សកម្មជន​ចលនា​មាតា​ធម្មជាតិ​រក​ឃើញ​មាន​ការ​បង្ហូរ​សារធាតុ​គីមី​ពី​រោងចក្រ​ឧកញ៉ា ម៉ុង ឬទ្ធី ចូល​ព្រែក​កំពង់សីលា

សកម្មជន​ចលនា​មាតា​ធម្មជាតិ​ចេញ​ផ្សាយ​វីដេអូ​មួយ​ដោយ​រក​ឃើញ​ថា មាន​ការ​បង្ហូរ​សារធាតុ​គីមី​ពី​រោងចក្រ​ចម្ការ​ដូងប្រេង​របស់ អ្នកឧកញ៉ា ម៉ុង ឫទ្ធី ចូល​ទៅ​ក្នុង​ព្រែកកំពង់សីលា ក្នុង​ខេត្ត​ព្រះសីហនុ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ និង​ជីវចម្រុះ​ធ្ងន់ធ្ងរ​។ ប៉ុន្តែ​ម្ចាស់​រោងចក្រ​ចម្ការ​ដូងប្រេង ឧកញ៉ា ម៉ុង ឫទ្ធី ច្រាន​ចោទ​ចំពោះ​ការ​លើកឡើង​នេះ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ កញ្ញា លាង សុវណ្ណា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៨ ខែមិថុនា ថា តាមរយៈ​ការ​ចុះ​សាកសួរ​ពលរដ្ឋ និង​មន្ត្រី​មូលដ្ឋាន​គឺ​មាន​ករណី​ពុល​ទឹក​ចាប់តាំងពី​ថ្ងៃទី​១២ ខែ​មិថុនា​ដោយសារ​រោងចក្រ​ចម្ការ​ដូងប្រេង​របស់ ឧកញ៉ា ម៉ុង ឫទ្ធី បាន​បង្ហូរ​សារធាតុ​គីមី​ចូល​តំបន់​អភិរក្ស​ជលផល​ព្រែក​កំពង់សីលា ខេត្ត​ព្រះសីហនុ​។ កញ្ញា​ថា មាន​ពលរដ្ឋ​ប្រមាណ​២០ គ្រួសារ​ដែល​បាន​ពុល​ក្រោយ​បរិភោគ​ត្រី​ងាប់ ខណៈ​ដែល​ត្រី និង​ប្រព័ន្ធ​អេកូឡូស៊ី​បាន​រង​ផល​ប៉ះពាល់​ជា​ខ្លាំង។ «»

កញ្ញា លាង សុវណ្ណា ថា កញ្ញា​នឹង​បញ្ជាក់​ពី​សារ​ធាតុគីមី​នេះ​តាមរយៈ​ការ​ធ្វើ​ពិសោធន៍​នៅពេល​ក្រោយ ប៉ុន្តែ​កញ្ញា​ទទូច​ដល់​អាជ្ញាធរ​ដែនដី និង​ក្រសួង​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​លើ​ករណីនេះ និង​ទាមទារ​ឱ្យ​រោងចក្រ​ចម្ការ​ដូងប្រេង​របស់ លោក ម៉ុង ឫទ្ធី សាងសង់​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹក​ឱ្យ​បាន​ត្រឹមត្រូវ។

ជំទប់​ទី​ពីរ នៃ​ឃុំ​កំពង់សិលា លោក សុខ វ៉ុន អះអាង​ថា ការ​លើកឡើង​របស់​សកម្មជន​ចលនា​ធម្មជាតិ​គឺជា​រឿង​ពិត ខណៈ​ដែល​លោក​ក៏​ជា​គ្រូពេទ្យ​ជួយ​ព្យាបាល​ពលរដ្ឋ​ដែល​ពុល​ពី​ការ​បរិភោគ​ត្រី​នៅក្នុង​ព្រែក​កំពង់​សិលា​នេះ​ដែរ។ លោក​ថា ផល​ប៉ះពាល់​មិន​ត្រឹមតែ​លើ​ពលរដ្ឋ​នៅ​ឃុំ​កំពង់សីលា ប៉ុណ្ណោះ​ទេ តែ​ទឹក​ដែល​ហូរ​ពី​ព្រែក​នេះ នឹង​បន្ត​រហូត​ដល់​សមុទ្រ។ «»

ឆ្លើយតប​ចំពោះ​បញ្ហា​នេះ ម្ចាស់​រោងចក្រ​ចម្ការ​ដូងប្រេង និង​ជា​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ម៉ុង ឫទ្ធី ច្រានចោល​ចំពោះ​លើកឡើង​ថា រោងចក្រ​ដូងប្រេង​របស់​លោក​បង្ហូរ​សារធាតុគីមី​ចូលក្នុង​ព្រែក​នេះ​។ លោក​យល់​ថា ការ​ពុល​ត្រី​នេះ​គឺជា​រឿង​ធម្មជាតិ​ដែល​កើតឡើង​យូរៗ​ម្ដង។ «»

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក ខ្វៃ អាទិត្យា និង​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ បាន​ទេ នៅ​ថ្ងៃ​ទី១៨ ខែ​មិថុនា។

ប្រធាន​កម្មវិធី​បណ្ដាញ និង​តស៊ូ​មតិ​នៃ​អង្គការ​ភាពជា​ដៃគូ​ដើម្បី​បរិស្ថាន និង​ការ​អភិវឌ្ឍ (PED) លោក សាន់ ម៉ាឡា លើកឡើង​ថា មន្ត្រី​ពាក់ព័ន្ធ​គួរតែ​ចុះ​ស៊ើបអង្កេត និង​ចាត់វិធានការ​ច្បាប់​ប្រសិនបើ​រក​ឃើញ​ថា មាន​បុគ្គល ឬ​ក្រុមហ៊ុន​ណាមួយ​បាន​បង្ហូរ​សារធាតុ​គីមី​ចូល​ទៅ​ក្នុង​ព្រែក​សាធារណៈ​នេះ។ «»

កន្លងមក​សកម្មជន​បរិស្ថាន​តែង​រកឃើញ​ថា​ក្រុមហ៊ុន រោងចក្រ ឬ​សណ្ឋាគារ​មួយចំនួន​នៅ​ប្រទេស​កម្ពុជា​បាន​បង្ហូរទឹក​កង្វក់ និង​សារ​ធាតុគីមី​ចូល​ទៅ​ក្នុង​ស្ទឹង ព្រែក ទន្លេ និង​សមុទ្រ​ជាដើម​។ ក្នុងករណី​នៅ​ពេល​នេះ ពួកគេ​ទទូច​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ និង​រក​វិធី​ដោះស្រាយ​ដើម្បី​ការពារ​បរិស្ថាន​ព្រែក​ធម្មជាតិ និង​សុខភាព​របស់​ពលរដ្ឋ​ដែល​រស់​ពឹង​អាស្រ័យ​នឹង​ព្រែក​កំពង់សីលា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។