អ្នក​លក់ដូរ​នៅ​តំបន់​ឆ្នេរ​កែប ជិត ១រយ​គ្រួសារ តវ៉ា និង​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​ឈប់​ចាក់​ដី​លុប​សមុទ្រ

0:00 / 0:00

អាជីវករ​លក់ដូរ​នៅ​តំបន់​ឆ្នេរ​ជិត ១រយ​គ្រួសារ បាន​លើក​គ្នា​តវ៉ា​ជិត ១ខែ​មក​ហើយ ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​កែប​បញ្ឈប់​ការ​ចាក់​ដី​លុប​សមុទ្រ​បញ្ចៀស​ការ​បំផ្លាញ​បរិស្ថាន​ឆ្នេរ​សមុទ្រ​បង្ក​ឱ្យ​ប៉ះពាល់​ទីតាំង​លក់​ដូរ​របស់​ពួក​គាត់។

ក្រុម​អាជីវករ​ព្រួយ​បារម្ភ​ថា សកម្មភាព​ចាក់​ដី​លុប​ឆ្នេរ​សមុទ្រ​ទ្រង់ទ្រាយ​ធំ​នេះ នឹង​ប៉ះពាល់​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​ពលរដ្ឋ​ម្ចាស់​ស្រុក ហើយ​អ្នក​ដែល​ទទួល​ប្រយោជន៍ គឺ​ឈ្មួញ​ជនជាតិ​ចិន និង​ក្រុម​អ្នក​មាន​អំណាច។

ពលរដ្ឋ​រស់នៅ​ក្រុង​កែប និង​អាជីវករ​ ៧៤គ្រួសារ​ដែល​កំពុង​លក់ដូរ នៅ​តំបន់​ឆ្នេរ​ជ្រោយ​ដូង​សង្កាត់​កែប ក្រុង​កែប ឱ្យ​នៅ​ថ្ងៃ​ទី២៣ សីហា​ថា ឆ្នេរសមុទ្រ ដែល​មាន​ខ្សាច់​សក្បុស ដ៏​ស្រស់​ស្អាត ទាក់ទាញ​ភ្ញៀវ​ទេសចរ​នៅ​ចំណុច​ទល់​មុខ​សាលា​ខេត្ត​កែប ត្រូវ​ក្រុម​អ្នក​មាន​អំណាច ជនជាតិ​ចិន ឃុបឃិត​ជាមួយ​អាជ្ញាធរ ចាក់​ដី​បំពាន​ចូល​ផ្ទៃ​ទឹក ៩០ម៉ែត្រ និង​បណ្ដោយ ៣០០ម៉ែត្រ។ ពួក​គាត់​សង្កេត​ថា គម្រោង​អភិវឌ្ឍន៍​ខ្នាត​ធំ​នេះ នៅ​មិន​ទាន់​ឃើញ អាជ្ញាធរ​ធ្វើ​អនុបយោគ​នៅ​ឡើយ​ទេ។

ពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ជា​អ្នក​លក់ដូរ​នៅ​តំបន់​ឆ្នេរ​ជ្រោយ​ដូង ប្រាប់​វិទ្យុ​អាស៊ី​សេរី កាលពីថ្ងៃទី២៣ សីហា​ថា ការ​ចាក់​ដី​លុប​ឆ្នេរ​សមុទ្រ​កន្លង​មក​នេះ អាជ្ញាធរ​ខេត្ត​កែប មិន​បាន​ផ្តល់​ដំណឹង​ជូន​ពួក​គាត់​នៅ​ឡើយ​ទេ។ លោកស្រី​បន្ត​ថា គម្រោង​អភិវឌ្ឍ​នេះ ហាក់​បិទបាំង​ព័ត៌មាន ព្រោះ​ពលរដ្ឋ​នៅ​មូលដ្ឋាន​មិន​ត្រូវ​បាន​អាជ្ញាធរ​អនុញ្ញាត​ឱ្យ​ចូលរួម​សម្រេច​ចិត្ត​លើ​បញ្ហា​នេះ​នៅ​ឡើយ​ទេ៖ «

Vencors_in_Kep_protest_land_filling_into_the_sea_for_development_082021_2a.jpg
ប្រជាពលរដ្ឋ និង​អាជីវករ នៅ​ថ្ងៃ​ទី២០ ខែសីហា ឆ្នាំ២០២១ នាំ​គ្នា​លើក​បដា​តវ៉ា​ការ​ចាក់​ដី​លុប​សមុទ្រ និង​សុំ​អភិបាល​ខេត្ត​កែប​ឱ្យ​បក​ស្រាយ​ពី​គម្រោង​អភិវឌ្ឍន៍ នៅ​ទល់​មុខ​សាលាខេត្ត​កែប ចំណុច​ឆ្នេរ​ជ្រោយ​ដូង ស្ថិត​ក្នុង​ភូមិ​កែប សង្កាត់​កែប ខេត្ត​កែប។ រូបភាព៖ ពលរដ្ឋ

