ព្រៃឈើ​ក្នុង​តំបន់​ការពារ​ជួរភ្នំក្រវាញកណ្ដាល​រង​ការ​កាប់​បំផ្លាញ​ធ្វើ​អុស​លក់​ទៅ​ឱ្យ​រោងចក្រ

0:00 / 0:00

ការ​ស៊ើបអង្កេត​របស់​សារព័ត៌មាន​អាមេរិក និង​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​ចក្រភព​អង់គ្លេស​រក​ឃើញ​ថា រោងចក្រ​មួយ​ចំនួន​នៅ​កម្ពុជា ជាប់​ពាក់ព័ន្ធ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ ក្នុង​តំបន់​ការពារ តាម​រយៈ​ការ​ទទួល​ទិញ​ឈើ​ខុស​ច្បាប់ ពី​ក្រុម​អ្នក​កាប់​ឈើ​។ សកម្មជន​ព្រៃឈើ ទាមទារ​ឱ្យ​អាជ្ញាធរ គួរ​មាន​វិធានការ​បង្ក្រាប​លើ​សកម្មភាព​កាប់​ឈើ​ធ្វើ​អុស ឱ្យ​ដូច​គ្នា​នឹង​ការ​កាប់​ឈើ​ប្រណីត ទើប​អាច​ការពារ​ព្រៃឈើ​កុំ​ឱ្យ​បាត់បង់។

អត្ថបទ​ស៊ើបអង្កេត​របស់​ស្ថាប័ន​ព័ត៌មាន​អន្តរជាតិ​ម៉ុងហ្គាបេ (Mongabay) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក (The United States) រក​ឃើញ​ថា ក្រុម​អ្នក​ភូមិ​រស់​នៅ​តំបន់​ភ្នំ​ឱរ៉ាល់ ក្នុង​ខេត្ត​កំពង់ស្ពឺ ពាក់ព័ន្ធ​នឹង​ការ​ចូល​កាប់​ឈើ​នៅ​ក្នុង​តំបន់​ការពារ​នៃ​ឧទ្យាន​ជាតិ​ជួរភ្នំក្រវាញកណ្ដាល​ជា​រៀងរាល់​ថ្ងៃ ដើម្បី​យក​ឈើ​ទាំង​នោះ​ធ្វើ​ជា​អុស​លក់​ទៅ​តាម​រោងចក្រ​នានា​។ ការ​ចុះ​ស៊ើបអង្កេត​នេះ បន្ទាប់​ពី​មាន​ការ​សិក្សា​វាយ​តម្លៃ​ពី​អ្នក​ជំនាញ​នៅ​សាកល​វិទ្យាល័យ​មួយ នៅ​ចក្រភព​អង់គ្លេស​រក​ឃើញ​ថា រោងចក្រ​មួយ​ចំនួន ប្រើប្រាស់​អុស​ដែល​គេ​កាប់​ចេញ​ពី​តំបន់​ព្រៃ​ការពារ។

មន្ត្រី​សម្របសម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) និង​ជា​អ្នក​ស្រាវជ្រាវ​បទល្មើស​ព្រៃឈើ​លោក អូត ឡាទីន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១២ កក្កដា ថា ក្រៅ​ពី​ខេត្ត​កំពង់ស្ពឺ លោក​ក៏​សង្កេត​ឃើញ​សកម្មភាព​កាប់​ឈើ​ចេញ​ពី​ព្រៃ​សម្រាប់​ធ្វើ​អុស នៅ​តាម​បណ្ដា​ខេត្ត​ផ្សេង​ទៀត​ដែរ ដូចជា​នៅ​ខេត្ត​ក្រចេះ​ជាដើម។ លោក​បន្ត​ថា ការ​កាប់​ឈើ​ធ្វើ​អុស និង​ការ​កាប់​ឈើ​ប្រភេទ​ប្រណីត ធ្វើ​ឱ្យ​បាត់បង់​ព្រៃឈើ​ដូច​គ្នា ជាពិសេស​ការ​កាប់​ឈើ​ធ្វើ​អុស គឺ​កាប់​ឈើ​ទាំង​តូច​ទាំង​ធំ មិន​រើស​ប្រភេទ​ឈើ​ឡើយ​។ ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា ការ​កាប់​ឈើ​ធ្វើ​អុស ត្រូវ​បាន​គេ​ចាត់​ទុក​ជា​រឿង​ធម្មតា ហើយ​ពុំ​សូវ​មាន​ការ​បង្ក្រាប ឬ​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ ដូច​ករណី​កាប់​ឈើ​ប្រណីត​សម្រាប់​ធ្វើ​គ្រឿង​សង្ហារិម​ឡើយ។

