ប្រជាពលរដ្ឋជាង ៤០០គ្រួសាររស់នៅខេត្តកំពង់ស្ពឺ បានផ្ដិតមេដៃ ស្នើឱ្យរដ្ឋាភិបាលបញ្ឈប់គម្រោងកាត់ឆ្វៀលដីព្រៃសហគមន៍មួយ ដើម្បីបែងចែកឱ្យគ្រួសារកងទ័ព បង្កឱ្យប៉ះពាល់ព្រៃឈើ សត្វព្រៃ និង កន្លែងរកអនុផលព្រៃឈើរបស់ពលរដ្ឋ។ អ្នកភូមិបន្តអំពាវនាវឲ្យរដ្ឋាភិបាល រក្សាព្រៃសហគមន៍ភូមិពោធិ៍មាសឱ្យគង់វង្ស ដើម្បីសេចក្ដីសុខរបស់ពលរដ្ឋ ជម្រកសត្វព្រៃ និងជាកន្លែងគង់អាស្រ័យរបស់ព្រះសង្ឃជាច្រើនអង្គ។
ពលរដ្ឋរស់នៅចំនួន ៣ភូមិ នៃឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ កំពុងប្រមូលស្នាមមេដៃ ដើម្បីដាក់ញត្តិ ស្នើឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ និង រដ្ឋាភិបាល ពិចារណាឡើងវិញ ក្នុងការកាត់ឆ្វៀលដីព្រៃសហគមន៍ភូមិពោធិ៍មាស ឬហៅថា ព្រៃសហគមន៍ឧត្ដមស្រែខ្ពស់ទំហំ ជាង ២០០ហិកតារ (២៦២) បែងចែកជូនគ្រួសារកងទ័ព ដែលពួកគាត់មិនពេញចិត្ត។
អ្នកភូមិទាំងនោះបារម្ភថា ប្រសិនបើរដ្ឋាភិបាលមិនលុបគម្រោងនេះទេ ជម្រកសុខសាន្តរបស់សត្វព្រៃ និងព្រៃប្រឹក្សាដែលផ្តល់ប្រយោជន៍សំបូរបែបដល់អ្នកស្រុក រាប់ពាន់គ្រួសារ នឹងប្រឈមវិនាសហិនហោច នៅពេលដ៏ខ្លីខាងមុខ។
សមាជិកសហគមន៍ លោក ឃន សារិទ្ធ ប្រាប់អាស៊ីសេរីនៅថ្ងៃទី១៥ វិច្ឆិកាថា អ្នកភូមិរាប់រយគ្រួសារនឹងត្រៀមយកញាតិ ដាក់ជូនរដ្ឋបាលខេត្ត និងអាជ្ញាធរថ្នាក់ជាតិនៅពេលឆាប់ៗ នេះ ក្នុងបំណងថែរក្សាព្រៃសហគមន៍មួយនេះ ឱ្យគង់វង្ស មិនចង់ឱ្យមានការឈូសឆាយ ធ្វើជាកម្មសិទ្ធិនោះទេ។ លើសពីនេះ ព្រៃសហគមន៍នេះ ជាកន្លែងឃ្វាលគោក្របី បេះបន្លែផ្លែឈើ រកថ្នាំបុរាណ និង ទាក់ទាញភ្ញៀវទេសចរ ទៅកម្សាន្តនៅតំបន់នោះ។ លោកថា ភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្តនៅតំបន់នោះ ភាគច្រើនពួកគាត់ចង់ទស្សនាធនធានធម្មជាតិ និងបក្សាបក្សី៖ «ពួកគាត់នៅតែភ័យវាអត់ទាន់មានដំណោះស្រាយអី ? គិតថា យើងដាក់ញត្តិហើយ មិនបានសម្រេច ឬបានសម្រេចក៏មិនដឹង គាត់ព្រួយបារម្ភខ្លាចអត់មានកន្លែងមើលគោ និងរកឧស។ គាត់ប្ដេជ្ញាថា គាត់អត់ឱ្យចង់ឱ្យបាត់ព្រៃនេះទេ និយាយទៅ។
បុរសដដែលបន្ថែមថា ពលរដ្ឋចំនួន ៣ភូមិ ប្ដេជ្ញាថែទាំព្រៃនេះឱ្យគង់វង្ស ព្រោះមានសារៈសំខាន់ណាស់ ដល់អ្នកភូមិ និងជាកន្លែងគោរពបូជា បែបពុទ្ធសាសនា ដោយមានអាស្រមព្រះសង្ឃ តាជី និង យាយជីស្នាក់អាស្រ័យ មិនគួរបំផ្លិចបំផ្លាញនោះទេ។