ស្ត្រី​ដដែល​បន្ថែម​ថា ពួក​គាត់​លក់ដូរ​នៅ​តំបន់​ឆ្នេរ​នោះ​ជាង ៣០ឆ្នាំ​មក​ហើយ ប្រសិន​បើ​អាជ្ញាធរ​បណ្ដេញ​ចេញ ក្រោម​រូបភាព​អភិវឌ្ឍន៍​នេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ជីវភាព និង​មុខ​របរ​ពួក​គាត់​ធ្ងន់ធ្ងរ ព្រោះ​ទី​នោះ គឺ​ជា​ឆ្នាំង​បាយ​របស់​ពួក​គាត់៖ «

ចំណែក​អាជីវករ​ម្នាក់​ទៀត​ឈ្មោះ ថេង ស្រីពៅ ឱ្យ​ដឹង​យ៉ាង​ខ្លី​ថា គម្រោង​អភិវឌ្ឍន៍​នេះ អាជ្ញាធរ​ប្រាប់​ពួក​គាត់​ថា នឹង​មិន​រុះរើ​តូប​លក់ដូរ ពួក​គាត់​នោះ​ទេ៖ «

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​សុំ​ការ​បក​ស្រាយ​លម្អិត​ជុំវិញ​រឿង​នេះ​ពី​អភិបាល​ខេត្ត​កែប លោក សោម ពិសិដ្ឋ និង​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​លោក នេត្រ ភក្ត្រា បាន​នៅ​ឡើយ ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​ទទួល នៅ​ថ្ងៃ​ទី២២ និង ២៣ សីហា។

ប៉ុន្តែ​អភិបាល​ខេត្ត​កែប លោក សោម ពិសិដ្ឋ បាន​ចុះ​ជួប​តំណាង​អាជីវកម្ម ៦នាក់ កាល​ពី​ថ្ងៃ​ទី២០ សីហា ដើម្បី​បង្ហាញ​ផែនការ​វិនិយោគ និង​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា។ អភិបាល​ខេត្ត​រូប​នេះ បាន​ថ្លែង​ប្រាប់​ក្រុម​អាជីវកម្ម​នៅ​ចំពោះ​មុខ​ថា គម្រោង​អភិវឌ្ឍន៍​នេះ គឺ​អាជ្ញាធរ​នឹង​មិន​រុះរើ​តូប​លក់ដូរ​របស់​អាជីវករ ៧៤តូប​នោះ​ទេ។

Vencors_in_Kep_protest_land_filling_into_the_sea_for_development_082021_12a.jpg
អាជ្ញាធរ​ខេត្តកែប យកផែនទីគម្រោង​អភិវឌ្ឍន៍ឆ្នេរកែប​ នៅ​ទល់​មុខ​សាលាខេត្ត ចំណុច​ឆ្នេរ​ជ្រោយ​ដូង ស្ថិត​ក្នុង​ភូមិ​កែប សង្កាត់​កែប បង្ហាញ​ពលរដ្ឋ​ និង​អាជីវករ​ដែល​នាំ​គ្នា​តវ៉ា។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

តំបន់​ឆ្នេរ​ជ្រោយ​ដូង​ទល់​មុខ​សាលា​ខេត្ត​កែប ជា​ទីតាំង​មាត់​ឆ្នេរ​ដ៏​មាន​សក្ដានុពល​វិស័យ​ទេសចរណ៍ ទេសភាព​ស្រស់​ត្រកាល មាន​ដើម​ដូង​ទ្រេត​ជា​ជួរ ទាក់ទាញ​អារម្មណ៍​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ មុជ​ទឹក​លំហែ​កាយ។ អ្នក​ភូមិ​ព្រួយ​ចិត្ត​ថា ឆ្នេរ​សមុទ្រ​ដ៏​ស្អាត​ទាំង​នេះ​នឹង​បាត់​រូបរាង​នៅ​ថ្ងៃ​អនាគត។

Kep_beach_in_2020_before_land_filling_for_development_6a.jpg
ទិដ្ឋភាព​ឆ្នេរ​កែប​កាល​ពី​មិន​ទាន់​ចាក់​ដី​អភិវឌ្ឍ ថត​នៅ​ឆ្នាំ២០២០។ ​រូបភាព៖ ពលរដ្ឋផ្ដល់​ឱ្យ

