ពលរដ្ឋជាង ៨០គ្រួសារនៅខេត្តកំពង់ស្ពឺប្ដេជ្ញាសាមគ្គីគ្នាការពារសត្វព្រៃ និងព្រៃឈើក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលឱ្យគង់វង្ស ដើម្បីទាក់ទាញភ្ញៀវទេសចរដែលជាប្រភពប្រាក់ចំណូលរបស់សហគមន៍។
ប្រជាសហគមន៍រស់នៅក្នុងភូមិសុរិយា ឃុំតាសាល ស្រុកឱរ៉ា់ល់ ឱ្យដឹងថា ក្រោយពីពលរដ្ឋជាច្រើនគ្រួសារសាមគ្គីគ្នា ចង់ក្រងបណ្ដាញការពារព្រៃឈើ បទល្មើសព្រៃឈើឋិតនៅចំណុចខ្នងវាល នៃតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលថយចុះច្រើន ហើយអន្ទាក់ចាប់សត្វព្រៃ ក៏ពុំសូវមានដែរ នៅរយៈពេលជាង ៦ខែកន្លងទៅនេះ។
ប្រជាសហគមន៍ការពារព្រៃឈើខ្នងវាល លោកស្រី ខុន ណៃ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៣ ធ្នូ ថា អ្នកភូមិដាក់វេនគ្នាចុះល្បាតការពារព្រៃ ប្រសិនបើប្រទះឃើញបទល្មើសព្រៃឈើ និងអន្ទាក់ចាប់សត្វព្រៃ ពួកគាត់នឹងឃាត់ចាប់ ហើយរាយការណ៍ទៅមន្ត្រីបរិស្ថាន ដើម្បីអនុវត្តច្បាប់។
លោកស្រីថា សហគមន៍ជាង ៨០គ្រួសារ បានយល់ដឹងច្រើន ពីសិទ្ធិការពារព្រៃឈើរបស់ខ្លួន និងហ៊ានលះបង់កម្លាំងកាយចិត្ត ថែទាំធនធានធម្មជាតិនៅសេសសល់ចុងក្រោយឱ្យគង់វង្ស ដើម្បីទាក់ទាញភ្ញៀវទេសចរ។
លោកស្រី ខុន ណៃ៖ «អ្នកស្រុកអ្នកភូមិយើងហ្នឹង បើគាត់ចេះការពារអ៊ីចឹងទៅអត់សូវដូចមុន បើពីមុនអ្នកណាជួលកាប់អីក៏កាប់ទៅគាត់ធ្វើអត់ខ្វល់អ៊ីចឹងណា៎!តែឥឡូវបង្ក្រាបបានអធឹកអាធ័មអត់ដូចមុន សម្រាប់ខ្ញុំចេះតែមានទុក្ខព្រួយដែរ ព្រោះក្មេងក្រោយៗពួកគាត់អត់ស្គាល់ដើមឈើធំៗ»។
ស្ត្រីដដែលបន្ថែមថា កាលពីសហគមន៍មិនទាន់ចងក្រងបណ្ដាញសាមគ្គីគ្នា គ្រាន់តែក្នុងរយៈពេលជាង ២ឆ្នាំ គិតចាប់ពីឆ្នាំ២០២១ ដល់ដើមឆ្នាំ២០២៣ សកម្មភាពកាប់បំផ្លាញដើមឈើធំៗអស់ជាច្រើនពាន់ដើម នៅតាមបណ្តោយចង្កេះភ្នំខ្នងវាល ភ្នំធំ និងភ្នំខ្នងក្រពើ។
លោកស្រីថា ប្រភេទឈើដែលទទួលរងការកាប់បំផ្លាញរួមមាន ម្រេញ ឈើទាល ផ្ចឹក និងគគីរ ជាដើម គឺជាកន្លែងដែលភ្ញៀវទេសចរ ចូលចិត្តទៅបោះតង់គយគន់ទេសភាពពេលយប់។ រីឯអន្ទាក់ចាប់សត្វព្រៃក៏កើតមានច្រើនដែរធ្វើឱ្យសត្វព្រៃជាច្រើនប្រភេទបាត់បង់ជាបន្តបន្ទាប់រួមមាន ខ្លាឃ្មុំ ស្វា ជ្រូកពោន និងសត្វខ្ទីងជាដើម។
