ពលរដ្ឋរស់នៅស្រុកឆែប ខេត្តព្រះវិហារជាង ២រយនាក់ នៅថ្ងៃទី១៣ ខែមករា លើកគ្នាទៅតវ៉ាមិនឲ្យក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) របស់កូនប្រុស ឧកញ៉ា ទ្រី ភាព គឺ លោក ទ្រី ដាលុច ឈូសឆាយដីស្រែចម្ការ ដំណាំ និងដីព្រៃការពារដែលសហគមន៍តែងតែចូលទៅរកផលអនុផលព្រៃឈើជាប្រចាំ។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា អាជ្ញាធរពាក់ព័ន្ធ និងក្រុមហ៊ុនឯកជន គួរតែពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋជាមុនសិនដើម្បីស្វែងរកដំណោះស្រាយសមរម្យដល់ពលរដ្ឋរស់នៅតំបន់នោះ។
ប្រជាពលរដ្ឋចំនួន២ភូមិ គឺភូមិសង្កែ១ និងសង្កែ២ ស្ថិតក្នុងឃុំសង្កែ១ ស្រុកឆែប ខេត្តព្រះវិហារ ដែលមានគ្នាប្រមាណ ២រយនាក់បានហាមឃាត់ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន (GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT ដែលកំពុងឈូសឆាយបង្កឲ្យប៉ះពាល់ដីស្រែចម្ការ របស់ពួកគាត់ជាង ៣ពាន់ហិកតារ និងដីព្រៃសហគមន៍ការពារជាច្រើនហិកតារ នៅត្រង់ចំណុចភ្នំឈើក្រហម និងភ្នំដង្កូវ ជាប់ដែនជម្រកសត្វព្រៃព្រៃឡង់។
តំណាងសហគមន៍ ភូមិសង្កែ១ លោក ហៀង គឹមហុង ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៤ ខែមករា ថា ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន បានដាក់គ្រឿងចក្រឈូសឆាយដីស្រែចម្ការ និងដីព្រៃការពារ ដោយមិនបានផ្សព្វផ្សាយជូនដំណឹង ឬពិគ្រោះយោបល់អំពីផលប៉ះពាល់និងដំណោះស្រាយឲ្យប្រជាពលរដ្ឋជាមុននោះទេ។
លោកបន្តថា បន្ទាប់ពីតវ៉ា អាជ្ញាធរពាក់ព័ន្ធបានកោះហៅប្រជាពលរដ្ឋជួបប្រជុំដើម្បីស្វែងរកដំណោះស្រាយ ប៉ុន្តែនៅពេលដែលពលរដ្ឋទៅដល់ទីតាំងដែលបានណាត់ពួកគាត់ជួប បែរជាអាជ្ញាធរគេច ដោយលើកថ្ងៃជួបទៅវិញ ។ បន្ថែមពីនោះលោកថា មានមន្ត្រីបរិស្ថានឈរជើងការពារដែនជម្រកសត្វព្រៃព្រៃឡង់ ចំនួន៤នាក់បានដើរតួជាអ្នកសម្របសម្រួលជាមួយសហគមន៍មិនឲ្យមានការតវ៉ា។
លោកស្នើទៅរដ្ឋាភិបាលឲ្យបញ្ឈប់សកម្មភាពរុករករ៉ែ និងធ្វើអាជីវកម្មរបស់ក្រុមហ៊ុនមួយនេះ ពីព្រោះតំបន់នោះ មានប្រជាពលរដ្ឋជាច្រើនកំពុង អាស្រ័យផល ដាំដំណាំកសិកម្មចិញ្ចឹមជីវភាពគ្រួសារ។
លោក ហៀង គឹមហុង៖ «ប្រជាពលរដ្ឋគឺឲ្យក្រុមហ៊ុនដកចេញវិញ អត់ឲ្យក្រុមហ៊ុនណាចូលវិនិយោគអ្វីនោះទេ ការវិនិយោគទៅវាជាពិសេសប៉ះពាល់ដល់សុខភាពរបស់គាត់ រ៉ែវាផលិតពាក់ព័ន្ធជាមួយគីមី ហើយវាបាត់បង់ជម្រករបស់គាត់អាស្រ័យផល វាបាត់បង់គាត់អត់ពេញចិត្តទេគាត់ឲ្យដកចេញវិញ»។