កាលពីចុងខែតុលាកន្លងទៅ ពលរដ្ឋជាង ៧០០រយនាក់ មកពីឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ និងឃុំអមលាំង ស្រុកថ្ពង បានលើកគ្នាតវ៉ា នៅតំបន់ព្រៃសហគមន៍ ដែលគេកំពុងឈូសឆាយព្រៃស្រោងអស់ជាច្រើនហិកតារ។ អ្នកភូមិបានលើកគ្នាតវ៉ា ៤ថ្ងៃជាប់ៗ គ្នា ដើម្បីទាមទារឱ្យអាជ្ញាធរបញ្ឈប់សកម្មភាពឈូសឆាយព្រៃ ឱ្យក្លាយជាវាលទំហំ ក្បាល ៤០ម៉ែត្រ បណ្ដោយជាង ២គីឡូម៉ែត្រ។

ក្នុងពេលតវ៉ា តំណាងពលរដ្ឋម្នាក់ ដែលជាចាស់ទុំក្នុងសហគមន៍ គឺលោក អ៊ុំ សាត ខឹងសម្បារយ៉ាងខ្លាំង ចំពោះទង្វើនេះ ដោយចាត់ទុក ជាការបំផ្លាញព្រៃប្រឹក្សា សត្វព្រៃ និងកន្លែងទីសក្ការៈរបស់អ្នករក្សាសីលជាដើម។ លោកសង្កត់ធ្ងន់ៗ ថា រូបលោកបានចំណាយពេលជាង ២០ឆ្នាំ ចូលរួមអភិរក្សព្រៃនេះ ជាមួយក្រសួងបរិស្ថាន ហើយចុងក្រោយ ក្រសួងបរិស្ថានបែរជាបំផ្លាញព្រៃនេះទៅវិញ៖ «ការពារជាមួយយើង ចុងបញ្ចប់ក្រសួងបរិស្ថានជាអ្នកបំផ្លាញព្រៃឈើ ហ្នឹងបានយើងរកឃើញ រកឃើញចំណុចខ្សោយរបស់វា។ ព្រៃឈើខំការពារចង់ងាប់ចង់រស់ ងាប់ខ្ញុំមួយក៏មិនបានឯករាជដែរបងប្អូន ប៉ុន្តែឈរលើសច្ចភាព»។
ឆ្លើយតបរឿងនេះ មេឃុំត្រពាំងជោរ លោក ទេព ណែន ប្រាប់វិទ្យុអាស៊ីសេរីថា ក្នុងពេលពលរដ្ឋតវ៉ា រដ្ឋបាលខេត្តបានផ្ញើលិខិតមួយ ដើម្បីឱ្យផ្អាកការឈូសឆាយ ដោយរង់ចាំការសម្របសម្រួលដោះស្រាយជាមុនសិន ហើយមកទល់ពេលនេះ សកម្មភាពឈូសឆាយបានផ្អាកហើយ ។ លោកបញ្ជាក់ថា ទីតាំងដែលឈូសឆាយ គឺរដ្ឋាភិបាលបានចេញអនុក្រឹត្យកាត់ទៅឱ្យគ្រួសារកងទ័ពរួចទៅហើយ៖ «ឃើញរដ្ឋបាលខេត្តឱ្យលិខិតមក ឱ្យកងទ័ពផ្អាកធ្វើសកម្មភាពឈូសឆាយសិន »។
ឯអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង មានប្រសាសន៍ថា គម្រោងនេះ ជាសេចក្តីសម្រេចរបស់រដ្ឋាភិបាល ព្រោះមន្ត្រីយោធា បានយកជីវិតទៅប្ដូរ ដើម្បីការពារទឹកដី។ លោកបញ្ជាក់ថា គ្រួសារកងទ័ព ដែលឈរជើងនៅតំបន់នោះ គួរតែទទួលបានដីសម្បទានសង្គមកិច្ច ដើម្បីអាស្រ័យផលចិញ្ចឹមជីវិត។ តែយ៉ាងណា លោកថា រដ្ឋាភិបាលខេត្តនឹងទទួលយកសំណូមពររបស់ពលរដ្ឋមកដោះស្រាយ ជាមួយនឹងគ្រួសារយោធា៖ «មិនហាមទេបើបងប្អូនគាត់យល់ថា ដូច្នោះយើងនឹងព្យាយាមពន្យល់ពួកគាត់ យើងមានដីសម្រាប់ធ្វើជាសហគមន៍មានច្រើនតើ យើងមិនអត់ទេ។ ដីសហគមន៍មានគគោក ! យើងយកនយោបាយកណ្ដាលមួយ តើយើងគួរតែធ្វើអី ? បងប្អូនចង់បានអី ? ហើយទាហានចង់បានអីដែរ ? ស្រុះស្រួលគ្នា»។
