សហគមន៍ជនជាតិដើមភាគតិចកួយជាង ២០០គ្រួសារ ខកចិត្តនឹងការសម្រេចរបស់តុលាការខេត្តកំពង់ធំ ដែលឱ្យតំណាងសហគមន៍ជាអ្នកការពារព្រៃឈើ ៧នាក់ ចាញ់ក្តី ក្នុងសំណុំរឿងបទល្មើសព្រៃឈើ ដែលក្រុមអ្នកមានអំណាចកាប់ទន្ទ្រានព្រៃអភិរក្សជាដើមបណ្ដឹង។
តំណាងសហគមន៍ថា ពួកគាត់បានប្ដឹង ក្រុមអ្នកមានអំណាច ជិត ២០នាក់ ពីបទកាប់ទន្ទ្រានដីព្រៃ ក៏ប៉ុន្តែបែរជាតុលាការតម្កល់សំណុំរឿងឥតចាត់ការ។
ប្រជាសហគមន៍ការពារព្រៃឈើរស់នៅភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្កមិនអស់ចិត្ត ចំពោះការសម្រេចក្ដីរបស់តុលាការខេត្តកំពង់ធំ ដែលការពារក្រុមអ្នកមានអំណាចលួចកាប់ទន្ទ្រានដីព្រៃសហគមន៍ល្មើសនឹងច្បាប់រដ្ឋ បែរជាគ្មានទោសពៃរ៍។ ក៏ប៉ុន្តែផ្ទុយទៅវិញ តំណាងសហគមន៍ ៧នាក់ ដែលលះបង់ការពារទ្រព្យសម្បត្តិជាតិ បែរជាជាប់ទោស។
អនុប្រធានសហគមន៍ជាជនជាតិដើមភាគតិចកួយ លោកស្រី លួន ស៊ីនីន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៤ មករាថា ព្រៃសហគមន៍សាលាឆ្ដោ មានផ្ទៃដីជាង ១ពាន់ហិកតារ ត្រូវក្រុមឈ្មួញ និងជនខិលខូចកាប់ទន្ទ្រាន រំលោភយកអស់ស្ទើរទាំងស្រុង។ រីឯតំណាងសហគមន៍បានកំណត់អត្តសញ្ញាណមនុស្ស ១៨នាក់ ដោយមានភស្តុតាងច្បាស់លាស់ ប្ដឹងទៅតុលាការ បែរជាតុលាការតម្កល់សំណុំរឿងឥតចាត់ការ ដោយលើកហេតុផលថា គ្មានភស្តុតាងគ្រប់គ្រាន់។
លោកស្រី លួន ស៊ីនីន៖«គេមានដី និងផ្ទះ វីឡាគេស្កឹមស្កៃ ខ្ញុំសុំគេរស់ តុលាការមិនឱ្យខ្ញុំរស់។ គេថា ខ្ញុំមានទោស ហើយខ្ញុំអត់មានភស្តុតាងគ្រប់គ្រាន់»។
លោកស្រី លួន ស៊ីនីន បន្ថែមថា ក្រុមជនសង្ស័យជិត ២០នាក់ បានកាប់ទន្ទ្រានព្រៃសហគមន៍ ក្នុងម្នាក់ៗ ចន្លោះពី ១០ហិកតារ ដល់ ៥០ហិកតារ ហើយខ្លះទៀត បានសង់ផ្ទះ ក្នុងព្រៃអភិរក្សជាបន្តបន្ទាប់ ប្រសិនបើតុលាការមានឆន្ទៈអនុវត្តច្បាប់ នឹងមិនពិបាកនោះទេ។
កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ សាលាដំបូងខេត្តកំពង់ធំ បានប្រកាសសាលក្រមឱ្យតំណាងសហគមន៍ ៧នាក់ ចាញ់ក្ដីពីបទបរិហារបង្កាច់កេរ្តិ៍ ហើយដើមបណ្ដឹងក្នុងសំណុំរឿងនេះ គឺជាអ្នកកាប់ទន្ទ្រានដីព្រៃសហគមន៍ឈ្មោះ ញឹម ស្រីនាង និង ញ៉ែម វាសនា។ រីឯតំណាងសហគមន៍ បានប្ដឹងទាស់ ទៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញរួចហើយ។
