អ្នក​ជំនាញ​ថា​ គម្រោង​បូម​ខ្សាច់​នៅ​ក្នុង​ខេត្ត​កោះកុង​ និង​ខេត្ត​ព្រះសីហនុ​ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​

0:00 / 0:00

ប្រធាន​អង្គការ​មាតា​ធម្មជាតិ​លោក​ អាឡិច​ ហាន់ដ្រូ​ ហ្កន់​សាឡេស​ ដេវីត​សុន (Alejandro Gonzalez ​Davidson) មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​ប្រកាស​អោយ​ក្រុម​ហ៊ុន​ឯក​ជន​ចូល​រួម​ដេញ​ថ្លៃ​បូម​ខ្សាច់​នៅ​ក្នុង​ខេត្ត​កោះកុង​ និង​ខេត្ត​ព្រះ​សីហនុ​ ​អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ធំធេង​ណាស់​ដល់​បរិស្ថាន​​​ និង​ធនធាន​មច្ឆាជាតិ​នៅ​ក្នុង​បាត​សមុទ្រ​ ។​

លោក​បន្ត​ថា​ សកម្មភាព​បូម​ខ្សាច់​សមុទ្រ​នៅ​ក្នុង​ខេត្ត​កោះ​កុង​ និង​ខេត្ត​ព្រះសីហនុ​ធ្លាប់​កើត​មាន​ឡើង​រួចមក​ហើយ​ តាំង​ពី​ឆ្នាំ​២០០៨​ រហូត​ដល់​ឆ្នាំ​២០១៦​។​លោក​បន្ថែម​ទៀត​ថា​ ការ​បូម​ខ្សាច់​ ពេល​នោះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​បរិស្ថាន​មិន​អាច​ប្រកែក​បាន​ និង​​ធ្វើ​ឱ្យ​ចំនួន​មច្ឆាជាតិ​នៅ​តាម​ព្រែក​បាន​ថយ​ចុះ​ខ្លាំង​ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ប្រកប​មុខ​របរ​នេសាទ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ មិន​តែ​ប៉ុណ្ណោះ​ការ​បូម​ខ្សាច់​នេះ​បាន​ធ្វើ​ឱ្យ​បាក់​ច្រាំង​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​​ព្រៃ​កោងកាង​​ ដែល​ដុះ​នៅ​តាម​ដង​មាត់​សមុទ្រ​ទៀតផង​៖«​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ​​ និង​ថាមពល​ ក្ដី​ ឬ​ក៏​អ្វី​ដែល​របប​លោក​ ហ៊ុន សែន​ និយាយ​ ជា​សាធារណៈ​ខ្ញុំ​អត់​ជឿ​ទេ។​គេ​និយាយ​ថា​​ បូម​ខ្សាច់​សមុទ្រ​ដើម្បី​ប្រើប្រាស់​ ក្នុង​ស្រុក​។​ខ្ញុំ​នៅ​តែ​បារម្ភ​ថា​ថ្ងៃ​ណា​មួយ នឹង​ត្រឡប់​ទៅ​ស្ថាន​ភាព​ដើម​។​ មានន័យ​ថា​ នឹង​ត្រឡប់​ទៅ​ ចាប់​ផ្ដើម​នាំ​ចេញ​ខ្សាច់​ទៅ​ក្រៅ​ប្រទេស​ ដូច​ឆ្នាំ​២០០៨​ នាំ​ឱ្យ​មាន​ផល​ប៉ះពាល់​បរិស្ថាន​ នាំ​ឱ្យ​ខាត​លុយ​ នាំ​ឱ្យ​ខាត​ដល់​ចំណូល​របស់​ប្រជាពលរដ្ឋ​ ធ្ងន់ធ្ងរ​ណាស់​។ ពី​ព្រោះ​អី​ប្រទេស​សឹង្ហបុរី​ នៅ​តែ​ខ្វះ​ខាត​ខ្សាច់​ សមុទ្រ​ហ្នឹង។»​​​​​​​​

​ក្រសួង​រ៉ែ និង​ថាមពល​បាន​ជូន​ដំណឹង​ថា​ គម្រោង​បូម​ខ្សាច់​នេះ​មាន​ទី​តាំង​នៅ​ក្នុង​ ស្រុក​បុទុមសាគរ​ខេត្ត​កោះកុង​ មាន​ទំហំ​ ៩៩១​ ហិកតារ និង​ស្រុក​ស្រែ​អំបិល​ មាន​ទំហំ​ ៤៦៤​ ហិកតារ។​​ ចំណែក​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ នៅ​ក្នុង​ស្រុក​ស្ទឹង​ហាវ​ មាន​ទំហំ​ជាង​ ៤០០​ ហិកតារ(៤០០.៣​ ហិកតារ)​ និង​ស្រុក​ព្រៃ​នប់​ មាន​ចំនួន​ ២៨៨​ ហិកតារ។

អ្នក​នាំពាក្យ​ក្រសួង​រ៉ែ​ និង​ថាមពល លោក​ យស មុនីរ៉ាត់​ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជាមួយ​វិទ្យុ​អាស៊ីសេរិ​ ពាក់​ព័ន្ធ​ នឹង​គម្រោង​បូម​ខ្សាច់​នេះ​ទេ៖«សូម​យក​ព័ត៌មាន​បន្ត​ដែល​ខ្ញុំ​បាន​ផ្ដល់​ជូន​សារព័ត៌មាន​ផ្សេងៗ​ហើយ​ សូម​យក​ពី​ព័ត៌មាន​ក្នុង​ស្រុក​ចុះ។»

