ក្រសួងបរិស្ថាន បានរកឃើញសត្វឈ្លូសយក្សដែលជិតផុតពូជ នៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តរតនគិរី បន្ទាប់ពីបាត់ដានវា អស់រយៈពេលជិត៣០ឆ្នាំ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ប្រាប់កាសែតក្នុងស្រុក (ភ្នំពេញប៉ុស្តិ៍) កាលពីថ្ងៃទី ១៥ ខែធ្នូថា ឈ្លូសយក្សនេះ ជាប្រភេទសត្វរងគ្រោះជិតផុតពូជខ្លាំង នៅលើពិភពលោក។ លោកបន្តថា សត្វឈ្លូសយក្សនេះ បានរកឃើញដំបូងបំផុត នៅក្នុងតំបន់ការពារធម្មជាតិ កាលពីឆ្នាំ១៩៩៤ ហើយក៏គេលែងប្រទះឃើញវត្តមានរបស់វាទៀត។ ក្រោយពីបាត់ដានអស់យៈពេលជិត៣០ឆ្នាំមក សត្វឈ្លូសយក្សនេះ បានបង្ហាញវត្តមានម្ដងទៀត តាមរយៈទិន្នន័យរូបភាពដែលប្រមូលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិ នៅក្នុងឧទ្យានជាតិវីរជ័យ ខេត្តរតនគិរី។
លោកអះអាងថា សត្វឈ្លូសយក្សត្រូវបានចាត់ជាប្រភេទរងគ្រោះជិតផុតពូជខ្លាំង (Critically Endangered) នៅក្នុងបញ្ជីក្រហម ហើយកត្តាគំរាមកំហែងដល់សត្វឈ្លូសយក្ស គឺការបរបាញ់យកស្នែងនិងសាច់។ សត្វឈ្លូសយក្សចូលចិត្តរស់នៅក្នុងព្រៃស្រោងនិងព្រៃពាក់កណ្តាលស្រោង ហើយស្នែងរបស់សត្វឈ្លូសយក្ស មានទំហំធំជាងស្នែងសត្វឈ្លូសធម្មតា៕