អ្នក​ភូមិ​ថា ថ្ម​ភ្នំ និង​ដី​ក្រហម ដែល​គេ​ចាក់​លុប​ឆ្នេរ​សមុទ្រ​នេះ កាយ​ចេញ​ពី​ចង្កេះ​ភ្នំ​នៅ​តំបន់​ឧទ្យាន​ជាតិ​អភិរក្ស​ក្រុង​កែប និង​តំបន់​ភ្នំ​វល្លិ ដែល​ជា​រមណីយដ្ឋាន ធនធាន​ព្រៃ​ឈើ​ដ៏​ល្បីល្បាញ ក៏​កំពុង​ប្រឈម​ការ​គំរាម​កំហែង បាត់​រូបរាង ក្រោម​រូបភាព​អភិវឌ្ឍន៍​ឆ្នេរ​នេះ​ដែរ។

Kep_Mount_excarvated_for_dirt_and_rock_to_fill_Kep_Beach_082221_by_villager_2.jpg
ទិដ្ឋភាព​ត្រាក់ទ័រកាយយកដី និងថ្មពី​ភ្នំនៅក្រុងកែប ដឹកទៅ​ចាក់​នៅ​ឆ្នេរកែប កាល​ពី​ថ្ងៃ​ទី២២ ខែសីហា ឆ្នាំ២០២១។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ក្រុម​យុវជន​ដែល​តាមដាន​រឿង​នេះ មាន​មន្ទិល​ច្រើន ចំពោះ​ការ​ចាក់​លុប​ឆ្នេរ​សមុទ្រ ខណៈ​អាជ្ញាធរ​នៅ​ព្យាយាម​លាក់​បាំង​ព័ត៌មាន។ ពួក​គេ​សង្កេត​ឃើញ​ថា អាជ្ញាធរ​នៅ​មិន​ទាន់​បង្ហាញ របាយការណ៍​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន (EIA) ជា​សាធារណៈ​នៅ​ឡើយ​ទេ។ លើស​ពី​នេះ នៅ​ថ្ងៃ​ខាង​មុខ តំបន់​នោះ​អាច​នឹង​ក្លាយ​ជា​តំបន់​អគារ​វិនិយោគ​របស់​ក្រុមហ៊ុន​ឯកជន និង​ក្រុមហ៊ុន​ចិន។

សមាជិក​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ម៉ា ចិត្រា ថ្លែង​ថា អាជ្ញាធរ​ខេត្ត​កែប គួរ​តែ​គិត​ពី​ផល​ប៉ះពាល់​ដល់​ជីវភាព​ប្រជា​សហគមន៍​មូលដ្ឋាន​ជា​អាទិភាព មុន​នឹង​សម្រេច​ចិត្ត​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ ព្រោះ​គម្រោង​នេះ ចាំបាច់​ត្រូវ​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ និង​អ្នក​ពាក់ព័ន្ធ ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​តម្លាភាព និង​គណនី​ភាព៖ «

រដ្ឋបាល​ខេត្ត​កែប​បាន​បង្ហោះ​សារ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន កាល​ពី ២៧ កក្កដា កន្លង​ទៅ​ថា គម្រោង​ពង្រីក​ឆ្នេរ​នេះ មាន​គោល​បំណង​ពង្រីក​តំបន់​កម្សាន្ត ពង្រីក​សក្ដានុពល សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​ឱ្យ​កាន់​តែ​ច្រើន​ជាង​មុន។ អាជ្ញាធរ​ថា ការ​អភិវឌ្ឍ​នេះ ពុំ​បាន​ធ្វើ​ការ​រុះរើ​តូប​លក់ដូរ​របស់​អាជីវករ ដែល​ប្រកប​អាជីវកម្ម​នៅ​តំបន់​នេះ​ឡើយ។ លើស​ពី​នេះ​អាជ្ញាធរ​ខេត្ត​កែប ព្រមាន​ថា នឹង​ចាត់ការ​ការ​រិះគន់​ទាំង​ឡាយ​ពី​សំណាក់​ប្រជាពលរដ្ឋ និង​អ្នក​កាសែត​ថា ជា​ការ ដែល​បង្ក​ឱ្យ​មាន​ភាព​រាំងស្ទះ​ក្នុង​ដំណើរ​ការ​អភិវឌ្ឍន៍​នេះ។