ចំណែក ​ អភិបាល​ខេត្ត​កោះ​កុង​ អ្នក​ស្រី​ មិថុនា ភូថងវិញបញ្ជាក់​ថា​ អ្នក​ស្រី​មិន​ទាន់​បាន​ឃើញ​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​រ៉ែ​ និង​ថាមពល​នៅ​ឡើយ​។​ ប៉ុន្តែ​អ្នក​ស្រី​ថា​ ការ​បូម​ខ្សាច់​នេះ​សម្រាប់​បម្រើ​ក្នុង​ស្រុក​ មិន​មែន​សម្រាប់​ការ​នាំ​ចេញ​ទេ​៖« តាម​ខ្ញុំ​ដឹង​ឃើញ​ថា​ រដ្ឋបាល​ខេត្ត​បាន​បញ្ជាក់​រួច​ហើយ​គឺ​សម្រាប់​ការ​ប្រើ​ប្រាស់​នៅ​ក្នុង​ប្រទេស​ ដើម្បី​ជួយ​ដល់​ផ្នែក​កសិកម្ម​ ហើយ​ទឹក​ឥឡូវ​ក៏​វា​ជោរ​ដែរ​ មាន​ការ​កំណត់​ច្បាស់លាស់​ណាស់។»

អ្នកជំនាញកំពុងបារម្ភពីតម្លាភាពពីចំណូលបានមកពីការបូមខ្សាច់ដែរ ក្រៅពីក្តីបារម្ភពីការប៉ះពាល់ដល់បរិស្ថាន។

អ្នក​ជំនាញ​អភិបាល​កិច្ច​ទឹក​ លោក​ ហែម ឧត្តម​ មាន​ប្រសាសន៍​ថា​ ក្រសួង​រ៉ែ និង​ថាមពល​មិន​បាន​បញ្ជាក់​ឱ្យ​មហាជន​បាន​ដឹង​ថាប្រាក់ចំណូលបានមកពីការបូមខ្សាច់នៅឡើយ និង ​ ថា​ តើ​​ក្រសួង​បាន​សិក្សា​រួច​រាល់​ហើយ​ឬ​នៅ​ពី​ផល​ប៉ះពាល់​បរិស្ថាន​៖«​មិន​ទាន់​ដឹង​ថា​ តើ​មាន​ការ​សិក្សា​ហើយ​ឬ នៅ​ថា​ការ​ទាញ​យក​ដី​ល្បាយ​ខ្សាច់​ហ្នឹង​ មាន​ផល​ប៉ះពាល់​បែប​ណា​ ផ្នែក​សង្គម​ បរិស្ថាន​ និង​ចរន្ត​សេដ្ឋកិច្ច​ នៅ​ថ្នាក់​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​។​ ដូច​ជា​ការ​នេសាទ​ផ្សេងៗ​ទាក់​ទិន​នឹង​អេកូឡូស៊ី​របស់​សមុទ្រ​ ប៉ុន្តែ​ទាក់​ទិន​នឹង​វិស័យ​ឯក​ជន​នេះ​ទៀត​សោត​ឃើញ​ថា​ ការ​ប្រកាស​នេះ​ហាក់​បី​ដូច​ជា​មាន​ការ​ប្រយ័ត្នប្រយែង​ ជា​ពិសេស​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ ដែល​ថា​ប្រសិន​បើ​មាន​ទំនាក់​ទំនង​គ្នា​ក្រុម​ហ៊ុន​ហ្នឹង​អត់​អាច​ទទួល​បាន​ឯក​សារ​លើស​ពី​មួយ​ទី​តាំង​ទេ។»

​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា​ ឆ្នាំ​២០១៧​ រដ្ឋាភិបាល បាន​​បញ្ចប់​ជា​ស្ថាពរ​ចំពោះ​ការ​នាំ​ខ្សាច់​ ខ្សាច់​សំណង់ និង​ខ្សាច់​ល្បាយ​ភក់​នៅ​ខេត្ត​កោះកុង ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស តែ​សេចក្ដី​សម្រេច​នោះ​មិន​គ្រប​ដណ្ដប់​លើ​អាជីវកម្ម​ខ្សាច់​ស៊ីលីកា (Silica) ឬ​ខ្សាច់​ស នៅ​ខេត្ត​កោះកុង នោះ​ទេ។ ការសម្រេចនេះ ដោយសារតែ​មាន​ការ​រក​ឃើញ​ថា កម្ពុជា​កំពុង​ខាតបង់​ទឹកប្រាក់​ ប្រមាន ៧០០ ​លាន​ដុល្លារជុំវិញ​ការ​នាំ​ខ្សាច់​ចាក់​បំពេញ រាប់​សិប​លាន​​តោន​ទៅ​លក់​នៅ​ប្រទេស​សិង្ហបុរី និង​ប្រទេស​ឥណ្ឌា​ ដោយ​មិន​ស្រប​ច្បាប់ និង​ការ​រក​ឃើញ​មួយ​ទៀត ជុំវិញ​ការ​នាំ​ខ្សាច់​ប្រភេទ​ស៊ីលីកា (Silica) រាប់​សែន​តោន​ទៅ​ក្រៅ​ប្រទេស ដែល​ធ្វើ​ឱ្យ​បាត់បង់​ប្រាក់​រាប់​សិប​លាន​ដុល្លារ​ ផ្សេង​ទៀត៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។