លោក អូត ឡាទីន៖«សម្រាប់​ខ្ញុំ អាជ្ញាធរ គួរ​តែ​ធ្វើ​កិច្ច​ការងារ​ទាំង​ពីរ ទាំង​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម និង​ការ​កាប់​ឈើ​ធ្វើ​អុស​។ ពីព្រោះ​សកម្មភាព​ទាំង​ពីរ​នេះ គឺ​ជា​សកម្មភាព​បំផ្លាញ​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូច​គ្នា»។

ការ​លើកឡើង​ពី​សកម្មជន​ព្រៃឈើ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ព័ត៌មាន​អន្តរជាតិ​ម៉ុងហ្គាបេ ដែល​ផ្ដោត​លើ​ការ​អភិរក្ស​បរិស្ថាន​នៅ​លើ​ពិភពលោក បាន​ចុះផ្សាយ​អត្ថបទ​ស៊ើបអង្កេត​មួយ​កាល​ពី​ថ្ងៃ​ទី​១១ កក្កដា ដែល​កាសែត​នេះ បាន​ចុះ​សម្ភាសន៍​អ្នក​ភូមិ​រស់​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់ ចូល​ទៅ​កាប់​ឈើ​ពី​តំបន់​ការពារ​ជួរភ្នំក្រវាញ​កណ្ដាល រួច​ពុះ​ច្រៀក​ជា​អុស​ដឹក​តាម​គោយន្ត មក​ឱ្យ​លក់​ឈ្មួញ​ជា​រៀងរាល់​ថ្ងៃ ដើម្បី​យក​ទៅ​លក់​បន្ត​នៅ​តាម​រោងចក្រ។

ជុំវិញ​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បកស្រាយ​ពី​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​លោក នេត្រ ភក្ត្រា បាន​ទេ​។ ប៉ុន្តែ​អភិបាល​ខេត្ត​កំពង់ស្ពឺ​លោក វ៉ី សំណាង លើកឡើង​ថា លោក​ពុំ​ទទួល​បាន​ព័ត៌មាន​ដែល​ថា មាន​សកម្មភាព​កាប់​ឈើ​ពី​ជួរភ្នំក្រវាញកណ្ដាល និង​ភ្នំ​ឱរ៉ាល់ សម្រាប់​ធ្វើ​អុស​លក់​ទៅ​ឱ្យ​តាម​រោងចក្រ​ឡើយ​។

លោក វ៉ី សំណាង៖«ខ្ញុំ​សុំ​ពេល​មើល​សិន​ណាស់ ពូ​ឯង​មាន​តេឡេក្រាម​ទេ នៅ​ពេល​មាន​បទល្មើស​ខ្ញុំ​ផ្ញើ​ទៅ​ឱ្យ»។

ចំណែក​ប្រធាន​សហជីព​ចលនា​កម្មករ​លោក ប៉ាវ ស៊ីណា វិញ លោក​យល់​ថា ប្រសិន​បើ​វិស័យ​កាត់​ដេរ ពិត​ជា​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ការ​បាត់បង់​ធនធាន​ធម្មជាតិ និង​ព្រៃឈើ នោះ​មិនមែន​ជា​រឿង​ល្អ​ឡើយ​សម្រាប់​វិស័យ​មួយ​នេះ។