ព្រៃសហគមន៍ឧត្ដមស្រែខ្ពស់ គឺជាផ្នែកមួយនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ហើយត្រូវបានចុះបញ្ជីទទួលស្គាល់ជាព្រៃអភិរក្សពីក្រសួងបរិស្ថានកាលពីឆ្នាំ២០០២។ ព្រៃសហគមន៍មួយនេះមានផ្ទៃដីប្រមាណ ២.០០០ហិកតារ ប៉ុន្តែបច្ចុប្បន្នព្រៃនេះកាន់តែរួមតូចនៅសល់តែ ៨០០ហិកតារប៉ុណ្ណោះ ដោយសារមានការរំលោភបំពានជាបន្តបន្ទាប់ពីក្រុមហ៊ុនឯកជន និងឈ្មួញខិលខូចមួយចំនួន។ ប្រជាសហគមន៍ឱ្យដឹងថា អាជ្ញាធរគ្រោងឈូសឆាយព្រៃសហគមន៍នេះ ទំហំជាង ២៦២ហិកតារ បន្ថែមទៀត ដើម្បីផ្តល់ជាដីសម្បទានសង្គមកិច្ចជូនគ្រួសារកងទ័ព ៤១គ្រួសារ ប៉ុន្តែពលរដ្ឋមិនពេញចិត្តនឹងគម្រោងឈូសឆាយនេះទេ។
ជុំវិញរឿងនេះ មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ យល់ថា សំណូមពររបស់ពលរដ្ឋ រដ្ឋាភិបាលគួរយកធ្វើជាមូលដ្ឋាន ដើម្បីដោះស្រាយ ព្រោះគម្រោងកាត់ឆ្វៀលដីសហគមន៍យ៉ាងធំសម្បើមនេះ នឹងធ្វើឱ្យខាតប្រយោជន៍ច្រើនដល់ ពលរដ្ឋ សុវត្ថិភាពព្រៃឈើ និងបាត់បង់សត្វព្រៃជាដើម។
លោកគិតថា រដ្ឋាភិបាលគួររកទីតាំងផ្សេង បែងចែកដីជូនគ្រួសារកងទ័ព ដើម្បីបញ្ចៀសផលប៉ះពាល់បរិស្ថាន និងព្រៃឈើ៖ «ព្រៃឈើទុកទៅ កុំតែសម្លឹងមើលព្រៃឈើ ដឹងតែព្រៃឈើវាបាត់បង់អស់ច្រើនហើយ។ គួរតែរកតំបន់ណា ដែលដកហូត យើងឃើញថា ដកហូតដីសម្បទានសេដ្ឋកិច្ចច្រើនណាស់ ក៏ប៉ុន្តែវាដូចអត់មានឃើញ យោធាក្រីក្រ យកដាក់កន្លែងនោះ បែរជាយកមកដាក់ព្រៃសហគមន៍ទៅវិញ។ សូមឱ្យរដ្ឋាភិបាលពិនិត្យមើលឡើងវិញ»។
កាលពីខែសីហា ឆ្នាំ២០២១ កន្លងទៅ រដ្ឋាភិបាលបានចេញអនុក្រឹត្យ ឆ្វៀលដីព្រៃសហគមន៍ឧត្ដមស្រែខ្ពស់មានទំហំជាង ២៦២ហិកតារ (២៦២,២៤) ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិពោធិ៍មាស ឃុំត្រពាំងជោរស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ ដើម្បីបែងចែកជូនគ្រួសារយោធិន ៤១គ្រួសារ សម្រាប់កសាងលំនៅឋាន និងបង្កបង្កើនផល។
អ្នកភូមិមិនពេញចិត្តចំពោះគម្រោងកាត់ឆ្វៀលដីព្រៃសហគមន៍ដ៏ធំធេងនេះទេ ព្រោះពួកគាត់ស្ដាយស្រណោះធនធានធម្មជាតិ បន្សល់ចុងក្រោយនៅតំបន់នោះ។ ព្រៃនេះ មានសត្វព្រៃកម្រជាច្រើនប្រភេទរស់នៅ រួមមាន ទោច ស្វា ក្ងោក មាន់ព្រៃ ឈ្លូស ក្ដាន់ និងស្វាជាដើម ហើយសត្វទាំងនេះនឹងប្រឈមបាត់បង់ទីជម្រក ប្រសិនបើរដ្ឋាភិបាលមិនបញ្ឈប់គម្រោងនេះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។