យុវជនជនជាតិដើមភាគតិច ដែលតាមដានរឿងនេះ គឺលោក ហុក ឡេង យល់ថា ទង្វើរបស់តុលាការ ជះឥទ្ធិពលមិនល្អដល់ដីធ្លី និងព្រៃឈើ ដែលជាប្រភពសេដ្ឋកិច្ចជនជាតិដើមភាគតិចកួយ នឹងហិនហោចអស់។
លោកថា ពលរដ្ឋដែលលះបង់ការពារព្រៃឈើ បាក់ទឹកចិត្ត និងអស់ជំនឿលើតុលាការ។
លោក ហុក ឡេង៖ «បណ្ដោយឱ្យអ្នកការពារទ្រព្យជាតិ ដែលជាស្មារតីរួមរបស់យើង ចាញ់ក្ដី។ ស្មារតីជនជាតិដើមភាគតិច ការពារសម្បត្តិរដ្ឋចាញ់ក្ដី ត្រូវការពារ និងយកចិត្តទុកដាក់ ទើបបានត្រូវ»។
វិទ្យុអាស៊ីសេរីមិនទាន់អាច ទាក់ទងសុំការបំភ្លឺរឿងនេះ ពីអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ធំ លោក សាយ ណូរ៉ា បាននៅឡើយទេ នៅថ្ងៃទី៤ មករា ដោយទូរស័ព្ទហៅចូលច្រើនដងតែគ្មានអ្នកលើក។
រីឯដើមបណ្ដឹងក្នុងសំណុំរឿងនេះ គឺអ្នកស្រី ញឹម ស្រីនាង និងលោក ញ៉ែម វាសនា ក៏មិនទាន់អាច ទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
ជុំវិញរឿងនេះ មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាន នៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ យល់ថា ពលរដ្ឋដែលលះបង់ការពារប្រយោជន៍ជាតិ គួរតែលើកទឹកចិត្ត ដើម្បីរួមគ្នាអភិរក្សធនធានធម្មជាតិ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។
លោកយល់ថា ទង្វើរបស់តុលាការ នឹងប៉ះពាល់ដល់គោលនយោបាយកំណែទម្រង់ប្រព័ន្ធតុលាការ របស់ក្រសួងយុត្តិធម៌៖
លោក ប៉ែន ប៊ុណ្ណារ៍៖ «អំពើពុករលួយ នឹងនិទ្ទណ្ឌភាពហ្នឹងឯង ហើយនិទ្ទណ្ឌភាពកើតចេញពីណា គឺកើតចេញពី មិនផ្ដន្ទាទោស អ្នកមានលុយមានអំណាច។ អ្នកមានលុយមានអំណាច មិនចាត់វិធានការអ្វីទាំងអស់ កាលណាបណ្ដែតបណ្ដោយឱ្យមានបទល្មើសព្រៃឈើ គឺជាអំពើពុករលួយហើយ » ។
ព្រៃសហគមន៍សាលាឆ្ដោមានផ្ទៃដីសរុបជាង ១ពាន់ហិកតារ (១.០០៦) បានចុះបញ្ជីជាព្រៃអភិរក្សពីក្រសួងកសិកម្ម កាលពីឆ្នាំ ២០០៨។ ព្រៃអភិរក្សមួយនេះ ឋិតក្នុងភូមិគគីរឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានទទួលរងការកាប់ឈើមានតម្លៃ និងឈូសឆាយទន្ទ្រានព្រៃយកដីអស់ស្ទើរទាំងស្រុងនៅរយៈពេលជិត ១០ឆ្នាំចុងក្រោយនេះ។
បច្ចុប្បន្នដីព្រៃសហគមន៍នេះ នៅសល់ព្រៃរបោះរេចរឹលជាង ៦០ហិកតារប៉ុណ្ណោះ ដែលប្រជាសហគមន៍កំពុងនាំគ្នាថែទាំក៏កំពុងទទួលរងការកាប់បំផ្លាញជាបន្តបន្ទាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។