លោក ប៉ាវ ស៊ីណា៖«ជា​រឿង​មួយ​មិន​ល្អ​ទេ ដែល​រោងចក្រ​កាត់​ដេរ ឬ​ក៏​រោងចក្រ​បោក​គក់ ដែល​ត្រូវ​ការ​ប្រើប្រាស់​ឧបករណ៍ ដែល​នៅ​តែ​ត្រូវ​ការ​អុស ដើម្បី​ជំនួយ​នៅ​ក្នុង​ដំណើរការ​ផលិតកម្ម​របស់​ខ្លួន​។ ខ្ញុំ​គិត​ថា វា​នឹង​បង្ក​ផល​ប៉ះពាល់​ជា​អវិជ្ជមាន ប្រសិន​បើ​គេ​រក​ឃើញ​ថា នៅ​ក្នុង​វិស័យ​កាត់​ដេរ មាន​ការ​ប៉ះពាល់​ទៅ​ដល់​បញ្ហា​ធនធាន​ធម្មជាតិ​នេះ»។

អត្ថបទ​ស៊ើប​អង្កេត​របស់​ម៉ុងហ្គាបេ បន្ត​ថា ការ​ជំរុញ​ឱ្យ​អ្នក​ភូមិ​រស់​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ឱរ៉ាល់​ចូល​ទៅ​កាប់​ឈើ​ធ្វើ​អុស​លក់ នៅ​ក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្ដាល ដែល​មាន​ទំហំ​ជាង​៤​សែន​ហិកតារ (៤០២.៣៥២​) លាត​សន្ធឹង​ក្នុង​ខេត្ត​ចំនួន​៣ គឺ​ខេត្ត​កំពង់ស្ពឺ កោះកុង និង​ខេត្ត​ពោធិ៍សាត់ និង​ជា​ព្រៃ​ទឹក​ភ្លៀង​ដ៏​ធំ​បំផុត​មួយ​នៅ​កម្ពុជា គឺ​បន្ទាប់​ពី​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់ បាន​រង​ការ​កាប់​បំផ្លាញ​យ៉ាង​ដំណំ​អស់​ប្រហែល​២​ទសវត្សរ៍​មក​នេះ។

ឈើ​ទាំង​នោះ ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ជីវម៉ាស ដើម្បី​ចំហុយ​ទឹក សម្រាប់​សម្អាត ជ្រលក់​ថ្នាំ និង​សម្រាប់​បោក​គក់ ឬ​អ៊ុត​សំលៀកបំពាក់​និង​ផលិតផល មុន​ពេល​បញ្ចេញ​ទៅ​លក់ ខណៈ​រោងចក្រ​ដទៃ​ទៀត ពឹង​ផ្អែក​លើ​ការ​ដុត​អុស ដើម្បី​បង្កើត​អគ្គិសនី​ទៅ​ដល់​ម៉ាស៊ីន​ផ្សេង​ៗ ដែល​ដំណើរការ​ដោយ​កម្មករ​រោងចក្រ។

កាសែត​មួយ​នេះ បាន​ចុះ​ស៊ើបអង្កេត​ឈើ ដែល​ត្រូវ​បាន​គេ​កាប់​ចេញ​ពី​ព្រៃ រួច​ដឹក​យក​ទៅ​តាម​រោងចក្រ​មួយ​ចំនួន។ ការ​ចុះ​ស៊ើបអង្កេត​នេះ បន្ទាប់​ពី​មាន​ការ​សិក្សា​មួយ​កាល​ពី​ឆ្នាំ​២០២១ ដើម្បី​វាយតម្លៃ​ពី​ទំហំ​ឈើ​ចេញ​ពី​ព្រៃ ដែល​ត្រូវ​បាន​គេ​ប្រើប្រាស់​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​ចំនួន​២៥៥​រោងចក្រ​នៅ​កម្ពុជា។ ការ​សិក្សា​នេះ រក​ឃើញ​ថា ក្នុង​ចំណោម​រោងចក្រ​កាត់ដេរ​ចំនួន​២៥៥ នៃ​សមាជិក​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC គឺ​មាន​រោងចក្រ ៤៨ បាន​សារភាព​ថា ពួកគេ​បាន​ប្រើប្រាស់​ឈើ​ចេញ​ពី​ព្រៃ​សុទ្ធសាធ ឬ​ឈើ​ព្រៃ​ចម្រុះ និង​ប្រភព​ប្រេង​ឥន្ធនៈ​ផ្សេង​ទៀត​។ អ្នក​សិក្សា​ជឿ​ថា ប្រហែល​៣០​% នៃ​រោងចក្រ​នៅ​កម្ពុជា កំពុង​ប្រើប្រាស់​ឈើ​ដែល​កាប់​ចេញ​ពី​ព្រៃ​ដោយ​ខុស​ច្បាប់ ធ្វើ​ជា​អុស​ដុត។