សហគមន៍បន្ថែមថា ពលរដ្ឋបានដាក់វេនគ្នាយាម និងតាមដានសកម្មភាពរបស់ក្រុមហ៊ុន ព្រោះបារម្ភខ្លាចក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) លួចឈូសឆាយដីស្រែចម្ការ និងដីព្រៃនៅពេលយប់។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យ ក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៉ូឡា និងប្រធានមន្ទីររ៉ែនិងថាមពល ខេត្តព្រះវិហារ លោក ស៊ុន ច័ន្ទរក្សា ដើម្បីសុំការឆ្លើយតបជុំវិញបញ្ហានេះ បានទេនៅថ្ងៃទី១៤ ខែមករា ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។ ចំណែកតំណាងក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន (GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT លោក ហាក់ ស៊ីណាត មិនអត្ថាធិប្បាយជុំវិញរឿងនេះទេ។
លិខិតលេខ០០២០ ចុះថ្ងៃទី៣០ខែតុលា ឆ្នាំ២០២៣ របស់ក្រសួងរ៉ែ និងថាមពល ឲ្យដឹងថា ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន ទទួលបានសិទ្ធិក្នុងការរុករករ៉ែលោហៈ នៅលើផ្ទៃទំហំដី ១៥គីឡូម៉ែត្រការ៉េ (ដប់ប្រាំគីឡូម៉ែត្រការ៉េ) ស្ថិតនៅឃុំសង្កែ១ ស្រុកឆែប ខេត្តព្រះវិហារ។
ជុំវិញរឿងនេះ នាយកអង្គការពន្លកខ្មែរ លោក ប៉ឹក សោភ័ណ យល់ឃើញថា អាជ្ញាធរពាក់ព័ន្ធនិងក្រុមហ៊ុនឯកជន គួរតែផ្ដល់ព័ត៌មាន និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋរស់នៅជុំវិញតំបន់នោះជាមុនសិន ដើម្បីស្វែងរកដំណោះស្រាយសមរម្យមួយដែលពួកគាត់អាចទទួលយកបាន មុនធ្វើអាជីវកម្ម។ លោកបន្តថា ប្រសិនបើក្រុមហ៊ុននិងអាជ្ញាធរពាក់ព័ន្ធមិនបានជូនដំណឹង ឬគ្រោះយោបល់ជាមួយពលរដ្ឋ ហើយបន្តឈូសឆាយ ធ្វើឲ្យប៉ះពាល់ដីស្រែចម្ការរបស់ពលរដ្ឋ ជាការរំលោភបំពានសិទ្ធិនិងជាអំពើខុសច្បាប់។
លោក ប៉ឹក សោភ័ណ៖ «ប្រសិនបើមិនបានការវាយតម្លៃហេតុផលបរិស្ថានទេ ហើយស្រាប់តែរដ្ឋាភិបាលផ្ដល់ ឬក៏អាជ្ញាប័ណ្ណក្នុងការរុករក ឬធ្វើអាជីវកម្ម ជាដើមធ្វើឲ្យប៉ះពាល់សិទ្ធិសម្រេចចិត្តរបស់សហគមន៍ក្នុងមូលដ្ឋាននេះហើយ បង្ហាញការរំលោភសិទ្ធិអំពីការអភិវឌ្ឍគ្មានតម្លាភាព»។
បច្ចុប្បន្នក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) ធ្វើអាជីវកម្មរ៉ែដែកចំនួន៣កន្លែងផ្សេងគ្នា ក្នុងនោះមាននៅតំបន់ កោះកេរ និងភ្នំថ្ម ស្ថិតនៅឃុំរីករាយ និងឃុំរបៀប នៃស្រុករវៀង និងមួយកន្លែងទៀតនៅឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ដែលប៉ះពាល់ដីស្រែចម្ការរបស់ប្រជាពលរដ្ឋ កំពុងអាស្រ័យផលនៅតំបន់នោះជាច្រើនហិកតារ។
ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន គឺជារបស់ឧកញ៉ា ទ្រី ដាលុច ដែលជាអគ្គនាយករងក្រុមហ៊ុន ទ្រី ភាព ។ លោក ទ្រី ដាលុច មានអាយុ៣០ឆ្នាំ ដែលត្រូវជាកូនប្រុសច្បងរបស់អ្នកឧកញ៉ា ទ្រី ភាព ហើយបច្ចុប្បន្នកំពុងឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្របម្រុងលេខរៀងទី៩ ក្នុងចំណោមបេក្ខជនបម្រុង១១នាក់ នៃគណបក្សប្រជាជនកម្ពុជាមណ្ឌលខេត្តកណ្ដាល និងជាអនុប្រធានយុវជនស្រុកកណ្ដាលស្ទឹង ហើយលោកក៏កាន់តួនាទីជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។