កាល​ពី​ថ្ងៃ​ទី២១ សីហា អភិបាល​ខេត្ត​កែប លោក សោម ពិសិដ្ឋ និង​រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ដួង តារា បាន​បក​ស្រាយ​ប្រាប់​តំណាង​អាជីវករ​នៅ​ចំពោះ​មុខ​ថា អាជីវករ​ទាំង​អស់​បាន​ឯកភាព ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្នុង​គម្រោង​រៀបចំ​ខឿន​ពង្រីក​ច្រាំង​សមុទ្រ​នេះ​ហើយ។ ប៉ុន្តែ​ក្រោយ​មក ប្រជាពលរដ្ឋ​ប្រតិកម្ម​ភ្លាមៗ ដោយ​ពួក​គាត់​អះអាង​ថា ការ​លើក​ឡើង​នេះ​ជា​រឿង​មិន​ពិត ព្រោះ​ពួក​គាត់​មិន​បាន​ព្រមព្រៀង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ថា អាជីវករ​នឹង​រុះរើ​កន្លែង​ប្រកប​អាជីវកម្ម​ដោយ​គ្មាន​ការ​តវ៉ា ប្រសិន​បើ​មាន​គម្រោង​អភិវឌ្ឍ​ជា​បន្ត​បន្ទាប់​ទៅ​ថ្ងៃ​ខាង​មុខ​នោះ​ទេ ។

ជុំវិញ​រឿង​នេះ អ្នក​សម្របសម្រួល​សមាគម​អាដហុដ (ADHOC) ប្រចាំ​ខេត្ត​កែប លោក យន់ ផល្លី យល់​ថា អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​ពាក់ព័ន្ធ ខ្វះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​គម្រោង​អភិវឌ្ឍ​ឱ្យ​ទូលំទូលាយ​ជា​សាធារណៈ​ ទើប​ប្រជាពលរដ្ឋ​មាន​មន្ទិល តែងតែ​លើក​គ្នា​តវ៉ា​ជា​បន្តបន្ទាប់។ លោក​បន្ត​ថា អាជ្ញាធរ​មូលដ្ឋាន​គួរ​តែ​ជួប​ពិភាក្សា​ជាមួយ​ប្រជាពលរដ្ឋ ពន្យល់​ពី​គម្រោង​អភិវឌ្ឍន៍​ឱ្យ​បាន​ល្អិតល្អន់ ជៀសវាង​ធ្វើ​ឱ្យ​ពួក​គាត់​មាន​ការ​ព្រួយ​បារម្ភ៖ «

ប្រជាពលរដ្ឋ​ប្រកាន់​គោល​ជំហរ​ថា ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​បន្ត​ចាក់​ដី​លុប​ឆ្នេរ ដោយ​គ្មាន​ការ​បក​ស្រាយ​លម្អិត ពួក​គាត់​នៅ​តែ​បន្ត​ស្រែក​ទាមទារ​រក​ដំណោះស្រាយ លាត​ត្រដាង​រឿង​អយុត្តិធម៌​គ្មាន​ទី​បញ្ចប់។ ពួក​គាត់​ចាត់​ទុក​ទីតាំង​តំបន់​ឆ្នេរ​ជ្រោយ​ដូង​ជា​អាយុ​ជីវិត​របស់​ពួក​គាត់ ព្រោះ​ជាង ៣ទសវត្សរ៍​មក​ហើយ។

ទន្ទឹម​គ្នា​នេះ ប្រជាពលរដ្ឋ និង​ក្រុម​អ្នក​ការពារ​បរិស្ថាន​ព្រួយ​បារម្ភ​ថា ទៅ​ថ្ងៃ​អនាគត​ទីក្រុង​កែប នឹង​អាច​ប្រែក្លាយ​ដូច​ជា​ទីក្រុង​កំពង់សោម ស្រប​ពេល​ដែល អ្នក​វិនិយោគិន​ចិន​ស្នើសុំ​ការ​វិនិយោគ​នៅ​ខេត្ត​នេះ​ជា​បន្ត​បន្ទាប់។ លើស​ពី​នេះ ពួក​គេ​ស្ដាយ​ស្រណោះ​ធនធាន​ព្រៃ និង​ដី​តំបន់​ភ្នំ​ឧទ្យានជាតិ ភ្នំ​កែប និង​ភ្នំ​វល្លិ ត្រូវ​គេ​បំផ្លិចបំផ្លាញ​ធ្វើ​អាជីវកម្ម ដើម្បី​យក​ថ្ម និង​អាចម៍​ដី​លក់​ឱ្យ​ក្រុមហ៊ុន​ឯកជន​ក្រោម​ហេតុផល​អភិវឌ្ឍន៍៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។