ជុំវិញ​ការ​ចុះ​ផ្សាយ​ទាំង​នេះ វិទ្យុ​អាស៊ីសេរី​ពុំ​អាច​សុំ​ការ​បំភ្លឺ​ពី​អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក ខេន លូ បាន​ទេ កាល​ពី​ថ្ងៃ​ទី​១២ កក្កដា​។ ទោះជាយ៉ាងណាក៏ដោយ លោក ខេន លូ បាន​ប្រាប់​សារព័ត៌មាន ម៉ុងហ្គាបេ ដោយ​ទាត់​ចោល​ការ​សិក្សា​រក​ឃើញ​នោះ និង​អះអាង​ថា រោងចក្រ​ទាំង​នោះ​ប្រើប្រាស់​ឈើ ដែល​ដាំ​ចេញ​ពី​ប្រភព​ចម្ការ​ប៉ុណ្ណោះ។

ទោះបីជា​មាន​ការ​បដិសេធ​ពី​មន្ត្រី​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា និង​អភិបាល​ខេត្ត​កំពង់​ស្ពឺ​យ៉ាង​ណា​ក្ដី ក៏​ក្រុម​អ្នក​កាប់​ឈើ និង​ឈ្មួញ​ទិញ​ឈើ​ចេញ​ពី​ព្រៃ យក​ទៅ​លក់​បន្ត​ទៅ​ឱ្យ​រោងចក្រ​បាន​ប្រាប់​សារព័ត៌មាន ម៉ុងហ្គាបេ ថា ពួកគេ​បាន​ប្រកប​មុខ​របរ​នេះ តាំង​ពី​ឆ្នាំ​២០១៤​មក​។

ក្រុម​អ្នក​កាប់​ឈើ​ចេញ​ពី​ព្រៃ​បាន​អះអាង​ថា ឈើ​អុស​មួយ​គោយន្ត លក់​បាន​២០​ដុល្លារ​។ ក្នុង​មួយ​ថ្ងៃ ពួក​គេ​អាច​ចូល​ទៅ​កាប់​ឈើ​ធ្វើ​អុស​បាន​ពីរ​ដង​។ ចំណែក​ក្រុម​ឈ្មួញ​ដែល​ចាំ​ទិញ​ឈើ​ពី​ក្នុង​ភូមិ​បាន​អះអាង​ដែរ​ថា ឈើ​ក្នុង​មួយ​រថយន្ត​ផ្ទុក​បាន​៦​តោន គឺ​ទិញ​ពី​ក្នុង​ភូមិ​ក្នុង​តម្លៃ​១២៥​ដុល្លារ និង​យក​ទៅ​លក់​ឱ្យ​ឈ្នួញ​ប្រចាំ​នៅ​ក្នុង​ក្រុង​ច្បារមន បាន​តម្លៃ​២០០​ដុល្លារ​ក្នុង​រថយន្ត។

អង្គការ​ឃ្លាំមើល​ព្រៃ​ឈើ​សាកល (Global Forest Watch) បង្ហាញ​ថា ពី​ឆ្នាំ​២០០១​ដល់​ឆ្នាំ​២០២១ ព្រៃ​ឈើ​សរុប​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ជាង ៧​សែន​(​៧០១.៧០០​)​ហិកតារ មាន​ជាង ១​សែន​ហិកតារ ឬ​ស្មើ​ប្រហែល​២៩​% ត្រូវ​បាន​បាត់បង់ ដែល​ភាគ​ច្រើន​បង្ក​ឡើង​ពី​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។