖ «»

អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៣០ មិថុនា បាន​ព្យាយាម​ទាក់ទង​អភិបាល​រង​ខេត្ត​មណ្ឌលគិរី លោក ម៉ឹង សុចាន់ថា តែ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នក​ទទួល។

នាយក​ទីចាត់ការ​អន្តរវិស័យ នៃ​សាលា​ខេត្ត​មណ្ឌលគិរី លោក យ៉ែម សុងហេង ដែល​ចុះ​តាម​ដាន​រឿង​នេះ​បដិសេធ​ថា ពុំ​មាន​សកម្មភាព​អាជីវកម្ម​រ៉ែ​មាស នៅ​តំបន់​ចុង​ផ្លាស់​ទៀត​ទេ ខណៈ​ដែល​ថ្នាក់​ជាតិ បាន​ប្រកាស​ផ្អាក​អាជីវកម្ម​រ៉ែ​មាស​ទាំង​អស់​នៅ​តំបន់​នោះ។ លោក​ថា អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ជំនាញ​កាល​ពី​ពេល​ថ្មីៗ នេះ បាន​ចុះ​ទៅ​ដល់​ទីតាំង​រ៉ែ​មាស​នោះ ពុំ​ឃើញ​មាន​ក្រុមហ៊ុន​ចិនធ្វើ​សកម្មភាព​រក​រ៉ែ​នោះ​ទេ។ លោក​បញ្ជាក់​ថា អាជ្ញាធរ​បាន​ចាត់​ឲ្យ​មន្ត្រី​ជំនាញ ៤ក្រុម មក​ពី​មន្ទីរ​រ៉ែ មន្ត្រី​បរិស្ថាន មន្ត្រី​អាវុធហត្ថ និង​នគរបាល​មូលដ្ឋាន​ផង ឲ្យ​ឈរ​ជើង​តាម​ដាន​ពី​សកម្មភាព​រ៉ែ​មាស​នៅ​តំបន់​នោះ៖ «»។

សមត្ថកិច្ច​ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី១ មិថុនា រក​ឃើញ​ក្រុមហ៊ុន​ចិន រ៉ុង ឆេង បាន​ប្រើ​រំសេវ​ជាតិ​ផ្ទុះ ធ្វើ​អាជីវកម្ម​រ៉ែ​មាស មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស។

ស្នងការ​ខេត្ត​មណ្ឌលគិរី លោក ឡោ សុខា បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា រំសេវ​ជាតិ​ផ្ទុះ​ជាង ១០​តោន ភាគ​ច្រើន​ជា​របស់​ក្រុមហ៊ុន រ៉ុងឆេង ស្តុក​ទុក​ក្នុង​ឃ្លាំង​សុវត្ថិភាព និង​ត្រៀម​ទុក​ប្រើប្រាស់​បំផ្ទុះ​ថ្ម​ក្នុង​រណ្ដៅ ខណៈ​ដែល​អន្តរក្រសួង​បាន​ប្រកាស​ផ្អាក​អាជីវកម្ម​ទាំង​អស់​នៅ​តំបន់​នោះ។

មន្ត្រីសង្គមស៊ីវិលបារម្ភថា ​អំពើពុករលួយ​កើតមាន​ជា​ប្រព័ន្ធ ក្នុង​វិស័យ​រ៉ែ​មាស អាជ្ញាធរអាច​នឹង​ជួប​ឧបសគ្គ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​នេះ ហើយ​ពលរដ្ឋ​នៅតែរងទុក្ខវេទនាដដែល។

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិកហន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ផ្តល់​អនុសាសន៍​ថា ប្រសិន​បើ​របប​លោក ហ៊ុន សែន ចង់​ស្តារ​វិស័យរ៉ែ​ឡើង​វិញ គួរ​តែ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ណា​ចេះ​ទទួល​ខុសត្រូវ​ពី​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម ជា​ពិសេស គឺ​ប្រើប្រាស់​សារធាតុ​ហ្សានីត(Cyanide) ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ផ្តល់​ប្រយោជន៍​ដល់​ពលរដ្ឋ និង​សង្គម​ជាតិ ប្រសើរ​ជាង​ការ​ផ្តល់​ឱកាស​ឲ្យ​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​វៀតណាម​រក​ស៊ី​ផ្លូវ​ងងឹត ឬ​ខុស​ច្បាប់ មិន​គិត​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​បរិស្ថាន និង​អាយុ​ជីវិត​ពលរដ្ឋ។ លោក​រក​ឃើញ​ថា របប​លោក ហ៊ុន សែន បាន​បរាជ័យ​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​គ្រប់គ្រង​វិស័យ​រ៉ែ​នៅ​កម្ពុជា ព្រោះ​អាជីវកម្ម​រ៉ែ​ភាគ​ច្រើន គ្មាន​ប្រយោជន៍​សម្រាប់​ពលរដ្ឋ និង​សង្គម​ជាតិ គឺ​មាន​ប្រយោជន៍​តែ​ក្រុមហ៊ុន​ចិន និង​អាជ្ញាធរ​ខិល​ខូច​មួយ​ចំនួន​ប៉ុណ្ណោះ៖ «»។

លោក អាឡិកហន់ដ្រូ បន្ថែម​ថា របប​លោក ហ៊ុន សែន គួរ​តែ​បិទ​ការ​នាំ​ចូល​សារធាតុ​ហ្សានីត និង​បញ្ឈប់​ការ​ប្រើប្រាស់​សារធាតុ​ប្រភេទ​នេះ ដើម្បី​សង្គ្រោះ​បរិស្ថាន​ធម្មជាតិ និង​បញ្ចៀស​ហានិភ័យ​នានា។ លោក​​យល់​ថា ការ​អនុវត្ត​យន្តការ​នេះ គឺ​ជា​ការ​សម្រេច​ចិត្ត​មួយ មិន​ហួស​ពី​សមត្ថភាព​របស់​លោក ហ៊ុន សែន នោះ​ទេ៖ «»។

កាល​ពី​ដើម​ឧសភា​កន្លង​ទៅ ពលរដ្ឋ​រស់នៅ​ខេត្ត​ក្រចេះ និង​ខេត្ត​មណ្ឌលគិរី ជិត ២០​នាក់​បាន​ស្លាប់ និង​ជាង ៣០០​រយ​នាក់​ឈឺ ដោយសារ​ពុល​ទឹកអូរ និងទឹក​ព្រែក​ទេរ ដែល​ក្រុមហ៊ុន​រ៉ែ​មាស​ខុសច្បាប់​ទាំងនោះ បង្ហូរ​កាក​សំណល់​គីមី​ចូល​ក្នុង​ទឹក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។