សមាជិកសហគមន៍ម្នាក់ទៀត លោកស្រី តុង ធារ៉ា បង្ហាញពីលទ្ធផលវិជ្ជមានជាច្រើន ក្រោយពីពួកគាត់សាមគ្គីគ្នារឹងមាំ ធ្វើឱ្យបទល្មើសព្រៃឈើថយចុះច្រើន ហើយសហគមន៍រំពឹងថា នឹងអាចរកប្រាក់ចំណូលកាន់តែច្រើនតាមរយៈវិស័យទេសចរណ៍។ លោកស្រីសោកស្តាយដើមឈើនៅចំណុចភ្នំធំ និងឈើធំៗដុះតាមដងផ្លូវឡើងទៅ តំបន់ខ្នងវាលជាជម្រកសំខាន់របស់សត្វព្រៃ បាត់បង់អស់មួយផ្នែកធំ ប៉ះពាល់ប្រាក់ចំណូលសហគមន៍ និងបំផ្លាញសម្រស់ទេសភាព។
លោកស្រី តុង ធារ៉ា៖«មានព្រៃឈើនៅអ៊ីចឹងភ្ញៀវទៅលេងកាន់តែច្រើន ពេលអស់អញ្ចឹងអត់សូវមានភ្ញៀវ ខ្ញុំចង់ឱ្យមានព្រៃឈើ មានភ្ញៀវមកកាន់តែច្រើន ហើយបានអ្នកស្រុកអ្នកភូមិរកស៊ីលក់ដូរដាច់កាន់តែច្រើន»។
វិទ្យុអាស៊ីសេរីមិនទាន់អាច ទាក់ទងសុំការបំភ្លឺរឿងនេះ ពីអភិបាលខេត្តកំពង់ស្ពឺ លោក ជាម ចន្ទ័សោភ័ណ បាននៅឡើយទេ នៅថ្ងៃទី ២៣ ធ្នូ ដោយទូរស័ព្ទហៅចូលតែគ្មានអ្នកលើក។ រីឯប្រធានមន្ទីរបរិស្ថានខេត្តនេះ លោក ចន្ទថេត ថានរៈ ក៏មិនទាន់អាចទាក់ទងបានដែរនៅថ្ងៃដដែលនេះ។
ជុំវិញរឿងនេះ មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ គាំទ្រការសាមគ្គីគ្នារបស់សហគមន៍ ដើម្បីការពារធនធានជាតិ ក៏ប៉ុន្តែលោកថា សហគមន៍ត្រូវហ៊ានប្តឹងមន្ត្រីទាំងឡាយណាដែលអសកម្មមិនអនុវត្តច្បាប់ព្រៃឈើ ទៅកាន់តុលាការ។
លោកសង្កេតឃើញថា កន្លងទៅសហគមន៍នៅខេត្តផ្សេងៗទៀត បែកបាក់សាមគ្គីគ្នា ដោយសារទំនាស់ផលប្រយោជន៍ មិនត្រឹមតែធ្វើឱ្យបាត់បង់ព្រៃទាំងមូលប៉ុណ្ណោះទេ សូម្បីតែដីធ្លីក៏បាត់បង់ដែរ៖
លោក ប៉ែន ប៊ុណ្ណារ៍៖«សហគមន៍មានការយល់ដឹងពីកាតព្វកិច្ចការពារ ហើយ!ឱ្យគាត់ធ្វើជាឯកសារនៅពេលចុះល្បាតឬធ្វើឯកសារការកត់ឈ្មោះឧក្រិដ្ឋជនណាមួយដែលធ្វើបទល្មើសព្រៃ សូមឱ្យដាក់បណ្ដឹងទៅមន្ត្រី ឬក៏តុលាការដើម្បីទុកជាឯកសារ ព្រោះវាសំខាន់ណាស់កុំឱ្យគាត់ចាប់ចោលៗ»។
ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលមានផ្ទៃដីទំហំជាងបួនសែនហិកតារ (៤០១.៣១៣) គ្របដណ្តប់ខេត្តចំនួនបី គឺខេត្តកោះកុង ពោធិ៍សាត់ និងកំពង់ស្ពឺ។
សហគមន៍អះអាងថា ក្រោយពីពួកគាត់សាមគ្គីគ្នាការពារព្រៃឈើបានល្អ ភ្ញៀវទេសចរទៅទស្សនាតំបន់នោះ ក៏មានការកើនឡើងដែរនៅរដូវរំហើយនេះ ហើយប្រាក់ចំណូលរបស់អ្នកភូមិក៏កើនឡើងខ្លះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។